នារីទំនើប


ត្នោតជូរ_កាហ្វេ

នឹកគ្រាកន្លង. ជួបជុំគ្នាម្ដង
ប្អូនបងមីងពូ. ស្វះស្វែងរកតៀម
មានត្រៀមត្នោតជូរ. ផឹកព្រោកយូរៗ
រអ៊ូរឹតទ្វេ។

ក្នុងគ្រាឥឡូវ ផ្លាស់ប្ដូររដូវ.
មិនដូចមុនទេ. ត្នោតជូរលែងស្និទ្ធ
ដ្បិតមានកាហ្វេ. ឱ្យតែទំនេរ
កាហ្វេជុំគ្នា។

ល្បិចចាស់មនុស្សថ្មី

ម្នាក់បង្ខំគេ. ម្នាក់ប្រឹងរិះរេ. ឱ្យគេស្ម័គ្រចិត្ត
ធ្វើការជួសខ្លួន. ប្រើក្បួនស្នេហ៍ស្និទ្ធ. រួចដកកាំបិត.
ចាក់ពីក្រោយខ្នង។

ល្បិចចាស់ជនថ្មី. ទោះថាក្មេងខ្ចី. លាក់ន័យប៉ន់ប៉ង.
ធ្វើល្អនឹងមុខ. ម៉ែពុកប្អូនបង. សន្ដានញាតិផង.
ចាក់ឥតដកដៃ។

ស្នេហ៍ដែលក្បត់

១. ផ្ទៃមេឃអួលអាប់ស្អុះស្អាប់ដួងចិត្ត
បេះដូងក្រៀមស្វិតដ្បិតព្រួញដុល្លារ
បាញ់បោះទម្លុះធ្លាយធ្លុះឱរា
ឆាបឆក់ស្នេហាខាបខារចិត្តម៉ុម។

២. រឿងភ្នំសន្ទុកកើតទុក្ខណាស់ខ្ញុំ
ពេលដែលរូបម៉ុមសុំផ្ដាច់បេះដូង
បងអ្នកចម្ការវាសនាប្រឹងឈោង
ផ្ដើមស្នេហ៍ដំបូងខាងត្បូងផ្ទះស្រី។

R. ឱពន្លកស្នេហ៍រៀមថែបមបី
រាល់ស្បៃរាត្រីប្ដីច្រៀងបំពេរ
សោះណារូបពៅវែកផ្លូវយកគេ
បេះដូងមាសមេភ្លេចអស់សន្យា។

៣. បំភ្លេចស្នេហ៍កម្មធ្លាប់ផ្ដាំវាសនា
អំណាចដុល្លារប្រហារចិត្តបង
រឿងយើងទាំងពីរវក់វីកន្លង
អូនភ្លេចចំណងគួចចងនិស្ស័យ។

មិត្ត

មិត្តយើងមិត្តគេ. មិត្តខ្លះប៉ិនជេរ. កកេរហែកហួរ
គ្នាលើហ្វេសប៊ុក. ឱ្យស្រុកអាប់អួ. រឿងគួរមិនគួរ
គាស់កាយមកអស់។

ទោះពិតមិនពិត. ខ្លះចប់បណ្ឌិត. គំនិតសូន្យសោះ
ដូចក្មេងជើងកាង. ក្អេងក្អាងបាញ់បោះ. លេចកេរ្ដិ៍មកអស់.
សូន្យសោះអស់យស។

២០១៩០៨០១

ពូជមាន់ភូមិលិច

ចប់ហើយ! ចប់ហើយ! នៅមានទៀត
មើលទៅមារយាទមិនឃ្លាតឆ្ងាយ

មីនាងជើងល្អកាត់រកម្ដាយ
អាឈ្មោលមានខ្នាយកាត់រកឪ។

មីនាងអតប្រាកដរកឈ្មោល
អាប្រុសកញ្ជ្រោលកាងពេញផ្លូវ

ត្រុកៗចង់មេយ៉ាងត្រឹមត្រូវ
រងាវពេកកូវឫទ្ធិក្លៀវក្លា។

អាឈ្មោលពិតមានកម្លាំងខ្លាំង
គ្មានអ្នកតតាំងផងទេណា

បើមានពិតនៅលើលោកា
ស៊ូមរណាការពារមេ។

ហ្នឹងហើយពូជមាន់នៅភូមិលិច
គ្រាន់តែលេចប៉ិចមកខ្លាំងទ្វេ

ប្រយុទ្ធញាតិឯងឥតងាករេ
សូម្បីតែមេមិនលើកលែង។

កំណាព្យ_ឧកញ៉ា_ចិត្តធម៌

ពិតជាមានភ័ព្វ. ជួបអ្នកមានទ្រព្យ. ល្អគាប់ចិន្ដា
ប្រាស្រ័យស្នាលស្និទ្ធ. ទឹកចិត្តជ្រះថ្លា. ម៉េងលី ឧកញ៉ា
គួរជាទីពឹង។

លោកសង់សាលា. ជូនកង់កុមារ. សង់ស្ពានឆ្លងស្ទឹង
កសាងផ្លូវថ្នល់. បានដល់ពំនឹង. អ្នកខ្សត់ពាក់ពឹង
អាស្រ័យយប់ថ្ងៃ។

ពីនេះក៏មាន. លោកធ្វើបុណ្យទាន. វាល់លានកម្រៃ
ជួយជនទីទ័ល. បានស្គាល់ផ្ទាល់ដៃ. ដោយឥតឆ្មើងឆ្មៃ
ជីវភាពធូរស្បើយ។

ឧកញ៉ាថ្លាថ្លែង. មិនមែនខ្លួនឯង. មានហូរហៀរឡើយ
ដោយសាររូបលោក. ធ្លាប់ឆ្លងកាត់ហើយ. ស្រេកឃ្លានគ្មានល្ហើយ
អាហារជីវិត។

មិនតែប៉ុណ្ណោះ. លោកតែងបណ្តុះ. ស្ម័គ្រស្មោះគំនិត
ឱ្យបានដឹងចេះ. តម្រិះគូរគិត. នេះជារឿងពិត
ឧកញ៉ា ចិត្តធម៌។

សមមុខ

ម្ដេចបងបំភ្លេចក្រឡះចោល
សល់តែស្រមោលដែលអៀនខ្មាស

ហ៊ានក្បត់សន្យាលើក្រដាស
ពាក្យល្អល្អះច្បាស់អស់មានន័យ។

ឥឡូវនេះសមមុខមិនស្ទើរ
បងធំទំយើប្រឹងបំភ្លៃ

ត្រូវញាតិដៀលជេរគ្មានប្រណី
ព្រោះបងបំភ័យបំភ័ន្ដចិត្ត។

អំណាចចិត្ត

លែងស្លន់ស្លោ លែងទាំងតក់ស្លុត
លែងចាញ់សម្លុតគេប្រមាថ
យកចិត្តអំណត់ ជាអំណាច
ឈប់លែងទាំងខ្លាចគេមើលងាយ។

បើចិត្តមិនមាំមិនក្លាហាន
ម្ល៉េះសមគេច្រានប្រាណទន់ជ្រាយ
ធ្លាក់ខ្លួនដូចខ្មោច ឬដូចព្រាយ
រស់នៅឡំលាយនឹងសត្វលោក។

១២០៨២០១៩ ម៉ោង៩និង៥៩យប់ ត្រៀមឡើងឡានក្រុងពីភ្នំពេញទៅសៀមរាប

ខ្វះតម្រិះពុលសង្គម

តឹងក្ដឹះយោបល់ខ្វល់គំនិត
ធ្លាក់ខ្លួនងងឹតទាំងភ្នែកភ្លឺ
រឿងត្រឹមត្រូវម្ដេចធ្វើមិនឮ
ឥឡូវបែរឈឺខ្វះតម្រិះ។

គ្មានចំណេះពុលខួរក្បាល
កើតចិត្តហេលហាលក្បាលស្ទើរប្រេះ
អំពល់គេ ជួនគេបញ្ឆេះ
នាំរឿងឆាបឆេះពេញសង្គម។

ស្រះស្រង់ ធ្លាប់ តែ ស្រស់ ស្អាត ប្រែ ជា គោក សោះ កក្រោះ ទាំង នៅ ក្នុង រដូវ ភ្លៀង

មិនធ្លាប់ មាន ទេ  តាំងពី មុន មក  ទើបតែ រយៈពេល បី បួន ឆ្នាំ ជាប់គ្នា នេះ ប៉ុណ្ណោះ  ជាពិសេស មានតែ ឆ្នាំនេះ (២០១៩)  ដែល ស្រះស្រង់លើ ទឹក ដី ខេត្ត សៀម រាប   បាន គោក បែក ក្រហែង  រីង ខះ គ្មាន ទឹក មួយ តំណក់  ទាំងនៅ  ក្នុង រដូវវស្សា  មើលទៅ គួរ ឱ្យ ស្រណោះ ។

ភ្ញៀវ ទេសចរ  ដែល បាន មក ទស្សនា ស្រះស្រង់ បាន សម្តែង ការ ភ្ញាក់ផ្អើល  នៅពេល ពួកគេ  បានឃើញ ស្រះ ដែល ធ្លាប់តែ ហូរហៀរ ដោយ ទឹក  និង មាន ទេសភាព ស្រស់ ស្អាត  ឥឡូវ ស្រាប់តែ ប្រែជា គោក  ហួតហែង  ទាំង នៅក្នុង រដូវភ្លៀង។ ពួកគេ បាន សួរ ថា  តើ ការ គោក នេះ  បណ្តាល មក ពី ហេតុអ្វី  ដោយសារ គ្រោះ រាំងស្ងួត  ឬ ដោយ សារ  អាជ្ញាធរ បង្ហូរទឹក ចេញ ?

តាម ប្រជាពលរដ្ឋ  និង អ្នកលក់ ដូរ នៅ ទីនេះ  និង អ្នក ដែល ចុះ នេសាទ  នៅក្នុង ស្រះស្រង់  បាន រៀបរាប់ ឱ្យ ដឹង ថា  បី បួន ឆ្នាំ មក ហើយ  ដែល ស្រះស្រង់ ប្រែជា គោក ហួត ហែង  ហើយ នៅក្នុង ឆ្នាំនេះ  គោក  ហួតហែង ជាង ឆ្នាំ ណាៗ ទាំងអស់ ។

អ្នកលក់ ដូរ នៅ តំបន់ នេះ  ត្អូញត្អែរ ពី ចំណូល ប្រចាំថ្ងៃ របស់ ពួកគាត់  បន្ទាប់ពី ស្រះ បុរាណ មួយ នេះ  ប្រែជា គោក គ្មាន ទឹក  អស់ រយៈ ជាច្រើន ខែ មក  ដោយសារ គ្មាន ភ្លៀង  និង គ្មាន ប្រភព ទឹក ។

យោង តាម ឯកសារ ប្រវត្តិសាស្ត្រ  ស្រះស្រង់ ពុំ មាន តួនាទី ជា អាងស្តុកទឹក សម្រាប់ ការងារ កសិកម្ម ទេ  តែ ជា ស្រះ កម្សាន្ត របស់ ព្រះរាជា សម័យ បុរាណ  និង មានកូន ប្រាសាទ តូច មួយ នៅ ចំ កណ្តាល  ដែលគេ អាច ឃើញ កូន ប្រាសាទ នេះ តែ ក្នុង រដូវប្រាំង ដែល មាន ទឹករាក់ ខ្លាំង ប៉ុណ្ណោះ ។

តាម សៀវភៅ តំបន់ ទេសចរណ៍  នៃ ព្រះរាជាណាចក្រ កម្ពុជា  បាន បញ្ជាក់ ថា  ស្រះស្រង់ មាន បណ្តោយ៧៨០ម៉ែត្រ  និង  ទទឹង ៣៨០ ម៉ែត្រ  ត្រូវ  បាន  ព្រះមហាក្សត្រ ខ្មែរ នា សម័យ អង្គរ ស្ថាបនា ឡើង នា ចុង សតវត្ស ទី១២  ដើម សតវត្ស ទី១៣ ។ ស្រះស្រង់ មាន ទឹកជា ប្រចាំ ទាំង រដូវប្រាំង  និង រដូវវស្សា  ដោយ ទទួល ទឹក ពី ទឹកភ្លៀង  និង ទឹក ក្រោម  ដី  ដែល ជ្រាបចូល ពី បារាយណ៍ ខាងកើត ៕

មើលឃើញគ្រាប់ពេជ្រជាដុំថ្ម

គ្រាប់ពូជល្អៗ ប្រៀបដូចដុំថ្ម ត្រូវអ្នកបង់បោះ
ខ្ទាតចូលដីគេ គេរើសបណ្ដុះ ឥឡូវវាដុះ
កើតកើនភោគផល។

ពេលគ្រាប់ពូជក្លាយ ជាពេជ្រឆើតឆាយ ផ្ដើមជ្រួលច្របល់
ខ្លះតោងស៊ីពែ ខ្លះអួតសល់វ៉ល់ ភ្លេចគិតនឹកដល់
ពូជឯងនៅគេ។

សមមុខមិនស្ទើរ ធ្វើក្បាលងីងើ ភ្លើឥតរិះរេ
ពេលនេះវាក្លាយ ជារបស់គេ ទោះចំតិតជេរ
បានត្រឹមគេស្អប់៕

នៅតៀម ៣០ សីហា ២០១៩

នរណា ជាជនអវិជ្ជា?​

កាលណាភ្លើងឆេះព្រៃហើយ ហើយវារឹងរឹតតែឆេះឆាបរីករាលដាលនូវដើមឈើ​រុក្ខជាតិដែលនៅចំពោះមុខវាជាដរាប ប្រសិន បើគ្មាននរណាម្នាក់ឈឺឆ្អាលទៅពន្លត់វាទេនោះ វានឹងឆេះរហូតដល់វារលត់ទៅវិញ​ដោយខ្លួនឯង។

ខុសពីភ្លើងឆេះព្រៃ ភ្លើងច្រណែន ភ្លើងប្រចណ្ឌ ភ្លើងកំហឹង ភ្លើងគំនុំ ភ្លើងខឹងស្អប់ ភ្លើងពេបជ្រាយគេ និងភ្លើងផ្សេងៗទៀត បើឆេះនៅក្នុងចិត្តបុគ្គលណាម្នាក់ហើយ វាមិនងាយរលត់ទៅវិញដោយឯកឯងទេ ហើយវាកាន់តែឆេះសន្ធោសន្ធៅថែមទៀត នៅពេលដែលបុគ្គលនោះមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានប្រសើរ។

ភ្លើងប្រភេទហ្នឹង ព្រះពុទ្ធត្រាស់សម្ដែងថា បណ្ដាលមកពីអវិជ្ជា​។ ដូច្នេះមិនថាជានាយករដ្ឋមន្ត្រី ប្រធានាធិបតី បណ្ឌិត សេដ្ឋី ឧកញ៉ា ឬជាអ្វីក៏ដោយ ឱ្យតែមានភ្លើងទាំងហ្នឹងនៅក្នុងចិត្ត គឺជាប្រភេទជនអវិជ្ជាហើយ។