ចម្លាក់​សត្វ​មករ​ក្នុង​សង្គម​ខ្មែរ​

ចម្លាក់​សត្វ​មករ​ក្នុង​សង្គម​ខ្មែរ​

អត្ថបទ៖ តន វិបុល

ចម្លាក់​និង​បច្ចេកទេស​ឆ្លាក់​រូប​របស់​ជនជាតិ​ខ្មែរ​ ​ជា​កត្តា​កំណត់​ការ​អប់រំ​ ​ព្រមទាំង​លម្អ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​និង​វត្តអារាម​ជា​ដើម។ នៅ​ដើម​សតវត្សរ៍​ទី​១​ ​នៃ​គ្រិស្តសករាជ​ ​ព្រហ្មញ្ញសាសនា​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​មក​លើ​វិស័យ​វិចិត្រ​សិល្បៈ​ ជា​ពិសេស​វិស័យ​ចម្លាក់​បដិមាកម្ម​ខ្មែរ។ ក្នុង​នោះ​គេ​ឃើញ​ចម្លាក់​តំណាង​ព្រះអាទិទេព​បែប​ព្រាហ្មណ៍​និយម​បាន​ចាប់​ផ្ដើម​មាន​យ៉ាង​ព្រោង​ព្រាត​នៃ​សំណង់​ប្រាសាទ​នានា​។ ​ក៏ប៉ុន្តែ​ ​ក្នុង​ចំណោម​ចម្លាក់​ជា​ច្រើន​ប្រភេទ​អស់​ទាំង​នោះ​មិន​សូវ​ឃើញ​គេលើក​យក​ចម្លាក់​សត្វ​មករ​មក​និយាយ​ ឬ​ពន្យល់​ឱ្យ​ក្បោះក្បាយ​ដូច​ទៅ​នឹង​ចម្លាក់​សំខាន់ៗ​ដទៃ​ឡើយ។

បើ​យើង​និយាយ​ពី​ចម្លាក់​សត្វមករ​នៅ​ក្នុង​សង្គម​ខ្មែរ​ ​គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​ដែល​បម្រើ​ឱ្យ​សាសនា​ ​នា​សម័យ​បុរាណ។ ចម្លាក់​នេះ​ជា​ញឹក​ញាប់​គេ​ប្រទះ​ឃើញ​មាន​ឆ្លាក់​នៅ​លើ​ធ្នឹម​ ​ឬ​ជញ្ជាំង​ផ្ដែរ​ប្រាសាទ​ ​និង​ព្រះវិហារ​ជាដើម។ ​ជា​ធម្មតា​ បុព្វបុរស​ខ្មែរ​ច្រើនតែ​ឆ្លាក់​ចម្លាក់​សត្វ​មករ​ជាប់​ជា​មួយ​នឹង​សត្វ​តោ​ ​នាគ​ ​ឬ​សត្វ​ពស់​ផុស​ចេញ​ពី​មាត់​សត្វ​មករ​នេះ។ យ៉ាង​ណា​មិញ​ ​នៅ​ក្នុង​វិស័យ​សិល្បៈ​សំណង់​ខ្មែរ​ដំបូង​ គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​សត្វ​ចម្លែក​នេះ​មានធំ​ក្បាល​ខ្លី​ក្រមុប​ ​មាន​ធ្មេញ​ ​និង​ចង្កូម​ស្ញាញ​គួរ​ស្បើម​ដូច​ទៅនឹង​រូប​​ទី​២​ខាង​លើ។ ធាតុ​ពិតទៅ​សត្វ​មករ​ គឺ​គេ​សំដៅ​ដល់​សត្វ​អច្ឆរិយៈ​មួយ​ប្រភេទ​ដែល​សំយោគ​រវាង​ត្រី​ ​ក្រពើ​ ​និង​ដំរី​ដោយ​មាន​ប្រម៉ោយ​លើក​ឡើង​លើ ​មាន​ស្រកា​ពេញ​ខ្លួន​ មាន​កន្ទុយ​រមូរ​ដូច​កន្ទុយ​ក្ងោក​ឈ្មោល​ ​និង​ជើង​មាន​ក្រញ៉ាំ​ដូច​បក្សី​ ​ហើយ​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ​ដែល​អ្នក​ខ្លះ​គេ​ជឿ​ថា​ ​ជា​អរ័ក្ស​ទឹក​ និង​ខ្លះ​ទៀត​ហៅ​សំដៅ​ដល់​ត្រីថ្ករ​ ​ឬ​ឆ្លាម​មករ​។

គួរ​ជម្រាប​ថា​ ​នៅ​ក្នុង​វិស័យ​វិចិត្រ​សិល្បៈ​ខ្មែរ​ ​គេ​តែង​និយាយ​ថា​ ​ចម្លាក់​មករ​ អាច​ចាត់​ទុក​ជា​ប្រធាន​ក្បាច់​ដ៏​សំខាន់​មួយ​នៃ​ធ្នឹម​យ៉ាង​ស្រស់​ស្អាត​របស់​ក្រុម​ប្រាសាទ​មួយ​ចំនួន​ដូចជា​ប្រាសាទ​សំបូរ​ព្រៃគុក​ ​រលួស​ ​ព្រះគោ​ ​បាគង​ ​លលៃ​ ​និង​ប្រាសាទ​ដទៃ​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​ដែរ​ ​ចម្លាក់​សត្វ​មករ​ខ្ជាក់​សត្វ​ចម្លែក​ផ្សេងៗ​ទៀត​ បាន​​បង្ហាញ​នៅ​ជ្រុង​ជា​ច្រើន​នៃ​ប្រាសាទ​បន្ទាយស្រី។ ជាមួយនឹង​គ្នា​នោះ​ ដូនតាខ្មែរ​ដែល​ជា​វិចិត្រករ​ក៏​បាន​ឆ្លាក់​ចម្លាក់​នេះ​នៅ​ជាប់​នឹង​ប្រកាន់​ដៃ​អម​សង​ខាង​ជណ្ដើរ​ព្រះ​វិហារ​ វត្ត​អារាម​ និង​ខ្មែរ​ដើម​ខ្លួន​ឯង​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​និយម​ឆ្លាក់​រូប​សត្វ​មករ​នេះ​ផង​ដែរ​ ​នៅ​លើ​​ក្តារ​​ផ្នែក​​ខាង​​ក្រោម​នៃ​ហោ​ជាង​ផ្ទះ​អ្នក​មាន​ស្តុកស្តម្ភ​ ​ឬ​ផ្ទះ​នា​ម៉ឺន​មន្ត្រី​ ព្រោះ​តាម​ជំនឿ​ក្នុង​សង្គម​ខ្មែរ​ កាលនោះច្រើន​យល់​​ឃើញ​ថា​ ​សត្វ​មករ​ ​ជា​រូប​តំណាង​ឱ្យ​ទឹក​ ​តំណាង​ឱ្យ​ភាពត្រជាក់​ត្រជំ​ ដែល​ការណ៍​នេះ​មិន​ខុសគ្នា​ពី​ជំនឿ​ទៅ​លើ​សត្វ​នាគ​នោះ​ទេ​ ​គ្រាន់​តែ​នា​គ​ជា​សត្វ​តំណាង​ឱ្យ​ម្ចាស់​ស្រុក​ ហើយ​ថែម​ទាំង​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ជំនួស​ទេវតា​តំណាង​ឱ្យ​សភាវៈ​បរិសុទ្ធ​ដ៏​ឧត្តុង្គឧត្តម។ ម៉្យាង​ទៀត​ ​ប្រព័ន្ធ​ផ្នត់​គំនិត​ ​ឬ​ទស្សនៈ​ស្ដីពី​ខ្មែរបុរាណ​បាន​ប្រដូច​សត្វ​មករ​នេះ​ទៅ​នឹង​សត្វ​ក្រពើ​ទឹក​សាប​ និង​ក្រពើ​ភ្នំ​ដែល​ជា​ជំនឿ​ជីវ​ចលនិយម។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ សត្វមករ​ត្រូវ​អ្នក​ប្រាជ្ញ​ជំនាន់​ដើម​យក​ទៅ​ដាក់​ឈ្មោះ​ឱ្យ​ខែ​មួយ​ក្នុង​ចំណោម​ខែ​ទាំង​១២​នៃ​ឆ្នាំ​ ​ដែល​គេ​ហៅ​មករៈ ​ឬ​រាសីមករ​ ​ហើយ​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​នោះ​គឺ​ខែ​មករា​ ដែល​ជា​ខែ​ទី១​នៃ​ឆ្នាំ​ តាម​សូរ្យ​គតិ​ទៀត​ផង។ តាម​ការណ៍​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទង្វើ​មនុស្ស​ខ្មែរ​ជំនាន់​ដើម​ ដែល​បាន​ផ្សារ​ខ្លួន​ភ្ជាប់​ទៅ​នឹង​និមិត្តរូប​សត្វមករ​យ៉ាង​ប្រាកដ​មែន។

តាម​ការ​ពិត​ទៅ​ ​ប្រភព​នៃ​ចម្លាក់​សត្វ​មករ​មាន​មែក​ធាង​ចេញ​ពី​​សិល្បៈ​ឥណ្ឌា​ភាគ​ខាង​ត្បូង​ គឺ​ជា​សត្វ​អច្ឆរិយៈ​ដែល​គេ​ប្រឌិត​ឡើង​ដោយ​មូល​ហេតុ​ជំនឿ​សាសនា​ ​ហើយ​នៅ​ក្នុង​ទេវក​ឥណ្ឌា​ក៏​មាន​និយាយ​ពី​រឿង​សត្វមករ​នេះ​ដែរ។ ផ្អែក​តាម​ទេវកថា​នេះ​ ​សត្វមករ​ ជា​ជំនិះ​របស់​ព្រះ​ម៉ែ​គង្គា​ ​និង​ជា​ពាហនៈ​របស់​ព្រះ​វរុណ។ កាល​ណោះ​ ​នៅ​ពេល​ដែល​កេសាមួយ​សរសៃ​របស់​​ព្រះនាង​គង្គា​បាន​ធ្លាក់​មក​ដល់​ឋាន​កណ្តាល​ ក៏​បាន​ក្លាយ​ជា​សត្វ​មករ​ ​ហើយ​ខ្លាំង​ជាង​អ្វីៗ​ទាំង​អស់​លើ​លោក​ ​វា​ក៏​បាន​លេប​រាល់​សត្វ​ទាំង​ពួង​ដែល​វា​ជួប​ប្រទះ​ ​មិន​ថា​ជា​មនុស្ស​ ឬ​សត្វ​ឡើយ​ ​មាន​តែ​សត្វ​ពីរ​ប៉ុណ្ណោះ​ ដែល​អាច​គេច​ផុត​ពី​វា​បាន​នោះ​ ​គឺ​នាគ​ក្បាល​៩​ ​វា​សុ​គី​ ​និង​ពស់​អន្តៈ​ ​ដែល​មួយ​ជា​ធាតុ​ភ្លើង​ និង​មួយ​ជា​ធាតុ​ត្រជាក់។ ដោយ​សារតែ​នៅ​ឋាន​កណ្តាល​គ្មាន​អ្នក​ណា​អាច​បង្ក្រាប​សត្វចម្លែក​នេះ​បាន​ ព្រះឥសូរ​ក៏​ចុះ​មក​ត​ទល់​ជាមួយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ​តែ​មិន​ដឹង​ចាញ់​ឈ្នះ។ ពេល​នោះ​ព្រះ​នាង​គង្គា​ក៏​បាន​ប្រាប់​ព្រះ​ឥសូរ​ថា​ ​បើ​ព្រះ​អង្គ​ចង់​ចាប់​សត្វមករ​ លុះ​ត្រាតែ​ព្រះអង្គ​លើក​ទូល​​ព្រះ​បង្គំ​​​ដាក់​​លើ​​បាតដៃព្រះអង្គ ទឹក​ទាំង​អស់​បាន​ទាញ​ចេញ​មក​សល់​តែ​មករ​នោះ​ឱ្យ​នៅ​លើ​គោក​ ​មករ​ក៏​ប្រែ​ជើងមក​ជា​ជើង​​រាជសី​​ និង​រត់​គេច​ពី​ការ​តាម​ចាប់​របស់​ព្រះ​ឥសូរ។ នៅ​ទី​បំផុត​មករ​ក៏​ចុះ​ចាញ់​ព្រះឥសូរ​ ​ហើយ​បាន​សន្យា​ថា​ ​នឹង​ខ្ជាក់​រាល់​សត្វ​ទាំង​ពួង​ដែលលេប​នោះ​ចេញ​មក​វិញ៕ ​

ប្រភព៖ http://www.interconrooster.com/project/0811171557/


កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

​អត្ថបទ៖ តន វិបុល
ក្នុង​សម័យ​ដែល​សង្គម​ខ្មែរ​មិន​ទាន់​ទទួល​ឥទ្ធិពល​វិទ្យាសាស្ត្រ​ ​និង​មិន​ទាន់​មាន​ម៉ាស៊ីន​ផលិត​ឧបករណ៍​តាម​បែប​បច្ចេកវិទ្យា​ បុព្វបុរស​ខ្មែរ​បាន​ខិត​ខំ​ច្នៃ​បង្កើត​ឧបភោគភណ្ឌ​ជា​ច្រើន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​ ​តាម​រយៈ​ការងារ​ហត្ថកម្ម។ ដោយ​ហេតុនេះ​ហើយ​បាន​ជា​គេ​ឃើញ​មាន​ឧបករណ៍​ជា​ច្រើន​ធ្វើ​ពី​ឈើ​ ​និង​មាន​លក្ខណៈ​សាមញ្ញ​កើត​ឡើង​ព្រោង​ព្រាត​ពាស​ពេញ​សង្គម​ខ្មែរ។ ក្នុង​ចំណោម​របស់​ទាំង​នោះ​ ​កណ្ដៀវ​ ត្រូវ​បាន​ប្រជាកសិករ​សម័យ​បុរាណ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បម្រើការ​ច្រូត​កាត់​ ​ហើយ​​តាម​​តំបន់​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​មាន​ប្រើប្រាស់​តិច​តួច​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ខ្លះ​ដែរ។

សូម​ជម្រាប​ថា ​កណ្ដៀវ​ ​គឺ​ជា​ឧបករណ៍​ប្រើ​សម្រាប់​ច្រូត​ស្រូវ​ ​ឬ​ច្រូត​ស្មៅ​ជា​ដើម។ បើ​គេ​និយាយ​ពី​កណ្ដៀវ​ដែល​ប្រជាកសិករ​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ការ​ច្រូត​កាត់​តាំង​ពី​បុរាណ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ​គេ​ឃើញ​ថា​ ​ពុំ​សូវ​មាន​លក្ខណៈខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ​ ​ធាតុ​ពិត​ទៅ​សណ្ឋាន​ផ្លែ​កណ្ដៀវ​ គឺ​មាន​រូបរាង​ស្រដៀង​គ្នា។ នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បូរម​បុរាណ​មក​ ​គេ​សង្កេត​ឃើញ​ខ្មែរ​និយម​ប្រើប្រាស់​កណ្ដៀវ​បី​យ៉ាង​ ដែល​ក្នុង​នោះ​រួម​មាន​កណ្ដៀវ​ខ្វាង​ ​កណ្ដៀវ​តូច​ដងខ្លី​ ​និង​កណ្ដៀវ​មាន​លំពាស់​ ​ដែល​អ្នក​ស្រុកខ្លះ​តាម​បណ្ដា​ហៅ​ថា​ ​កណ្ដៀវ​ត្រ​កង។

គួរ​បញ្ជាក់​ថា​ ​កណ្ដៀវ​ខ្វាង​ ​គេ​ប្រើ​ប្រាស់​សម្រាប់​កាវ​ ​ឬ​ខ្វារ​ ​កាប់​ ​និង​ត្រួស​ព្រៃ​ជាដើម ព្រោះ​កណ្ដៀវ​ប្រភេទ​នេះ​គ្មាន​ធ្មេញ​កណ្ដូប​ដូច​កណ្ដៀវ​តូច​ដង​ខ្លី​និង​កណ្ដៀវ​លំពាស់​ឡើយ​។ មែនទែន​ទៅ​កណ្ដៀវ​ខ្វាង​​មាន​​មុខ​ដូច​ទៅ​នឹង​កាំបិត​ ​គ្រាន់​ខុស​គ្នា​ត្រង់​វា​មាន​រាង​ខុប​ប៉ុណ្ណោះ។ ខុស​ពី​កណ្ដៀវ​ខ្វាង​ដែល​ភាគ​ច្រើន​គេ​ប្រទះ​ឃើញ​ប្រជា​កសិករ​រស់​នៅ​ម្ដុំ​តំបន់​មាត់​ទន្លេ​ប្រើ​ប្រាស់​សម្រាប់​កាប់​ដើម​ពោត​​ ឬ​ប្រើ​សម្រាប់​កាវ​ផ្លែ​ឈើ​នៅទី​ខ្ពស់ៗ​ជា​ដើម​នោះ​ ​កណ្ដៀវ​តូច​ដង​ខ្លី​ត្រូវ​ប្រជា​កសិករ​ខ្មែរ​ប្រើ​សម្រាប់​ច្រូត​ស្មៅ​ ​ឬ​ច្រូត​ស្រូវ​បានដូច​​ទៅ​នឹង​កណ្ដៀវ​​លំពាស់​ដែរ​ តែ​កណ្ដៀវ​លំពាស់​នេះ​ គេ​ប្រើ​បានតែ​សម្រាប់​ច្រូត​​ស្រូវ​មួយ​មុខ​ប៉ុណ្ណោះ។ ដោយ​សារ​តែ​កណ្ដៀវ​ប្រភេទ​ចុង​ក្រោយ​នេះ​ ​មាន​ផ្លែ​ប៉ុន​ស្លាប​មាន់​ មាន​ធ្មេញ​កណ្ដូប​ស្រដៀង​ទៅ​នឹង​កណ្ដៀវ​តូច​ដង​ខ្លី។ ក៏​ប៉ុន្តែ​អ្វីដែល​ខុស​ប្លែក​គ្នា​នោះ​ គឺ​កណ្ដៀវ​លំពាស់​មាន​បែក​កន្ធែក​ងាក​ចេញ​ទាំង​ពីរ​សង​ខាង​ ​ដោយ​ម្ខាង​បែក​ចេញ​ខុប​ចុះ​ក្រោម​បន្តិច​សម្រាប់​ក្រសាវ​ទាញ​ដើម​ស្រូវ​ឱ្យ​មូល​ក្នុង​ដៃ​ដើម្បី​បង្វិល​មក​ខាង​ផ្លែ​កណ្ដៀវ​ងាយ​ស្រួល​កាត់​ផ្ដាច់​ដើម​ស្រូវ​បាន​រហ័ស។

ទោះ​បី​ជា​របស់​អស់​ទាំង​នេះ​មាន​លក្ខណៈ​សមញ្ញ​ ​ឬ​ពិបាក​ប្រើប្រាស់​យ៉ាង​ណា​ក្តី​ ​ក៏​វា​ជា​សញ្ញាណ​នៃ​ការ​បង្កើត​ឱ្យ​មាន​ចរន្ត​វិទ្យាសាស្ត្រ​ និង​ការ​អភិវឌ្ឍ​បច្ចេកទេស​ដែរ​ ​តែ​ជា​អកុសល​ ​របស់​ដែល​អាច​ចាត់​ទុក​ជា​អត្តសញ្ញាណ​ខ្មែរ​ទាំង​នេះ​ស្ទើរ​តែ​បាត់​បង់​ពី​ទឹក​ដី​មួយ​នេះ​ទៅ​ហើយ​ នេះ​ក៏​ដោយ​សារ​តែ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​មើលរំលង ឬពុំ​​យល់​​ពី​​តម្លៃ​​ និង​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ថែ​រក្សា​វា​ជា​ដើម​ក៏មាន៕