បញ្ហាកសិកម្មប្រពៃណី

 ខ្ញុំ​កំពុង​ស្ថិត​ក្នុង​សន្និសីទ​សាធារណៈ​រៀបចំ​ដោយ​អង្គការសង្គម​ស៊ីវិល​។​ ​ខ្ញុំ​សម្គាល់​ឃើញ​អ្នកចូលរួម​សុទ្ធតែ​មកពី​សមាគមកម្មករ​ ​សហគមន៍​កសិករ​ ​និង​ក្រុម​ដែលគេ​ចាត់ទុកថា​មិនសូវ​មានសំឡេង​នៅ​ក្នុង​សង្គម​។​ ​ពួកគេ​មក​ទីនេះ​ ​ដើម្បី​ស្ដាប់​អ្នកជំនាញ​ធ្វើការ​ស្និទ្ធ​នឹង​កម្មករ​រោងចក្រ​កាត់​ដេរ​ ​អ្នកជំនាញ​ធ្វើការ​ស្និទ្ធ​នឹង​កសិករ​ ​ព្រមទាំង​ការ​បញ្ចេញ​សំឡេង​ពី​តំណាង​សហគមន៍​នៅ​មូលដ្ឋាន​។​ ​ពួកគេ​ម្នាក់ៗ​អង្គុយ​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​ ​ព្រោះ​បញ្ហា​ដែល​អ្នកជំនាញ​នីមួយៗ​ថ្លែង​លើ​វេទិកា​រ​ ​ជា​វិបត្តិ​រ៉ាំរ៉ៃ​ក្នុង​ជីវិត​របស់​ពួកគេ​។​

​បុរស​ចំណាស់​ម្នាក់​មាន​សក់​ស​ច្រើនជាង​សក់​ខ្មៅ​។​ ​គាត់​ជា​អ្នកស្រែ​មកពី​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​ត្រូវ​គេ​អញ្ជើញ​លើ​វេទិកា​រ​ដើម្បី​ចែករំលែក​អំពី​បទ​ពិសោធ​និង​បញ្ហា​ប្រឈម​របស់​អ្នកស្រែ​ដែល​ធ្វើ​កសិកម្ម​លក្ខណៈ​ប្រពៃណី​។​ ​មុននឹង​ថ្លែង​ពី​បញ្ហា​ខ្លួន​គាត់​ ​គាត់​បាន​លើកឡើង​ពី​ប្រព័ន្ធ​ស្បៀង​។​ ​ប្រព័ន្ធ​ស្បៀង​ ​ជា​ការកំណត់​សិទ្ធិ​អំណាច​ ​ការ​គ្រប់គ្រង​ទី​ផ្សារ​ ​ការ​គ្រប់គ្រង​ស្បៀង​។​ ​វា​ជា​កត្តា​សំខាន់​សម្រាប់​ការកំណត់​ស្បៀង​ក្នុង​ពិ​ភ​លោក​។​ ​ភាគច្រើន​នៃ​អ្នក​ផលិត​ស្បៀង​ ​ជា​អ្នកធ្វើ​កសិកម្ម​ខ្នាត​តូច​។​

​គាត់​បាន​លើកឡើង​ពី​ទិដ្ឋភាព​ជា​រួម​ ​ដែល​ខ្លះ​មាន​៧​០​ភាគរយ​ ​ខ្លះ​៨​០​ភាគរយ​ ​ជា​អ្នក​ប្រកបរបរ​កសិកម្ម​ឬ​អ្នក​ផលិត​ស្បៀង​ខ្នាត​តូច​។​ ​អ្នក​ផលិត​ស្បៀង​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​អ្នក​ប្រកបរបរ​កសិកម្ម​ចម្រុះ​ ​ដូចជា​ធ្វើស្រែ​ ​ធ្វើ​ចម្ការ​ ​ចិញ្ចឹមសត្វ​ ​នេសាទ​ទាំង​ជនជាតិ​ភាគច្រើន​និង​ជនជាតិ​ភាគតិច​ ​ប៉ុន្តែ​បច្ចុប្បន្ន​ការ​ផលិត​ស្បៀង​ ​ការ​គ្រប់គ្រង​ទី​ផ្សារ​ឬ​ប្រភព​ស្បៀង​ខ្លះ​ ​គឺ​ស្ថិត​ក្រោម​ការត្រួតត្រា​ដោយក្រុម​សាជីវកម្ម​និង​មូលធននិយម​។​ ​ពួកគេ​ជាគ្រួសារ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​ស្ទើរ​ទាំងស្រុង​ ​គឺ​មាន​ស្បៀង​ផលិត​ប្រពៃណី​និង​ស្បៀង​ផលិត​ទំនើប​។​ ​ចំណែក​ប្រព័ន្ធ​បច្ចេកវិទ្យា​វិញ​ ​វា​រត់លឿន​ហួសពី​ការស្មាន​។​ ​គេ​រុញ​តែ​ការនាំចេញ​ ​នាំចេញ​ ​នាំចេញ​ឱ្យ​បាន​ច្រើន​។​ ​គេ​ពុំបានគិត​ដល់​ការប្រើប្រាស់​គីមី​ទេ​។​ ​គាត់​និយាយ​ថា​ ​ទាំងនេះ​ជា​បទ​ពិសោធ​ការងារ​គាត់​ជាច្រើន​ឆ្នាំ​មកនេះ​។​

​បន្ទាប់មក​គាត់​លើក​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​មក​បង្ហាញ​ដើម្បី​ជា​អំណះអំណាង​បន្ថែម​។​ ​របាយការណ៍​នោះ​និយាយ​ពី​លទ្ធផល​នៃ​ការ​ដាំ​ដុះ​ដំណាំស្រូវ​បាន​រហូតដល់​៣​៤​០​លាន​ហិកតា​ ​ហើយ​ទទួល​ផល​សរុប​១​១​.​៦​២​លាន​តោន​ក្នុង​ឆ្នាំ​២​០​២​២​។​ ​តម្លៃ​ស្រូវ​ធម្មតា​ចន្លោះ​ពី​៨​០​០​រៀល​ទៅ​៩​០​០​រៀល​ក្នុង​មួយគីឡូក្រាម​។​ ​ដោយឡែក​ស្រូវ​តម្រូវ​ការ​ស្រូវ​ក្រអូប​សម្រាប់​អ្នកមាន​បរិភោគ​ ​គឺ​ក្នុង​មួយគីឡូក្រាម​តម្លៃ​ជាង​១​០​០​០​រៀល​។​

​ងាក​ចេញពី​ទិន្នផល​ស្រូវ​ ​ហើយ​ប​ង្វែ​ក​អារម្មណ៍​អ្នកស្ដាប់​មក​ពិនិត្យ​លើ​ការនាំចូល​គ្រឿង​ផ្គត់ផ្គង់​កសិកម្ម​ ​ដែល​មាន​២​៦​៦​ក្រុមហ៊ុន​ ​ជា​អ្នកនាំ​ចូល​ជីគីមី​និង​ថ្នាំ​កសិកម្ម​មក​ក្នុង​ប្រទេស​។​ ​ទាំង​កសិករ​ខ្នាត​តូច​រហូតដល់​កសិករ​ដែល​កំពុង​អនុវត្ត​កសិកម្ម​បែប​ទើប​សុទ្ធតែ​ទិញ​ស​ម្ភារៈ​ផ្គត់​ផ្ដង់​ទាំងនេះ​ ​ដើម្បី​យកទៅ​ប្រើប្រាស់​សម្រាប់​ស្រូវ​របស់​ពួកយើង​។​ ​ចំណែក​បរិមាណ​នាំចូល​ជីគីមី​វិញ​មាន​រហូតដល់​ទៅ​ ​២​.​១​៨​៤​លាន​តោន​។​ ​ការប្រើប្រាស់​បរិមាណ​ជីគីមី​ច្រើន​ដល់​ម្ល៉ឹង​ ​តើ​វា​បង្ក​ផល​ប៉ះ​ដល់​គុណភាព​ដី​ទេ​? ​តើ​វា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទេ​?

​គាត់​ត្រឡប់មក​ពិនិត្យ​លើ​បញ្ហា​ប្រឈម​របស់​អ្នកស្រែ​មួយផ្នែកទៀត​។​ ​វា​ជា​ចំណុច​ដែល​គាត់​ចង់​បង្ហាញ​ប្រាប់​អ្នកស្ដាប់​ ​គឺ​ពួកគាត់​ជួប​ប្រឈម​ខ្លាំង​លើ​បញ្ហា​ដី​។​ ​គាត់​និយាយ​ថា​ ​អ្នកស្រែ​យើង​ជាទូទៅ​មាន​ដីស្រែ​តូច​។​ ​កសិករ​ខ្នាត​តូច​ភាគច្រើន​មាន​ដី​ធ្វើស្រែ​មិន​លើស​ពី​បី​ហិកតា​ទេ​។​ ​ដីស្រែ​តូច​ហើយ​ ​សឹក​រិ​ច​រិល​ទៀត​។​ ​វា​ខូច​ដោយសារ​កត្ដា​អស់​ព្រៃឈើ​ ​ដោយសារ​ការប្រើប្រាស់​ជីគីមី​ ​ដោយសារ​ការ​ធ្វើស្រែ​ច្រើនដង​លើ​ដីស្រែ​តែមួយ​។​ ​ចំណែក​កសិករ​មួយ​ចំនួន​ទៀត​រង​ផល​ប៉ះពាល់​ខ្លាំង​លើ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រាប់​សិប​ឆ្នាំ​នៅតែ​ដោះស្រាយ​មិន​ដាច់ស្រេច​។​ ​គ្រួសារ​មួយ​ចំនួនជា​ប់​ទោស​ទណ្ឌ​ដោយសារតែ​ដីធ្លី​ខ្លួនឯង​។​ ​រូបភាព​នេះ​ ​គេ​ហៅថា​ ​កម្ម​លើ​កម្ម​របស់​អ្នកស្រែ​ដែល​ត្រូវការ​ដី​ធ្វើ​ស្រូវ​ចិញ្ចឹមជីវិត​។​

​គាត់​និយាយ​កាន់តែ​យូរ​ ​សំឡេង​គាត់​ឮខ្លាំង​។​ ​គាត់​និយាយ​ថា​ ​មាន​មួយផ្នែកទៀត​ចាញ់​កល់​ ​ចាញ់បោក​ពួក​អ្នកប្រាជ្ញ​មួយ​ចំនួន​។​ ​ពួកយើង​មាន​ដីធ្លី​បន្តិចបន្តួច​ត្រូវ​គេ​បោក​យក​អស់​ទៀត​។​ ​ពួកយើង​ធ្លាក់​ចូល​អន្ទាក់​បំណុល​គេ​។​ ​គាត់​សង្កត់​សម្ដី​ថា​ ​ធ្វើស្រែ​មិនកើត​ហើយ​បែរ​មក​ចាញ់បោក​គេ​ទៀត​។​ ​នៅទីបំផុត​ត្រូវ​បង្ខំ​លក់​ដីស្រែ​បន្តិចបន្តួច​នោះ​សងបំណុល​គេ​។​ ​ពួក​អ្នក​បោក​ទាំងនោះ​សុទ្ធតែ​ឧកញ៉ា​។​ ​ពួក​ឧកញ៉ា​បោក​អ្នកស្រែ​យើង​យក​ដី​អស់​មិន​តិច​ទេ​។​

​អ្នក​អង្គុយ​ស្ដាប់​គាត់​នៅ​ឯក្រោម​វេទិកា​របា​ន​បន្ទរ​ឡើង​។​

- 
​ឧកញ៉ា​ហ្នឹង​អី​ក៏​ថោកទាប​ម្ល៉េះ​!

- 
​ពិតជា​គួរ​ឱ្យ​ឈឺចាប់​ណាស់​បងប្អូន​ (​គាត់​ឆ្លើយតប​)​។​


​ទំនង​ចង់​បន្ធូរ​ភាព​តានតឹង​ក្នុង​ចិត្ត​ ​គាត់​បង្វែរ​ចំណាប់អារម្មណ៍​មក​លើ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ​ទឹក​ក៏​ជា​បញ្ហា​សម្រាប់​អ្នកធ្វើ​ស្រែ​ដែរ​។​ ​ប្រព័ន្ធ​ធា​រាស្ត្រ​សម្រាប់​ស្រោច​ស្រា​ព​ស្រូវ​ក្នុង​តំបន់​ខ្លះ​អាច​ប្រើប្រាស់​ជា​សាធារណៈ​ ​ប៉ុន្តែ​នៅ​ទីតាំង​ខ្លះទៀត​មិន​អាច​ប្រើប្រាស់​វា​ជា​សាធារណៈ​បាន​ឡើយ​។​ ​ពោល​គឺ​ត្រូវ​បង់​ជា​ប្រាក់​ឬ​ដោះ​ដូរ​ជា​ស្រូវ​ ​ប៉ុន្តែ​ត្រូវ​បូម​បញ្ចូល​ស្រែ​ដោយខ្លួនឯង​។​ ​អ្នកធ្វើ​ស្រែ​នៅ​តំបន់​ខ្លះទៀត​ ​គឺ​អាស្រ័យ​ដោយ​ទឹកភ្លៀង​ដោយសារតែ​តំបន់​នោះ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ​គេ​ហៅថា​ ​ធ្វើស្រែ​ប្រវាស់​មេឃ​។​ ​ជួន​មេឃ​រាំង​ភ្លៀង​មួយ​រយៈ​ធំ​ដល់ពេល​វា​ភ្លៀង​ធ្លាក់​មក​លិច​កើតជា​ជំនន់​។​ ​ទម្រាំ​ទឹកស្រក​អស់​ទៅវិញ​ ​រដូវ​ធ្វើ​ស្រែវស្សា​ក៏​សឹង​នឹង​ផុត​ទៅ​ជាមួយ​ដែរ​។​ ​នេះ​ហើយ​ជា​ការលំបាក​របស់​អ្នកស្រែ​ដូចជា​ពួកយើង​។​ ​ជារឿយៗ​រដ្ឋាភិបាល​ជួយសង្គ្រោះ​ស្រូវ​ដែល​ខូចខាត​ទាំងនោះ​ ​តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​ឧបត្ថម្ភធន​ឡើយ​៕​




No comments:

Post a Comment