យុវសិស្សកម្ពុជាចាប់ផ្តើមចង់បន្តសិក្សានៅឯបរទេស
អត្ថបទ៖ តន វិបុល
បច្ចុប្បន្ននេះ បន្ទាប់តែពីកម្ពុជាបានបើកចំហជើងមេឃទៅកាន់ពិភពលោក មានសិស្ស និសិ្សតមិនតិចនាក់នោះទេ ដែលបានស្រវាស្រទេញចង់បន្តការសិក្សានៅឯបរទេស។ ការណ៍នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជារឿងចម្លែកនោះដែរ ដែលពួកគេចង់បន្តសិក្សានៅបរទេសយ៉ាងគគ្រឹកគគ្រេងបែបនោះ។ មែនទែនទៅ កន្លងមកក៏មានសិស្ស និស្សិត បញ្ញាជន និងព្រះសង្ឃធ្លាប់បានទៅសិក្សានៅក្រៅប្រទេសដែរ។ ក៏ប៉ុន្តែការបញ្ជូនសិស្ស និស្សិត ទៅបន្តសិក្សានៅឯបរទេសនាពេលកន្លងមក គឺហាក់មិនសូវទូលំទូលាយដូចសម័យបច្ចេកវិទ្យាទំនើបនេះឡើយ។ ប្រហែលដោយសារតែបច្ចេកវិទ្យាទំនើបនេះហើយ បានជាពួកគេអាចទទួលបានព័ត៌មានលម្អិតពីការសិក្សានៅបរទេសបានយ៉ាងទូលាយ និងធ្វើឱ្យសិស្ស និសិ្សត កាន់តែចាប់អារម្មណ៍អំពីការសិក្សានៅបរទេសយ៉ាងសម្បើម រហូតមានអ្នកខ្លះបានស្វែងរកនិងដាក់ពាក្យស្នើសុំអាហារូបករណ៍ទាំងនោះផងក៏មាន។
ជាយុវសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្អូនប្រុស ធី ស៊ាងហោ មានគម្រោងចង់បន្តសិក្សាយកជំនាញផ្នែកវិស្វករនៅឯសហរដ្ឋអាមេរិកឬអូស្រ្តាលីក៏បាន។ ការសិក្សានៅឯបរទេសនេះ ជាក្តីស្រមៃរបស់ប្អូនតាំងពីកុមារភាពមកម្ល៉េះ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ តាមរយៈគម្រោងបន្តសិក្សានៅបរទេសរបស់ប្អូន ថ្វីដ្បិតតែគ្មានការជំទាស់ពីម្តាយឪពុកក៏ដោយ ក៏ត្រូវរង់ចាំការសម្រេចចិត្តពីពួកគាត់សិនដែរ។
ស្រដៀងគ្នានេះ ប្អូនស្រី ហេង ម៉ាឡែន ជាសិស្សសាលារៀន អន្តរទ្វីប អារមេរិកាំង ដែរនោះ ក៏មានបំណងចង់បន្តការសិក្សានៅបរទេសដែរ។ ប្អូនស្រីរូបនេះថា “ចំពោះខ្ញុំ ខ្ញុំក៏ចង់បន្តសិក្សានៅក្រៅប្រទេសដែរ ដើម្បីសិក្សាលើជំនាញវិជ្ជាជីវៈផ្នែកពេទ្យ និងចង់ឈ្វេងយល់នូវអ្វីដែលថ្មីៗ ដូចជារបៀបរស់នៅ ប្រព័ន្ធអប់រំ និងចង់ផ្សព្វផ្សាយវប្បធម៌យើងឱ្យគេបានដឹងផងដែរ”។ ចំពោះប្អូនស្រី ណា ម៉ារីយ៉ា ក៏ចង់បន្តសិក្សាជំនាញច្បាប់នៅបរទេសដែរ។ ការលើកឡើងប្រហាក់ប្រហែលគ្នានេះ គឺបន្ទាប់ពីពួកគេបានចូលរួមស្តាប់រៀមច្បងចែករំលែកបទពិសោធស្តីពីការសិក្សានៅឯបរទេសកាលពីពេលកន្លងទៅ។
បើទោះជាពួកគេមានបំណងចង់បន្តសិក្សានៅក្រៅប្រទេសបែបនេះក្តី ប៉ុន្តែគេបានដឹងថា ការសិក្សានៅទីនោះត្រូវចំណាយថវិកាច្រើនលើការបង់ថ្លៃសិក្សា លើការស្នាក់នៅ និងការចាយវាយប្រចាំថ្ងៃជាដើម។ ចំណុចទាំងនេះ ពុំមែនជាឧបសគ្គសម្រាប់សិស្ស និស្សិតដែលជាកូនអ្នកមានលទ្ធភាពឡើយ តែផ្ទុយមកវិញ វាគឺជាឧបសគ្គដ៏ធំសម្រាប់អ្នកមានជីវភាពល្មម ឬគ្មានលទ្ធភាពគ្រប់គ្រាន់ ដែលមិនអាចបញ្ជូនកូនទៅបន្តសិក្សានៅឯបរទេសបាន។ ដោយសារការសិក្សានៅបរទេសត្រូវចំណាយថវិកាច្រើន យុវត្តី ម៉ារីយ៉ា ដែលមានបំណងចង់បន្តសិក្សាលើជំនាញច្បាប់បានលើកឡើងថា “បើសិនជាអាច ខ្ញុំនឹងទៅរៀននៅស្រុកគេ ពីព្រោះនៅទីនោះមានប្រព័ន្ធអប់រំល្អ តែអ្វីជាសំខាន់នោះគឺត្រូវការថវិកាច្រើន”។ ប្អូនស្រីមានតែស្វែងរកឱកាសដោយដាក់ពាក្យស្នើសុំអាហារូបករណ៍ពីស្ថាប័នណាមួយនៅបរទេស និងសុំឱ្យម្តាយឪពុកជួយដល់ប្អូនខ្លះៗប៉ុណ្ណោះ។
សូមជម្រាបជូនថា បុព្វហេតុដែលជំរុញពួកគេឱ្យមានបំណងចង់បន្តសិក្សានៅបរទេសនោះ គឺដោយសារតែពួកគេចង់ស្វែករកឧត្តមភាពក្នុងជីវិតពួកគេ។ ម្យ៉ាងទំនងជាពួកគេចង់ផ្លាស់ប្តូរពិសោធន៍ជីវិត ឈ្វេងយល់វប្បធម៌ និងផ្នត់គំនិតដែលធ្វើឱ្យសង្គមជាតិរបស់គេមានការរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យបាន។ មិនតែប៉ុណ្ណោះ មើលទៅយុវសិស្សទាំងនោះ ហាក់ស្រុះស្រួលគ្នាថា បន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅបរទេសហើយ ពួកគេនឹងត្រឡប់មកមាតុភូមិវិញ ដោយពាំនាំមកជាមួយចំណេះដឹង និងបទពិសោធមកជួយអភិវឌ្ឍសង្គមជាតិខ្មែរឱ្យមានការរីកចម្រើនដូចអរិយប្រទេសទាំងនោះដែរ៕



No comments:
Post a Comment