ត្រឹមតួល្ខោន​អាយ៉ង​ដូច​បង​

មេឃ​ខ្មៅ​ងងឹត​. ​ប្រៀប​ដូច​ជីវិត​
​ធ្មេច​ចោល​លោកា. ​បង​រលត់​ទៅ​
​អូន​នៅ​សង្ខា​. ​ឃុំគ្រង​បុត្រា​
​ជំនួស​បង​ផង​។​

​មាន​រូប​មានទុក្ខ​. ​កាល​រស់​ជាប់គុក​.​
​គេ​រុក​ចាប់ចង​. ​ចោទ​បង​ថា​ខ្មាំង​.​
​ប្រឆាំង​ក្រោយខ្នង​. ​ដូច​តួ​អាយ៉ង​
​បង​អ្នក​សម្ដែង​។​

​តួអង្គ​ឡប់ឡែ​.​ ​ហួងហែង​ហួរ​ហែ​.​
​ហែក​តែ​ជាតិ​ឯង. ​ម្តង​បង​តួយក្ស​.​
​អារក្ស​កោតក្រែង​. ​ម្ដង​ត្រូវ​កំប្លែង​
​ល្បែង​គេ​ញាក់​លេង​។​

​សម្រែក​ពី​ក្នុង​.​ ​ស្រមោល​ប្លុង​ៗ​.​
​ស្របតាម​សំឡេង. ​តួយក្ស​មូរ​មី​.​
​វក់វី​តាម​ភ្លេង​.​ ​បោក​រាស្រ្ត​ចាស់​ក្មេង​
​វង្វេង​កណ្ដោច​។​

​តួល្ខោន​ដូច​បង​.​ ​ស្រស់ស្រី​នួនល្អង​.​
​បង​ស្លាប់​ជា​ខ្មោច​. ​មិនទាន់​អស់ចិត្ត​.​
​ដាម​ដិត​ប្រយោជន៍​.​ ​ស្លាប់​ឈ្មោះ​អា​សោច​
​ឆបោក​រាស្ត្រ​ខ្លួន​។​