កោះចំរើន

 

ភូមិកោះចំរើន សិស្សាជាច្រើន ឆ្លងដទៅរៀន
ពេលវិលត្រឡប់ បែរចប់ជំហាន ទូកលិចបំពាន
ពេលជិតដល់ច្រាំង។
 
ទឹកជ្រៅមិនរាក់ ក្មេងដប់ប្រាំនាក់ បានធាក់តតាំង
ក្មេងមិនចេះហែល មុខប្រែស្លេកស្លាំង ប្រឹងតាមកម្លាំង
ក្រែងរស់ជីវិត។
 
ជួយផងជួយផង ម៉ែពុកប្អូនបង ត្រសងជុំជិត
ស្វះស្វែងសង្គ្រោះ ពីគ្រោះងងឹត សន្ដានញាតិមិត្ត
ព្យាយាមរាវរក។
 
សិស្សដប់មួយនាក់ បិទភ្នែកលែងភ្ញាក់ ភូមិអ្នកជម្រក
សម្ដែងសោកា កាយាគេយក ទឹកភ្នែកហូរមក
ខ្លោចចិត្តសែនជ្រៅ។
 
សង្រេងប្រេះស្រាំ សោកនាដកម្ម ចងចាំដិតនៅ
សិស្សាព្រាត់កង់ ព្រាត់បង់សៀវភៅ លាចាកម៉ែឪ
ព្រាត់ទៅភពថ្មី។
 
បន្ទោសនរណា បន្ទោសអាជ្ញា ឬញាតិប្រុសស្រី
ម្ចាស់ទូកដឆ្លង ចម្លងប្រណី អ្នកភូមិគ្មានអ្វី
អាចពឹងពាក់ផង។
 
អ្នកភូមិចាស់ទុំ អ្នកខ្លះទួញយំ ស្នើសុំស្ពានឆ្លង
សង្ឃឹមចាកស្លុត រួចផុតយង់ឃ្នង បានដូចបំណង
ស្ពានឆ្លងត្រើយសុខ៕

 

No comments:

Post a Comment