ឈ្លើងក្នុងយល់សប្ដ

ចិត្តរន្ធត់ទ្រមទ្រុឌដំណេក. សុបិនឃើញមេឃខ្មៅឯជើង
ធ្លាក់ភ្លៀងលង់លិចតែស្រុកយើង. ទឹកជន់នាំឈ្លើងមកវាយលុក។
ទាំងតូចទាំងធំផ្ដុំរវាម. បឺតជញ្ជក់ឈាមទាមសព្វមុខ
គោក្របី វាឆីមិនទុក. ពោះប៉ោងទ្រលុកដូចដំរី។
វាជញ្ជក់ឈាមដូចបីសាច. ជនណាមិនខ្លាចមិនភិតភ័យ
បើវាបឺតឈាមគ្មានប្រណី. ខ្សោះឈាមប្រុសស្រីស្លាប់មិនខាន។
ក្នុងចិត្តភិតភ័យខ្លាំងពន់ពេក. ស្ទុះពីដំណេកញាប់ញ័រប្រាណ
មិនគួរខ្លបខ្លាចសត្វតិរច្ឆាន. រឿងរ៉ាវហួសស្មានឆ្អែតដំណេក។

No comments:

Post a Comment