អ្នកណាដែលមិនធ្លាប់បរាជ័យ
អត្ថបទ៖ តន វិបុល
មនុស្សលើលោកនេះ គ្មាននរណាម្នាក់ចេះសព្វគ្រប់ឡើយ ហើយក៏គ្មាននរណាម្នាក់ល្ងង់ដប់គត់នោះដែរ នៅក្នុងសង្គមមនុស្សតែងតែមានអ្នកដឹងខ្លះនិងមិនដឹងខ្លះ ដែលជាសភាពជាក់ស្តែងរបស់មនុស្ស។ តាមការពិតរឿងជោគជ័យនិងបរាជ័យ ក៏មិនខុសគ្នាឆ្ងាយពីស្ថានភាពនេះដែរ គឺគ្មាននរណាម្នាក់អង្គុយជោគជ័យតែរហូតនោះទេ មែនទែនទៅ នៅពីក្រោយខ្នងបុគ្គលជោគជ័យ គឺមានរឿងបរាជ័យជាច្រើន គ្រាន់តែអ្នកខ្លះព្រមទទួលស្គាល់ ឯអ្នកខ្លះព្រមមិនទទួលយកថា នោះគឺជាបរាជ័យទេ។
ជាការពិតណាស់ បុគ្គលដែលជោគជ័យលើកិច្ចការអ្វីមួយ ភាគច្រើនគឺបានឆ្លងកាត់បរាជ័យមិនតិចលើកនោះទេ ជាក់ស្តែងមុននឹង ជោគជ័យលើអាជីវកម្ម និងក្លាយជាមហាសេដ្ឋីមួយរូបនៅសាធារណៈរដ្ឋប្រជាមានិតចិន លោក ជេក ម៉ា (Jack Ma) បានឆ្លងកាត់បរាជ័យច្រើនណាស់។ ក្នុងនោះ លោកធ្លាប់បរាជ័យលើការសិក្សាដោយសាកលវិទ្យាធិការបដិសេធមិនឱ្យចូលរៀនចំនួន១០ដង ហើយការសិក្សានៅសាកលវិទ្យាល័យ លោកបានប្រឡងធ្លាក់ចំនួន៣លើកទៀតផង។
បន្ទាប់ពីបរាជ័យលើការសិក្សានោះ លោកក៏បានដើរដាក់ពាក្យសុំការងារតាមបណ្តាក្រុមហ៊ុនចំនួន៣០កន្លែង ដោយមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ ហើយអ្វីកាន់តែអាម៉ាសជាងទៅទៀតនោះ ក្នុងចំណោមបេក្ខជន២៤នាក់ ដែលដាក់ពាក្យសុំចូលបម្រើការងារនៅក្រុមហ៊ុន KFC គឺមានតែលោកម្នាក់គត់ដែលគេមិនទទួលយក ព្រោះគេគិតថាលោកជាមនុស្សមិនស្អាតបាត និងទាបខុសខ្នាត។ ទន្ទឹមនឹងការឆ្លងកាត់ភាពជូរចត់ និងបរាជ័យទាំងនេះ លោក ជេក ម៉ា ក៏បង្កើតអាជីវកម្មដោយខ្លួន ហើយនៅទីបំផុតលោកក៏បានក្លាយជាសហគ្រិនជោគជ័យ និងជាមហាសេដ្ឋីមួយរូបនៅលើពិភពលោកដូចបច្ចុប្បន្ននេះ។
ក្រៅពីនេះ ក៏នៅមានបុគ្គលជោគជ័យជាច្រើនទៀត ដែលគេមិនបានដឹង ឬមិនសូវចាប់អារម្មណ៍ពីរឿងបរាជ័យនៅខ្នងរបស់ពួកគេ។ ថ្វីដ្បិតតែ បុគ្គលជោគជ័យសុទ្ធតែមានរឿងបរាជ័យជាច្រើនពីក្រោយខ្នងក៏ពិតមែន ក៏ប៉ុន្តែបុគ្គលទាំងនោះនៅតែជាបុគ្គលជោគជ័យ។ ជោគជ័យ ក៏ព្រោះតែបុគ្គលទាំងនោះគិតថា បរាជ័យមិនមែនជារឿងគួរឱ្យអាម៉ាស ហើយក៏មិនមែនជាទីបញ្ចប់នៃជីវិតដែរ តែអ្វីដែលគួរឱ្យអាម៉ាសនោះ គឺការបាក់ទឹកចិត្ត និងមិនហ៊ានព្យាយាម។ ជោគជ័យមិនឈរនៅខាងអ្នកទន់ខ្សោយ អ្នកបាក់ទឹកចិត្ត ឬអ្នកគ្មានគំនិតឡើយ គឺឈរនៅខាងអ្នកមានគំនិត ពូកែអត់ធ្មត់ និងអ្នកពូកែតស៊ូព្យាយាម៕