អាជ្ញាធរជាតិអប្សរាបានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររយៈពេល៦ខែ ចាប់ពីខែមិថុនារហូតដល់ចុងខែធ្នូ ដែលពិព័រណ៍នេះមានគោលបំណងបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរនិងទំនាក់ទំនងជាមួយចិនលើវិស័យនេះដល់សាធារណជន។
អាជ្ញាធរជាតិអប្សរានិងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុងកាលពីថ្ងៃសុក្រ បានសហការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី "អង្គរនិងចិន៖ ក្បឿងនិងជំនួញតាមផ្លូវសមុទ្រ" រយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប។
ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះ ជាកិច្ចសហប្រតិបត្តិការលើកទី២ហើយ រវាងអាជ្ញាធរជាតិអប្សរានិងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង បន្ទាប់ពីដំណើរការជោគជ័យលើការតាំងពិព័រណ៍លើកទី១នៅក្រុងហុងកុងកាលឆ្នាំ២០១៧។
ពិធីបើកពិព័រណ៍ជាផ្លូវការមានចូលរួមពីលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី Sharon Wong តំណាងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរជាតិអប្សរា។
ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះមានគោលបំណងបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេសបង្ហាញនូវទស្សនៈថ្មីអំពីកេរដំណែលអង្គរក្រោមការឈ្វេងយល់ការច្នៃប្រតិដ្ឋនិងទំនាក់ទំនងវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។
ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះ ក៏មានបំណងចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នាដល់សាធារជននិងផ្ដល់នូវទស្សនៈថ្មីពីកេរដំណែលអង្គរនិងទំនាក់ទំនងវប្បធម៌ជាមួយប្រទេសចិន។
ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះចាប់ផ្តើមពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនានិងសិក្សាឈ្វេងយល់អំពីពិព័រណ៍នេះ ក៏ដូចជាទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិព័រណ៍មិនអចិន្រ្តៃយ៍នេះជាលទ្ធផលសិក្សាស្រាវជ្រាវរបស់ដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុងក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាដែលផ្ដោតលើឧស្សាហកម្មផលិតក្បឿងជំនួញតាមផ្លូវសមុទ្រក្នុងសម័យអង្គរ។
លោកថា ក្បឿងជាកុលាលភាជន៍មួយប្រភេទដែលផលិតក្នុងសម័យអង្គរមានលក្ខណៈស្រដៀងនឹងក្បឿងរបស់ចិនដែរ។ លោកជឿតាមលទ្ធផលស្រាវជ្រាវដែលបង្ហាញពីឧស្សាហកម្មផលិតក្បឿងក្នុងសម័យអង្គរមានទំនាក់ទំនងគ្នារវាងអរិយធម៌ខ្មែរនិងចិន។
លោកបាននិយាយថា៖ «ពិព័រណ៍មិនអចិន្រ្តៃយ៍ គឺជាការដាក់តាំងបង្ហាញនូវលទ្ធផលស្រាវជ្រាវជាមួយនឹងសមុច្ច័យ ដែលជាភស្ដុតាងយើងកំណាយរកឃើញក្នុងឡដុតកុលាលភាជន៍បុរាណនៅសម័យអង្គរ ស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប»។
លោកបន្ថែមថា៖ «ការកំណាយកន្លងមកបានរកឃើញឡដុតកុលាលភាជន៍ជាច្រើនកន្លែង ប៉ុន្តែការរកឃើញកន្លែងផលិតក្បឿងក្នុងសម័យអង្គរមិនមានច្រើនកន្លែងទេ ហើយការរកឃើញនេះបង្ហាញពីការផ្សារភ្ជាប់គ្នារវាងខ្មែរនិងចិន»។
លោកបញ្ជាក់ថា ពិព័រណ៍មិនអចិន្រ្តៃយ៍នេះបានដាក់តាំងបង្ហាញទាំងឯកសារជាសៀវភៅ ជារូបភាព និងជាវីដេអូ ដែលមានការពន្យល់ជាភាសាខ្មែរ អង់គ្លេស និងចិន ហើយអ្នកចូលរួមទស្សនានឹងបានទទួលបណ្ណអនុស្សាវរីយ៍ពីពិព័រណ៍មិនអចិន្រ្តៃយ៍នេះ។
ភស្ដុតាងបង្ហាញថា មានសំណង់ធ្វើពីឈើប្រក់ក្បឿង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទកសាងពីថ្មភក់នៅក្នុងអាណាចក្រអង្គរ។ ដូចនេះ ការសិក្សានេះមានបំណងឈ្វេងយល់ពីស្មូននៅសម័យអង្គរ (សតវត្សរ៍ទី៩ដល់ទី១៥) ដែលមានភាពប៉ិនប្រសប់និងច្នៃប្រតិដ្ឋខ្ពស់ក្នុងការផលិតកុលាលភាជន៍តាមបច្ចេកទេសចិន៕


