អត្រា​សិស្ស​បង់​បោះ​សិក្សា​ធ្លាក់ចុះ​ធ្វើ​ឱ្យ​ចំនួន​បេក្ខជន​ប្រឡង​ឌីប្លូម​ក្នុងឆ្នាំនេះ​កើន​ឡើង​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​អះអាង​ថា​ ​អត្រា​សិស្ស​បង់​បោះ​ការសិក្សា​មាន​ចំនួន​តិច​និង​កត្តា​កំណើន​សិស្ស​ចូលរៀន​ច្រើន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ចំនួន​បេក្ខជន​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ឬ​ឌីប្លូម​មានការ​កើន​ឡើង​នៅ​ក្នុងឆ្នាំនេះ​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ឆ្នាំនេះ​មាន​បេក្ខជន​ចំនួន​ ​១​៧​៨​ ​១​៣​៤​នាក់​ ​បាន​ដាក់ពាក្យ​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​។​ ​ចំនួន​នេះ​មានការ​កើន​ឡើង​កើន​ឡើងជា​ង​ ​៣​ ​០​០​០​នាក់​ ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​កំណត់​កាលបរិច្ឆេទ​ថ្ងៃ​ទី​២​ ​និង​ថ្ងៃ​ទី​៣​ ​ខែ​តុលា​ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំនេះ​។​

​លោកស្រី​ ​ឃួន​ ​វិច្ឆិកា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​និយាយ​ថា​៖​ ​«​ចំនួន​ដែល​កើន​ឡើង​នេះ​ ​គឺ​ចំនួន​សិស្ស​ក្នុង​ចំណេះ​ទូទៅ​»​។​

​លោកស្រី​បន្ត​ថា​៖​ ​«​ចំនួន​នេះ​មានការ​កើន​ឡើង​ ​ព្រោះ​ក្នុង​កំណែ​ទម្រង់​អប់រំ​កន្លងមក​ ​ពិសេស​ក្រោម​កិច្ច​ខិតខំ​របស់​​​ក្រសួង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ ​ក៏ដូចជា​មន្ទីរអប់រំ​ ​សាលារៀន​ ​និង​ការចូលរួម​គាំទ្រ​ពី​សហគមន៍​ធ្វើ​ឱ្យ​អត្រា​សិស្ស​ចូលរៀន​មាន​កំណើន​ ​អត្រា​សិស្ស​បោះបង់​សិក្សា​តិច​ ​ទើប​ចំនួន​មានការ​កើន​ឡើង​»​។​

​អ្នកស្រី​បន្ថែម​ថា​ ​កត្តា​សំខាន់​មួយទៀត​ដែល​ចួ​ល​រួម​ជំរុញ​កំណើន​សិស្ស​ ​គឺ​កម្មវិធី​គ្រប់គ្រង​សាលារៀន​ដែល​មាន​សូចនា​ករ​ជាច្រើន​ដែល​បាន​ជំរុញ​សា​សា​រៀន​ត្រូវតែ​ចូលរួម​បំពេញ​ ​ព្រមទាំង​ការចូលរួម​គាំទ្រ​ពី​សហគមន៍​ដែល​ធ្វើ​ឱ្យ​សាលារៀន​មាន​តម្លា​ភាព​ក្នុង​ការ​បង្រៀន​សិស្ស​។​ ​មិនតែប៉ុណ្ណោះ​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ថែមទាំង​បាន​ប្រមូល​សិស្ស​ឱ្យ​ចូលរៀន​វិញ​ដែរ​។​

​ស្ថិតិ​បេក្ខជន​ប្រ​ឡេង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​របស់​​​ក្រសួង​អប់រំ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​បង្ហាញ​ថា​ ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​ឌីប្លូម​កើន​ឡើង​ជាលំដាប់​។​ ​នៅ​ឆ្នាំ​២​០​២​១​ ​បេក្ខជន​ចូលរួម​ប្រឡង​ឌីប្លូម​មាន​ចំនួន​ ​១​៦​២​ ​៥​៨​៩​នាក់​។​ ​នៅ​ឆ្នាំ​២​០​២​២​ ​បេក្ខជន​ចូលរួម​ប្រឡង​ឌីប្លូម​មាន​ចំនួន​ ​១​៧​៤​ ​៧​២​៦​នាក់​។​ ​នៅ​ឆ្នាំនេះ​ ​បេក្ខជន​ចូលរួម​ប្រឡង​ឌីប្លូម​មាន​ចំនួន​ ​១​៧​៨​ ​១​៣​៤​នាក់​។​

​ឆ្នាំនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​បន្ត​ប្រគល់​សិទ្ធិ​អំណាច​និង​ការទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ជា​អ្នក​រៀបចំ​ការ​ប្រឡង​ ​គឺ​រាប់​ចាប់តាំង​ពី​ការរៀបចំ​វិញ្ញាសា​ប្រឡង​រហូត​ល​ដល់​ការប្រកាស​លទ្ធផល​ប្រឡង​នេះ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​របស់​​​ក្រសួង​អប់រំ​។​

​ក្រសួង​បាន​កំណត់​វិញ្ញាសា​ចំនួន​១​១​ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ ​រួម​មាន​តែងសេចក្ដី​ ​គីមី​វិទ្យា​ ​ផែនដី​និង​បរិស្ថានវិទ្យា​ ​រូបវិទ្យា​ ​ភូមិ​វិទ្យា​ ​សីលធម៌​-​ពលរដ្ឋ​វិជ្ជា​ ​គ​ណិ​ត​វិទ្យា​ ​ការ​សរសេរ​តាម​អាន​ ​ជី​វ​វិទ្យា​ ​ប្រវត្តិវិទ្យា​ ​និង​ភាសាបរទេស​។​

​ក្រសួង​អប់រំ​បាន​បញ្ជាក់​ក្នុង​សេចក្ដីណែនាំ​ថា​ ​មាន​ករណី​បី​ចំណុច​ដែល​សិស្ស​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​និង​ឯកជន​មិន​ទទួលស្គាល់​ជា​បេក្ខភាព​ប្រឡង​ ​ដោយ​ករណី​ទី​១​សិស្ស​មាន​មធ្យម​ភាគ​ពិន្ទុ​ប្រចាំ​ឆ្នាំ​ក្រោម​២​៥​,​០​០​ ​ករណី​ទី​២​សិស្ស​គ្មាន​មធ្យម​ភាគ​ប្រឡង​ឆមាស​ ​និង​ករណី​ទី​៣​សិស្ស​អវត្តមាន​លើ​ចំនួន​កំណត់​។​

​ក្រសួង​បាន​បន្ត​ថា​ ​ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ ​យី​ ​សុង​គី​ ​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ខេត្ត​បាត់​ដំបង​ ​បាន​លើកឡើង​ថា​ ​បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ក្នុង​ខេត្ត​បាត់​ដំបង​មានការ​កើន​ឡើង​ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​ទិន្នន័យ​ជាក់លាក់​បានទេ​។​

​លោក​លើកឡើង​ថា​ ​ជា​ធម្មតា​ ​សិស្ស​ចាប់ពី​ថ្នាក់​បឋមសិក្សា​ដល់​ថ្នាក់​មធ្យមសិក្សា​បឋម​ភូមិ​មានការ​ថយ​ចុះ​ជាលំដាប់​ដោយសារ​បោះបង់​សិក្សា​។​ ​ដូច្នេះ​ការ​កើន​ឡើង​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំនេះ​ ​គឺ​បង្ហាញ​ពី​ការ​រក្សា​បាន​នូវ​អត្រា​គង់វង្ស​និង​បង្ហាញ​ពី​ការ​កាត់បន្ថយ​អត្រា​សិស្ស​បោះបង់​សិក្សា​។​

​លោក​បាន​និយាយ​ថា​៖​ ​«​កំណើន​សិស្ស​នេះ​ថែមទាំង​បង្ហាញ​ពី​ការ​អភិវឌ្ឍ​គុណភាព​អប់រំ​នៅ​កម្ពុជា​ជឿនលឿន​ទៅមុខ​តាមរយៈ​ការ​កសាង​អគារសិក្សា​បន្ថែម​ ​ការ​បង្កើន​គ្រូបង្រៀន​ ​ហើយ​អាណាព្យាបាល​សិស្ស​ចាប់ផ្ដើម​មានការ​យល់​ដឹង​ពី​គុណ​តម្លៃ​សិក្សា​របស់​កូន​ពួកគេ​ជាមួយនឹង​សេដ្ឋកិច្ច​គ្រួសារ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើងជា​ង​មុន​»​។​

​លោក​បន្ត​ថា​៖​ ​«​យើង​មាន​បំ​ណង់​ចង់​រក្សា​អត្រា​សិក្សា​របស់​ពួកគេ​រហូត​បញ្ចប់​បាក់ឌុប​ ​ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​របស់យើង​ ​គឺ​យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បញ្ចប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ (​អនុវិទ្យាល័យ​) ​ដែល​ជា​ការ​បញ្ចប់​ការ​អប់រំមូលដ្ឋាន​»​។​

​លោក​បញ្ជាក់​ថា​ ​នៅ​ពេលនេះ​ ​មន្ទីរអប់រំ​ខេត្ត​បាត់​ដំបង​កំពុង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋម​ភូមិ​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​ ​ព្រមទាំង​គណៈមេប្រយោគ​ ​ឯកសារ​វិញ្ញាសា​ ​និង​សេចក្ដីណែនាំ​ផ្សេងៗ​ទៀត​ ​ហើយ​ការ​ប្រឡង​នេះ​មាន​ស្ដង់​ដា​ដូច​ការ​ប្រឡង​បាក់ឌុប​ ​ប៉ុន្តែ​មានការ​បន្ធូរបន្ថយ​វិញ្ញាសា​បន្តិច​ ​ដើម្បី​ពួកគេ​ប្រឡងជាប់​ ​ហើយ​បន្ត​សិក្សា​របស់​ពួកគេ​នៅ​ថ្នាក់​វិទ្យាល័យ​។​

​អ្នកស្រី​ ​អ៊ុក​ ​ឆា​យ៉ា​វី​ ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ ​មិន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​អត្រា​កំណើន​នេះ​ទេ​ ​ដោយ​អ្នកស្រី​យល់ថា​ ​ជាទូទៅ​នៅពេលដែល​ប្រជាជន​កើន​ឡើង​ ​នោះ​អត្រា​សិស្ស​ចូលរៀន​នឹង​មាន​កើន​ឡើង​។​ ​ដូច្នេះ​ការ​កើន​ឡើង​នេះ​ពុំមែន​បញ្ជាក់​ថា​ ​ដោយសារ​អត្រា​សិស្ស​បោះបង់​ទាប​ទេ​។​

​អ្នកស្រី​មាន​លើក​ហេតុផល​មួយ​ចំនួន​ដែល​នាំ​សិស្ស​នៅតែ​ប្រឈម​នឹង​ការបោះបង់​សិក្សា​ ​ដូចជា​កត្តា​ជីវភាព​ក្រី​និង​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​មួយ​ចំនួន​តម្រូវ​ឱ្យ​សិស្ស​បាន​បង់​ថវិកា​ដើម្បី​ចូលរៀន​។​

​អ្នកស្រី​បាន​លើកឡើង​ថា​៖​ ​«​ការ​ដាក់ពាក្យ​ចូលរួម​ប្រឡង​ច្រើន​ ​គឺ​មិនមែន​មកពី​ការ​កាត់បន្ថយ​ការបោះបង់​សិក្សា​សិស្ស​ទេ​ ​ព្រោះ​ជា​ធម្មតា​មនុស្ស​កើន​កើន​កាន់តែ​ច្រើន​ ​គឺ​ត្រូវតែ​មាន​ដំណាក់កាល​មួយ​ដែល​មាន​សិស្ស​ចូលរៀន​ច្រើន​ ​ប៉ុន្តែ​បើ​យើង​សង្កេតមើល​តាម​សាលារៀន​នីមួយៗ​ ​សិស្ស​បោះបង់​ការសិក្សា​ក៏​ច្រើន​ដែរ​។​ ​មូលហេតុ​ដោយសារ​ភាព​ក្រីក្រ​របស់​ពួកគាត់​ ​ការ​ចំណាក់​ស្រុក​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​សិស្ស​បោះបង់​ការសិក្សា​»​។​

​លោក​ គួ​ច​ ​ម៉េង​លី​ ​អ្នកជំនាញ​អប់រំ​ដ៏​ល្បី​ ​បាន​និយាយ​ថា​ ​នេះ​ជា​ចំណុច​ដ៏​ល្អ​មួយ​ដែល​បញ្ជាក់​ថា​សិស្សានុសិស្ស​ចូលរៀន​ពេញលេញ​ឡើងវិញ​ ​និង​បញ្ជាក់​សិស្សានុសិស្ស​មិនបាន​បោះបង់​សិក្សា​បន្ទាប់ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​។​

​លោក​បន្ត​ថា​ ​ការ​កើន​ឡើង​នេះ​ទោះ​បញ្ជាក់​ពី​សិស្ស​បោះបង់​សិក្សា​មាន​ចំនួន​តិច​ ​ប៉ុន្តែ​ការ​កើន​ឡើង​សិស្ស​មាន​ចំនួន​ក៏​មិនសូវ​ជាច្រើន​ខ្លាំង​ណាស់ណា​ដែរ​។​ ​ប្រសិនបើ​នៅ​ឆ្នាំ​បន្ទាប់​ ​ចំនួន​សិស្ស​កើន​ឡើង​ប្រមាណ​មួយ​ម៉ឺន​នាក់​ទើប​អាច​វាយ​តម្លៃ​ថា​ជា​ការ​កើន​ឡើង​ច្រើន​។​

​លោក​បន្ថែម​ថា​៖​ ​«​ទោះ​យ៉ាងណា​យើង​អាច​វាយ​តម្លៃ​ថា​សិស្សានុសិស្ស​បាន​ចាប់ផ្ដើម​ចូលរៀន​ជា​ធម្មតា​វិញ​ក្រោយ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​ ​ហើយ​ចំនួន​សិស្ស​ចូលរៀន​ឡើងវិញ​ ​គឺ​មាន​ចំនួន​នៅ​ស្ថិតស្ថេរ​ដដែល​»​។​
​លោក​បន្ថែម​ថា​៖​ ​«​ទោះបីជា​វា​មិន​កើន​ឡើង​ ​ក៏​នៅតែ​ជា​ចំណុចវិជ្ជមាន​មួយ​ដែល​បញ្ជាក់​ថា​ ​សិស្សានុសិស្ស​យើង​មិន​បោះបង់​សិក្សា​ ​សូម្បី​មានការ​រា​ត្បា​ត​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក៏ដោយ​»​៕​

បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ២០២១។ រូបភាព៖ ក្រសួងអប់រំ


​

No comments:

Post a Comment