ដើមកំណើតនៃសករាជទាំង៤


ដើមកំណើតនៃសករាជទាំង៤


ដោយ តន វិបុល
ចុះផ្សាយ​នៅ​ថ្ងៃ 08/07/2016
      
តើសករាជជាអ្វី?
សករាជ គឺជា​ការរៀបរាប់ថ្ងៃ ខែ ឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមការ កំណត់តាំងទុកពីដើមទីរៀងមក  សម្រាប់កត់ត្រាចំណាំទុករាល់កិច្ចការ ឬព្រឹត្តិកាលទាំងឡាយណាដែលបានកើតឡើងមិនឲ្យបាត់បង់។  តួយ៉ាងដូចជាក្នុងអត្ថបទលើសិលាចារិក ឬលិខិតរដ្ឋបាលជាដើម សូម្បីតែសំបុត្រឆ្លងឆ្លើយគ្នាក៏មានកាលបរិច្ឆេទនោះផងដែរ។
ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ គឺជាគ្រឿងសម្គាល់ការកំណត់ពេលក្នុងជីវភាពរស់នៅរបស់មនុស្សក្នុងលោកនេះ ជាក់ស្តែងរួមមាន​ពេល​ព្រឹក ពេលល្ងាច ពេលថ្ងៃ និងពេលយប់ ដែលអ្នក​ប្រាជ្ញជំ​ជាន់​ដើម​បានកំណត់ឲ្យ​​ប្រើ​ "សករាជ" ជា​គ្រឿង​ចំណាំកាលបរិច្ឆេទ។ តាមវចនានុក្រមខ្មែរបានឲ្យដឹងថា ពាក្យ "សករាជ" នេះ កើតឡើងដោយសារជនមួយពួក ដែលគេហៅថា  "តាត៌"  នៅក្នុងតំបន់មួយ នៃទិសពាយ័ព្យប្រទេសឥណ្ឌា។ កាលពុទ្ធសករាជ៦២១ឆ្នាំ ជនទាំងនោះបានលុកលុយ វាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច ដោយតាំងក្សត្រីយ៍របស់ខ្លួនព្រះនាម សកៈ។ ក្នុងជាមួយគ្នានេះក៏បានចាប់ផ្តើមរាប់ឆ្នាំទីមួយរៀងមក ដោយហៅរបៀបរាប់ឆ្នាំនោះជា ស័ក ឬ សករាជ តែក្រោយមកហៅថា "មហាសករាជ" ដែលប្រែថា សករាជធំ។
ប្រទេសខ្មែរបានបែងចែកសករាជជា៤ ដូចខាងក្រោម៖
១.​ ពុទ្ធសករាជ (ព.ស.) ជាការកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ ចាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក។ ឧទាហរណ៍ថា ព្រះពុទ្ធទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ៍ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ គឺចាប់ផ្តើមរាប់ពីថ្ងៃពុធ ១រោធ ខែពិសាខនោះមកជាពុទ្ធសករាជ។ បើគិតចាប់ពីថ្ងៃ១រោច ខែពិសាខ មកដល់ថ្ងៃ១រោជ ខែពិសាខវិញ បន្ទាប់​ពីឆ្នាំដែល​ព្រះពុទ្ធ​បរិនិព្វាន នោះគឺបានមួយឆ្នាំ  មានន័យថា ពុទ្ធសករាជ១ ហើយបានរាប់បែបនេះរៀងរាល់ឆ្នាំមក។ ប្រទេសឥណ្ឌាសម័យនោះ ពុំទាន់មានពុទ្ធសករាជនៅឡើយទេ ព្រោះពេលនោះគេ​និយម​ប្រើសករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌាក៏​ចាប់​ប្រើ​ពុទ្ធសករាជវិញ។ តែមកដល់​សម័យ​នេះ ប្រទេស​ឥណ្ឌាឈប់​ប្រើ​ពុទ្ធសករាជ​ទៀតហើយ។
២. គ្រិស្តសករាជ (គ.ស.) តាមវចនានុក្រម​ខ្មែរភាគ​ទី២ ទំព័រ៧៩៧ បាននិយាយ​ថា គ្រិស្តសករាជ​នេះត្រូវបាន​បង្កើត​ឡើង​តាម​នាម​និងង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ យេស៊ូ ឬ យេស៊ូវ - គ្រិស្ត (Jésus ou Jésus - Christ) គឺគិតចាប់តាំងពីពេលដែលទ្រង់ប្រសូត ហើយទ្រង់ក៏ជា​អ្នក​បង្កើត​លទ្ធិមួយដែលមានឈ្មោះថា ​សាសនាគ្រិស ក្នុង​​សតវត្សរ៍​​ទី៦ នៃ​ពុទ្ធសករាជ។
សូមជម្រាបជូនថា ​ព្រះ​យេស៊ូគ្រិស្តប្រសូត្រនៅក្រុងបេថ្លេអែម នៃប្រទេសប៉ាឡេស្ទីន រវាង ព. ស. ៥៤២ និងទទួល មរណភាពក្នុង ព. ស. ៥៧៥។ ហើយគ្រិស្តសករាជ ចាប់​ផ្ដើមមានវត្តមាន​ក្នុង​ប្រទេស​កម្ពុជា ក្នុងជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដួង) គឺ​តាំង​ពី ព. ស. ២៣៨៩ ត្រូវនឹង គ. ស.១៨៤៧ រៀង​មក ដោយ​សារប្រទេស​បារាំងសែស និង​ប្រទេស​កម្ពុជា​ទាក់ទងគ្នា​ក្នុង​សម័យ​នោះ។
៣. មហា​សករាជ (ម.ស.) ជុំវិញដើមកំណើតមហាសករាជនេះ មានបញ្ហាប្រឈមថា តើឥណ្ឌា ឬខ្មែរជាអ្នកបង្កើតវាឡើង? ព្រោះមានគេនិយមថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ។ ឆ្លើយតបនឹងបញ្ហានេះ ​វចនានុក្រម​ខ្មែរ ភាគ​ទី១ ទំព័រ៧២២ និង​ភាគ​ទី២​ ទំព័រ ១០៨១ បានឲ្យដឹង​ថា មហា​សករាជ​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង ព. ស. ៦២១ឆ្នាំ ដោយពួកតាត៌ គឺស្របជាមួយនឹងឆ្នាំដែលព្រះ​កេតុមាលា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ ប៉ុន្តែព្រះអង្គ​ពុំ​ទាន់​បញ្ញត្តិ​ឲ្យ​ប្រើ​មហា​សករាជក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ។ លុះ​ដល់ ព. ស. ៦២៣ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ហើយក៏បាន​តាំង​ជា​មហា​សករាជ​ពីពេលនោះមក។ នេះបើតាម​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​២។ "មហា​សករាជ" ឬ "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ៥៦០ឆ្នាំ ដែលជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព.ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
៤. ចុល្លសករាជ (ច.ស.) គឺជា "សករាជ​តូច" ​ដែលកើត​ឡើង​នៅ​ថ្ងៃ​ចន្ទ​ ១២កើត ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព. ស. ១១៨១​។ នេះបើយោងតាមវចនានុក្រម​ខ្មែរ ភាគ​១ ទំព័រ១៥២។ រីឯព្រះ​រាជ​ពង្សាវតារ​ខ្មែរក៏បានពន្យល់បង្ហាញផងដែរថា ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ១ ក្នុងព.ស.១១៨១ផងដែរ គឺក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ។ ចំណែកឯក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ២ បានបង្ហាញថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​បទុម​សុរិយាវង្សជាស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្ល សករាជ​ឡើង​រាប់១រៀង​មក។ ដោយឡែក ក្នុង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជារបស់​លោក​ទេពពិទូរ ឈឹម - ក្រសេម ដែលបាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន។ តែក្រោយមកលោកបានបង្ហាញថា ព្រះ​បាទ​ជយវរ្ម័ន​ទី១ ទ្រង់​បាន​តាំង​ចុល្ល សករាជ​ឡើង​ជា​ដំបូង ក្នុង ព. ស. ១១៨១ ហើយក៏ជា​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យផងដែរ ដែលមានទីតាំងនៅ​នគរ​វត្ត។ ជុំវិញបញ្ហាប្រឈមទាំងនេះ សូមមិត្តអ្នកអានត្រិះរិះពិចារណាតាមការគួរចុះ ខ្ញុំមិនហ៊ានអារកាត់ថា មួយណាត្រូវឬមួយណាខុសនោះឡើយ។

 សូមបញ្ជាក់ផងដែរថា ក្នុងចំណោមដើមកំណើតសករាជទាំង៤នេះ ពុទ្ធសករាជមានអាយុកាលចាស់ជាងគេ ដោយគ្រិស្តសករាជកើតក្រោយពុទ្ធសករាជ៥៤២ឆ្នាំ មហា​សករាជកើតក្រោយពុទ្ធសករាជ៦២១ឆ្នាំ និងចុល្លសករាជកើតក្រោយពុទ្ធសករាជ១១៨១ឆ្នាំ។

No comments:

Post a Comment