ស្រាយល់ចិត្ត

មិត្តភក្តិគ្នាគ្នី                       បបួលផឹកស៊ី
ពុំឃើញខកខាន               អស់ស្រាទិញថែម
សាច់ក្លែមពេញចាន         ផឹកស៊ីឥតស្រាន្ត
 ឱ្យតែបបួល។
ថ្ងៃនេះផឹកខ្សោយ              មាត់ពោលដង្ហោយ
ដ្បិតពោះចុកខ្មួល             ខ្លួនគ្មានកម្លាំង
ស្លេកស្លាំងមិនស្រួល       ចិត្តនៅជ្រើមជ្រួល
                              ស្អែកឡើងផឹកទៀត។
ពេលធ្លាក់ខ្លួនឈឺ             ក្លើម្រាក់មកឌឺ
ថាឈឺចោលម្សៀត          ឈឺនេះឈឺពុត
ឆាកឈុតខុសស្នៀត      រៀបឫកមារយាទ
                               ធ្វើឯងហំហ៊ាន។
ធ្លាក់ខ្លួនឈឺធ្ងន់               ញាតិទៅនិមន្ត
គ្រូសិល្ប៍បុរាណ             ឱ្យមកមើលខ្លួន
តាមក្បួនលោកបាន       ពោលថាក្នុងប្រាណ
                               ឥតមានឈឺអី។
គ្រូសិល្ប៍សម្ដែង            ថាមកពីឯង
ខ្វះជាតិស្រាស្រី             សារធាតុទាំងហ្នឹង
ថ្លែងថ្លឹងឱ្យវៃ                  ប្រញាប់លកលៃ
                           ស្រង់ស្រូបនែបនិត្យ។
ផឹកយូររឹតទ្រោម             ផៅញាតិលួងលោម
ឱ្យទៅពិនិត្យ                   ខ្លួនឈឺអ្វីហ្នឹង
ឱ្យដឹងការពិត                 វេជ្ជបណ្ឌិត
                          ពិនិត្យជូនភ្លាម។
ជំងឺចង្រៃ                        ឃើញច្បាស់រាល់ថ្ងៃ
រីករាលឥតស្ងៀម          មួយតយមុខក្រោយ
ថ្លើមខ្សោយសួតក្រៀម ក្រពះក៏ឈ្ងៀម
                          បៀមជាប់តែស្រា។

No comments:

Post a Comment