DISCOURSE AND VARIATION

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
University of Phnom Penh

មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្ដ្រ



ដេប៉ាតឺម៉ង់ ភាសាវិទ្យា

មុខវិជ្ជា ភាសានរវិទ្យា


មូលដ្ឋានសិក្សាភាសានរវិទ្យា



និស្សិត តន វិបុល
និស្សិត ហន ហេង
សាស្រ្តាចារ្យ អ៊ិត សុធា




មិថុនា ២០១៨




          

សំនួន/កថា និងបម្រែបម្រួល
DISCOURSE AND VARIATION

           សេចក្ដីផ្ដើម
ចំណុច​នេះ​ផ្ដោត​សំខាន់​ទៅ​​លទ្ធផល​នៃ​ការ​សិក្សា​ភាសា។ ភាសា​ដែល​ទាក់​ទង​នឹង​ការ​បង្ដើត​ទម្រង់​ និង​រចនា​សម្ពន្ធ​​​​ន័យ។ ភាសា គឺ​ជា​ឧបករណ៍​ទំនាក់​ទំនង​មួយ ដែល​ប្រែ​ប្រួល​ទៅ​តាម​បរិបទ​ដែល​ទទួល​​ឥទ្ធិពល​ពី​ក្រៅ ហើយ​ទម្រង់​និង​ក្បួន​ភាសា​នេះ​មិន​ត្រឹម​តែ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​រង​​ឥទ្ធិពល​ពី​​ស្ថានភាព នៃ Discourse មក​លើ​វា​ផង​ដែរ។
គេ​តែង​តែ​ច្រឡំ​​រវាង ភាសា (Langue) ហើយ​និង​ប៉ារ៉ូល (Parole)។ តាម​ពិត​ទៅ​ទាំង​ពីរ​នេះ អ្នក​ភាសា​វិទ្យា​បាន​បែង​ចែក​លក្ខណៈ​សម្គាល់​ដាច់​ដោយ​ឡែក​ពី​គ្នា​រួច​ហើយ។ ភាសា​វិទូ​ជន​ជាតិ​ស្វីស​ឈ្មោះ​ ហ្វែរ​ឌីណង់ ដឺ សូសៀរ បញ្ជាក់​ថា ភាសា សំដៅ​ទៅ​លើ​មធ្យោបាយ​ទំនាក់​ទំនង​ដែល​មាន​លក្ខណៈ​​ជា​សង្គម​។ រី​ឯ ប៉ារ៉ូល សំដៅ​ទៅ​លើ​ការ​វាចា ឬ​សម្ដី​ដែល​មាន​លក្ខណៈ​ជា​បុគ្គល។

ឥឡូវសូមសង្កេតមើលបរិបទនៃការសន្ទនារបស់សិស្សសាលារៀននៅថ្នាក់វិទ្យាល័យ
ពេលនិយាយ «ជម្រាបលា!» ទៅកាន់គ្រូ មានលក្ខណៈបែបនេះ “Good-bye, sir!
ពេលនិយាយ «ជម្រាប់លា!» ទៅកាន់ម្ដាយ មានលក្ខណៈបែបនេះ “See ya’ later, ma!
ពេលនិយាយ «ជម្រាប់លា!» ទៅកាន់មិត្តភក្ដិ ឬអ្នកស្មើគ្នា មានលក្ខណៈបែបនេះ “I gotta split, man!

ការ​ប្រែប្រួល​នូវ​ចំណុច​មួយ​ចំនួន​នៅ​ខាង​លើ​នេះ វា​អាស្រ័យ​​លើ​បរិបទ (សូរ ពាក្យ និងល្បះ)។ សិស្ស​​ជម្រាប​លា​​គ្រូ​មិន​អាច​និយាយ​ថា “I gotta split, man!” បាន​ទេ។ ដូច​គ្នា​នេះ​ គេ​ក៏​មិន​ដែល​ឃើញ​អ្នក​ណា​ជម្រាប​លា​មិត្តភក្តិ​ស្និទ្​ធស្នាលគ្នា ដោយ​ប្រើ​ទម្រង់ «សូម​ជម្រាប​លា​សិន​ហើយ​លោក​គ្រូយ៉ាង​ដូច្នេះ​ដែរ។ ក្នុង​ករណី​នេះ ភាសា​តាម​ការ​និយាយ​របស់​មនុស្ស​បាន​កំណត់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឋានៈ ឬ​មុខងារ​សង្គម។​
មនុស្ស​បាន​កំណត់​ប្រភេទ​ពាក្យ និង​រចនា​សម្ពន្ធ ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​ស្ថានភាព នៃ​សំនួន​ / កថា (Discourse)។ ចំណេះ​ដឹង​ជាក់​ស្ដែង​ប្រភេទ​នេះ គឺ​មាន​លក្ខណៈ​ខុស​ពី​ចំណេះដឹង នៃ​ការ​បង្កើត​ពាក្យ ឬ​ក៏​រចនា​សម្ពន្ធ​ល្បះ ឬ​អាច​និយាយ​បាន​ថា ជា​ទម្រង់​នៃ​ចំណេះដឹង ឬ​សមត្ថភាព​ទំនាក់​ទំនង​ជាក់​ស្ដែង​ (communicative competence)
សមត្ថភាព​ទំនាក់​ទំនង គឺ​គេ​សិក្សា​ពី​របៀប​ប្រើ​ភាសា​ក្នុង​បរិបទ (Pragmatic) ដែល​ផ្អែក​​ទៅ​តាម​​ស្ថានភាព​​ជាក់​ស្ដែង និង​ការ​វិវត្ត​របស់​សង្គម។ ស្ថិត​ក្នុង​បរិបទ​នៃ​ការ​សន្ទនា​ជាក់​លាក់​មួយ ដែល​យើង​គួរ​ណា​តែ​ដឹង​ថា យើង​និយាយ​អំពី​អ្វី ហើយ​និយាយ​ជាមួយ​អ្នក​ណា។ សមត្ថភាព​ប្រើ​បរិបទ​សន្ទនា​នេះ ដើម្បី​ការ​​យល់​​ដឹង​ពី​សម្ដី យល់​ពី​គោល​បំណង និង​ដើម្បី​រក្សា​រំហូរ​នៃ​ទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅ​មក ដែល​ភាគ​ច្រើន​គេ​​សង្កេត​ឃើញ​មាន​ប្រើ​នៅ​ក្នុ​ង​ជំនួញ។

នៅខាងក្រោមនេះនិយាយរឿងតែមួយ ក្នុងបរិបទតែមួយ តែមធ្យោបាយនិយាយយខុសគ្នា៖
ក. ម្សិល​មិញ អាណា​ទៅ​បណ្ណា​គារ។ អាណា​ បាន​ជួប​មិត្ត​ភក្កិ​នៅ​បណ្ណាគារអាណា និង​មិត្តភក្ដិ​​បាន​សួរ​សុខ​​ទុក្ខ​គ្នា​​ទៅ​វិញ​ទៅ​មក។
ខ. ម្សិល​មិញ អាណា​ទៅ​បណ្ណាគារ។ នាង​បាន​ជួប​មិត្ត​ភក្ដិ​នៅ​ទី​នោះពួកគេ​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​​វិញ​ទៅ​មក។ 

តើ​ទាំង​ពីរ​នេះ​មួយ​ណា​ត្រឹម​ត្រូវ​ជាង​មួយ​ណា? នៅ​ពេល​ប្រើ​ពាក្យ​ជំនួស​នាម ឬ​កន្សោម​នាម​បាន​​បន្លែង​​អត្ថបទ​​ដែល​​មាន​ទម្រង់​ប្រយោគ​ដ៏​ល្អ​ទៅ​ជា​អត្ថទប​មួយ​ដែល​មាន​លក្ខណៈ​ខ្លី ហើយ​សាមញ្ញ។ ការ​ផ្លាស់​​ប្ដូរ​នេះ ទាក់​ទង​នឹង​មុខងារ​វេយ្យាករណ៍ គឺ​សំដៅ​ទៅ​លើ​សព្វ​នាម។
មាន​មធ្យោបាយ​ជា​ច្រើន ដើម្បី​រក្សា​ការ​សន្ទនា​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ជា​ទូទៅ គេ​ប្រើ​ពាក្យ​ ឬ​​កន្សោម​​ពាក្យ​មួយ​ចំនួន ដើម្បី​បើក​ការ​សន្ទនា និង​រក្សា​ការ​សន្ទនា​ឱ្យ​រលូន ដោយ​ក្នុង​នោះ​រួម​មាន​សូរ​ (ចេញ​ពី​មាត់) ប្រយោគ​សំណួរ​បិទ ឬ​សំណើរ​ជា​ដើម។ ឧទាហរណ៍​ដូចជា អឺ... អឹម... សូម​អធ្យាស្រ័យ!​ តើ​លោក​/​អ្នក​អាច​ប្រាប់​ខ្ញុំ​អំពី...។

សំនួន/កថា (Discourse)
ការ​និយាយ​​មាន​ឥទ្ធិពល​លើស​មាសភាព និង​រចនា​សម្ពន្ធ​ប្រយោគ។ វា​ជា​សមត្ថភាព​ផ្នែក​ភាសា និង​ទំនាក់​ទំនង​នៃ​ការ​បែង​ចែក​ទម្រង់ រួម​ទាំង​ខ្លឹម​សារ​កថា/សំនួន។ កថា ឬ​សំនួន គឺ​បំណែក​និយាយ ឬ​សរសេរ​ដ៏​សំខាន់​មួយ នៅ​ក្នុង​មុខ​វិជ្ជា​នរ​ភាសា​វិទ្យា។
Speech Act” បើ​ទោះ​បី​ជា​មាន​ទ្រឹស្ដី​ផ្សេងៗ​ជា​ច្រើន​ក៏​ពិត​មែន តែ​ទ្រឹស្ដី​ទាំង​នោះ​មាន​គំនិត​​ស្រប​​គ្នា​​មួយ​ដែល​បាន​លើក​ឡើង​ថា “Speech Act” គឺ​ជា​សម្ដី​ដែល​មាន​មុខងារ​នៅ​ក្នុង​ភាសា និង​នៅ​​ក្នុង​​ទំនាក់​​ទំនង​​ប្រែ​ប្រួល​តាម​រចនា​សម្ពន្ធ​វេយ្យាករណ៍ វាក្យ​សព្ទ​ដោយ​ផ្អែក​លើ​ស្ថានភាព​សង្គម អាយុ​អ្នក​និយាយ ព្រម​​ទាំង​​គោល​ដៅ​នៃ​ការ​សន្ទនា។ “Speech Act” អនុញ្ញាតិ​មនុស្ស​ឱ្យ​គោរព​តាម​មុខងារ ឬ​ឋានៈ​សង្គម។ មាន​ន័យ​​ថា ទាំង​វេយ្យាករណ៍​និង​ពាក្យ​ត្រូវ​គោរព​តាម​មុខងារ និង​ត្រូវ​យល់​អំពី​ទម្រង់​ភាសា​វិទ្យា​ដោយ​សម្រប​តាម​​ស្ថាន​​ភាព​ជាក់​ស្ដែង។ ក្នុង​នោះ​រាប់​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ទំនាក់​ទំនង បញ្ចប់​ទំនាក់​ទំនង អរគុណ អបអរ​​សាទរ​ ការ​បង្ហាញ​ពី​ការពេញ​ចិត្ត អនុម័ត មិន​យល់​ស្រប បង្ហាញ​ពី​ភាព​ផ្អើល ស្នើ រាយ​ការណ៍ អត្ថាធិ​ប្បាយ សុំ​​យោបល់.... គឺ​សុទ្ធតែ​ជាប់​ទាក់​ទង​នឹង​មុខ​ងារ​សង្គម។
ថ្វី​បើ​កិច្ច​សន្ទនា​មិន​ត្រូវ​តាម​វេយ្យាករណ៍ និង​វាក្យ​សព្ទ​ដែល​អាច​បង្កើត​ឡើង ដើម្បី​អនុវត្តន៍​​មុខងារ​ណា​មួយ​​ក្នុង​ចំណោម​មុខ​ងារ​ផ្សេងៗ​នៅ​ក្នុង​ស្ថានភាព​សង្គម​ជាក់​លាក់​ក៏​ដោយ ក៏​វា​មិន​មែន​ទាំ​​ង​ស្រុង​ដែរ។ ជា​ការ​ពិត​ណាស់ ជម្រើស​ដែល​បង្កើត​ឡើង ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​សន្មត និង​កម្រិត​រចនាបថ។
នៅក្នុង​ឃ្លា​ពីរ​ដែល​បង្ហាញ​ពី​កំហឹង​ដូច​គ្នា តែ​តាម​មធ្យោ​បាយ​ផ្សេង​គ្នា ដោយ​គោរព​តាម​លក្ខខណ្ឌ​នៃ​កម្រិត​ភាសា។

ថា​កុំ​ធ្វើ​អ៊ី​ចឹង ល្ងង់​មែន!
ល្អ​ហើយ​ដែល​អ្នក​មិន​ធ្វើ​ដូច្នោះ!

ឃ្លា​ទី​១ គ្រាន់​តែ​យើង​ឮ​ភ្លាម យើង​នឹង​យល់​ថា អ្នក​និយាយ​អាច​ជា​បុគ្គល​ដែល​ស្និទ្ធ​ស្នាល​នឹង​គ្នា។ ឯ​​ឃ្លា​ទី​២ អ្នក​និយាយ​មាន​ការ​គួរ​សម​ដែល​ជា​កម្រិត​រចនាបថ​ភាសា​បែប​ការ​ទូត។ មិន​តែ​ប៉ុណ្ណោះ បើ​និយាយ​​ពី​អារម្មណ៍​ផ្លូវ​ចិត្ត​វិញ ឃ្លា​ទី​១​ច្បាស់​ជា​ប៉ះពាល់​​ច្រើន​ជា​ឃ្លា​ទី​២​ហើយ។​
ផ្អែក​តាម​ការ​សិក្សា​កថា / សំនួន គឺ​មិន​ខុស​ពី​រចនាបថ​ភាសា​ការ​ទូត ឬ​ភាសា​ទំនាក់​ទំនង​ក្នុង​ជំនួញ​ ពាណិជ្ជ​កម្ម និង​កិច្ច​ចចា​ក្នុង​ក្រុមហ៊ុន​ធំៗ​ជា​ដើម។ ដូច្នេះ​រាល់​ទំនាក់​ទំនង​តាមរយៈ​កិច្ច​សន្ទនា​ចាំ​បាច់​មាន​ចំណេះ​ដឹង​សំនួន​វោហា ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ស្ដាប់​ឱ្យ​មាន​ការ​ពេញ​ចិត្ត ជឿជាក់ ឬ​ដើម្បី​​យល់​គ្នា​ច្បាស់។
សមត្ថភាព​ទំនាក់ទំនង បើ​តាម​លោក Dell Hymes (1971) បាន​រក​ឃើញ​អថេរ​មូល​ដ្ឋាន​ចំនួន​ប្រាំបី​​ដែល​កម្រិត​ភាសា / ប៉ារ៉ូល​បញ្ចូល​ក្នុង​សំនួន​/កថា។ លោក​បាន​ដាក់​ឈ្មោះ​ជា​អក្សរ​នៅ​ក្នុង​ពាក្យ​ “Speaking” ដោយ៖
អក្សរ S ជាការកំណត់ពេលវេលា និងទីកន្លែងកើតហេតុ
អក្សរ P ជាអ្នក​ចូល​រួម​មាន​អ្នក​និយាយ អ្នក​ស្ដាប់ ដែល​ជាប់​ទាក់​ទង​ក្នុង​សកម្មភាព​និយាយ
អក្សរ E ជាគោលបំណង ឬលទ្ធផល
អក្សរ A ជាលំដាប់សកម្មភាពដែលជាសំណុំបែបបទ និងបញ្ជីរឿង
អក្សរ K ជាគន្លឹះបង្ហាញពីអារម្មណ៍ ឬសតិ នៃសកម្មភាពនិយាយ
អក្សរ I ជា​ឧបករណ៍​ទំនាក់​ទំនង ដូច​ជា​គ្រាម​ភាសា ឬ​ពហុ​ភាសា​វិទ្យា ដែល​ប្រើ​ដោយ​ការ​និយាយ
អក្សរ N ជា​បទដ្ឋាន​ដោយ​ការ​សន្មត អំពី​សំឡេង របៀប​និយាយ សរសេរ
អក្សរ G ប្រភេទ​ផ្សេងៗ នៃ​ការ​សម្តែង (រឿង​កំប្លែង ការ​និយាយ ឬ​អធិប្បាយ​ជាដើម)។

លក្ខណៈ​ពិសេស នៃ “Speech Act” ដែល​នរ​វិទូ​ជនជាតិ​អង់គ្លេស​ឈ្មោះ Bronislaw Malinowski ឱ្យ​ឈ្មោះថា Phatic Communion។ សម្រាប់​នរ​វិទ្យា​ម្នាក់ ពាក្យ ឬឃ្លា ដែល​និយាយ​ចេញ​មក​ក្រៅ​តាម​រយៈ​​ការ​សន្ទនា​មាន​តម្លៃ​ខ្ពស់​ជាង​ន័យ​ដែល​មាន​នៅ​ក្នុង​វចនានុ​ក្រម​ដែល​បាន​កំណត់​ទៅ​ទៀត។ តាម​ធម្មតា នៅ​ពេល​យើង​ជួប​ស្គាល់​គ្នា​ពី​មុន​មក គឺ​យើង​គ្រាន់​តែ​សួរ​សុខ​ទុក្ខ ឬ​ស្វាគមន៍​ដោយ​ការ​ជម្រាប​សួរ និង​​សុខ​​សប្បាយ​ជាតិ​ទេ? ប៉ុន្តែ​នៅ​ក្នុង​បរិបទ​ផ្សេង ឃ្លា​ទាំង​នេះ​អាច​ប្រែប្រួល​ដោយ​មាន​ន័យ​ផ្សេង​ក៏​ថា​បាន ដូច​ជា​​នៅ​ពេល​យើង​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ជា​ដើម។ ដូច្នេះ​ការ​និយាយ​មាន​បំណង​បង្ហាញ​ពី​ភាព​គួរ​សម​ពាក់​ព័ន្ធ​​នឹង​​របៀប​ទំនាក់​ទំនង​គ្នា។ Phatic Communion គឺ​ជា​បទ​ដ្ឋាន​ដ៏​សំខាន់​របស់​អាកប្ប​កិរិយា។
ចុង​ឆ្នាំ​១៩៥០ លោក Jakobson បាន​ផ្តល់​នូវ​គំរូ​អន្តរកម្ម​រវាង​សំនួន​/​កថា និង​ភាសា ដើម្បី​​ប្រយោជ​ន៍​ដល់​ការ​ស្រាវជ្រាវ​នឹង​កន្លែង​ជាក់​ស្ដែង។ ក្នុង​នោះ​មាន​៦​ចំណុច ដែល​​បង្ហាញ​ពី​លក្ខណៈ “Speech Act” គឺ៖
១. អ្នក​ទំនាក់​ទំនង : ស្ថិត​លើ​ចេតនា​អ្នក​និយាយ​មាន​អារម្មណ៍ អាកប្ប​កិរិយា ស្ថានភាព​សង្គម... 
២. សារ​ទំនាក់​ទំនង : គិត​ដល់​ផល​ប៉ះ​លើ​ផ្លូវ​ចិត្ត អារម្មណ៍... អ្នក​ទទួល​សារ​
៣. អ្នក​ទទួល​សារ​ទំនាក់​ទំនង : សារ​បង្កើត​ឡើង​ដើម្បី​បញ្ជូន​ព័ត៌​មាន​
៤. បក​ស្រាយ​សារ និង​ពន្យល់​អត្ថន័យ​សារ​ទៅ​អ្នក​ទទួល​សារ : សារ​ផ្ដល់​អត្ថន័យ​ពីរោះ​ដូច​កំណាព្យ​
៥. អន្តរកម្ម​រវាង​អ្នក​ទំនាក់​ទំនង និង​អ្នក​ទទួល​សារ​ក្នុង​លក្ខណៈ​សមរម្យ : ឋានៈ​សង្គម​
៦. កូដ​ភាសា​សម្រាប់​បក​ស្រាយ​សារ​ទំនាក់​ទំនង : សារ​រចនា​កូដ

តាម​ការ​វិភាគ​របស់​លោក Jakobson កថា/សំនួន​តាម​រយៈ​ភាសា គឺ​ជា​ទម្រង់​សកម្មភាព​នៃ​សម្ដី​ជាក់​ស្ដែង។ កថា​/សំនួន​នៅ​ក្នុង​មុខងារ​វប្បធម៌ គឺ​ជា​បទដ្ឋាន​សង្គម។ 

ភាព​ផ្សេងៗ (VARIATION)
ភាសា​តែង​តែ​ខុស​គ្នា​ជា​និច្ច។ ប្រសិន​បើ​គេ​ប្រើ​ទម្រង់​អថេរ​ទៀង​ទាត់ ដោយ​មនុស្ស​សហគមន៍ ឬ​ដោយ​អ្នក​ស្រុក គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​ទៅ​ក្នុង​គ្រាម​ភាសា​សង្គម ឬ​សង្គម។ គ្រាម​ភាសា​នៅក្នុ​ង​សង្គម​​បាន​​វិវឌ្ឍ​​ទៅ​តាម​ពេល​វេលា ដែល​ជា​ផល​វិបាក នៃ​ការ​បែង​ចែក​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​លក្ខណៈ​​ទាក់ទង​​នឹង​ថ្នាក់​សេដ្ឋកិច្ច និង​សាសនា។
តាម​ការ​កត់​សម្គាល់​ពួក​អភិជន ពួក​អ្នក​ស្រុក និង​កសិករ​តែង​តែ​មាន​របៀប​និយាយ​ខុសៗ​គ្នា។ ជាង​​នេះ​​រចនា​​បថ​ផ្លូវ​ការ​ត្រូវ​ប្រើ​ដោយ​ពួក​អភិជន ប៉ុន្តែ​​​ដោយ​សមាជិក​ម្នាក់​នៃ​អ្នក​ភូមិ ប្រសិន​បើ​គេ​មាន​​ទំនាក់​​ទំនង​​ជា​មួយ​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ក៏​អាច​មាន​ទំនាក់​ទំនង​គ្នា​បាន​យ៉ាង​ល្អ​ដែរ។ ជា​ពិសេស រចនា​បថ​​កណ្តាល​ប្រើ​ដោយ​អ្នក​ភូមិ​ដែល​មិន​មែន​ជា​មិត្តភក្តិ និង​កសិករ​នៅ​ពេល​និយាយ​ទៅ​កាន់​ថ្នាក់​ធំ​នឹង​​សង្គម​​របស់​​ពួកគេ ហើយ​រចនា​បថ​ទាប​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​អភិជន​ ឬ​អ្នក​ក្រុង​និយាយ​ជាមួយ​កសិករ​ក្នុង​ចំណោម​មិត្ត​ភក្តិ​ទាំង​ឡាយ​របស់​ពួក​គេ​ទៅ​វិញ។
ក្រោយ​មក​ទៀត គឺ​ជា​ទម្រង់​នៃ​ភាសា​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​និយាយ​ជាមួយ​កុមារ។ គ្រាម​ភាសា​​សង្គម​​ត្រូវ​បាន​គេ​កត់​សម្គាល់​នៅ​លើ​អ្វីៗ​ទាំង​អស់។ ពោល​រាប់​ចាប់​តាំង​ពី​ប្រភេទ​នៃ​វាក្យ​សព្ទ ដែល​គេ​ហៅ​ថា ពាក្យ «ប្លែក» ដែល​ត្រូវ​បង្កើត​ឡើង ដើម្បី​បង្កើត​និង​ពង្រឹង​អត្ត​សញ្ញាណ​របស់​ក្រុម​ជាក់​លាក់។ កន្សោម​ប្លែកៗ​​​អាច​ជា​ពាក្យ​ថ្មី ដែល​មាន​ក្នុ​ង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ពឹង​ផ្អែក​លើ​ល្បិច ដើម្បី​ភាព​ទាក់​ទាញ។ តែ​​ជួនកាល​​វា​អាច​ជា​ពាក្យ​ចាស់​ដែល​មាន​ន័យ​ថ្មី ន័យ​ទាន់​សម័យ។ ជា​ញឹក​ញាប់​មនុស្ស​ប្រើ​ពាក្យ​ចាស់​​តាម​រយៈ​ការ​​និយាយ​ច្រើន​ជាជាង​ការ​សរសេរ។
ដូច្នេះ​ពាក្យ «ប្លែក» មាន​លក្ខណៈ​ដូច​ពាក្យ​ដែល​និយាយ​សាមញ្ញៗ ឬ​ជា​កន្សោម​ពាក្យ​ដែល​ប្រើ​នៅ​ក្នុង​​ការ​​សន្ទនា​​ប្រចាំ​ថ្ងៃ ប៉ុន្ដែ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សម​ស្រប​សម្រាប់​ការ​និយាយ ឬ​សរសេរ​ជា​ផ្លូវ​ការ​នោះ​ទេ។ កន្សោម​ពាក្យ «ប្លែក» ជា​ច្រើន​បាន​ប្រើ​តែ​នៅ​ក្នុង​ផ្នែក​មួយ​ជាក់​លាក់ នៃ​សង្គម ឬ​ដោយ​​ក្រុម​​មនុស្ស​​ដែល​មាន​មុខ​របរ​ពិត​ប្រាកដ។ ជាការ​ពិត​ណាស់​ មនុស្ស​វ័យ​ក្មេង​ច្រើន​តែ​ប្រើ​ពាក្យ «ប្លែកៗ»​ ដើម្បី​ចែក​ភាព​ខុស​គ្នា​ពី​មនុស្ស​ពេញ​វ័យ។
ប្រភេទ​ពាក្យ ប្លែក ដែល​ប្រើ​ដោយ​ក្រុម​ការងារ​ជាក់​លាក់​ធ្វើ​ឱ្យ​គេ​កត់​សម្គាល់​ថា គឺ​ជា​គ្រាម​ភាសា។​ ជួនកាល​ពាក្យ​គ្រាម​ភាសា​នោះ​នឹង​រីករាល​ដាល​ដល់​សង្គម​ទាំង​មូល​ផង​ក៏​មាន។ សម្រាប់​​មនុស្ស​យល់​​ដឹង​​ខ្ពស់ មាន​ការ​ប្រែ​ប្រួល​ខាង​ភាសា។ លោក វីលីយាម ឡាបូវ (William Labov) ដែល​គេ​ចាត់​ទុក​ថា ជា​បិតា​សង្គម​​ភាសា​វិទ្យា​ជន​ជាតិ​អាមេរិក​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​រឿង​នេះ ដោយ​ការ​ថត​សម្លេង​សន្ទនា​​របស់​​អ្នក​ក្រុង​ញូវយ៉ក ដែល​មាន​ជីវ​ភាព​ចម្រុះ​គ្នា។ លក្ខណៈ​ពិសេស​មួយ​ក្នុង​ចំណោម​លក្ខណៈ​​ពិសេស​​ដែល​​លោក​​ចាប់​អារម្មណ៍ គឺ​ការ​កើត​ឡើង​នៃ /អ៊ឺ/ បន្ទាប់​ពី​ស្រៈ​នៅ​ក្នុង​ពាក្យ​ដូច​ជា Bird Beer និង Car។ ការ​​បញ្ចេញ​​សំឡេង​នៃ​ពាក្យ​បែប​នេះ​មិន​មែន​ជា​ការ​ច្នៃ​ប្រឌិត​ឡើយ​ក្នុង​គ្រា​នោះ តែ​បន្ទាប់​ពី​សង្គ្រាម​​លោក​លើក​​ទី១​ លោក​ឡាបូវ​បាន​ធ្វើ​សិក្សា​មួយ ហើយ​បាន​រក​ឃើញ​ថា ការ​កើត​ឡើង​នៃ​ការ​បញ្ចេញ​សំឡេង​របស់ /r/ ក្នុង​មនុស្ស​វ័យ​ក្មេង ដែល​មាន​អាយុពី ៨ទៅ ១៩ឆ្នាំ។ 
លោក​ឡាបូវ​បាន​សិក្សា (១៩៧២) ការ​បញ្ចេញ​សំឡេង / r / នៅ​ញូវ​យ៉ក​ជា​បន្ត​បន្ទាប់​ទៀត។ ក៏​​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៥៨ លោក ចន ហ្វីឆ័រ (John Fischer) បាន​ធ្វើ​សិក្សា​មួយ​និយាយ​ពី​មនុស្ស​ផ្លាស់​​​ទី​ពី​​ថ្នាក់​​ទាប​ទៅ​​មនុស្ស​ខ្ពស់។ នៅ​ពេល​សម្ភាស​ក្រុម​កុមារ​នៅ​សាលា​បឋម លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន កិរិយាសព្ទ​ Suffix–ing /-ing/ មាន​ទំនោរ​ទៅ​រក​សំឡេង / -in / (Reading vs. Readin)។ ទាំង​នេះ​លោក​ហ្វីឆ័រ​យល់​ថា​ ទាក់​​ទង​មក​ពី​ភេទ ភូមិសាស្រ្ដ បុគ្គលិក​លក្ខណៈ និង​អារម្មណ៍។ ផ្ទុយ​ទៅ​វិញ ពេល​ខ្លះ​​អាច​ដោយ​​សារ​​ពួកគេ​​ជា​​កូន​អ្នក​មាន​ចំណូល​ខ្ពស់ អ្នក​មាន​អំណាច និង​អ្នក​ធំជាន់​ខ្ពស់​ការ​ប្រើ​សំឡេង /-ing / ប្ដូរ​ទី​សំឡេង /-in / មិន​មែន​មក​ពី​ភេទ​ទេ គឺ​ឋានៈ​សង្គម ឬ​បុគ្គល។

កម្ចី ឬការយកមកប្រើ
ជាតិសាសន៍​ណា ក៏​ដូច​ជាតិ​សាសន៍​ណា​ដែរ គឺ​គេច​មិន​ផុត​ទេ​ក្នុង​ការ​យក​ពាក្យ​ខ្លះៗ​ពី​ភាសា​មួយ​មក​​ប្រើ​​សម្រាប់​នៅ​​ក្នុង​ភាសា​មួយ​ទៀត​នោះ។ នៅ​វចនានុ​ក្រម​ភាសា​អង់គ្លេស គេ​ឃើញ​មាន​ការ​ភាសា​ផ្សេង​​ម​ក​​ប្រើ​ដែរ។ ក្នុង​នោះ​បើ​គេ​ដក​ពាក្យ​ខ្ចី​ពី​ភាសា​ឡាតាំង និង​កូន​ភាសា​នេះ (អ៊ីតាលី បារាំង អេស្ប៉ាញ...) ចេញ​​អស់​។ ពាក្យ​ជា​ភាសាអង់គ្លេស​សុទ្ធ​មាន​តិច​តួច​បំផុត​សម្រាប់​ប្រើ​ប្រចាំ​ថ្ងៃ។
ប្រហែល ១,៥០០​ឆ្នាំ​មក​ហើយ មាន​កុល​សម្ពន្ធ​បី (Angles, Saxons និង Jutes) បាន​រស់​​នៅ​​ក្បែរ​​គ្នា​​នៅ​លើ​ច្រាំង​ភាគ​ខាង​ជើង ហើយ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ នៅ​ក្បែរ​ខាង​ជើង​អាល្លឺម៉ង់ និង​​ភាគ​ខាង​​ត្បូង​មាន​ដាណឺម៉ាក។ ពួកគេ​និយាយ​ភាសា​មួយ​ស្រដៀង​នឹង​គ្រាម​ភាសា​អាល្លឺម៉ង់ ដែល​គេ​យល់​ថា ជា "អង់គ្លេស​បុរាណ"។ កុលសម្ពន្ធ​បង្កើត​ស្វ័យ​ភាព​វប្បធម៌​ដោយ​ចេញ​ពី​ពូជ​ពង្ស​អាល្លឺម៉ង់។ ​គ្រា​នោះ​អង់គ្លេស​​បុរាណ​មាន​ឥរិយាបថ​ស្រដៀង​នឹង​អាល្លឺម៉ង់​សម័យ​ទំនើប ដែល​ត្រូវ​រៀប​ចំ​បង្កើត​ពាក្យ​ថ្មី​ដោយ​​កម្ចី​​ពាក្យ​តិច​តួច​ពី​ភាសា​ដទៃ។ ប៉ុន្តែ​នៅ​ឆ្នាំ​១០៦៦ ស្ថានភាព​បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​ការ​លុក​លុយ​​មួយ​នៅ​អង់គ្លេស ដោយ​ក្រុម Normans មក​ពី​ភាគ​ខាង​ជើង​បារាំង។ ដោយ​សារ​​ក្រុម​នេះ​​និយាយ​​ភាសា​​បារាំង​។​ ដូច្នេះ​ភាសា រួម​ទាំង​អក្សរ​បារាំង​បាន​ជះ​ឥទ្ធិពល​លើ Angles Saxons។ ជា​លទ្ធផល​​អក្សរ​​អង់គ្លេស​​បាន​ជំនួស​ដោយ​អក្សរ​ឡាតាំង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​នេះ នៅ​មាន​ហេតុផល​ជា​ច្រើន​ទៀត ដែល​​​តម្រូវ​ឱ្យ​អង់គ្លេស​បង្ខំ​ប្រើ​អក្សរ​ឡាតាំង​ជំនួស មាន​រយៈ​​អាពាហ៍ពិពាហ៍​​ជាមួយ​នឹង​ជន​​ជាតិ​ទី​ដៃ​​ជា​ដើម​។    
ករណី​មួយ​ទៀត ជនបរទេស​ដែល​មករស់​នៅ​ជា​សហគម​ក្នុង​ប្រទេស​ណា​មួយ។ ពួក​គេ​មាន​កូដ​ភាសា​​ផ្ទាល់​ខ្លួន សម្រាប់​ទំនាក់​ទំនង​គ្នា​ក្នុង​គ្រួសារ និង​សហគម​ប្រចាំ​ថ្ងៃ។ ដូច​ភាសា​អ៊ីតាលី​មាន​និយាយ​នៅ​អាមេរិក​ខាង​ជើង តែ​ពួកគេ​ក៏​បាន​យក​ពាក្យ​ម្ចាស់​ស្រុក​ខ្លះៗ​​ទៅ​ប្រើ​លាយ​ឡំ​នៅ​ក្នុង​ភាសា​​ពួក​គេ​ផង​​ដែរ។ ហេតុ​ចម្បង​ដែល​ពួកគេ​ត្រូវតែ​បង្ខំ​ចិត្ត​យក​ពាក្យ​ម្ចាស់​ស្រុក​ទៅប្រើ ក៏​ព្រោះ​ពួកគេ​សម្រប​ខ្លួន​ទៅ​តាម​​បរិបទ​ នៃ​ស្ថានភាព​សង្គម​ថ្មី បើ​ទោះ​បី​ជា​ចង់ ឬ​មិន​ចង់ ក៏​ត្រូវ​បង្ខំ​ចិត្ត​អនុម័ត​​ពាក្យ​ខ្លះ នៃ​ភាសា​ម្ចាស់​ស្រុក​​ដែរ។

សេចក្ដីសន្និដ្ឋាន
ការ​សិក្សា​សំនួន​/កថា បម្រែ​បម្រួល ទំនាក់​ទំនង និង​គ្រាម​ភាសា គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​នរ​ភាសា​​វិទ្យា។ ការ​បំបែក​សិប្ប​និម្មិត នៃភាសា និង​ប៉ារូល​នៅ​ក្នុង​ភាសាវិទ្យា​របស់​លោក សូរសៀ ជា​តម្រុយ​សម្រាប់​អ្នក​ភាសាវិទូ សិក្សា​ឈ្វេង​យល់​កាន់​តែ​ច្បាស់​ពីប្រព័ន្ធ​ភាសា​អរូបិ​ស្ថិត​ក្នុង​​ទម្រង់​ទំនាក់ទំនង​​និង​ការ​​ប្រើ​ប្រាស់ តែក៏​មា​នរង​ការ​រិះគន់​ពី​សំណាក់​ភាសា​វិទូ​​ជំនាន់​ក្រោយ​ផង​ដែរ។ ដោយ​ផ្តោត​លើ​ទំនាក់​ទំនង​រវាង​​ភាសា​​និង​ប៉ារ៉ូល ភាសា​វិទូ​នឹង​មាន​ពន្លឺ​ល្អ​ប្រសើរ​ជាង​មុន ដើម្បី​ឈ្វេង​យល់​ពី​បាតុភូត​ភាសា​អរូបី ដែល​លោក​​យល់​​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ទម្រង់ និង​ប្រើ​ប្រាស់​ភាសា៕


ចម្លាក់​សត្វ​មករ​ក្នុង​សង្គម​ខ្មែរ​

ចម្លាក់​សត្វ​មករ​ក្នុង​សង្គម​ខ្មែរ​

អត្ថបទ៖ តន វិបុល

ចម្លាក់​និង​បច្ចេកទេស​ឆ្លាក់​រូប​របស់​ជនជាតិ​ខ្មែរ​ ​ជា​កត្តា​កំណត់​ការ​អប់រំ​ ​ព្រមទាំង​លម្អ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​និង​វត្តអារាម​ជា​ដើម។ នៅ​ដើម​សតវត្សរ៍​ទី​១​ ​នៃ​គ្រិស្តសករាជ​ ​ព្រហ្មញ្ញសាសនា​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​មក​លើ​វិស័យ​វិចិត្រ​សិល្បៈ​ ជា​ពិសេស​វិស័យ​ចម្លាក់​បដិមាកម្ម​ខ្មែរ។ ក្នុង​នោះ​គេ​ឃើញ​ចម្លាក់​តំណាង​ព្រះអាទិទេព​បែប​ព្រាហ្មណ៍​និយម​បាន​ចាប់​ផ្ដើម​មាន​យ៉ាង​ព្រោង​ព្រាត​នៃ​សំណង់​ប្រាសាទ​នានា​។ ​ក៏ប៉ុន្តែ​ ​ក្នុង​ចំណោម​ចម្លាក់​ជា​ច្រើន​ប្រភេទ​អស់​ទាំង​នោះ​មិន​សូវ​ឃើញ​គេលើក​យក​ចម្លាក់​សត្វ​មករ​មក​និយាយ​ ឬ​ពន្យល់​ឱ្យ​ក្បោះក្បាយ​ដូច​ទៅ​នឹង​ចម្លាក់​សំខាន់ៗ​ដទៃ​ឡើយ។

បើ​យើង​និយាយ​ពី​ចម្លាក់​សត្វមករ​នៅ​ក្នុង​សង្គម​ខ្មែរ​ ​គឺ​ជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​ដែល​បម្រើ​ឱ្យ​សាសនា​ ​នា​សម័យ​បុរាណ។ ចម្លាក់​នេះ​ជា​ញឹក​ញាប់​គេ​ប្រទះ​ឃើញ​មាន​ឆ្លាក់​នៅ​លើ​ធ្នឹម​ ​ឬ​ជញ្ជាំង​ផ្ដែរ​ប្រាសាទ​ ​និង​ព្រះវិហារ​ជាដើម។ ​ជា​ធម្មតា​ បុព្វបុរស​ខ្មែរ​ច្រើនតែ​ឆ្លាក់​ចម្លាក់​សត្វ​មករ​ជាប់​ជា​មួយ​នឹង​សត្វ​តោ​ ​នាគ​ ​ឬ​សត្វ​ពស់​ផុស​ចេញ​ពី​មាត់​សត្វ​មករ​នេះ។ យ៉ាង​ណា​មិញ​ ​នៅ​ក្នុង​វិស័យ​សិល្បៈ​សំណង់​ខ្មែរ​ដំបូង​ គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​សត្វ​ចម្លែក​នេះ​មានធំ​ក្បាល​ខ្លី​ក្រមុប​ ​មាន​ធ្មេញ​ ​និង​ចង្កូម​ស្ញាញ​គួរ​ស្បើម​ដូច​ទៅនឹង​រូប​​ទី​២​ខាង​លើ។ ធាតុ​ពិតទៅ​សត្វ​មករ​ គឺ​គេ​សំដៅ​ដល់​សត្វ​អច្ឆរិយៈ​មួយ​ប្រភេទ​ដែល​សំយោគ​រវាង​ត្រី​ ​ក្រពើ​ ​និង​ដំរី​ដោយ​មាន​ប្រម៉ោយ​លើក​ឡើង​លើ ​មាន​ស្រកា​ពេញ​ខ្លួន​ មាន​កន្ទុយ​រមូរ​ដូច​កន្ទុយ​ក្ងោក​ឈ្មោល​ ​និង​ជើង​មាន​ក្រញ៉ាំ​ដូច​បក្សី​ ​ហើយ​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ​ដែល​អ្នក​ខ្លះ​គេ​ជឿ​ថា​ ​ជា​អរ័ក្ស​ទឹក​ និង​ខ្លះ​ទៀត​ហៅ​សំដៅ​ដល់​ត្រីថ្ករ​ ​ឬ​ឆ្លាម​មករ​។

គួរ​ជម្រាប​ថា​ ​នៅ​ក្នុង​វិស័យ​វិចិត្រ​សិល្បៈ​ខ្មែរ​ ​គេ​តែង​និយាយ​ថា​ ​ចម្លាក់​មករ​ អាច​ចាត់​ទុក​ជា​ប្រធាន​ក្បាច់​ដ៏​សំខាន់​មួយ​នៃ​ធ្នឹម​យ៉ាង​ស្រស់​ស្អាត​របស់​ក្រុម​ប្រាសាទ​មួយ​ចំនួន​ដូចជា​ប្រាសាទ​សំបូរ​ព្រៃគុក​ ​រលួស​ ​ព្រះគោ​ ​បាគង​ ​លលៃ​ ​និង​ប្រាសាទ​ដទៃ​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​ដែរ​ ​ចម្លាក់​សត្វ​មករ​ខ្ជាក់​សត្វ​ចម្លែក​ផ្សេងៗ​ទៀត​ បាន​​បង្ហាញ​នៅ​ជ្រុង​ជា​ច្រើន​នៃ​ប្រាសាទ​បន្ទាយស្រី។ ជាមួយនឹង​គ្នា​នោះ​ ដូនតាខ្មែរ​ដែល​ជា​វិចិត្រករ​ក៏​បាន​ឆ្លាក់​ចម្លាក់​នេះ​នៅ​ជាប់​នឹង​ប្រកាន់​ដៃ​អម​សង​ខាង​ជណ្ដើរ​ព្រះ​វិហារ​ វត្ត​អារាម​ និង​ខ្មែរ​ដើម​ខ្លួន​ឯង​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​និយម​ឆ្លាក់​រូប​សត្វ​មករ​នេះ​ផង​ដែរ​ ​នៅ​លើ​​ក្តារ​​ផ្នែក​​ខាង​​ក្រោម​នៃ​ហោ​ជាង​ផ្ទះ​អ្នក​មាន​ស្តុកស្តម្ភ​ ​ឬ​ផ្ទះ​នា​ម៉ឺន​មន្ត្រី​ ព្រោះ​តាម​ជំនឿ​ក្នុង​សង្គម​ខ្មែរ​ កាលនោះច្រើន​យល់​​ឃើញ​ថា​ ​សត្វ​មករ​ ​ជា​រូប​តំណាង​ឱ្យ​ទឹក​ ​តំណាង​ឱ្យ​ភាពត្រជាក់​ត្រជំ​ ដែល​ការណ៍​នេះ​មិន​ខុសគ្នា​ពី​ជំនឿ​ទៅ​លើ​សត្វ​នាគ​នោះ​ទេ​ ​គ្រាន់​តែ​នា​គ​ជា​សត្វ​តំណាង​ឱ្យ​ម្ចាស់​ស្រុក​ ហើយ​ថែម​ទាំង​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ជំនួស​ទេវតា​តំណាង​ឱ្យ​សភាវៈ​បរិសុទ្ធ​ដ៏​ឧត្តុង្គឧត្តម។ ម៉្យាង​ទៀត​ ​ប្រព័ន្ធ​ផ្នត់​គំនិត​ ​ឬ​ទស្សនៈ​ស្ដីពី​ខ្មែរបុរាណ​បាន​ប្រដូច​សត្វ​មករ​នេះ​ទៅ​នឹង​សត្វ​ក្រពើ​ទឹក​សាប​ និង​ក្រពើ​ភ្នំ​ដែល​ជា​ជំនឿ​ជីវ​ចលនិយម។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ សត្វមករ​ត្រូវ​អ្នក​ប្រាជ្ញ​ជំនាន់​ដើម​យក​ទៅ​ដាក់​ឈ្មោះ​ឱ្យ​ខែ​មួយ​ក្នុង​ចំណោម​ខែ​ទាំង​១២​នៃ​ឆ្នាំ​ ​ដែល​គេ​ហៅ​មករៈ ​ឬ​រាសីមករ​ ​ហើយ​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​នោះ​គឺ​ខែ​មករា​ ដែល​ជា​ខែ​ទី១​នៃ​ឆ្នាំ​ តាម​សូរ្យ​គតិ​ទៀត​ផង។ តាម​ការណ៍​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទង្វើ​មនុស្ស​ខ្មែរ​ជំនាន់​ដើម​ ដែល​បាន​ផ្សារ​ខ្លួន​ភ្ជាប់​ទៅ​នឹង​និមិត្តរូប​សត្វមករ​យ៉ាង​ប្រាកដ​មែន។

តាម​ការ​ពិត​ទៅ​ ​ប្រភព​នៃ​ចម្លាក់​សត្វ​មករ​មាន​មែក​ធាង​ចេញ​ពី​​សិល្បៈ​ឥណ្ឌា​ភាគ​ខាង​ត្បូង​ គឺ​ជា​សត្វ​អច្ឆរិយៈ​ដែល​គេ​ប្រឌិត​ឡើង​ដោយ​មូល​ហេតុ​ជំនឿ​សាសនា​ ​ហើយ​នៅ​ក្នុង​ទេវក​ឥណ្ឌា​ក៏​មាន​និយាយ​ពី​រឿង​សត្វមករ​នេះ​ដែរ។ ផ្អែក​តាម​ទេវកថា​នេះ​ ​សត្វមករ​ ជា​ជំនិះ​របស់​ព្រះ​ម៉ែ​គង្គា​ ​និង​ជា​ពាហនៈ​របស់​ព្រះ​វរុណ។ កាល​ណោះ​ ​នៅ​ពេល​ដែល​កេសាមួយ​សរសៃ​របស់​​ព្រះនាង​គង្គា​បាន​ធ្លាក់​មក​ដល់​ឋាន​កណ្តាល​ ក៏​បាន​ក្លាយ​ជា​សត្វ​មករ​ ​ហើយ​ខ្លាំង​ជាង​អ្វីៗ​ទាំង​អស់​លើ​លោក​ ​វា​ក៏​បាន​លេប​រាល់​សត្វ​ទាំង​ពួង​ដែល​វា​ជួប​ប្រទះ​ ​មិន​ថា​ជា​មនុស្ស​ ឬ​សត្វ​ឡើយ​ ​មាន​តែ​សត្វ​ពីរ​ប៉ុណ្ណោះ​ ដែល​អាច​គេច​ផុត​ពី​វា​បាន​នោះ​ ​គឺ​នាគ​ក្បាល​៩​ ​វា​សុ​គី​ ​និង​ពស់​អន្តៈ​ ​ដែល​មួយ​ជា​ធាតុ​ភ្លើង​ និង​មួយ​ជា​ធាតុ​ត្រជាក់។ ដោយ​សារតែ​នៅ​ឋាន​កណ្តាល​គ្មាន​អ្នក​ណា​អាច​បង្ក្រាប​សត្វចម្លែក​នេះ​បាន​ ព្រះឥសូរ​ក៏​ចុះ​មក​ត​ទល់​ជាមួយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ​តែ​មិន​ដឹង​ចាញ់​ឈ្នះ។ ពេល​នោះ​ព្រះ​នាង​គង្គា​ក៏​បាន​ប្រាប់​ព្រះ​ឥសូរ​ថា​ ​បើ​ព្រះ​អង្គ​ចង់​ចាប់​សត្វមករ​ លុះ​ត្រាតែ​ព្រះអង្គ​លើក​ទូល​​ព្រះ​បង្គំ​​​ដាក់​​លើ​​បាតដៃព្រះអង្គ ទឹក​ទាំង​អស់​បាន​ទាញ​ចេញ​មក​សល់​តែ​មករ​នោះ​ឱ្យ​នៅ​លើ​គោក​ ​មករ​ក៏​ប្រែ​ជើងមក​ជា​ជើង​​រាជសី​​ និង​រត់​គេច​ពី​ការ​តាម​ចាប់​របស់​ព្រះ​ឥសូរ។ នៅ​ទី​បំផុត​មករ​ក៏​ចុះ​ចាញ់​ព្រះឥសូរ​ ​ហើយ​បាន​សន្យា​ថា​ ​នឹង​ខ្ជាក់​រាល់​សត្វ​ទាំង​ពួង​ដែលលេប​នោះ​ចេញ​មក​វិញ៕ ​

ប្រភព៖ http://www.interconrooster.com/project/0811171557/


កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

កណ្ដៀវ​ដែល​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​រស់​នៅ​កំពុង​តែ​សាប​រលាបចេញពីសង្គមខ្មែរ

​អត្ថបទ៖ តន វិបុល
ក្នុង​សម័យ​ដែល​សង្គម​ខ្មែរ​មិន​ទាន់​ទទួល​ឥទ្ធិពល​វិទ្យាសាស្ត្រ​ ​និង​មិន​ទាន់​មាន​ម៉ាស៊ីន​ផលិត​ឧបករណ៍​តាម​បែប​បច្ចេកវិទ្យា​ បុព្វបុរស​ខ្មែរ​បាន​ខិត​ខំ​ច្នៃ​បង្កើត​ឧបភោគភណ្ឌ​ជា​ច្រើន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​ ​តាម​រយៈ​ការងារ​ហត្ថកម្ម។ ដោយ​ហេតុនេះ​ហើយ​បាន​ជា​គេ​ឃើញ​មាន​ឧបករណ៍​ជា​ច្រើន​ធ្វើ​ពី​ឈើ​ ​និង​មាន​លក្ខណៈ​សាមញ្ញ​កើត​ឡើង​ព្រោង​ព្រាត​ពាស​ពេញ​សង្គម​ខ្មែរ។ ក្នុង​ចំណោម​របស់​ទាំង​នោះ​ ​កណ្ដៀវ​ ត្រូវ​បាន​ប្រជាកសិករ​សម័យ​បុរាណ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​បម្រើការ​ច្រូត​កាត់​ ​ហើយ​​តាម​​តំបន់​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​មាន​ប្រើប្រាស់​តិច​តួច​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ខ្លះ​ដែរ។

សូម​ជម្រាប​ថា ​កណ្ដៀវ​ ​គឺ​ជា​ឧបករណ៍​ប្រើ​សម្រាប់​ច្រូត​ស្រូវ​ ​ឬ​ច្រូត​ស្មៅ​ជា​ដើម។ បើ​គេ​និយាយ​ពី​កណ្ដៀវ​ដែល​ប្រជាកសិករ​ខ្មែរ​ប្រើ​ប្រាស់​ក្នុង​ការ​ច្រូត​កាត់​តាំង​ពី​បុរាណ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ​គេ​ឃើញ​ថា​ ​ពុំ​សូវ​មាន​លក្ខណៈខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ​ ​ធាតុ​ពិត​ទៅ​សណ្ឋាន​ផ្លែ​កណ្ដៀវ​ គឺ​មាន​រូបរាង​ស្រដៀង​គ្នា។ នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បូរម​បុរាណ​មក​ ​គេ​សង្កេត​ឃើញ​ខ្មែរ​និយម​ប្រើប្រាស់​កណ្ដៀវ​បី​យ៉ាង​ ដែល​ក្នុង​នោះ​រួម​មាន​កណ្ដៀវ​ខ្វាង​ ​កណ្ដៀវ​តូច​ដងខ្លី​ ​និង​កណ្ដៀវ​មាន​លំពាស់​ ​ដែល​អ្នក​ស្រុកខ្លះ​តាម​បណ្ដា​ហៅ​ថា​ ​កណ្ដៀវ​ត្រ​កង។

គួរ​បញ្ជាក់​ថា​ ​កណ្ដៀវ​ខ្វាង​ ​គេ​ប្រើ​ប្រាស់​សម្រាប់​កាវ​ ​ឬ​ខ្វារ​ ​កាប់​ ​និង​ត្រួស​ព្រៃ​ជាដើម ព្រោះ​កណ្ដៀវ​ប្រភេទ​នេះ​គ្មាន​ធ្មេញ​កណ្ដូប​ដូច​កណ្ដៀវ​តូច​ដង​ខ្លី​និង​កណ្ដៀវ​លំពាស់​ឡើយ​។ មែនទែន​ទៅ​កណ្ដៀវ​ខ្វាង​​មាន​​មុខ​ដូច​ទៅ​នឹង​កាំបិត​ ​គ្រាន់​ខុស​គ្នា​ត្រង់​វា​មាន​រាង​ខុប​ប៉ុណ្ណោះ។ ខុស​ពី​កណ្ដៀវ​ខ្វាង​ដែល​ភាគ​ច្រើន​គេ​ប្រទះ​ឃើញ​ប្រជា​កសិករ​រស់​នៅ​ម្ដុំ​តំបន់​មាត់​ទន្លេ​ប្រើ​ប្រាស់​សម្រាប់​កាប់​ដើម​ពោត​​ ឬ​ប្រើ​សម្រាប់​កាវ​ផ្លែ​ឈើ​នៅទី​ខ្ពស់ៗ​ជា​ដើម​នោះ​ ​កណ្ដៀវ​តូច​ដង​ខ្លី​ត្រូវ​ប្រជា​កសិករ​ខ្មែរ​ប្រើ​សម្រាប់​ច្រូត​ស្មៅ​ ​ឬ​ច្រូត​ស្រូវ​បានដូច​​ទៅ​នឹង​កណ្ដៀវ​​លំពាស់​ដែរ​ តែ​កណ្ដៀវ​លំពាស់​នេះ​ គេ​ប្រើ​បានតែ​សម្រាប់​ច្រូត​​ស្រូវ​មួយ​មុខ​ប៉ុណ្ណោះ។ ដោយ​សារ​តែ​កណ្ដៀវ​ប្រភេទ​ចុង​ក្រោយ​នេះ​ ​មាន​ផ្លែ​ប៉ុន​ស្លាប​មាន់​ មាន​ធ្មេញ​កណ្ដូប​ស្រដៀង​ទៅ​នឹង​កណ្ដៀវ​តូច​ដង​ខ្លី។ ក៏​ប៉ុន្តែ​អ្វីដែល​ខុស​ប្លែក​គ្នា​នោះ​ គឺ​កណ្ដៀវ​លំពាស់​មាន​បែក​កន្ធែក​ងាក​ចេញ​ទាំង​ពីរ​សង​ខាង​ ​ដោយ​ម្ខាង​បែក​ចេញ​ខុប​ចុះ​ក្រោម​បន្តិច​សម្រាប់​ក្រសាវ​ទាញ​ដើម​ស្រូវ​ឱ្យ​មូល​ក្នុង​ដៃ​ដើម្បី​បង្វិល​មក​ខាង​ផ្លែ​កណ្ដៀវ​ងាយ​ស្រួល​កាត់​ផ្ដាច់​ដើម​ស្រូវ​បាន​រហ័ស។

ទោះ​បី​ជា​របស់​អស់​ទាំង​នេះ​មាន​លក្ខណៈ​សមញ្ញ​ ​ឬ​ពិបាក​ប្រើប្រាស់​យ៉ាង​ណា​ក្តី​ ​ក៏​វា​ជា​សញ្ញាណ​នៃ​ការ​បង្កើត​ឱ្យ​មាន​ចរន្ត​វិទ្យាសាស្ត្រ​ និង​ការ​អភិវឌ្ឍ​បច្ចេកទេស​ដែរ​ ​តែ​ជា​អកុសល​ ​របស់​ដែល​អាច​ចាត់​ទុក​ជា​អត្តសញ្ញាណ​ខ្មែរ​ទាំង​នេះ​ស្ទើរ​តែ​បាត់​បង់​ពី​ទឹក​ដី​មួយ​នេះ​ទៅ​ហើយ​ នេះ​ក៏​ដោយ​សារ​តែ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​មើលរំលង ឬពុំ​​យល់​​ពី​​តម្លៃ​​ និង​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ថែ​រក្សា​វា​ជា​ដើម​ក៏មាន៕



អ្នក​ណា​ដែល​មិន​ធ្លាប់​បរាជ័យ

អ្នក​ណា​ដែល​មិន​ធ្លាប់​បរាជ័យ


អត្ថបទ៖ តន វិបុល

មនុស្សលើលោកនេះ គ្មាននរណាម្នាក់ចេះសព្វគ្រប់ឡើយ ​ហើយក៏​គ្មាន​នរណា​ម្នាក់​ល្ងង់​ដប់​​គត់​នោះ​ដែរ ​​នៅ​ក្នុង​សង្គម​មនុស្ស​​តែង​​តែ​​មាន​អ្នក​ដឹង​ខ្លះ​និងមិនដឹងខ្លះ ដែល​ជាសភាពជាក់ស្តែងរបស់មនុស្ស។​ តាម​ការ​ពិត​រឿង​ជោគ​ជ័យ​និង​បរាជ័យ ​ក៏មិន​ខុស​គ្នា​ឆ្ងាយ​ពី​ស្ថានភាព​នេះ​ដែរ ​គឺ​គ្មាន​នរណា​ម្នាក់​អង្គុយ​​ជោគជ័យ​តែ​រហូត​នោះទេ​ មែន​ទែន​ទៅ ​នៅ​ពី​ក្រោយ​ខ្នង​បុគ្គល​ជោគជ័យ​ គឺ​មាន​រឿង​បរាជ័យ​ជា​ច្រើន​ គ្រាន់​តែ​អ្នក​ខ្លះ​ព្រម​ទទួល​ស្គាល់ ​ឯ​អ្នក​ខ្លះ​ព្រម​មិន​ទទួល​យក​ថា ​នោះ​គឺ​ជា​បរាជ័យ​ទេ។​
ជាកា​រពិតណាស់ បុគ្គលដែលជោគជ័យលើកិច្ចការអ្វីមួយ ភាគច្រើន​គឺបាន​ឆ្លង​កាត់​បរាជ័យមិនតិចលើកនោះទេ ជាក់ស្តែងមុន​នឹង ​ជោគជ័យ​លើ​អាជីវកម្ម និង​ក្លាយ​ជា​មហា​សេដ្ឋី​មួយ​រូប​នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិតចិន លោក ជេក ម៉ា (Jack Ma​)​ បានឆ្លង​កាត់​បរាជ័យ​ច្រើន​ណាស់។​ ក្នុង​នោះ ​លោក​ធ្លាប់​បរាជ័យ​លើ​ការ​សិក្សា​ដោយ​សាកលវិទ្យាធិការបដិសេធមិនឱ្យចូលរៀនចំនួន១០ដង​ ហើយ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ លោកបានប្រឡងធ្លាក់ចំនួន៣លើកទៀតផង។​
បន្ទាប់ពីបរាជ័យលើការសិក្សានោះ លោកក៏បានដើរដាក់ពាក្យសុំការងារ​តាម​បណ្តា​ក្រុមហ៊ុនចំនួន៣០​កន្លែង ​ដោយ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ ហើ​យ​អ្វី​កាន់​តែ​អាម៉ាស​ជាង​ទៅ​ទៀត​នោះ ​ក្នុងចំណោមបេក្ខជន២៤នាក់ ដែលដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ​KFC​ គឺ​មាន​តែ​លោក​ម្នាក់​គត់​ដែល​គេ​មិន​ទទួល​យក​ ព្រោះ​គេ​គិត​ថាលោក​ជា​មនុស្ស​មិន​ស្អាត​បាត​ និង​ទាប​ខុសខ្នាត។ ​ទន្ទឹម​នឹង​ការ​ឆ្លង​កាត់​ភាព​ជូរ​ចត់ ​និង​បរាជ័យ​ទាំង​នេះ ​លោក ជេក ម៉ា ក៏បង្កើតអាជីវកម្មដោយខ្លួន ​ហើយនៅ​ទី​បំផុត​លោក​ក៏​បាន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ និង​ជាមហា​សេដ្ឋី​មួយ​រូប​នៅ​លើ​ពិភពលោក​ដូចបច្ចុប្បន្ននេះ។ ​
ក្រៅពីនេះ ក៏នៅមានបុគ្គលជោគជ័យជាច្រើនទៀត ដែលគេមិនបានដឹង ឬ​មិន​សូវ​ចាប់​អារម្មណ៍​ពីរឿងបរាជ័យនៅខ្នងរបស់​ពួកគេ។ ​ថ្វី​ដ្បិត​តែ ​បុគ្គល​ជោគជ័យ​សុទ្ធ​តែ​មាន​រឿង​​បរាជ័យ​ជាច្រើន​ពីក្រោយ​ខ្នង​ក៏​ពិត​មែន ​ក៏ប៉ុន្តែ​បុគ្គល​ទាំង​នោះ​នៅតែ​ជា​បុគ្គល​ជោគជ័យ។ ​ជោគ​ជ័​យ ក៏​ព្រោះ​តែ​បុគ្គល​ទាំង​នោះ​គិត​ថា ​បរាជ័យ​មិន​មែន​ជា​រឿង​គួរ​ឱ្យ​អាម៉ាស ហើយក៏មិនមែនជាទីបញ្ចប់នៃជីវិតដែរ ​តែអ្វី​ដែល​គួរ​ឱ្យ​អាម៉ាស​នោះ គឺការ​បាក់​​​ទឹក​ចិត្ត និង​មិន​ហ៊ាន​ព្យាយាម។ ​ជោគជ័យ​មិន​ឈរ​នៅ​ខាង​អ្នក​ទន់​ខ្សោយ ​អ្នក​បាក់​​ទឹក​ចិត្ត​ ឬ​អ្នក​គ្មាន​គំនិត​ឡើយ ​គឺឈរ​នៅ​ខាង​អ្នក​មាន​គំនិត ពូកែអត់ធ្មត់ និង​អ្នក​ពូកែ​តស៊ូព្យាយាម៕