"រាល់ថ្ងៃឮថាឯងកំពុងសន្សំរឿង?"
នេះជាឃ្លាប្រយោគដែលអាមោឃសួរចង់ដឹងទាំងតក់ក្រហល់និងគ្មានមានក្បាលកន្ទុយ។ ឮដូច្នេះអាម៉ាំងអេះអុញឆ្ងល់នឹងសម្ដីនេះជាងខ្លាំង តែវាខំប្រឹងឆ្លើយបដិសេធភ្លាមៗទាំងស្មារតីភ្លាំងៗ។
អាម៉ាំងបដិសេធហើយ បដិសេធទៀត ព្រោះក្នុងចិត្តវាគិតថា អាមោឃកំពុងតែចោទប្រកាន់អ្វីមួយមកលើខ្លួន តែអាមោឃនៅតែសួរជជីកដោយការចង់ដឹងជាទីបំផុត ទោះបីជាអាម៉ាំងបានបដិសេធដាច់អហង្ការយ៉ាងណាក៏ដោយ។ ដោយអត់ទ្រាំនឹងការចោទប្រកាន់ដដែលជាដដែលមិនបាន អាម៉ាំងក៏ទរអាមោឃមួយដៃយ៉ាងពេញទំហឹង។ អាមោឃឈឺក៏ពន្លែងមួយដៃយ៉ាងពេញទំហឹងទៅវិញ។ ទីបំផុតពួកគេបានប្រទូសរ៉ាយ ប្រតាយប្រតប់គ្នាដូចក្មេងទំនើងបាតផ្សារ ដែលមិនបានចូលសាលារៀន។ របស់របរមួយចំនួននៅក្នុងហាងកាហ្វេរប៉ាត់រប៉ាយដោយសារតែពួកគេ។ អ្នកឆុងកាហ្វេជាមនុស្សប្រុសស្រែកឃាត់ និងចូលមកអន្តរាយគមន៍។
"ឈប់! ឈប់! ខ្ទេចខ្ទីអស់ហើយ!"
ពួកគេបញ្ឈប់សកម្មភាព ហើយអង្គុយចុះរៀងៗខ្លួន តែភ្នែកសម្លក់សម្លឹងដូចត្រីក្រឹមកំពុងបង្អួតឫទ្ធអំណាចដាក់គ្នា ឬអាចនិយាយម្យ៉ាងទៀតថា ដូចឆ្កែឆ្កួតកំពុងបញ្ចេញចង្កូមដាក់គ្នាប្រុងតែស្ទុះទៅប្រខាំគ្នា ប្រសិនជានរណាមួយចូលមកជិត។ ស្ងប់ស្ងាត់បន្តិច អ្នកឆុងកាហ្វេបានសួរទៅពួកគេ។
"មានរឿងអីបានដល់ថ្នាក់ប្រតាយប្រតប់គ្នា?"
"គឺវាសន្សំរឿង!" អាម៉ាំងនិយាយ
"ទេ! ទេ! មិនមែនខ្ញុំទេ! គឺវា!" អាមោឃនិយាយ
"គឺវាអ្នកសន្សំរឿង" អាម៉ាំងប្រកែក
"គឺអ្ហែង! អ្នកសន្សំរឿង" អាមោឃដំឡើងសំឡេង
"គឺអ្ហែង! គឺអ្ហែង! គឺអ្ហែង!"
ពួកគេដណ្ដើមគ្នាឆ្លើយយកត្រូវរៀងៗខ្លួនរហូតឈានដល់ការប្រកែកចោទដាក់គ្នាទៅវិញទៅមក។ ម្នាក់បដិសេធនិងចោទទៅម្នាក់ ឯភាគីម្ខាងទៀតក៏បដិសេធ និងឆ្លើយចោទប្រកាន់មកវិញ។ ដោយឃើញស្ថានភាពហាក់រឹតតែតានតឹងឡើងៗ អ្នកឆុងកាហ្វេចូលខ្លួនអន្តរាគមន៍ជាថ្មីម្ដងទៀត។
"ឈប់! ឈប់! ឈប់សិន! កុំអាលប្រកែកគ្នា។ ចិត្តត្រជាក់! ចិត្តត្រជាក់! សូមស្រុះស្រួលគ្នា ហើយសូមឆ្លើយម្ដងម្នាក់។ តើនរណាសន្សំរឿងនរណា? បើមិនស្ដាប់ខ្ញុំទេ គឺមានតែប៉ូលិសប៉ុណ្ណោះទើបអាចជួយដោះវិវាទនេះបាន"។
ពួកគេទាំងពីរបានរៀបរាប់រឿងរ៉ាវតាមដំណើរហេតុការណ៍ពីដើមឡើងវិញម្ដងម្នាក់ៗ។ នៅទីបំផុតរឿងហេតុការណ៍ពិតបានលាតត្រដាងឡើង។ តាមពិតអាមោឃសួរចង់ដឹងថា អាម៉ាំងសន្សំរឿងដែលវានិពន្ធសោះ។
"ការយល់គ្នាមិនច្បាស់នាំឱ្យកើតជាការសន្សំរឿងមែនទែន។ តើនរណាជាអ្នកសន្សំរឿង?"៕