ប្រវត្តិផ្សារធំថ្មី



ប្រវត្តិផ្សារធំថ្មី

អត្ថបទ៖ តន វិបុល





សំណង់ផ្សារដ៏ធំមួយនេះ ត្រូវបានចរនាម៉ូដខុសប្លែក និងមានលក្ខណៈលេចធ្លោរក្នុងចំណោមសំណង់នានានៅក្រុងភ្នំពេញ។  មកទាល់នឹងបច្ចប្បន្ននេះ នៅភ្នំពេញ អ្នកណាៗក៏ស្គាល់អំពី ផ្សារធំថ្មីនេះដែរ តែមិនប្រាកដថា សុទ្ធតែស្គាល់ពីប្រវត្តិរបស់វានោះដែរ។
តាមពិត មុនឆ្នាំ១៩៣៥ នៅម្តុំផ្សារធំថ្មីនេះ គឺជាវាលបឹងភក់ (បឹងតេជោ) និងជាកន្លែងដែលគេយកសំរាមទៅចាក់ ចោល។ ដោយពួកអាណានិគមន៍និយមបារាំងឈ្វេងយល់ថា បឹងនេះឋិតនៅជាប់នឹងដងទន្លេសាប ដែលជាតំបន់លំហូ ពាណិជ្ជកម្ម នៃក្រុងភ្នំពេញ ក៏បានចាក់ដីលុបបឹងនោះ ហើយចាប់ផ្តើមកសាងផ្សារធំថ្មីនេះឡើងក្នុងឆ្នាំ១៩៣៥ ដើម្បីឲ្យពួក ឈ្មួញមានភាពងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្មនាសម័យនោះ។ 
ផ្សារធំថ្មីត្រូវបានកសាងឡើងក្នុងសម័យអាណានិគមន៍បារាំង នៃរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ដោយស្ថាបត្យករ បារាំងបីរូប នោះគឺលោក Louis Chauchon ជាអ្នករចនាម៉ូដ ហើយលោក Jean Desbois និងលោក Wladimir Kandaouroff ជាអ្នកដឹកនាំកសាង។ ដោយមានរចនាបថតាមរបៀបដេគ័រ (Art-Deco ស្ថាបត្យកម្មបារាំងមុនសង្រ្គាមលោកលើកទី១) ជាក់ស្តែងផ្សារមួយនេះ មានដំបូលមូលក្រឡូមកម្ពស់២៦ម៉ែត្រ ជានិមិត្តរូបតំណាងឲ្យមជ្ឍមណ្ឌលសេដ្ឋកិច្ច និងមានស្លាបធំៗបួន បែរទៅរកទិសទាំងបួនផងដែរ ដែលជានិមិត្តរូបនៃទន្លេចតុមុខ។ ម៉្យាងផ្សាដ៏ស្រស់ស្អាតមួយនេះ មានច្រកចូលបួនដូចគ្នាចន្លោះស្លាបផ្សារ តែច្រកដែលសំខាន់ជាងគេនៅសម័យនោះ គឺច្រកបែរមុខទៅទន្លេសាប។ លក្ខណៈពិសេសនៃសំណង់ផ្សារនេះ គឺគ្មានសសរទ្រូង ហើយដំបូលក្រឡូមធំដែលពន្លឺ និងទឹកមិនអាចជ្រៀតចូលបានឡើយ តែអាចធ្វើឲ្យខ្យល់អាកាសចេញចូលបានយ៉ាងល្អនៅតាមពិតានដ៏ខ្ពស់នោះ។ ផ្សារធំថ្មីសាងសង់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣៧។
សូមរម្លឹកផងដែរថា សព្វថ្ងៃផ្សារនេះ ណែនណាន់តាន់តាប់ទៅដោយសកម្មភាពលក់ដូរបន្លែ ត្រី សាច់ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ជាដើម។ នាពេលបច្ចុប្បន្ន ទីតាំងផ្សារស្ថិតនៅផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) សង្កាត់ ផ្សារថ្មី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ៕

No comments:

Post a Comment