ក្រោយពីប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅទីតាំងថ្មីដែលរៀបចំដោយរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមយុទ្ធនាការដាំស្មៅនិងដើមឈើចម្រុះនៅលើទីតាំងភូមិចាស់ទាំងនោះ ដើម្បីកែលម្អទីតាំងទាំងនោះក្លាយជាតំបន់ពណ៌បៃតងដោយដើមឈើនិងស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាសាទបុរាណ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ខ្មែរថាមស៍ពីម្សិលមិញថា ក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការនេះ គឺអាជ្ញាធរជាតិអប្សរាបានសហការជាមួយនឹងស្ថាប័នរដ្ឋនិងឯកជនជាមួយនឹងការដាំស្មៅនិងដើមឈើប្រមាណ ២ ០០០ដើម លើផ្ទៃជិត២ហិកតា នៅបរិវេណខាងលិចរមណីដ្ឋានអង្គរកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីកែប្រែតំបន់នោះក្លាយជាតំបន់មានទេសភាពបៃតង។
លោកបន្តថា យុទ្ធនាការនេះត្រូវបានចាប់ផ្ដើមធ្វើជាបន្តបន្ទាប់ស្របតាមផែនការនៅលើផ្ទៃដីជាច្រើនហិកតា ចំណែកពេលវេលាត្រូវបញ្ចប់យុទ្ធនាការនេះមិនទាន់ដឹងនៅឡើយទេ ព្រោះវាជាយុទ្ធការដែលធ្វើឡើងជាជំហានៗ និងជាផែនការសកម្មភាពត្រូវអនុវត្តយូរអង្វែង។
លោកបន្ថែមថា ដើមឈើដែលត្រូវយកមកដាំលើទីតាំងភូមិចាស់ក្នុងតំបន់អង្គរ ជាកូនឈើបណ្ដុះឡើងដោយអាជ្ញាធរជាតិអប្សរា ខណៈស្មៅដែលត្រូវដាំលម្អដែរនោះ គឺត្រូវការចំណាយថវិកាទិញពីទីផ្សារ។
លោកអំពាវនាវដល់ស្ថាប័នរដ្ឋ ឯកជន និងសាធារណជនឱ្យចូលរួមយុទ្ធនាការដាំស្មៅនិងដើមឈើតាមរយៈការឧបត្ថម្ភរបស់ខ្លួនមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីលើកតម្កើងសោភណភាព ក៏ដូចជាការបង្កើតគម្របព្រៃឈើស្រស់បំព្រង និងសម្រស់តំបន់អង្គរប្រកបដោយពណ៌បៃតង។
លោកបញ្ជាក់ថា យុទ្ធនាការដាំស្មៅនិងដើមឈើលើទីតាំងភូមិចាស់ក្នុងតំបន់អង្គរ គឺបានចាប់ផ្ដើមបន្ទាប់ពីពលរដ្ឋលើសមួយម៉ឺនគ្រួសារបានស្ម័គ្រចិត្តចាកចេញពីទីនោះទៅរស់នៅតំបន់អភិវឌ្ឍភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោកនិយាយថា៖ «ពលរដ្ឋយើងបានចាកចេញពីភូមិមួយចំនួន ដូចជាភូមិទក្សិណត្បូង ភូមិវាល ភូមិត្រពាំងសេះ ភូមិមណ្ឌលបី ភូមិខ្វៀន ដែលស្ថិតនៅក្នុងតំបន់អង្គរ។ ពួកគេនៅតែបន្តស្ម័គ្រចាកចេញទៅរស់នៅទីតាំងដែលរដ្ឋាភិបាលរៀបចំជូនពួកគេ»។
លោកបន្តថា៖ «យើងមិនបានកំណត់ចំនួនគ្រួសារក្នុងការចាកចេញទេ ប៉ុន្តែយើងបានជជែកគ្នាជាមួយពួកគេពាក់ព័ន្ធនឹងទីតាំងមួយចំនួនដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធបុរាណដែលធ្វើឱ្យប៉ះពាល់តម្លៃស្នូលនៃរមណីដ្ឋានអង្គរ ប៉ុន្តែយើងឃើញថាពួកគេបានស្ម័គ្រចិត្តចាកចេញពីទីតាំងសំខាន់ៗទាំងនោះ»។
ក្នុងយុទ្ធនាការដាំស្មៅនិងដើមឈើនៅលើទីតាំងភូមិចាស់ក្នុងតំបន់អង្គរកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។
លោកបន្តថា ការអនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការដាំដើមឈើនិងស្មៅនៅលើផ្ទៃដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដើម្បីរក្សាភាពស្រស់ស្អាត។
លោកនិយាយថា៖ «ការដាំដើមឈើនិងស្មៅនៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដោយការទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ»។
ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ ដែលបានចូលរួមក្នុងសកម្មភាពដាំដើមនេះ ព្រះទ័យសប្បាយរីករាយជាខ្លាំងនៅពេលឃើញអាជ្ញាធរជាតិអប្សរាបំផុសការងារដាំដើមឈើនៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។
ព្រះអង្គមានថេរដីការថា៖ «សកម្មភាពទាំងនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ»។
តាមគោលនយោបាយរបស់រដ្ឋាភិបាលបានតម្រូវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់ការពាររមណីយដ្ឋានអង្គរស្ម័គ្រចិត្តដោះដូរលំនៅឋានទៅនៅទីតាំងថ្មី ដែលរៀបចំដោយអាជ្ញាធរនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
បញ្ហានេះកើតឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរបានរងការព្រមានពីអង្គការយូណេស្កូក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕
អាជ្ញាធរជាតិអប្សរាដាំឈើចម្រុះពីរលានដើមនៅតំបន់អង្គរដោយប្រើពេល១៩ឆ្នាំដើម្បីលើកសោភ័ណប្រាសាទ
អាជ្ញាធរជាតិអប្សរាបានអះអាងថា ពួកគេបានដាំកូនឈើចម្រុះគ្នាប្រមាណពីរលានដើមនៅតំបន់រមណីយដ្ឋានអង្គរដោយប្រើពេល១៩ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៤ មកទល់នឹងឆ្នាំ២០២៣នេះ ដើម្បីលើកសោភ័ណភាពរបស់ប្រាសាទ។
ការអះអាងនេះធ្វើនៅពេលដែលលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្ត្រីប្រមាណ៥០០នាក់ ដើម្បីដាំកូនចំនួន ១ ២០០ដើមទៀតនៅបរិវេណខាងមុខប្រាសាទអង្គរវត្តក្បែរស្រះទឹកត្រពាំងសេសនៅថ្ងៃពុធ។
ទីតាំងដែលបានដាំស្មៅនិងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះជាអតីតសំណង់សម្រាប់ដាក់សម្ភារៈដែលអាជ្ញាធរជាតិអប្សរារៀបចំ ដើម្បីបម្រើការងារជួសជុលស្ពានហាលនិងការប្រើប្រាស់ផ្សេងៗ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបាននិយាយថា អាជ្ញាធរជាតិអប្សរាបានរៀបចំបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤មក ជាពិសេសបានដាំកូនឈើចម្រុះគ្នាកើនឡើងកាន់តែច្រើន។
លោកបន្តថា រហូតមកទល់នឹងពេលនេះ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចម្រុះគ្នាប្រមាណពីរលានដើមដោយប្រើពេលវេលា១៩ឆ្នាំ ហើយកូនឈើទាំងនោះមិនបានរាប់បញ្ជូលការចែកចាយកូនឈើទៅកាន់ស្ថាប័នរដ្ឋនិងឯកជនឡើយ។
លោកបន្ថែមថា ចាបតាំងពីរដ្ឋាភិបាលសម្រេចដាក់ចេញផែនការរៀបចំឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីដោះស្រាយបញ្ហាប៉ះពាល់ទេសភាពវប្បធម៌និងតម្លៃជាសាកលរបស់រមណីយដ្ឋានអង្គរកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ទើបអាជ្ញាធរជាតិអប្សរាមានឱកាសបង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។
ពីចុងឆ្នាំ២០២២ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចម្រុះគ្នាជាង ៤៧ ០០០ដើមទៀតនៅលើផ្ទៃដីជុំវិញតំបន់អង្គរនិងទីតាំងភូមិចាស់របស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋានពីក្នុងតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់ថ្មីតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺមាននៅតំបន់អភិវឌ្ឍរុនតាឯក ស្រុកបន្ទាយស្រី និងពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការដាំដើមឈើឡើងវិញពិតជាមានសារប្រយោជន៍សំខាន់ណាស់សម្រាប់ប្រាសាទបុរាណ។
លោកបានមានប្រសាសន៍ថា៖ «ស្ថេរភាពរបស់ប្រាសាទត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដូច្នេះបើសិនជាយើងដាំដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ ក្នុងនោះដើមឈើដែលដុះនៅជិតប្រាសាទ គឺជួយកាត់បន្ថយកម្តៅ ដែលធ្វើឱ្យថ្មប្រាសាទមិនងាយប្រះ រលំ ឬភាពសិករិករឹល»។
លោកបន្តថា ល្បឿនខ្យល់ដែលអាចមានផលប៉ះពាល់ទៅដល់ប្រាសាទបុរាណ ក៏នឹងត្រូវកាត់បន្ថយដោយព្រៃឈើទាំងនេះ។
អាជ្ញាធរជាតិអប្សរាសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់រមណីយដ្ឋានអង្គរនឹងកាន់តែមានភាពស្រស់បំព្រងពោពេញដោយព្រៃឈើ ដែលមានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែមគុណភាពជីវិតសម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ផែនការដាំដើមឈើនៅតំបន់រមណីយអង្គរ ដើម្បីកែលម្អទីតាំងនោះក្លាយជាតំបន់ពណ៌បៃតងដោយដើមឈើ គឺពិតជាល្អប្រសើរសម្រាប់ការលើកសម្រស់ប្រាសាទបរាណ។
លោកស្រីបន្តថា ដើមឈើទាំងនោះនឹងក្លាយជាម្លប់សម្រាប់ទេសចរ ព្រោះនៅកម្ពុជាមានអាកាសធាតុក្ដៅខ្លាំងក្នុងរដូវប្រាំង។
លោកស្រីកត់សម្គាល់ឃើញថា អាជ្ញាធរជាតិអប្សរាបានព្យាយាមរៀបចំការបណ្ដុះកូនឈើ ការដាំកូនឈើ ការបង្កើតខ្សែវង់ទស្សនាប្រាសាទនានា ដែលមានភាពល្អជាងកាលពីមុន។ កិច្ចការទាំងនេះបានលើកកម្ពស់សោភ័ណភាពប្រាសាទដ៏ទាក់ទាញ។
លោកស្រីនិយាយថា៖ «ពេលទេសចរថតរូបឃើញទេសភាពស្អាត នោះហើយជាភាពទាក់ទាញ ប៉ុន្តែពេលថតរូបឃើញទេសភាពមិនស្អាតទេ គឺមិនមានភាពទាក់ទាញ។ ដូច្នេះប្រសិនបើការរៀបចំរបស់យើងលើកសម្រស់ទេសភាព គឺប្រាកដទាក់ទាញអ្នកថតរូបល្បីៗនៅលើពិភពលោកមកផ្ដិតរូបភាពនៅរមណីយដ្ឋានរបស់យើងមិនខាន»។
លោកស្រីលើកទឹកចិត្តថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំ យើងគួររៀបចំកែលម្អលើកសម្រស់ទេសភាពល្អប្លែកបន្ថែមទៀត។ ទេសភាពល្អប្លែក ជាចំណុចភាពទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនផងដែរ»៕
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
ទីតាំងភូមិចាស់ក្នុងតំបន់អង្គរត្រូវបានដាំដើមឈើលម្អ ក្រោយពីពលរដ្ឋចាកចេញទៅរស់នៅទីតាំងថ្មី
អង្គការសង្គមស៊ីវិលរកឃើញថា កង្វះការទទួលយកពីបក្សនយោបាយកាត់បន្ថយជោគជ័យរបស់ស្ត្រីក្នុងវិស័យនយោបាយ
ក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិលបានរកឃើញថា កង្វះការទទួលយកពីគណបក្សនយោបាយនិងបញ្ហាប្រឈមផ្សេងទៀតបានកាត់បន្ថយជោគជ័យរបស់ស្ត្រីក្នុងវិស័យនយោបាយ ទោះបីជាមានការចូលរួមកាន់តែច្រើនក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញ កញ្ញា សង្វា ភួងវីណា ប្រធានតស៊ូមតិនិងបណ្ដាញនៃអង្គការហ្គេតស៊ី (GADC) បានលើកឡើងថា ទោះបីជាចំនួនបេក្ខជនជាស្ត្រីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានការកើន៧.២ភាគរយ ប៉ុន្តែចំនួននេះនៅតែមានគម្លាតឆ្ងាយគ្នារវាងបុរសនិងស្ត្រី។ រីឯស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្របានថយចុះគួរកត់សម្គាល់។
កញ្ញាបន្តថា ការថយចុះនេះដោយសារមានការប្រឈមកង្វះឆន្ទៈនយោបាយរបស់គណបក្ស និងការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំ ជាពិសេសគណបក្សដែលមានសំឡេងគាំទ្រច្រើនមិនជំរុញសមភាពយេនឌ័រក្នុងវិស័យនយោបាយ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចដាក់បេក្ខជនស្ត្រីឈរឈ្មោះក្នុងចំនួនតិចតួចសម្រាប់ការបោះឆ្នោតនីតិកាលទី៧។
កញ្ញាបន្ថែមថា បញ្ហាប្រឈមបន្ថែមលើសពីនេះ គឺនៅក្នុងគណបក្សនយោបាយខ្វះគោលនយោបាយសមភាពយេនឌ័រជាក់លាក់ជាលាយលក្ខណ៍អក្សរ។ មិនមានចែងជាក់លាក់អំពីវិធានការពិសេសក្នុងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោត ដើម្បីគាំទ្រនិងផ្ដល់ឱកាសដល់ស្ត្រីចូលរួមដោយស្មើគ្នានឹងបុរសក្នុងវិស័យនយោបាយ ជាពិសេសការឈរឈ្មោះជាបេក្ខជននិងជាប់ឆ្នោតក្លាយជាអ្នកដឹកនាំ។
កញ្ញានិយាយថា៖ «រចនាសម្ព័ន្ធនៃការគ្រប់គ្រងភាគច្រើនលើសលុបជាបុរស ហើយបុរសនៅតែបន្តរក្សាតំណែង របស់ខ្លួន ដែលធ្វើឱ្យឱកាសទទួលបានមុខតំណែងរបស់ស្ត្រីកាន់តែរួមតូច។ ចំណែកថវិកាក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីឈរឈ្មោះជាបេក្ខជន ដែលគណបក្សតម្រូវឱ្យចំណាយលើការឃោសនាបោះឆ្នោត។ នេះជាឧបសគ្គដ៏ធំបំផុតមួយដែលស្ត្រីបានប្រឈម»។
កញ្ញាបន្តថា៖ «បទដ្ឋានវប្បធម៌និងសង្គមមួយចំនួនដែលមានផ្នត់គំនិតអវិជ្ជមានក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឫសគល់បញ្ហាបង្កជារនាំងរារាំងដល់ការចូលរួមរបស់អ្នកនយោបាយស្តីប្រកបដោយគុណភាពនិងប្រសិទ្ធភាព»។
លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំនិងយេនឌ័ររបស់ខុមហ្វ្រែល បាននិយាយថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមស្ត្រីនៃអង្គការសង្គមស៊ីវិលត្រូវស្នើគណបក្សនយោបាយដាក់បញ្ចូលបេក្ខជនបម្រុងឱ្យបានជាប់ជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ហើយគណបក្សទាំងអស់ធានាការបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងបក្ស។
លោកស្រីបន្តថា៖ «យើងស្នើរដ្ឋាភិបាលគួរបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ និងមានតួនាទីសម្រេចចិត្តនៅក្នុងក្រសួងស្ថាប័ននីមួយៗយ៉ាងហោច៣៥ភាគរយ ដោយគិតពីតួនាទីប្រធាននាយកដ្ឋានរហូតដល់រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ដើម្បីចូលរួមពិភាក្សាស្វែងរកដំណោះស្រាយ។ យើងស្នើរដ្ឋាភិបាលគួរបង្កើនការវិនិយោគនិងផ្ដល់គាំទ្រគ្រប់បែបយ៉ាងជាលក្ខណៈប្រព័ន្ធ ដូចជាធនធានថវិកានិងធនធានមនុស្សដល់អ្នកដឹកនាំស្ត្រីនិងស្ត្រីជាប់ឆ្នោត ដើម្បីបង្កើនគុណភាពចូលរួមនយោបាយ»។
បន្ថែមពីនេះលោកស្រីបានស្នើទៅរដ្ឋសភានិងព្រឹទ្ធាធានាថាច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំសង្កាត់ឱ្យឆ្លើយតបនឹងយេនឌ័រដែលមានចែងពីវិធានការពិសេស ដើម្បីសមភាពយេនឌ័រនិងផ្ដល់ឱកាសដល់ស្ត្រីចូលរួមដោយស្មើភាពក្នុងវិស័យនយោបាយ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សបានយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី។ ដូច្នេះការកសាងធនធានមនុស្សមានទាំងបុរសនិងស្ត្រីស្របតាមគោនយោបាយរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែការកសាងធនធានមនុស្សផ្អែកលើលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ។
លោកបន្តថា ផ្អែកលើករណីនេះ គឺមិនមែនចេះដាក់បេក្ខជនស្ត្រីដើម្បីបានចំនួនច្រើន ហើយមិនមានសមត្ថភាព គ្មានគោលជំហរការងារច្បាស់លាស់សម្រាប់បម្រើប្រជាជន។ ដូច្នេះបក្សជ្រើសរើសស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបានទទួលការតែងតាំង ហើយបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ។
លោក សុខ ឥសាន្ត បានឆ្លើយតបនឹងការស្នើសុំគណបក្សដាក់បញ្ចូលបេក្ខជនបម្រុងឱ្យជាប់ជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ថា៖ «ខាងអង្គការសង្គមស៊ីវិលមិនទាន់យល់អំពីការរៀបចំបេក្ខជន ហើយការយកបេក្ខជនបម្រុងឱ្យជាប់តំណាងរាស្ត្របានប្រយោជន៍អ្វី។ គេទទួលយកតែបេក្ខជនពេញសិទ្ធិប៉ុណ្ណោះ ជាប់ជាតំណាងរាស្ត្រ គឺមិនមែនបេក្ខជនបម្រុងជាប់ជាតំណាងរាស្ត្រទេ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានដាក់បេក្ខជនប្រកួតប្រជែកចំនួន ១ ៦១៤នាក់។ ក្នុងនោះមានបេក្ខជនជាស្ត្រី៣២.៤ភាគរយ ឬស្មើនឹង៥២៣នាក់។ ចំនួននេះកើន៧.២ភាគរយ បើធៀបនឹងនីតិកាលទី៦ ដែលមានចំនួន២៥.២ភាគរយ ឬស្មើនឹង៤៩៨នាក់នៃបេក្ខជនប្រកួតប្រជែងចំនួន ១ ៩៧២នាក់មកពីគណបក្សនយោបាយចំនួន២០ដែលបានចូលរួមប្រកួតប្រជែង។
ចំនួនបេក្ខជនជាស្ត្រីកើនឡើងនេះ ដោយសារតែបក្សនយោបាយដែលធ្លាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនីតិកាលទី៦បានបង្កើនបេក្ខជនស្ត្រីក្នុងនីតិកាលទី៧ ហើយគណបក្សថ្មីដែលទើបតែចូលរួមប្រកួតការបោះឆ្នោតនីតិកាលទី៧បានដាក់បេក្ខជនជាស្ត្រីច្រើនលើកលប់។ ចំណែកគណបក្សប្រជាជនកម្ពុជានិងហ្វ៊ុនស៊ិនប៉ិចបែរជាដាក់បេក្ខជនជាស្ត្រថយចុះទៅវិញ។
តាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា សមាជិកសភាសម្រាប់នីតិកាលទី៧ មកពីគណបក្សប្រជាជនកម្ពុជាបានគ្របដណ្ដប់ដោយបុរសចំនួន១០៩នាក់ ឬស្មើនឹង៨៧.២ភាគរយ និងស្ត្រី១២.៨ភាគរយនៃ១២០អាសនៈ និង៥អាសនៈក្នុងរដ្ឋសភាគ្របដណ្ដប់ដោយបុរសមកពីគណបក្សហ៊្វុនស៊ីនប៉ិច។
ចំនួនបុរសក្នុងសភាសម្រាប់អាណត្តិនេះមានការកើនឡើងនិងស្ត្រីមានការថយចុះបន្តិចបើធៀបនឹងសមាជិកសភាសម្រាប់នីតិកាលទី៦ ដែលគ្របដណ្ដប់ដោយបុរសចំនួន១០៦ ឬស្មើនឹង៨៤.៨ភាគរយ និងស្ត្រីចំនួន១៩នាក់ ឬស្មើនឹង១៥.២ភាគរយមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។
ស្ដ្រីដែលជាប់ឆ្នោតតំណាងរាស្ត្រទាំងនេះស្ថិតនៅក្នុងគណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្នុងចំណោមពួកគេបានឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិនៅខេត្តបន្ទាយមានជ័យចំនួនម្នាក់ នៅកំពង់ឆ្នាំងចំនួនម្នាក់ នៅកំពង់ស្ពឺចំនួនម្នាក់ នៅកំពតចំនួនពីរនាក់ នៅកណ្ដាលចំនួនម្នាក់ នៅភ្នំពេញចំនួនបីនាក់ នៅព្រៃវែងចំនួនម្នាក់ នៅសៀមរាបចំនួនម្នាក់ នៅស្វាយរៀងចំនួនបីនាក់ និងនៅមណ្ឌលខេត្តតាកែវចំនួនពីរនាក់៕

