ការប្រារព្ធទិវាជាតិអ្នកនិពន្ធកាលពីថ្ងៃសៅរ៍បានជំរុញការបង្កើតស្នាដៃតែងនិពន្ធថ្មីៗ ដើម្បីជាគុណប្រយោជន៍ដល់វិស័យអប់រំ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។
ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រារព្ធទិវាជាតិអ្នកនិពន្ធជាលើកដំបូងនៅភ្នំពេញក្នុងគោលបំណងបង្កើនគុណតម្លៃនិងជំរុញការលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកអប់រំ ការលើកកម្ពស់សុខដុមវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។
ទិវាដ៏មានអត្ថន័យនេះរៀបចំដោយសមាគមអ្នកនិពន្ធខ្មែរសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកនិពន្ធខ្មែរនិងបរទេសជាច្រើន ហើយក៏មានការចូលរួមអបអរសាទរពីសមាគមអ្នកនិពន្ធចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។
លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអានសារលិខិតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិអ្នកនិពន្ធនោះថា រដ្ឋាភិបាលបានកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអ្នកនិពន្ធ។ វាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរំលឹកដល់គុណបំណាច់របស់បណ្ដាកវីនិពន្ធគ្រប់ជំនាន់ដែលបានរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។
លោកថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំមានបំណងជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា ក៏ដូចជាលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្ដុំសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការប្រកបដោយសុច្ឆន្ទៈនិងមនសិការវប្បធម៌សន្តិភាព។
លោកបន្ថែមថា រដ្ឋាភិបាលបានផ្ដោតចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធបន្តពង្រឹងការចូលរួមតាក់តែង និងការបង្កើតស្នាដៃថ្មីៗសម្រាប់ជាគុណប្រយោជន៍ដល់វិស័យអប់រំ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។
លោកបានមានប្រសាសន៍ថា៖ «មកទល់នឹងបច្ចុប្បន្ន រដ្ឋាភិបាលនៅតែបន្តអាទិភាពភាវូបនីយកម្មលើថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ការគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ»។
លោកបន្ថែមថា៖ «គោលដៅរបស់យើង គឺការបង្កើតបរិមាណស្នាដៃតែងនិពន្ធ លើកកម្ពស់គុណភាពអមដោយការពង្រឹងក្រមសីលធម៌និងអត្ថន័យនៃអត្ថបទតែងនិពន្ធ ដើម្បីការពារតម្លៃដើមអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិដោយតម្កល់ប្រយោជន៍ជាតិជាធំ»។
ជាមួយនឹងគ្នានោះ លោកបានជំរុញក្រសួងស្ថាប័នបន្តពង្រឹងកម្មសិទ្ធិបញ្ញានិងសិទ្ធិប្រហាក់ប្រហែលដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធក្រោមរូបភាពការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់និងអន្តរជាតិលើវិស័យកម្មសិទ្ធិបញ្ហា។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរបានថ្លែងក្នុងពិធីនោះដែរថា ថ្ងៃនេះជាថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមចំពោះអ្នកនិពន្ធនិងកវីនិពន្ធគ្រប់រូបដែលបានរួមគ្នាប្រារព្ធពិធីអបអរសាទរទិវាជាតិអ្នកនិពន្ធជាលើកដំបូងក្នុងប្រទេសកម្ពុជា។
លោកបាននិយាយដោយមោទនៈថា ទិវានេះជាសមិទ្ធផលដ៏ត្រចះត្រចង់និងជាប្រវត្តិសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់សមាគមអ្នកនិពន្ធខ្មែរ ក៏ដូចជាកវីនិពន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយឆន្ទៈមនសិការក្នុងបុព្វរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ជាតិខ្មែរ និងបោះជំហានទៅមុខប្រកបដោយកិត្យានុភាពរបស់ជាតិ។
លោកបានថ្លែងថា៖ «ខ្ញុំសូមចូលរួមសម្ដែងនូវមោទនភាពយ៉ាងក្រៃលែងជាមួយអ្នកនិពន្ធគ្រប់រូបចំពោះរដ្ឋាភិបាល [...] ដែលបានសម្រេចជ្រើសរើសយកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអ្នកនិពន្ធក្នុងគោលបំណងបង្កើនគុណតម្លៃនិងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ»។
លោកបន្ថែមថា៖ «ទិវាជាតិអ្នកនិពន្ធពិតជាបានឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏ធំធេងដែលសង្គមនិងប្រជាជនកម្ពុជាបានផ្ដល់តម្លៃជូនចំពោះកវីអ្នកនិពន្ធខ្មែរ ហើយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏រំភើបរីករាយមួយទៀតចំពោះពិភពអក្សរសាស្ត្រនិងអក្សរសីល្ប៍ខ្មែរ រួមទាំងអ្នកនិពន្ធខ្មែរទាំងអស់គ្នាផងដែរ»។
លោកជឿជាក់ថា ការបង្កើតទិវាជាតិអ្នកនិពន្ធក៏ជួយជំរុញការអភិវឌ្ឍអក្សរសិល្ប៍ ការពង្រីកប្រជាប្រិយភាពការបណ្ដុះបណ្ដាល និងការពង្រឹងក្រុមអ្នកមានទេពកោសល្យផ្នែកអក្សរសាស្ត្រ ពោលគឺជួយពួកគេកាន់តែមានការយល់ដឹងពីគ្នាទៅវិញទៅមករវាងភាសា សិល្បៈ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រជាដើម។ ទន្ទឹមនឹងនេះ ទិវាជាតិអ្នកនិពន្ធក៏ជួយជំរុញការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការផ្នែកអក្សរសិល្ប៍រវាងប្រទេសកម្ពុជាជាមួយប្រទេសនានានៅលើពិភពលោក ដែលនាំឱ្យអក្សរសិល្ប៍ខ្មែរកាន់តែមានភាពច្នៃប្រឌិតនិងបន្តរីកចម្រើនជានិច្ច។
លោកបន្ថែមថា៖ «វាជាឱកាសមួយជួយជំរុញការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរនៅក្នុងសង្គម និងការស្វែងរកអ្នកមានទេពកោសល្យអក្សរសិល្ប៍ខ្មែរថ្មីៗ ដើម្បីធ្វើឱ្យវិស័យអក្សរសិល្ប៍ខ្មែរមានអ្នកបន្តវេនប្រកបដោយភាពខ្លាំងក្លា»។
នៅក្នុងកម្មវិធីប្រារព្ធទិវាជាតិអ្នកនិពន្ធនោះ ក៏មានការប្រគល់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ "ព្រះនាងឥន្ទ្រទេវី" ប្រចាំឆ្នាំ២០២៤ ដល់ម្ចាស់ជ័យលាភី១០រូបដែលឈ្នះការប្រកួតប្រជែងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លីនិងកំណាព្យរឿងផងដែរ។
ជ័យលាភីផ្នែកប្រលោមលោកខ្នាតខ្លីមានប្រាំរូបពីលេខ១ដល់លេខ៥ រួមមានរឿង "ដើមពុទ្រាឧត្តមា" និពន្ធដោយលោកស្រី គង់ ច័ន្ទវ៉ាន់ណេង មកពីរាជធានីភ្នំពេញជាប់ជ័យលាភីលេខ១។ រឿង "លម្អងអក្ខរា" និពន្ធដោយកញ្ញា កប វណ្ណហួច មកពីរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២។ រឿង "ម្ចាស់ត្បូងបេះដូងទិនរត្ន" និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ៣។ រឿង "ក្លាក់ខ្លឹមអម្អិល" និពន្ធដោយលោក វង្ស សុភាជ មកពីខេត្តព្រៃវែងជាប់លេខ៤ និងរឿង "ខ្យលនិស្ស័យ" និពន្ធដោយលោក ផន ផានឿន មកពីរាជធានីភ្នំពេញជាប់ជ័យលាភីលេខ៥។
ចំណែកជ័យលាភីផ្នែកកំណាព្យរឿងមានប្រាំរូបដែរ គឺពីលេខ១ដល់លេខ៥ រួមមានកំណាព្យរឿង "ដីកេរម៉ែ" និពន្ធដោយលោក ស៊ឹម គឹមសាត មកពីខេត្តត្បូងឃ្មុំជាប់ជ័យលាភីលេខ១។ កំណាព្យរឿង "វីរភាពឥន្ទភាណី" និពន្ធដោយលោក សុវណ្ណ សេរីវឌ្ឍ មកពីរាជធានីភ្នំពេញជាប់លេខ២។ កំណាព្យរឿង "ចំណងដៃស្នេហ៍" និពន្ធដោយលោកស្រី មិន សុធី មកពីខេត្តសៀមរាបជាប់លេខ៣។ កំណាព្យរឿង "ស្ពានមង្គល" និពន្ធដោយលោក មឿន សំណាង មកពីខេត្តឧត្ដរមានជ័យជាប់លេខ៤ និងកំណាព្យរឿង "កុលស្ត្រី" និពន្ធដោយកញ្ញា កាន ស្រីនីត មកពីខេត្តព្រៃវែងជាប់ជ័យលាភីលេខ៥៕
| រាប់ពីឆ្វេង គឺអ្នកនិពន្ធសំរែ អ្នកនិពន្ធនិងអ្នកកាសែតតនវិបុល និងអ្នកនិពន្ធអឿស៊ីណា |