បេក្ខនារី Cambodian Idol ហ៊ុន ម៉ាលីស៖ ទទួលបា្រក់លើកទឹកចិត្តពីមូលនិធិម៉េងលី ជេ. គួច
អត្ថបទ៖ តន វិបុល
ផ្តើមចេញពីការស្រឡាញ់សិល្បៈ
និងចង់ក្លាយជាតារាចម្រៀងផងនោះ ម៉ាលីល និងម្តាយ ព្រមទាំងប្អូនតូចៗ២នាក់ផ្សេងទៀត
បានចាកចេញពីទ្រនំដ៏កម្សត់នៅឯជនបទមកកាន់រាជធានីភ្នំពេញ
ដើម្បីប្រឡងចម្រៀងក្នុងកម្មវិធី Cambodian
Idol លំដាប់ពិភពលោក របស់ផលិតកម្មរស្មីហង្សមាស
ទាំងជីវភាពត្រដាបត្រដួសបំផុត...
បេក្ខនារីវ័យ១៦ឆ្នាំ មកពីខេត្តកំពង់ស្ពឺ
និងជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យឥន្ទ្រទេវី ម៉ាលីស
បានបង្ហាញទឹកដមសំឡេងពីរោះយ៉ាងក្រអួនក្រអៅពីធម្មជាតិ
ព្រមទាំងទេពកោសល្យសិល្បៈដ៏សម្បូរបែបផងនោះ កាលពីយប់ថ្ងៃទី៤កញ្ញា កន្លងទៅនេះ
បានធ្វើឲ្យគណៈកម្មការទាំង៤រូបភ្ញាក់ផ្អើល
ស្ទើរនឹកស្មានមិនដល់ចំពោះសមត្ថភាពដ៏ល្អឥតខ្ចោះរបស់បេក្ខនារីរូបនេះ។
ភ្ញាក់ផ្អើលដោយហេតុថា ប្អូនស្រីមានវ័យត្រឹម១៦ឆ្នាំសោះ អាចធ្វើបានល្អដល់កម្រិតនេះ
ចុះទម្រាំទៅថ្ងៃក្រោយនឹងរឹតតែល្អប្រសើរថែមទៀត។
មិនត្រឹមតែមានសំឡេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ ម្យ៉ាងប្អូនក៏មានដុងខាងរបាំ
និងចម្រៀងបុរាណបានយ៉ាងល្អទៀតផង នេះក៏ព្រោះតែប្អូនបានរៀនខ្លះៗពីមុនមក។
ហេតុផលនេះហើយដែលធ្វើប្អូនស្រី ទទួលគាំទ្រពីគណៈកម្មការទាំង៤រូបយ៉ាងពេញទំហឹង។
ទោះបីសំឡេងពីរោះពីកំណើតដោយធម្មជាតិយ៉ាងណាក្តី
តែបើក្រឡេកទៅមើលស្ថានភាពគ្រួសាររបស់ប្អូនស្រីម៉ាលីសវិញ
គឺហាក់មិនអំណោយផលល្អទាល់តែសោះ ចំពោះការចាប់ផ្តើមបោះជំហានចូលប្រលូក
ក្នុងវិស័យសិល្បៈរបស់ប្អូនស្រី។ ព្រោះកន្លងមកដើម្បីជួយសម្រួលជីវភាពគ្រួសារ ម៉ាលីស
ទោះជាមមាញឹកសិក្សាយ៉ាងណាក៏ដោយ
ក៏នាងនៅតែឆ្លៀពេលសិក្សារបស់ខ្លួនទៅច្រៀងតាមរោងការនានា
ដើម្បីទទួលបានប្រាក់ខ្លះៗយកមកផ្គត់ផ្គង់គ្រួសារនិងការសិក្សាខ្លួនផងដែរ។
ហេតុតែក្តីស្រឡាញ់ និងចំណង់ចង់ក្លាយជាអ្នកចម្រៀង ហើយម្យ៉ាងក៏ជាក្តីប្រាថ្នារបស់
ម្តាយប្អូនផងដែរ។ ទំនងជាបុព្វហេតុនេះហើយដែលរុញច្រានជីវិតប្អូនស្រី
និងអ្នកមីងធារ៉ាជាម្តាយ ព្រមទាំងប្អូនតូចៗពីរនាក់ទៀត
ឲ្យអណ្តែតត្រសែតមកដល់ក្រុងភ្នំពេញយ៉ាងដូច្នេះ។
ក៏មិនគួរនឹងភ្លេចជម្រាបជូនផងដែរថា
ដោយសារមើលឃើញពីទេពកោសល្យសិល្បៈប្អូនស្រី រួមជាមួយនឹងជីវភាពកំពុងតែមិនអំណោយផលផង
សប្បុរជនខ្មែរអាមេរិកាំង លោក សេង តាំង បានផ្តល់ថវិកាចំនួន១០០ដុល្លារ
ដល់ប្អូនស្រីម៉ាលីស តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។ ដ្បិតថាតិចតួចស្តួចស្តើង
ប៉ុន្តែវាជាទឹកចិត្តសប្បុធម៌ ក៏ដូចជាការលើកទឹកចិត្តប្អូនស្រី
និងគ្រួសាររបស់ប្អូនឲ្យខិតខំជម្នះបន្ថែមទៀតដើម្បីសម្រេចក្តីស្រមៃនេះ។
សូមបញ្ជាក់ជូនថា
ក្នុងឱកាសទទួលប្រាក់សប្បុរសពីមូលនិធិ ម៉េងលី ជេ. គួច នោះ ប្អូនស្រីម៉ាលីស
និងម្តាយប្អូន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅផងដែរថា៖ “ខ្ញុំនិងកូនសូមអរគុណយ៉ាងជ្រាលជ្រៅ
ចំពោះសប្បុរជនដែលបានផ្តល់អំណោយលើកទឹកចិត្តដល់ខ្ញុំនិងកូន”។
ដោយឡែក ប្អូនស្រីបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា “ខ្ញុំនឹងក្តាប់ឱកាសនេះឲ្យបានល្អបំផុត
ពោលគឺមិនឲ្យរបូតពីដៃនោះឡើយ គឺដើម្បីជីវិតខ្ញុំ និងគ្រួសារ”។
នេះជាការលើកឡើងរបស់ប្អូនស្រីម៉ាលីស ពេលទទួលប្រាក់សប្បុរសពីមូលនិធិ ម៉េងលី ជេ. គួច
កាលពីថ្ងៃទី២៣កញ្ញា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕


No comments:
Post a Comment