សន្សំរឿង​

"​រាល់ថ្ងៃ​ឮ​ថា​ឯងកំពុង​សន្សំរឿង​?"
នេះជាឃ្លាប្រយោគដែល​អា​មោ​ឃ​សួរ​ចង់​ដឹង​ទាំង​តក់ក្រហល់​និង​គ្មាន​មាន​ក្បាល​កន្ទុយ​។​ ​ឮ​ដូច្នេះ​អា​ម៉ាំង​អេះអុញ​ឆ្ងល់​នឹង​សម្ដី​នេះ​ជាង​ខ្លាំង​ ​តែ​វាខំប្រឹង​ឆ្លើយបដិសេធ​ភ្លាម​ៗ​ទាំង​ស្មារតី​ភ្លាំង​ៗ​។​
"​ទេ​! ​ទេ​! ​គ្មាន​ទេ​! ​ខ្ញុំ​មិនបាន​សន្សំរឿង​ទេ​"
​អា​ម៉ាំង​បដិសេធ​ហើយ​ ​បដិសេធ​ទៀត​ ​ព្រោះ​ក្នុង​ចិត្តវាគិត​ថា​ ​អា​មោ​ឃ​កំពុងតែ​ចោទប្រកាន់​អ្វីមួយមក​លើ​ខ្លួន​ ​តែ​អា​មោ​ឃ​នៅតែ​សួរ​ជជីក​ដោយ​ការ​ចង់​ដឹង​ជាទីបំផុត​ ​ទោះបីជា​អា​ម៉ាំង​បាន​បដិសេធ​ដាច់អហង្ការ​យ៉ាងណាក៏ដោយ​។​ ​ដោយ​អត់ទ្រាំ​នឹង​ការចោទប្រកាន់​ដដែល​ជា​ដដែល​មិនបាន​ ​អា​ម៉ាំង​ក៏​ទ​រអា​មោ​ឃ​មួយ​ដៃ​យ៉ាង​ពេញទំហឹង​។​ ​អា​មោ​ឃ​ឈឺក៏ពន្លែងមួយដៃ​យ៉ាង​ពេញទំហឹង​ទៅវិញ​។​ ​ទីបំផុត​ពួកគេ​បានប្រទូសរ៉ាយ​ ​ប្រតាយប្រតប់​គ្នា​ដូច​ក្មេង​ទំនើង​បាត​ផ្សារ​ ​ដែល​មិនបាន​ចូល​សាលារៀន​។​ ​របស់របរ​មួយ​ចំនួន​នៅ​ក្នុង​ហាង​កាហ្វេ​រប៉ាត់រប៉ាយ​ដោយសារតែ​ពួកគេ​។​ ​អ្នក​ឆុងកាហ្វេ​ជាម​នុ​ស្សប្រុស​ស្រែក​ឃាត់​ ​និង​ចូល​មក​អន្តរាយ​គម​ន៍​។​
"​ឈប់​! ​ឈប់​! ​ខ្ទេចខ្ទី​អស់ហើយ​!"
​ពួកគេ​បញ្ឈប់​សកម្មភាព​ ​ហើយ​អង្គុយ​ចុះ​រៀងៗខ្លួន​ ​តែ​ភ្នែកស​ម្លក់​សម្លឹង​ដូច​ត្រី​ក្រឹម​កំពុង​បង្អួត​ឫទ្ធ​អំណាច​ដាក់គ្នា​ ​ឬ​អាច​និយាយ​ម្យ៉ាងទៀត​ថា​ ​ដូច​ឆ្កែ​ឆ្កួតកំពុង​បញ្ចេញ​ចង្កូម​ដាក់គ្នា​ប្រុង​តែ​ស្ទុះ​ទៅ​ប្រខាំ​គ្នា​ ​ប្រសិនជា​នរ​ណាមួយ​ចូល​មក​ជិត​។​ ​ស្ងប់ស្ងាត់​បន្តិច​ ​អ្នក​ឆុងកាហ្វេ​បាន​សួរ​ទៅ​ពួកគេ​។​
"​មានរឿង​អី​បាន​ដល់​ថ្នាក់​ប្រតាយប្រតប់​គ្នា​?"
"​គឺ​វា​សន្សំរឿង​!" ​អា​ម៉ាំង​និយាយ​
"​ទេ​! ​ទេ​! ​មិនមែន​ខ្ញុំ​ទេ​! ​គឺ​វា​!" ​អា​មោ​ឃ​និយាយ​
"​គឺ​វា​អ្នកសន្សំរឿង​" ​អា​ម៉ាំង​ប្រកែក​
"​គឺ​អ្ហែង​! ​អ្នកសន្សំរឿង​" ​អា​មោ​ឃ​ដំឡើង​សំឡេង​
"​គឺ​អ្ហែង​! ​គឺ​អ្ហែង​! ​គឺ​អ្ហែង​!"
​ពួកគេ​ដណ្ដើម​គ្នា​ឆ្លើយ​យក​ត្រូវ​រៀងៗខ្លួន​រហូត​ឈាន​ដល់​ការ​ប្រកែក​ចោទ​ដាក់គ្នា​ទៅវិញទៅមក​។​ ​ម្នាក់​បដិសេធ​និង​ចោទ​ទៅ​ម្នាក់​ ​ឯ​ភាគី​ម្ខាងទៀត​ក៏​បដិសេធ​ ​និង​ឆ្លើយ​ចោទប្រកាន់​មកវិញ​។​ ​ដោយ​ឃើញ​ស្ថានភាព​ហាក់​រឹត​តែ​តានតឹងឡើង​ៗ​ ​អ្នក​ឆុងកាហ្វេ​ចូលខ្លួន​អន្តរាគមន៍​ជាថ្មី​ម្ដងទៀត​។​
"​ឈប់​! ​ឈប់! ឈប់​សិន​! ​កុំអាល​ប្រកែក​គ្នា​។​ ​ចិត្តត្រជាក់​! ​ចិត្តត្រជាក់​! ​សូម​ស្រុះស្រួល​គ្នា​ ​ហើយ​សូម​ឆ្លើយ​ម្ដងម្នាក់​។​ ​តើ​នរណា​សន្សំរឿង​នរណា​? ​បើ​មិន​ស្ដាប់​ខ្ញុំ​ទេ​ ​គឺមានតែ​ប៉ូលិស​ប៉ុណ្ណោះ​ទើប​អាច​ជួយ​ដោះ​វិវាទ​នេះ​បាន​"​។​
​ពួកគេ​ទាំងពីរ​បាន​រៀបរាប់​រឿងរ៉ាវ​តាម​ដំណើរហេតុ​ការណ៍​ពីដើម​ឡើងវិញ​ម្ដងម្នាក់​ៗ​។​ ​នៅទីបំផុត​រឿង​ហេតុការណ៍​ពិត​បាន​លាតត្រដាង​ឡើង​។​ ​តាមពិត​អា​មោ​ឃ​សួរ​ចង់ដឹងថា​ ​អា​ម៉ាំង​សន្សំ​រឿង​ដែលវានិពន្ធសោះ។​
"​ការ​យល់គ្នា​មិន​ច្បាស់​នាំ​ឱ្យ​កើតជា​ការ​សន្សំរឿង​មែនទែន​។​ ​តើ​នរណា​ជា​អ្នកសន្សំរឿង​?"​៕
 
 

 

No comments:

Post a Comment