ព្រះមហាក្សត្រ​ទទួល​ព្រះរាជ​គោរមងារ​ ​«​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​»​ ​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​

​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ទទួល​ព្រះរាជ​គោរមងារ​ ​«​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​»​ ​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ (​W​F​B) ​នៅ​ថ្ងៃសៅរ៍​ ​ទី​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ក្នុង​ព្រះបរមរាជវាំង​ ​រាជធានី​ភ្នំពេញ​។​

​លោក​ព្រឹទ្ធបុរស​ ​P​hall​o​p​ ​Thai​ar​r​y​ ​ដែល​ជា​ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ទ្រង់​នៅ​ក្នុង​ព្រះបរមរាជវាំង​ពីម្សិលមិញ​ ​ដើម្បី​ថ្វាយព្រះ​គោរមងារ​ ​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​ ​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ចំពោះ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ជា​ផ្លូវការ​។​ 

ពុទ្ធ​មា​មកា​ភិ​បាល​ ​គឺជា​គោរមងារ​ដែល​ផ្តល់​ជូន​ចំពោះ​ថ្នាក់​ដឹកនាំ​កំពូល​ទាំង​ក្នុង​អាណាចក្រ​និង​ពុទ្ធចក្រ​ ​ដែល​ជា​អ្នកគ្រប់គ្រង​ ​ថែរក្សា​ ​គោរព​ប្រតិបត្តិ​ ​ឧបត្ថម្ភ​ទ្រទ្រង់​ ​និង​លើក​តម្កើង​តម្លៃ​ព្រះពុទ្ធសាសនា​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ខ្ពង់ខ្ពស់​និង​ឧត្តុង្គឧត្តម​ ​តាមរយៈ​សកម្មភាព​ព្រះពុទ្ធសាសនា​នានា​។​ 

​ចំណែក​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​ ​ជា​គោរមងារ​សម្រាប់​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​និង​ព្រះរាជវង្សានុវង្ស​។​ ​វា​មាន​អត្ថន័យ​ដូចគ្នានឹង​គោរមងារ​ពុទ្ធ​មា​មកា​ភិ​បាល​ដែល​ប្រើប្រាស់​សម្រាប់​ថ្នាក់​ដឹកនាំ​ក្នុង​អាណាចក្រ​។​

​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​សព្វព្រះរាជហឫទ័យ​អរ​ព្រះ​គុណ​និង​អរគុណ​ដល់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ ​ដែល​បាន​ប្រគល់​ព្រះរាជ​គោរមងារ​ជា​ ​«​ព្រះរាជ​ពុទ្ធ​មា​មកា​ភិ​បាល​»​ ​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ចំពោះ​ទ្រង់​។​

​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជឱង្ការ​ថា​៖​ ​«​ទូលព្រះបង្គំខ្ញុំព្រះករុណា​ ​ខ្ញុំ​សូម​សម្ដែង​អំណរ​ព្រះ​គុណ​ដោយ​ស្មោះ​អស់ពី​ព្រះហឫទ័យ​ចំពោះ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ ​ដែល​មាន​ព្រឹទ្ធបុរស​ ​P​hall​o​p​ ​Thai​ar​r​y​ ​ដែល​ជា​ប្រធាន​បាន​ថ្វាយព្រះ​គោរមងារ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​ទូល​ព្រះ​បង្គំ​»​។​

​ជាមួយនឹង​គ្នា​នេះ​ ​ព្រះមហាក្សត្រ​បាន​សព្វ​ព្រះហឫទ័យ​ប្រោស​ព្រះរាជ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ ​ព្រមទាំង​បាន​ប្រ​ទានវត្ថុ​អនុ​សាវ​រី​យ៍​ផ្តិត​ប្រាក់​ដ៏​មាន​តម្លៃ​ដល់​ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​។​

​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ​ចំពោះ​ព្រះមហាក្សត្រ​ ​ដែល​ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន​ដល់​គណៈប្រតិភូ​ឱ្យ​ចូល​ក្រាបបង្គំគាល់​ព្រះអង្គ​។​

​លោកស្រី​បាន​ទទួល​រាជានុញ្ញាត​ទូល​ថ្វាយ​ថា​ ​ព្រះ​គោរមងារ​នេះ​ ​គឺជា​សក្ខីភាព​បង្ហាញ​ពី​ការ​ទទួលស្គាល់​នូវ​គុណ​តម្លៃ​ព្រះ​តួនាទី​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ការ​ឯកភាពជាតិ​និង​និរន្តរភាព​ជាតិខ្មែរ​ ​ជាពិសេស​បន្ត​បវេណី​អភិ​រក្ស​និង​អភិវឌ្ឍ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​។​ ​ជានិច្ច​ជា​កាល​ព្រះមហាក្សត្រ​ទ្រង់​ឈ្វេងយល់​និង​ធ្វើ​ព្រះរាជ​សកម្មភាព​ចំពោះ​ជាតិ​មាតុភូមិ​និង​ប្រជានុរាស្ត្រ​។​

​លោកស្រី​បន្ត​ថា​៖​ ​«​ព្រះ​រាជកិច្ច​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ​ចំពោះ​ព្រះពុទ្ធសាសនា​ ​គឺជា​វីរៈ​គំរូ​មួយ​សម្រាប់​ពុទ្ធសាសនិក​នៅ​ប្រទេស​កម្ពុជា​។​ ​ព្រះមហាក្សត្រ​បាន​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គន្លង​ព្រះពុទ្ធសាសនា​ដោយ​ព្រះអង្គ​បាន​សាង​ព្រះផ្នួស​គោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​»​។​ 

 ​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៣​០​ ​នៃ​ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​តាម​មាត្រា​៤​៣​ ​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិពេញទី​ខាង​ជំនឿ​។​ ​សេរីភាព​ខាង​ជំនឿ​ ​និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ឬ​សាសនា​ដទៃទៀត​ដល់​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ​ ​ហើយ​ព្រះពុទ្ធសាសនា​ ​ជា​សាសនា​របស់​រដ្ឋ​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​ ​ព្រះពុទ្ធសាសនា​ ​ជា​សាសនា​នៃ​សន្តិភាព​ ​ជា​មាគ៌ា​នៃ​ជីវិត​រស់នៅ​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​ ​និង​ជា​គ្រឹះ​ដ៏​សំខាន់​នៃ​ការ​កសាង​ជាតិ​ ​រក្សា​សន្តិភាព​និង​ការ​បង្រួប​ ​បង្រួម​ជាតិ​ប្រកបដោយ​សុខដុម​រម​នា​ក្នុង​សង្គម​ ​ការ​អភិវឌ្ឍ​ប្រទេស​និង​ការ​កសាង​ទំនាក់ទំនង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង​ក្នុង​តំបន់​និង​ពិភពលោក​ដោយ​ឈ​រលើ​ទស្សនវិជ្ជា​សន្តិភាព​ ​ភាព​ស្មោះត្រង់​ ​គោរព​គុណ​តម្លៃ​ ​និង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

 ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១​៩​៥​០​ ​ដោយ​ប្រទេស​ចំនួន​២​៧​ ​ក្រោម​គំនិត​ផ្តួច​ផ្ដើម​របស់​បាលី​វិទូ​ជនជាតិ​ស្រី​លង្កា​ដ៏​ល្បីឈ្មោះ​ ​ព្រះ​តេជគុណ​ ​Gun​a​pal​a​ ​P​i​y​as​e​n​a​ ​Mal​a​ ​l​as​e​k​era​ ​នៅ​ក្រុង​កូ​ឡំ​បូ​ ​ប្រទេស​ស្រី​លង្កា​។​ ​កម្ពុជា​ ​គឺជា​ប្រទេស​ស្ថាបនិក​មួយ​ក្នុងចំណោម​២​៧​ប្រទេស​ ​ដែល​បាន​បង្កើត​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​នៅ​ឆ្នាំ​១​៩​៥​០​។​

​អង្គការ​ធ្លាប់​បាន​ប្រគល់​គោរមងារ​នេះ​ថ្វាយ​និង​ជូន​ចំពោះ​សម្ដេចព្រះសង្ឃរាជ​ ​ព្រះ​មហាថេរ​ ​ព្រះមហាក្សត្រ​ ​និង​ថ្នាក់​ដឹកនាំ​ប្រទេស​អ្នក​កាន់ព្រះពុទ្ធសាសនា​ចំនួន​៩​អង្គ​រូប​រួចមក​ហើយ​។​ ​ក្នុង​នោះ​រួម​មាន​ ​សម្ដេច​សង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ព្រះ​មហាថេរ​មហា​នាយក​នៃ​សាធារណរដ្ឋ​ស្រី​លង្កា​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ប្រធានាធិបតី​នៃ​ប្រទេស​នេ​ប៉ា​ល់ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស្រី​លង្កា​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ប្រធាន​សហ​ព័ន្ធ​ពុទ្ធសាសនិក​ជប៉ុន​ ​និង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕​
​

​ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ថ្វាយព្រះរាជគោរពងារចំពោះព្រះមហាក្សត្រ។ រូបភាព៖ ព្រះបរមរាជវាំង