អ្នកស្រុកស្រែ​ក​លែង​មាន​ជង្រុកស្រូវ​ហើយ​?

 

​ជង្រុកស្រូវ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ពី​ជំនាន់ដើម​។​ ​វា​អាច​បង្ហាញ​ពី​សេដ្ឋ​កិច្ទ​គ្រួសារ​រីក​ចម្រើន​ឬ​មិន​រីក​ចម្រើន​។​

​យោង​តាម​នរ​ភាសា​វិទ្យា​សម័យ​ទំនើប​ដែល​ខ្ញុំ​ធ្លាប់​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​គេ​និយាយ​ពី​សេដ្ឋកិច្ច​គ្រួសារ​មនុស្ស​ជំនាន់ដើម​ ​គឺ​គេ​ពិនិត្យមើល​លើ​ជង្រុកស្រូវ​។​ ​
​
គេ​តែង​និយាយ​ថា​ ​អ្នកនេះ​ជា​អ្នក​ស៊ី​អង្ករ​គីឡូ​ ​ឬ​អ្នកនោះ​ស៊ី​អង្ករ​ជង្រុក​។​ ​គឺ​គេ​សំដៅ​ដល់​អ្នក​ស៊ី​អង្ករ​គីឡូ​ជំនាន់​នោះ​ ​ជា​អ្នកមាន​សេដ្ឋកិច្ច​គ្រួសារ​មិនសូវ​ធូរធារ​ ​រីឯ​អ្នក​ស៊ី​អង្ករ​ជង្រុក​ជា​អ្នកមាន​សេដ្ឋកិច្ច​គ្រួសារ​រីក​ចម្រើន​ ​ប៉ុន្តែ​ឥឡូវ​មិន​ដូច្នេះ​ទៀត​ឡើយ​។​
 
​ពាក្យ​ "​ជង្រុក​" ​ខ្ញុំ​ឆែក​ទាំង​ក្នុង​វចនានុក្រម​ខ្មែរ​ទើប​ធ្វើ​បច្ចុប្បន្ន​កម្ម​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​និង​វចនានុក្រម​ខ្មែរ​បោះពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ ​ប៉ុន្តែ​ពុំ​ប្រទះ​សោះឡើយ​។​ ​ទាល់តែ​វាយ​បញ្ចូល​ពាក្យ​ "​ក្រង់​" ​ទើប​ឃើញ​ពាក្យ​ "​ជង្រុក​"​។​ ​វា​គួរតែ​ជា​មេពាក្យ​ក្នុង​វចនានុក្រម​ខ្មែរ​?
 
​លំ​នាំគ្នា​នេះ​ ​ដែល​ពីមុន​ពាក្យ​ "​ស្រូវ​" ​ខ្ញុំ​ឆែក​វចនានុក្រម​ខ្មែរ​បោះពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ពុំ​ឃើញ​មាន​ទេ​ ​លុះត្រាតែ​វាយ​ពាក្យ​ "​អង្ករ​" ​ទើប​ប្រទះឃើញ​ពាក្យ​ "​ស្រូវ​"​។​ ​ក្រោយមក​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​ដោយ​បាន​បញ្ចូល​ពាក្យ​ "​ស្រូវ​" ​ធ្វើជា​មេពាក្យ​។

 

 ខ្លះ​ៗ​ពី​កវី​អ៊ី​វ​ហួត​


​កវី​ ​អ៊ី​វ​ ​ហួត​ ​តែង​ប្រើ​ស្នាដៃ​កំណាព្យ​តាម​ហ្វេសប៊ុក​ដោយ​ភ្ជាប់​និស្ស័យ​ជាមួយ​ប្រាសាទអង្គរ​។​ ​គាត់​ប្រាប់​ខ្ញុំ​ថា​ ​គាត់​ចេះតែ​ការ​តាក់តែង​អត្ថបទ​កំណាព្យកាព្យឃ្លោង​ ​តែ​មិន​ចេះ​និពន្ធ​អត្ថបទ​ពាក្យរាយ​ទេ​។​
​ 

សព្វថ្ងៃ​គាត់​មាន​វ័យ​ជាង​៨​០​ឆ្នាំ​ហើយ​ ​ប៉ុន្តែ​នៅតែ​បន្ត​ការ​តាក់​តែងកំណាព្យ​ដើម្បី​កំដរ​វេលា​ចុងក្រោយ​នៃ​ជីវិត​របស់​គាត់​ ​ជាពិសេស​ការ​ប្រើ​ស្នាដៃ​កំណាព្យ​ក្នុង​ការ​ព្យាបាល​ខួរក្បាល​របស់​គាត់​។​
​ 

ព្រឹទ្ធាចារ្យ​ ​អ៊ី​វ​ ​ហួត​ ​កើត​នៅ​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​១​៩​៤​០​ ​និង​ត្រូវ​បាន​គេ​ស្គា​ល​រហស្សនាម​ថា​ ​កវី​ប៉ាកកា​ប្រាក់​។​ ​គាត់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ​ប្រទេស​បារាំង​ ​ហើយ​បន្ត​ធ្វើការ​នៅ​ទីនោះ​ ​រហូតដល់​ចូលនិវត្តន៍​នា​ឆ្នាំ​២​០​០​៥​។​ ​គាត់​ក៏​ធ្លាប់​មាន​តួនាទី​ជា​អនុប្រធានសមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង​ផង​ដែរ​។​


​គាត់​មានប្រសាសន៍ថា​ ​គាត់​ចូលចិត្ត​កំណាព្យ​តាំងពី​វ័យ​អាយុ​១​៣​ឬ​១​៤​ឆ្នាំ​ ​ដោយ​ចាប់ផ្ដើម​សរសេរ​កំណាព្យ​ខ្លី​។​ ​ទេ​ព្យ​កោ​សល្យ​សរសេរ​កំណាព្យកាព្យឃ្លោង​ដែល​មាន​ក្នុង​ខ្លួ​ង​តាំងពី​យុវវ័យ​បាន​ផុស​ឡើង​ជាថ្មី​នៅ​ក្នុង​សរសៃ​បេះដូង​នៅ​ឆ្នាំ​១​៩​៩​០​ ​ជា​ឆ្នាំ​ដែល​គាត់​សរសេរ​កំណាព្យ​មួយ​ដែល​មា​ចំណងជើង​ថា​ "​ក​ ​ខ​ ​គ​ ​ឃ​ ​ង​" ​សម្រាប់​ដាក់​ប្រកួត​ក្នុង​នាទី​ប្រឡង​កំណាព្យ​នៅ​ទីក្រុង​បារី​ស​ប្រទេស​បារាំង​។​


​គាត់​សរសេរ​កំណាព្យកាព្យឃ្លោង​ខ្លី​ៗ​ ​ដែល​កវី​ខ្លួនឯង​ហៅថា​ "​ល្បែង​ពាក្យ​"​។​ ​ល្បែង​ពាក្យត្រូវ​បាន​បោះពុម្ពផ្សាយ​ជា​សៀ​ភៅ​កាលពី​ពេល​កន្លងមក​។​ ​ក្រៅពី​នេះ​គាត់​ក៏បាន​ជ្រើស​កំណាព្យ​មួយ​ចំនួន​មក​សម្រួល​ជា​ទំនុក​ចម្រៀង​ ​ដើម្បី​បំពេ​រ​អារម្មណ៍​អ្នកស្ដាប់​។​ ​ក្នុង​នោះ​កំណាព្យ​ជាច្រើន​រប​ស​ល​កវី​ប៉ាកកា​ប្រាក់​រូប​នេះ​គេ​ឃើញ​ច្រើនតែ​កាត់​តែង​ផ្ដោ​ត​លើ​ប្រសាទ​អង្គរ​ ​ពណ៌នា​ខេត្ត​ខណ្ឌ​របស់​ប្រទេស​ ​និង​ការ​ស្រឡាញ់​មាតុប្រទេស​ជាដើម​។​


​បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ​រស់នៅ​គេហដ្ឋាន​នៅ​ខេត្ត​បាត់​ដំបង​ដែល​ជាទី​កំណើត​ភរិយា​របស់​គាត់​ ​ទោះ​ភរិយា​របស់​គាត់​បាន​ទទួល​មរណកាល​ទៅ​ហើយ​ក្ដី​។​ ​ម្ដងម្កាល​ ​ព្រឹទ្ធាចារ្យ​ ​អ៊ី​វ​ ​ហួត​ ​តែង​ឡើង​មក​ភ្នំពេញ​ ​ដើម្បី​ចូលរួម​កម្មវិធី​ទាក់ទង​នឹង​វិ​ស័​យ​អក្សរសាស្ត្រ​ វិ​ស័យ​តែង​និពន្ធ​ ​និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កវីនិពន្ធ​ផ្សេងទៀត​ ​ហើយ​ពេលខ្លះ​ទៀត​គាត់​ត្រូវ​វិល​ទៅ​បារាំង​ដើម្បី​ត្រួតពិនិត្យ​សុខភាព​។ (នៅមានត)​


 

កោះចំរើន

 

ភូមិកោះចំរើន សិស្សាជាច្រើន ឆ្លងដទៅរៀន
ពេលវិលត្រឡប់ បែរចប់ជំហាន ទូកលិចបំពាន
ពេលជិតដល់ច្រាំង។
 
ទឹកជ្រៅមិនរាក់ ក្មេងដប់ប្រាំនាក់ បានធាក់តតាំង
ក្មេងមិនចេះហែល មុខប្រែស្លេកស្លាំង ប្រឹងតាមកម្លាំង
ក្រែងរស់ជីវិត។
 
ជួយផងជួយផង ម៉ែពុកប្អូនបង ត្រសងជុំជិត
ស្វះស្វែងសង្គ្រោះ ពីគ្រោះងងឹត សន្ដានញាតិមិត្ត
ព្យាយាមរាវរក។
 
សិស្សដប់មួយនាក់ បិទភ្នែកលែងភ្ញាក់ ភូមិអ្នកជម្រក
សម្ដែងសោកា កាយាគេយក ទឹកភ្នែកហូរមក
ខ្លោចចិត្តសែនជ្រៅ។
 
សង្រេងប្រេះស្រាំ សោកនាដកម្ម ចងចាំដិតនៅ
សិស្សាព្រាត់កង់ ព្រាត់បង់សៀវភៅ លាចាកម៉ែឪ
ព្រាត់ទៅភពថ្មី។
 
បន្ទោសនរណា បន្ទោសអាជ្ញា ឬញាតិប្រុសស្រី
ម្ចាស់ទូកដឆ្លង ចម្លងប្រណី អ្នកភូមិគ្មានអ្វី
អាចពឹងពាក់ផង។
 
អ្នកភូមិចាស់ទុំ អ្នកខ្លះទួញយំ ស្នើសុំស្ពានឆ្លង
សង្ឃឹមចាកស្លុត រួចផុតយង់ឃ្នង បានដូចបំណង
ស្ពានឆ្លងត្រើយសុខ៕