១. តន្តីនិយម
តន្តីនិយម គឺជាចលនាអក្សរសិល្ប៍មួយដ៏សំខាន់នៅបស្ចិមប្រទេស។ ចលនានេះកើតឡើងដោយសារត្រាប់តាមស្នាដៃ ដែលមានលក្ខណៈតន្តីរបស់ក្រិចបុរាណ និងរ៉ូម៉ាំង មកបញ្ចូលគ្នានៅក្នុងស្នាដៃរបស់ខ្លួន។ ក្នុងចលនានេះអ្នកនិពន្ធត្រូវតែគោរពតាមក្បួនខ្នាតតែងនិពន្ធដ៏ជាក់លាក់របស់បណ្ឌិតសភាអក្សរសាស្រ្តដែលបានចែងនិងកំណត់ដូចគ្នានឹងគោលការណ៍នៃការតាក់តែងតន្ដ្រីដែរ។
រាល់ស្នាដៃអក្សរសិល្ប៍ទាំងអស់ត្រូវតែប្រកបដោយអត្ថរូបដែលមានលក្ខណៈសុក្រិតភាពទាំងផ្នែកតំណែងនិពន្ធ ទាំងភាសា រចនាបថ ដំណើររឿង ត្រូវតែប្រកបដោយឧត្ដមគតិខ្ពស់។
២. អក្សរសិល្ប៍ចរន្តតន្តីនិយម
ចន្តរតន្ដី គឺជារបត់អក្សរសិល្បីមួយដ៏សំខាន់នៅបស្ចិបប្រទេស ដែលមានលក្ខណៈពិសេសដូចតទៅ៖
ក. ស្នាដៃនីមួយៗត្រូវតែជានាដ្យកថា ឬល្ខោន ដូចនឹងពាក្យ Drama ដែលមានប្រភពចេញមកពីពាក្យក្រិច សំដៅទៅលើអំពើ សម្មភាព និងសម្ដែង (Deed, Action & Play)។
ខ. ស្នាដៃទាំងអស់តាក់តែងឡើងត្រូវគោរពតាមក្បួនខ្នាតច្បាស់លាស់ ដែលកំណត់ដោយបណ្ឌិតភាសអក្សរសាស្រ្ត ហៅថា ក្បួនត្រៃឯកភាព គឺឯកភាពទៅលើបញ្ហារឿង ឯកភាពទៅលើទីកន្លែង និងឯកភាពទៅលើពេលវេលា។
- ឯកភាពទៅលើបញ្ហារឿង៖ មិនអនុញ្ញាតឱ្យធ្វើការនិពន្ធ ដោយប្រមូលផ្ដុំនូវបញ្ហាច្រើនទេ បើសើចត្រូវសើច បើយំត្រូវយំ មិនត្រូវនិពន្ធឱ្យច្របូកច្របលគ្នាឡើយ។
- ឯកភាពទៅលើទីកន្លែង៖ កន្លែងតែមួយ បើឆាកបែបណាត្រូវបែបនោះរហូត។
- ឯកភាពទៅលើពេលវេលា៖ សកម្មភាពនៃដំណើររឿង គឺមិនត្រូវលើសពី១៤ម៉ោង។
សូមបញ្ជាក់ថា ការបង្ហាញខាងលើនេះ គឺជាគោលការណ៍មួយដែលមិនអាចអត់បាននៅក្នុងការសរសេររឿងល្ខោន។
៣. គោលការណ៍អក្សរសិល្ប៍តន្តីនិយម
មុនឆ្នាំ១៦៦០បន្តិច ហ្សាឡាំង ដូមីណាក់ និង គ័រណី បានគូសវាសគោលការណ៍មួយចំនួនរួចជាស្រេច ហើយក្រោយមកត្រូវបាន វ័រឡូ យកគោលការណ៍ទាំងនេះទៅពង្រីក និងពង្រឹងបន្ថែមទៀត ដែលអាចធ្វើឱ្យគេបែងចែកគោលការណ៍ ត្រូវតែអនុវត្តក្នុងចរន្តតន្តីនិយមនេះមាន៧ គោលការណ៍ដូចខាងក្រោម៖
ក. ការប្រើរបៀបនិយាយ និងបរិយាយឱ្យស្របទៅនឹងវិចារណញាណ គឺលក្ខណៈម្យ៉ាង ស្រួលយល់ ហើយគេអាចទទួលយកបានដោយងាយ។
ខ. ការសំអាងផ្អែកលើសច្ចធម៌ ដោយមិនយោលទៅតាមការប្រែប្រួលខុសទិស ពោលគឺតថភាព ឬការពិតជាក់ស្ដែង ដែលស្ថិរភាព ហើយពុំពឹងផ្អែកទៅលើលក្ខណៈអត្តនោម័ត និងត្រូវមានលក្ខណៈជាសាកលទៀតផង។
គ. ត្រូវចៀសវាងដើរឆ្ងាយហួសពីតថភាព និងត្រូវលើកឡើងអំពីអ្វីៗ ដែលគេអាចជឿបានតែប៉ុណ្ណោះ។ ក្រៅពីភាពសមហេតុសមផលតាមវិចារណាញ គេត្រូវរក្សាឱ្យបាននូវឥរិបថថ្លៃថ្នូរនៅក្នុងសង្គម។
ឃ. អ្វីដែលមានលក្ខណៈអច្ឆរិយតាមបែបសាសនាគ្រិស្ដ ក៏ត្រូវចៀសវាងឱ្យបានជាដាច់ខាត។
ង. នៅក្នុងការតែងនិពន្ធរឿងល្ខោន គេត្រូវគោរពតាមគោលការណ៍ត្រៃឯកភាព ឬវិធានបីប្រការបញ្ចូលគ្នា គឺពេលវេលា ទីកន្លែង និងបញ្ហានៃសកម្មភាពសំខាន់មួយជាក់លាស់ ក្នុងរយៈពេលតែមួយថ្ងៃ។
ច. ត្រូវកំណត់គោលដៅក្នុងន័យប្រដៅទូន្មានឱ្យបានជាកំហិត។
ឆ. ការបង្កើតវិធាន ឬរូបមន្តអក្សរសិល្ប៍ផ្សេងៗ ត្រូវឈរលើមូលដ្ឋាននៃលក្ខណៈអរូបីម្យ៉ាង ដែលមានគំរូគំនិតច្បាស់លាស់ ជាពិសេសគំរូគំនិតរបស់កវី ឬអ្នកនិពន្ធ នាសម័យបុរាណ។
ទោះយ៉ាងណាក៏ដោយ តាមការកត់សម្គាល់ក្រោយៗមកទៀត អ្នកនិពន្ធនៅសម័យសតវត្សទី១៧ បានយកគំរូតែមួយភាគធំទេ។ ក្រៅពីនោះគេបានធ្វើការពិចារណា និងធ្វើការវិនិច្ឆ័យដោយផ្អែកលើគំនិតរបស់ខ្លួនគេផ្ទាល់តែម្ដង។
No comments:
Post a Comment