ខ្ញុំកំពុងស្ថិតក្នុងសន្និសីទសាធារណៈរៀបចំដោយអង្គការសង្គមស៊ីវិល។ ខ្ញុំសម្គាល់ឃើញអ្នកចូលរួមសុទ្ធតែមកពីសមាគមកម្មករ សហគមន៍កសិករ និងក្រុមដែលគេចាត់ទុកថាមិនសូវមានសំឡេងនៅក្នុងសង្គម។ ពួកគេមកទីនេះ ដើម្បីស្ដាប់អ្នកជំនាញធ្វើការស្និទ្ធនឹងកម្មកររោងចក្រកាត់ដេរ អ្នកជំនាញធ្វើការស្និទ្ធនឹងកសិករ ព្រមទាំងការបញ្ចេញសំឡេងពីតំណាងសហគមន៍នៅមូលដ្ឋាន។ ពួកគេម្នាក់ៗអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រោះបញ្ហាដែលអ្នកជំនាញនីមួយៗថ្លែងលើវេទិការ ជាវិបត្តិរ៉ាំរ៉ៃក្នុងជីវិតរបស់ពួកគេ។
បុរសចំណាស់ម្នាក់មានសក់សច្រើនជាងសក់ខ្មៅ។ គាត់ជាអ្នកស្រែមកពីខេត្តកំពង់ស្ពឺ ហើយត្រូវគេអញ្ជើញលើវេទិការដើម្បីចែករំលែកអំពីបទពិសោធនិងបញ្ហាប្រឈមរបស់អ្នកស្រែដែលធ្វើកសិកម្មលក្ខណៈប្រពៃណី។ មុននឹងថ្លែងពីបញ្ហាខ្លួនគាត់ គាត់បានលើកឡើងពីប្រព័ន្ធស្បៀង។ ប្រព័ន្ធស្បៀង ជាការកំណត់សិទ្ធិអំណាច ការគ្រប់គ្រងទីផ្សារ ការគ្រប់គ្រងស្បៀង។ វាជាកត្តាសំខាន់សម្រាប់ការកំណត់ស្បៀងក្នុងពិភលោក។ ភាគច្រើននៃអ្នកផលិតស្បៀង ជាអ្នកធ្វើកសិកម្មខ្នាតតូច។
គាត់បានលើកឡើងពីទិដ្ឋភាពជារួម ដែលខ្លះមាន៧០ភាគរយ ខ្លះ៨០ភាគរយ ជាអ្នកប្រកបរបរកសិកម្មឬអ្នកផលិតស្បៀងខ្នាតតូច។ អ្នកផលិតស្បៀងខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ជាអ្នកប្រកបរបរកសិកម្មចម្រុះ ដូចជាធ្វើស្រែ ធ្វើចម្ការ ចិញ្ចឹមសត្វ នេសាទទាំងជនជាតិភាគច្រើននិងជនជាតិភាគតិច ប៉ុន្តែបច្ចុប្បន្នការផលិតស្បៀង ការគ្រប់គ្រងទីផ្សារឬប្រភពស្បៀងខ្លះ គឺស្ថិតក្រោមការត្រួតត្រាដោយក្រុមសាជីវកម្មនិងមូលធននិយម។ ពួកគេជាគ្រួសារគ្រប់គ្រងប្រព័ន្ធស្បៀងស្ទើរទាំងស្រុង គឺមានស្បៀងផលិតប្រពៃណីនិងស្បៀងផលិតទំនើប។ ចំណែកប្រព័ន្ធបច្ចេកវិទ្យាវិញ វារត់លឿនហួសពីការស្មាន។ គេរុញតែការនាំចេញ នាំចេញ នាំចេញឱ្យបានច្រើន។ គេពុំបានគិតដល់ការប្រើប្រាស់គីមីទេ។ គាត់និយាយថា ទាំងនេះជាបទពិសោធការងារគាត់ជាច្រើនឆ្នាំមកនេះ។
បន្ទាប់មកគាត់លើករបាយការណ៍របស់ក្រសួងកសិកម្មមកបង្ហាញដើម្បីជាអំណះអំណាងបន្ថែម។ របាយការណ៍នោះនិយាយពីលទ្ធផលនៃការដាំដុះដំណាំស្រូវបានរហូតដល់៣៤០លានហិកតា ហើយទទួលផលសរុប១១.៦២លានតោនក្នុងឆ្នាំ២០២២។ តម្លៃស្រូវធម្មតាចន្លោះពី៨០០រៀលទៅ៩០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកស្រូវតម្រូវការស្រូវក្រអូបសម្រាប់អ្នកមានបរិភោគ គឺក្នុងមួយគីឡូក្រាមតម្លៃជាង១០០០រៀល។
ងាកចេញពីទិន្នផលស្រូវ ហើយបង្វែកអារម្មណ៍អ្នកស្ដាប់មកពិនិត្យលើការនាំចូលគ្រឿងផ្គត់ផ្គង់កសិកម្ម ដែលមាន២៦៦ក្រុមហ៊ុន ជាអ្នកនាំចូលជីគីមីនិងថ្នាំកសិកម្មមកក្នុងប្រទេស។ ទាំងកសិករខ្នាតតូចរហូតដល់កសិករដែលកំពុងអនុវត្តកសិកម្មបែបទើបសុទ្ធតែទិញសម្ភារៈផ្គត់ផ្ដង់ទាំងនេះ ដើម្បីយកទៅប្រើប្រាស់សម្រាប់ស្រូវរបស់ពួកយើង។ ចំណែកបរិមាណនាំចូលជីគីមីវិញមានរហូតដល់ទៅ ២.១៨៤លានតោន។ ការប្រើប្រាស់បរិមាណជីគីមីច្រើនដល់ម្ល៉ឹង តើវាបង្កផលប៉ះដល់គុណភាពដីទេ? តើវាបង្កផលប៉ះពាល់ដល់បរិស្ថានទេ?
គាត់ត្រឡប់មកពិនិត្យលើបញ្ហាប្រឈមរបស់អ្នកស្រែមួយផ្នែកទៀត។ វាជាចំណុចដែលគាត់ចង់បង្ហាញប្រាប់អ្នកស្ដាប់ គឺពួកគាត់ជួបប្រឈមខ្លាំងលើបញ្ហាដី។ គាត់និយាយថា អ្នកស្រែយើងជាទូទៅមានដីស្រែតូច។ កសិករខ្នាតតូចភាគច្រើនមានដីធ្វើស្រែមិនលើសពីបីហិកតាទេ។ ដីស្រែតូចហើយ សឹករិចរិលទៀត។ វាខូចដោយសារកត្ដាអស់ព្រៃឈើ ដោយសារការប្រើប្រាស់ជីគីមី ដោយសារការធ្វើស្រែច្រើនដងលើដីស្រែតែមួយ។ ចំណែកកសិករមួយចំនួនទៀតរងផលប៉ះពាល់ខ្លាំងលើទំនាស់ដីធ្លីរ៉ាំរ៉ៃរាប់សិបឆ្នាំនៅតែដោះស្រាយមិនដាច់ស្រេច។ គ្រួសារមួយចំនួនជាប់ទោសទណ្ឌដោយសារតែដីធ្លីខ្លួនឯង។ រូបភាពនេះ គេហៅថា កម្មលើកម្មរបស់អ្នកស្រែដែលត្រូវការដីធ្វើស្រូវចិញ្ចឹមជីវិត។
គាត់និយាយកាន់តែយូរ សំឡេងគាត់ឮខ្លាំង។ គាត់និយាយថា មានមួយផ្នែកទៀតចាញ់កល់ ចាញ់បោកពួកអ្នកប្រាជ្ញមួយចំនួន។ ពួកយើងមានដីធ្លីបន្តិចបន្តួចត្រូវគេបោកយកអស់ទៀត។ ពួកយើងធ្លាក់ចូលអន្ទាក់បំណុលគេ។ គាត់សង្កត់សម្ដីថា ធ្វើស្រែមិនកើតហើយបែរមកចាញ់បោកគេទៀត។ នៅទីបំផុតត្រូវបង្ខំលក់ដីស្រែបន្តិចបន្តួចនោះសងបំណុលគេ។ ពួកអ្នកបោកទាំងនោះសុទ្ធតែឧកញ៉ា។ ពួកឧកញ៉ាបោកអ្នកស្រែយើងយកដីអស់មិនតិចទេ។
អ្នកអង្គុយស្ដាប់គាត់នៅឯក្រោមវេទិការបានបន្ទរឡើង។
- ឧកញ៉ាហ្នឹងអីក៏ថោកទាបម្ល៉េះ!
- ពិតជាគួរឱ្យឈឺចាប់ណាស់បងប្អូន (គាត់ឆ្លើយតប)។
ទំនងចង់បន្ធូរភាពតានតឹងក្នុងចិត្ត គាត់បង្វែរចំណាប់អារម្មណ៍មកលើបញ្ហាប្រព័ន្ធធារាសាស្ត្រ។ ទឹកក៏ជាបញ្ហាសម្រាប់អ្នកធ្វើស្រែដែរ។ ប្រព័ន្ធធារាស្ត្រសម្រាប់ស្រោចស្រាពស្រូវក្នុងតំបន់ខ្លះអាចប្រើប្រាស់ជាសាធារណៈ ប៉ុន្តែនៅទីតាំងខ្លះទៀតមិនអាចប្រើប្រាស់វាជាសាធារណៈបានឡើយ។ ពោលគឺត្រូវបង់ជាប្រាក់ឬដោះដូរជាស្រូវ ប៉ុន្តែត្រូវបូមបញ្ចូលស្រែដោយខ្លួនឯង។ អ្នកធ្វើស្រែនៅតំបន់ខ្លះទៀត គឺអាស្រ័យដោយទឹកភ្លៀងដោយសារតែតំបន់នោះគ្មានប្រព័ន្ធធារាសាស្ត្រ។ គេហៅថា ធ្វើស្រែប្រវាស់មេឃ។ ជួនមេឃរាំងភ្លៀងមួយរយៈធំដល់ពេលវាភ្លៀងធ្លាក់មកលិចកើតជាជំនន់។ ទម្រាំទឹកស្រកអស់ទៅវិញ រដូវធ្វើស្រែវស្សាក៏សឹងនឹងផុតទៅជាមួយដែរ។ នេះហើយជាការលំបាករបស់អ្នកស្រែដូចជាពួកយើង។ ជារឿយៗរដ្ឋាភិបាលជួយសង្គ្រោះស្រូវដែលខូចខាតទាំងនោះ តែមិនដែលឃើញរដ្ឋាភិបាលឧបត្ថម្ភធនឡើយ៕
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
បញ្ហាកសិកម្មប្រពៃណី
Subscribe to:
Comments (Atom)