កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

​អត្ថបទ៖ តន វិបុល
ក្នុង​សម័យ​ដែល​សង្គម​ខ្មែរ​មិន​ទាន់​ទទួល​ឥទ្ធិពល​វិទ្យាសាស្ត្រ​ ​និង​មិន​ទាន់​មាន​ម៉ាស៊ីន​ផលិត​ឧបករណ៍​តាម​បែប​បច្ចេកវិទ្យា​ បុព្វបុរស​ខ្មែរ​បាន​ខិត​ខំ​ច្នៃ​បង្កើត​ឧបភោគភណ្ឌ​ជា​ច្រើន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​ ​តាម​រយៈ​ការងារ​ហត្ថកម្ម។ ដោយ​ហេតុនេះ​ហើយ​បាន​ជា​គេ​ឃើញ​មាន​ឧបករណ៍​ជា​ច្រើន​ធ្វើ​ពី​ឈើ​ ​និង​មាន​លក្ខណៈ​សាមញ្ញ​កើត​ឡើង​ព្រោង​ព្រាត​ពាស​ពេញ​សង្គម​ខ្មែរ។ ក្នុង​ចំណោម​របស់​ទាំង​នោះ​ ​កណ្ដៀវ​ ត្រូវ​បាន​ប្រជាកសិករ​សម័យ​បុរាណ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បម្រើការ​ច្រូត​កាត់​ ​ហើយ​​តាម​​តំបន់​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​មាន​ប្រើប្រាស់​តិច​តួច​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ខ្លះ​ដែរ។

សូម​ជម្រាប​ថា ​កណ្ដៀវ​ ​គឺ​ជា​ឧបករណ៍​ប្រើ​សម្រាប់​ច្រូត​ស្រូវ​ ​ឬ​ច្រូត​ស្មៅ​ជា​ដើម។ បើ​គេ​និយាយ​ពី​កណ្ដៀវ​ដែល​ប្រជាកសិករ​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ការ​ច្រូត​កាត់​តាំង​ពី​បុរាណ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ​គេ​ឃើញ​ថា​ ​ពុំ​សូវ​មាន​លក្ខណៈខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ​ ​ធាតុ​ពិត​ទៅ​សណ្ឋាន​ផ្លែ​កណ្ដៀវ​ គឺ​មាន​រូបរាង​ស្រដៀង​គ្នា។ នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បូរម​បុរាណ​មក​ ​គេ​សង្កេត​ឃើញ​ខ្មែរ​និយម​ប្រើប្រាស់​កណ្ដៀវ​បី​យ៉ាង​ ដែល​ក្នុង​នោះ​រួម​មាន​កណ្ដៀវ​ខ្វាង​ ​កណ្ដៀវ​តូច​ដងខ្លី​ ​និង​កណ្ដៀវ​មាន​លំពាស់​ ​ដែល​អ្នក​ស្រុកខ្លះ​តាម​បណ្ដា​ហៅ​ថា​ ​កណ្ដៀវ​ត្រ​កង។

គួរ​បញ្ជាក់​ថា​ ​កណ្ដៀវ​ខ្វាង​ ​គេ​ប្រើ​ប្រាស់​សម្រាប់​កាវ​ ​ឬ​ខ្វារ​ ​កាប់​ ​និង​ត្រួស​ព្រៃ​ជាដើម ព្រោះ​កណ្ដៀវ​ប្រភេទ​នេះ​គ្មាន​ធ្មេញ​កណ្ដូប​ដូច​កណ្ដៀវ​តូច​ដង​ខ្លី​និង​កណ្ដៀវ​លំពាស់​ឡើយ​។ មែនទែន​ទៅ​កណ្ដៀវ​ខ្វាង​​មាន​​មុខ​ដូច​ទៅ​នឹង​កាំបិត​ ​គ្រាន់​ខុស​គ្នា​ត្រង់​វា​មាន​រាង​ខុប​ប៉ុណ្ណោះ។ ខុស​ពី​កណ្ដៀវ​ខ្វាង​ដែល​ភាគ​ច្រើន​គេ​ប្រទះ​ឃើញ​ប្រជា​កសិករ​រស់​នៅ​ម្ដុំ​តំបន់​មាត់​ទន្លេ​ប្រើ​ប្រាស់​សម្រាប់​កាប់​ដើម​ពោត​​ ឬ​ប្រើ​សម្រាប់​កាវ​ផ្លែ​ឈើ​នៅទី​ខ្ពស់ៗ​ជា​ដើម​នោះ​ ​កណ្ដៀវ​តូច​ដង​ខ្លី​ត្រូវ​ប្រជា​កសិករ​ខ្មែរ​ប្រើ​សម្រាប់​ច្រូត​ស្មៅ​ ​ឬ​ច្រូត​ស្រូវ​បានដូច​​ទៅ​នឹង​កណ្ដៀវ​​លំពាស់​ដែរ​ តែ​កណ្ដៀវ​លំពាស់​នេះ​ គេ​ប្រើ​បានតែ​សម្រាប់​ច្រូត​​ស្រូវ​មួយ​មុខ​ប៉ុណ្ណោះ។ ដោយ​សារ​តែ​កណ្ដៀវ​ប្រភេទ​ចុង​ក្រោយ​នេះ​ ​មាន​ផ្លែ​ប៉ុន​ស្លាប​មាន់​ មាន​ធ្មេញ​កណ្ដូប​ស្រដៀង​ទៅ​នឹង​កណ្ដៀវ​តូច​ដង​ខ្លី។ ក៏​ប៉ុន្តែ​អ្វីដែល​ខុស​ប្លែក​គ្នា​នោះ​ គឺ​កណ្ដៀវ​លំពាស់​មាន​បែក​កន្ធែក​ងាក​ចេញ​ទាំង​ពីរ​សង​ខាង​ ​ដោយ​ម្ខាង​បែក​ចេញ​ខុប​ចុះ​ក្រោម​បន្តិច​សម្រាប់​ក្រសាវ​ទាញ​ដើម​ស្រូវ​ឱ្យ​មូល​ក្នុង​ដៃ​ដើម្បី​បង្វិល​មក​ខាង​ផ្លែ​កណ្ដៀវ​ងាយ​ស្រួល​កាត់​ផ្ដាច់​ដើម​ស្រូវ​បាន​រហ័ស។

ទោះ​បី​ជា​របស់​អស់​ទាំង​នេះ​មាន​លក្ខណៈ​សមញ្ញ​ ​ឬ​ពិបាក​ប្រើប្រាស់​យ៉ាង​ណា​ក្តី​ ​ក៏​វា​ជា​សញ្ញាណ​នៃ​ការ​បង្កើត​ឱ្យ​មាន​ចរន្ត​វិទ្យាសាស្ត្រ​ និង​ការ​អភិវឌ្ឍ​បច្ចេកទេស​ដែរ​ ​តែ​ជា​អកុសល​ ​របស់​ដែល​អាច​ចាត់​ទុក​ជា​អត្តសញ្ញាណ​ខ្មែរ​ទាំង​នេះ​ស្ទើរ​តែ​បាត់​បង់​ពី​ទឹក​ដី​មួយ​នេះ​ទៅ​ហើយ​ នេះ​ក៏​ដោយ​សារ​តែ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​មើលរំលង ឬពុំ​​យល់​​ពី​​តម្លៃ​​ និង​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ថែ​រក្សា​វា​ជា​ដើម​ក៏មាន៕



No comments:

Post a Comment