គ្រូបង្រៀនគួរជាមនុស្សបែបណា?
អត្ថបទ៖ តន វិបុល
ទាក់ទិននឹងបញ្ហានេះ លោកស្រី ឌូ ម៉ារីណែត គ្រូបង្រៀនកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងជាសាស្រ្តាចារ្យបណ្តុះបណ្តាលគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំ សង្កេតឃើញថា អំពើនៃការប្រព្រឹត្តកំហុសឆ្គងរបស់គ្រូបង្រៀនសម័យទំនើបនេះ មានមិនច្រើនដូចកាលពី១០ឆ្នាំមុននោះទេ។ ដោយសារតែ ជាសាស្រ្តាចារ្យបណ្តុះបណ្តាលគរុសិស្សស្រាប់ លោកស្រី ឌូ ម៉ារីណែត បានបញ្ជាក់ថា គ្រូបង្រៀនល្អ ជាបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាអ្នកមានចំណេះដឹងទូលំទូលាយ ហើយផ្ទេរចំណេះដឹងដល់សិស្សគោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន នោះអាចទុកថា ជាគ្រូបង្រៀនល្អបានហើយ។
គួរជម្រាបជូនថា ពាក្យថា “គ្រូ” មួយម៉ាត់ គឺជាអ្នកមានចិត្តធ្ងន់, អ្នកគួរគេគោរព និងជាអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗដល់សិស្ស ហើយគ្រូបង្រៀនគេហ៊ានចាត់ទុកជាព្រលឹងនិងជាវិស្វកររបស់ជាតិទៀតផង។ គ្រូង្រៀនមានភារកិច្ចធំបំផុតក្នុងការបណ្តុះធនធានមនុស្ស តាមរយៈការផ្ទេរចំណេះដឹងត្រឹមត្រូវ និងច្បាស់លាស់ទៅដល់សិស្ស។
បើតាមលោក សោម ចាន់ណា ចាងហ្វាងរងមធ្យមសិក្សាទិតិយភូមិ សាខាទួលគោក បានលើកឡើងថា គ្រូបង្រៀនល្អ គឺជាបុគ្គលដែលទទួលបានការបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្ត ផ្នែកគរុកោសល្យ និងជំនាញវិជ្ជាជីវៈត្រឹមត្រូវនិងច្បាស់លាស់បំផុត។ ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិរូបនេះ បានលើកយកបុគ្គលជាគ្រូបង្រៀននៃសាលារៀន អន្តរទ្វីប អាមេរិកាំង មកធ្វើជាឧទាហរណ៍ ដោយលោកបានអះអាងថា គ្រូបង្រៀននៃសាលារៀន អន្តរទ្វីប អាមេរិកាំង សុទ្ធតែមានក្រមសីលធម៌វិជ្ជាជីវៈ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្ត ព្រមទាំងផ្នែកគរុកោសល្យ និងជំនាញយ៉ាងច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយចុះ គ្រូបង្រៀនល្អមិនគួរដាក់ទារណ្ឌកម្មនិងប្រើអំពើហិង្សាគ្រប់រូបភាពណាមួយ ចំពោះផ្លូវកាយនិងផ្លូវចិត្តកូនសិស្ស ដែលនាំឱ្យប៉ះពាល់ដល់អ្នកសិក្សានោះឡើយ តែគ្រូបង្រៀនត្រូវតែផ្សារភ្ជាប់នូវមនសិការវិជ្ជាជីវៈ ព្រមទាំងនិយាយដោយប្រយ័ត្នប្រយែង និងគិតដល់ប្រណិតធាននៃពាក្យសម្តីរបស់ខ្លួនចំពោះអ្នកសិក្សា ក៏ដូចជាសាធារណជនជានិច្ច។ បន្ថែមលើសពីនេះ គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់កាស ឬមួយរកប្រាក់ក្រៅផ្លូវការណាមួយ ឬក៏ធ្វើអាជីវកម្មនៅក្នុងថ្នាក់សាលានោះឡើយ។ នេះបើតាមអ្នកជំនាញខាងផ្នែកអប់រំគរុកោសល្យ៕
No comments:
Post a Comment