ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប បានមានសង្ឃដីកាថា ពាក្យ «បញ្ញវន្ត» ជាពាក្យនៃភាសាបាលីមិនមែនជាភាសាខ្មែរនោះទេ ប៉ុន្តែត្រូវបានប្រើលាយចម្រុះនឹងភាសាជាតិ សូម្បីពាក្យ «បណ្ឌិត» ក៏ជាភាសាបាលីផងដែរ ហើយអត្ថន័យខ្លឹមសារក្នុងពាក្យទាំងនេះក៏ខុសគ្នាផងដែរ។
ព្រះអង្គពន្យល់ថា បញ្ញវន្ត មានន័យខ្លឹមសារ ជាអ្នកមានបញ្ញាចំណេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានជំនាញ និងការចេះដឹងទូលំទូលាយ ឬអាចជាបណ្ឌិត ហៅបានថា អ្នកប្រាជ្ញ ក៏ជាបណ្ឌិតផងដែរ។
ទោះយ៉ាងណាក៏ដោយ ព្រះអង្គបញ្ជាក់ថា វិជ្ជាទាំងអស់ ដែលបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញ មានការយល់ដឹងនោះត្រូវចេះដឹងចេញពីអប់រំ ចេញពីក្នុងសាលារៀនច្បាស់លាស់ មិនមែនជាការចេះដោយគ្មានហេតុផល ឬតាមការនឹកឃើញដោយខ្លួនឯងនោះទេ។
ព្រះមហាវិមលធម្ម ពិន សែម បានមានសង្ឃដីការថា៖ «បុព្វហេតុនេះហើយទើបរដ្ឋាភិបាលគ្រប់ប្រទេសបង្កើតឱ្យមានសាលារៀនចាប់តាំងពីកម្រិតទាបរហូតដល់កម្រិតខ្ពស់បំផុត។ មជ្ឈមណ្ឌលសិក្សាទាំងនោះហើយ ជាទីកន្លែងដែលពួកគេបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញទៅទទួលយកការសិក្សាវិជ្ជានានា ដោយអ្នកប្រាជ្ញដាស់តឿនអ្នកដែលបានចូលទៅរៀននៅក្នុងសាលាទាំងនោះ»។
ក្នុងនោះព្រះមហាវិមលធម្ម ពិន សែម បានក្រើនរំលឹកពាក្យទូន្មានថា៖ «អ្នករៀនទាំងឡាយ សល់វល់ ត្រូវខាំមាត់រៀនចំណេះប្រាណវិជ្ជា វិជ្ជាជាទ្រព្យ ប្រើបានសព្វគ្រប់ លើសទ្រព្យនានា អ្នកមានមានទ្រព្យស្រាប់អាប់ឥតវិជ្ជា មិត្តភក្តិផងគ្នា គេច្រើនមើលងាយ»។
សម្រាប់ព្រះរាជាគណៈថ្នាក់ទោអង្គដដែលនេះ ចំណេះវិជ្ជាបញ្ញវន្ត បណ្ឌិត អ្នកប្រាជ្ញត្រូវតែទទួលពីសាលារៀន។ សាលារៀនជាកន្លែងបង្រៀនបង្ហាត់បង្ហាញវិជ្ជាដែលច្បាស់ត្រឹមត្រូវទៅតាមក្បួនខ្នាតនូវសេចក្ដីពិត មានហេតុមានផលនៃវត្ថុទាំងឡាយដែលមានរូបលើលោក។
បើតាមព្រះមហាវិមលធម្ម ពិន សែម បណ្ឌិត បញ្ញវន្ត និងអ្នកប្រាជ្ញក្នុងលោកកិយនាពេលបច្ចុប្បន្ន គឺត្រូវបានកំណត់បណ្ឌិត បញ្ញវន្តទូទៅ និងក្នុងព្រះពុទ្ធសាសនា។ បណ្ឌិតក្នុងសាសនាត្រូវសិក្សារៀនសូត្រត្រៃសិក្ខាបី មានសីលសមាធិបញ្ញា ទើបបានហៅថា ជាបណ្ឌិតដ៏ត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គបានបកស្រាយថា ពាក្យ បណ្ឌិត គឺជាអ្នកដែលបានសិក្សាអប់រំកាយ វាចា ចិត្ត និងបញ្ញាបស់ខ្លួនដោយសីលសមាធិបញ្ញា នេះជាហៅថា ឈ្មោះជាបណ្ឌិត។ ប៉ុន្តែសព្វថ្ងៃនេះ គេសិក្សាបានត្រឹមតែបញ្ញាបុណ្ណោះ តែបញ្ញានោះ គឺជាបញ្ញាផ្លូវលោកទៅទៀត មិនមែនជាបញ្ញាផ្លូវធម៌នោះទេ។
សូមជម្រាបជូនថា ការពន្យល់បកស្រាយអត្ថន័យខ្លឹមសារ «បញ្ញវន្ត» ព្រះមហាវិមលធម្ម ពិន សែម ត្រូវបានធ្វើឡើងនៅក្នុងសិក្សាសាលាស្ដីពី «ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១» ដែលរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្កម (YVSD) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
ព្រះមហាវិមលធម្ម ពិន សែម ពន្យល់បកស្រាយពីអត្ថន័យខ្លឹមសារ «បញ្ញវន្ត»
វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញពីផលវិបាកដែលមិនអាចបណ្ដុះបញ្ញវន្តពិតប្រាកដបាន
បញ្ញវន្តអ្នកយល់ដឹងកើតចេញពីគ្រឹះដើម គឺអប់រំ ប៉ុន្តែការអប់រំមិនទាន់ទៅរួចទេ ប្រសិនបើគ្មានការអប់រំពិតប្រាកដ ហើយការខ្វះប្រព័ន្ធអប់រំពិត សាលារៀនពិត និងសាស្ត្រាចារ្យបង្រៀនពិត ក៏ជាបញ្ហារួមផ្សំ ដែលត្រូវបានលោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកយកមកបង្ហាញ និងជជែកគ្នានៅក្នុងសិក្ខាសាលា ស្ដីពីការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តក្នុងសតវត្សរ៍ទី២១ កន្លងទៅថ្មីៗនេះ។
ជុំវិញការបណ្ដុះធនធានមនុស្ស លោកវេជ្ជបណ្ឌិត គួច ម៉េងលី កត់សម្គាល់ឃើញថា ក្នុងកំលុងពេល១០ឆ្នាំចុងក្រោយមកនេះ មានអង្គការជាច្រើនបានមកសិក្សាពីមូលហេតុ ដែលនាំឱ្យសិស្សានុសិស្សបោះបង់ការសិក្សាពាក់កណ្ដាលទី។ ប៉ុន្តែអ្នកជំនាញក្នុងវិស័យអប់រំរូបនេះបានចោទសួរថា មានមូលហេតុអ្វីចាំបាច់ត្រូវសិក្សាពីវានោះ បើសិស្សដែលចង់រៀនត្រូវបានគេផាត់ចោល ឬអាចនិយាយបានថា ត្រូវបានគេមិនខ្វាយខ្វល់ពីពួកគេផងនោះ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងថា៖ «យើងទៅសិក្សាធ្វើអ្វី ប្រសិនបើសិស្សដែលគ្នាចង់រៀន left out អត់បានចូលសង្វៀនតាំងពីដំបូងផងនោះ ។ ខ្វល់អីពី Drop out នោះ គួរតែយកគ្នាដែលគ្មានឱកាសចូលរួមឱ្យគ្នាមក ។ អ៊ីចឹងខ្វល់ពីអ្នក Drop out ធ្វើអ្វី បើអ្នកទាំងនេះ មិនមែនជាអ្នក Drop out ផង តែជាអ្នក Left out ដែលត្រូវបានគេផាតចោល»។
ចំណុចដែលគួរឱ្យកត់សម្គាល់មួយទៀត គឺសិស្សបានចំណាយពេលរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ តែនៅពេលដែលពួកគេប្រឡងបញ្ចប់ថ្នាក់ទី១២ ក្នុងចំណោមសិស្ស១០០នាក់ត្រូវបានទម្លាក់ពួកគេចោល៥០ភាគរយទៅហើយ ដែលនេះក៏ជាបញ្ហាចោទមួយដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងនៅក្នុងសិក្ខាសាលានេះផងដែរ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា៖ «យើងមានអ្នក Left out, អ្នក Drop out ហើយចុងក្រោយសម្រាប់អ្នកខំមែនទែន យើង Kick out ពួកគេចោល ។ Kick out ដោយសារតែប្រឡងធ្លាក់ម្ដង៥០ ទៅ៦០ភាគរយ ។ ដូច្នេះហើយបង្កើបបញ្ញន្តបានយ៉ាងម៉េច ។ ដូច្នេះមានឬទេបញ្ញវន្តភាព? មិនមានទេ»។
សម្រាប់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ការធ្វើបែបនេះមានតែបង្កើតបុគ្គលដែលពោរពេញដោយភាពសៅហ្មង ក្ដៅក្រហាយ សេពគ្រឿងញៀន លេងល្បែង ផឹកស្រាប៉ោឡែ ពេញស្រុកពេញភូមិទៅវិញទេ ។ ចំណែកដែលអ្នកចៀសផុតពីអំពើទាំងនេះ មានមួយចំនួនចំណាកស្រុកទៅធ្វើការនៅស្រុកគេ ហើយអ្នកសេសសល់មួយចំនួនទៀតឡើងមកធ្វើការនៅទីក្រុង។
ប្រសិនបើសិស្សានុសិស្សដែលធនធានមនុស្សប្រមាណ៥០ភាគរយត្រូវបានបំផ្លាញស្ទើររាល់ឆ្នាំបែបនេះ តើចាំបាច់សិក្សាអ្នកបោះបង់ការសិក្សាធ្វើអ្វី? ហេតុអ្វីបានមិនថែរក្សាធនធានដែលចង់បន្តសិក្សាដោយកុំទម្លាក់ពួកគេចោល? នេះជាសំណួរដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី ចោទសួរដើម្បីទទួលបានដោះស្រាយសមស្របសម្រាប់ការបង្កើតធនធានមនុស្សពោរពេញដោយចំណេះដឹង និងដើម្បីឆ្ពោះទៅរកជាបញ្ញវន្តភាពដ៏សម្បូរបែបនៅក្នុងសង្គមជាតិ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជឿជាក់ថា សិស្សថ្នាក់ទី១២ ចន្លោះពី៣០ ទៅ៤០ភាគរយ ដែលត្រូវបានគេទម្លាក់ចោលស្ទើររៀងរាល់ឆ្នាំ អាចក្លាយជាបញ្ញវន្តភាព អាចក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រសិនបើកុំទម្លាក់ពួកគេចោល ហើយផ្ដល់ឱកាសឱ្យពួកគេបានបន្តសិក្សានៅថ្នាក់មហាវិទ្យាល័យ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖ «អ្នកជោគជ័យភាគច្រើនធ្លាក់បាក់ឌុបបានអក្សរស៊ី (C) ឌី (D) ទេ ប៉ុន្តែពេលចប់មហាវិទ្យាល័យពួកគេរកឃើញអ្វីមួយ ហើយចុះបើយើងមិនដែលឱ្យឱកាសគ្នារៀនផង តើបញ្ញវន្តភាពចេញពីណាមក?»៕