កសិករគំរូចែករំលែកបទពិសោធធ្វើមេជីទឹកដល់សិស្ស



អត្ថបទ៖ តន វិបុល

បណ្តាញកសិករឆ្នើមរបស់អង្គការសេដាកនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតេកែវ លោក រស់ ម៉ៅ បានចែករំលែកបទពិសោធធ្វើមេជីទឹកប្រើប្រាស់លើដំណាំស្លឹកនិងដាំណាំស្រូវដល់សិស្ស AIS ប្រមាណជាង៣រយនាក់ ក្នុងឱកាសដែលពួកគេចុះទៅសិក្សាឈ្វេងយល់ពីពីបច្ចេកទេសចិញ្ចឹមសត្វ និងរបៀបដាំ ព្រមទាំងបច្ចេកទេសថែទាំនៅកសិដ្ឋានចិញ្ចឹមសត្វ និងចម្ការបន្លែរបស់លោក កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅថ្មីៗនេះ។

ក្រោយនាំសិស្សដើរមើលប្រភេទដំណាំបន្លែចម្រុះដុះចេញពីដីក្នុងឡាំងស្នោ ដបទឹកក្រូច និងស្បោងចាស់ៗប្រមាណជាង៣០ប្រភេទ​ ដែល​ដាក់​ដាំ​តម្រៀប​ជួរ​ព័ទ្ធ​ជុំវិញ​ស្រះ​ទឹក​តូចៗ​​ជាច្រើន ស្ថិត​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​របស់​លោក ​កសិករ​ឆ្នើមរូប​នេះបាន​ចែករំលែក​ពីវិធី​ធ្វើមេ​ជី​ទឹក​ងាយៗ​ដល់​សិស្សានុសិស្ស​ថា ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី​ក្នុង​វិស័យ​កសិកម្ម​យើង​គួរ​តែ​នាំ​គ្នា​រៀន​ពី​វិធី​ផ្សំ​មេជី​ធម្មជាតិ​ ដើម្បី​ប្រើប្រាស់​លើ​ដំណាំ​ផ្សេងៗ។​
ថ្វីដ្បិតតែ វិធីផលិតមេជីធម្មជាតិមានច្រើនប្រភេទ តែលោកពូម៉ៅបានយកវិធីធ្វើមេជីទឹកមួយមុខមកបង្ហាញដល់សិ​ស្ស។ មេជី​ទឹក ​គឺជាជី​កំប៉ុស​ទឹក​ដែល​គេយក​ស្លឹក​ឈើ​មក​ផ្សំ​ជាជី​សម្រាប់​បំប៉ន​ដំណាំ​បន្លែ​យក​ស្លឹក​និង​បំប៉ន​ផ្លែ​ស្រូវ​ ដែល​ផលិត​ឡើង​ដោយ​ស្លឹក​ទន្ទ្រាន​ខេត្ត​ ស្ករ​ត្នោត ​និង​ទឹក​ធម្មតា​ប៉ុណ្ណោះ។ ​ពេល​ផលិត​គួរ​ត្រៀម​ពាង ​ខាប់ ​ធុង ​ដែល​មាន​ចំណុះ​៥០លីត្រ​ឡើង​ទៅ។​
វិធីធ្វើមេជីទឹកបំប៉នដំណាំស្លឹក និងបំប៉នផ្លែស្រូវ គេប្រើស្លឹកទន្ទ្រានខេត្តខ្ចីៗចំនួន៥គីឡូក្រាម គឺបូតយកតែស្លឹក យកទៅចិញ្ច្រាំ​ឱ្យ​ហ្មត់​ ហើយ​ហាល​ថ្ងៃ​ឱ្យ​ស្រពាប់​ទុកមួយ​អន្លើ​សិន។ បន្ទាប់មកចាំយកស្ករត្នោតខ្មៅចង់ខូចៗ យកទៅលាយជាមួយនឹងទឹកធម្មតា​២លីត្រ ​ហើយ​កូរ​ឱ្យ​សព្វ​ចូល​គ្នា។​ មួយ​សន្ទុះ​ក្រោយ​មក​ត្រូវ​យក​ស្លឹក​ទន្ទ្រាន​ខេត្ត​ដែល​ចិញ្ច្រាំ​រួច​នោះទៅ​លាយ​ជាមួយ​ទឹក​ស្ករ​ត្នោត​ឱ្យ​សព្វ​ដែរ។​ ពេល​លាយ​ជា​ល្បាយ​សព្វ​ហើយ​យក​ទឹក​ល្បាយ​នោះ​ចាក់​ក្នុង​ខាប់ ពាង ឬធុង ដែលបាន​ដាក់​ត្រៀម ​និង​មាន​គម្រប​ត្រឹម​ត្រូវ​ ដើម្បី​ត្រាំទឹក​ល្បាយ​នោះហើយ​ត្រូវ​យក​ទៅ​ទុក​ក្រោម​ម្លប់​ ដោយ​រក្សា​កម្ដៅ​ទឹក​ល្បាយ​ក្នុង​ខាប់ ពាង ឬធុងនោះក្នុងសីតុណ្ហភាពចន្លោះពី​២៥​ទៅ ​៣០​អង្សា​សេ។
កសិករឆ្នើមរូបនេះ បន្តថា បន្ទាប់ពីគ្របទុកនិងរក្សាល្បាយក្រោមម្លប់ក្នុងសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣០អង្សាសេ ​ត្រូវទុក​រយៈ​ពេល​ចំនួន​មួយ​សប្តាហ៍​ល្បាយ​នោះ​នឹង​កាច់​ចូល​គ្នា។​ នៅពេល​កាច់​គ្នា​ វា​នឹង​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​ពាង។​ ដើម្បី​បន្ថយ​កម្ដៅ​នៃ​ល្បាយ​កំពុង​កាច់​នោះ​ត្រូវ​តែ​បើក​គម្រប​ពាង ហើយកូរ​ទឹក​ល្បាយ​នោះ​ឱ្យ​បាន​ក្នុង​មួយ​សប្តាហ៍​បី​ថ្ងៃ​ ដើម្បី​ឱ្យ​កម្ដៅ​ភាយទៅ​លើ​បរិយាកាស។ ​ក្រោយ​ល្បាយ​នោះបាន​ត្រាំ​ផ្អាប់​ទុករយៈ​ពេល​មួយ​សប្តាហ៍​ហើយ វានឹងប្រែធាតុ ឬគេនិយមហៅថា វាកាច់ទៅជាមេទឹកជីបំប៉នហើយ។ ​ពេលផ្សំ​បាន​​​ជា​មេជីទឹក​ហើយ​នោះ គឺមិន​ទាន់​អាច​យក​ទៅ​ប្រើប្រាស់​ភ្លាមៗ​បាន​នៅ​ឡើយ​ទេ ​គេត្រូវបំប្លែងវាទៅជាកំប៉ុសទឹកសិន​ បើចង់​យក​ទៅប្រើ​ស្រោច​បន្លែ ឬដំណាំ​ស្រូវ ​គេគ្រាន់​តែថែម​ស្ករ​ត្នោត១គីឡូ​ក្រាម​ និង​ទឹក​ច្រើន​លីត្រ​ជាង​មុន ​សម្រាប់​មកលាយ​ជាមួយ​មេជី​ទឹក​ដែល​ផលិត​រួច​នោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រើគេត្រូវប្រើមេទឹកជីកំប៉ុស១លីត្រលាយនឹងទឹកធម្មតា១០លីត្រទៅស្រោចលើ​ដំណាំ​ស្លឹក​ដូច​ជា​ស្ពៃ ​សាលាដ ខាត់ណា ខ្ទឹម ត្រកួន​ជាដើម។ ចំណែក​ការ​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ​ត្រូវ​លាយ​ទឹក​ជី​ជាមួយ​នឹង​ទឹក​ធម្មតា​ដូច​គ្នា​ដែរ៕

នៅមុននេះបន្តិច គេស្ទើរតែបំភ្លេចគ្រូបង្រៀនចោល

នៅមុននេះបន្តិច គេស្ទើរតែបំភ្លេចគ្រូបង្រៀនចោល

អត្ថបទ៖ តន វិបុល



ប្រទេសជាតិមួយរីកចម្រើនទៅបានដោយពឹងផ្អែកទៅលើកត្តាធនធានមនុស្សជាចម្បង។ ជាទូទៅ ​ធនធាន​មនុស្ស​ច្បាស់​ជា​កើត​ចេញ​ពី​ការ​អប់រំ​ដែល​មាន​គ្រូ ​ជា​អ្នក​ចាំ​ជួយ​ណែ​នាំ ​និង​ជួយ​បណ្តុះ​បណ្តាល​តាម​រយៈការ​ផ្ទេរ​ចំណេះ​ដឹង​ត្រឹម​ត្រូវ ​និងច្បាស់លាស់។ ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ចុះ ​បើតាម​ការ​កត់​សម្គាល់ ​ខណៈទិដ្ឋភាព​ការងារ​ជា​គ្រូបង្រៀន​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក ត្រូវ​​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្លា​បំផុត​នោះ ​ក៏មានដែរ​ប្រទេស​មួយ​ចំនួន​ទៀត​បែរ​ទទួល​ប៉ះពាល់​ ឬក៏​ថយចុះនូវតម្លៃ​ទៅ​វិញ។​ ថយចុះ ​ក៏ព្រោះ​តែ​ប្រជាពល​រដ្ឋ​ខ្លួន​ឯង​មិន​ឱ្យត​ម្លៃ​ផង​ និង​ទំនង​ជាត្រូវបានគេមើល​រំលង​ពី​គុណតម្លៃ​ការងារ​ជា​គ្រូបង្រៀន​ផង​ក៏​អាច​ថា​បាន។​
មុន​នេះ​បន្តិច​ នៅ​កម្ពុជា​ក៏​មាន​ការ​មើល​ស្រាល​ទៅ​លើ​​​ការ​ងារ​ជា​គ្រូបង្រៀន​ខ្លះៗ​ដែរ​។ ​ការងារជាគ្រូបង្រៀនត្រូវបាន​គេ​មិន​សូវ​ឱ្យ​តម្លៃ ​ទំនង​ដោយ​សារ​តែ​គេ​ឈរ​លើ​ទស្សនៈ​មួយ​ថា ​“សិស្ស​រៀន​ពូកែ​មក​ពី​ពូជពង្ស​ បើ​​សិស្ស​ល្ងង់​មក​ពី​គ្រូ​​បង្រៀន​មិន​កើត”។​ មិន​មែន​ត្រឹម​តែប៉ុ​ណ្ណោះ គេថែម​ទាំង​ហ៊ាន​មើល​ងាយ​ទៅ​លើ​ការងារ​ជា​គ្រូបង្រៀន​ដោយ​មិន​សំចៃ​មាត់​ថា ​“គ្រូ​បង្រៀន​សម័យ​នេះ ​កុំថា​ឡើយ​ចិញ្ចឹម​គ្រួសារ សូម្បី​តែ​ខ្លួន​ឯង​​ចិញ្ចឹម​ខ្លួន​រស់​ផង”។ ​ការណ៍នេះ ​គឺជាសក្ខីភាព​មួយ​ដែល​​គេ​ស្ទើរ​តែ​មិន​អាច​ប្រកែក​បាន​ចំពោះ​ការងារ​ជា​គ្រូ​បង្រៀន​ក្នុង​ដំណាក់​កាល​ថ្មីៗ​កន្លង​មក​នេះ ដែ​ល​ខុស​ពី​គ្រូ​សម័យ​ជំនាន់​ដើម។​ បន្ទាប់ពី​គុណ​តម្លៃ​របស់​គ្រូ​បង្រៀន​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារ​តែ​ជីវភាព​ខ្សត់​ខ្សោយ​របស់​ពួកគាត់​ មុខ​របរ​ជា​គ្រូ​បង្រៀន​ដែល​ធ្លាប់​តែ​ជា​ជម្រើស​ទី១ ​និង​ជា​ទី​កោត​ស្ញប់ស្ញែង​របស់​មនុស្ស​ទូទៅ ​ក៏បាន​ក្លាយ​ជា​ជម្រើស​បន្ទាប់​បន្សំ​ ឬជា​ជម្រើស​ចុង​ក្រោយ​បំផុត​សម្រាប់​អ្នក​សិក្សា។​ ក្នុង​ចំណោម​សិស្ស​ពូកែ ​ឬសិស្ស​ដែល​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ខ្ពស់​ ពួក​គេ​ច្បាស់​ណាស់​មុខ​តែ​ជ្រើស​រើស​មុខវិជ្ជា​ផ្សេង​ក្រៅ​ពី​ធ្វើ​គ្រូ។​ ស្ថានភាព​នេះ​អាច​ឱ្យ​គេ​ស្រមៃ​ឃើញ​បាន​យ៉ាង​ងាយ​អំពី​គុណភាព​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា។​
ដ្បិតថា គ្រូបង្រៀនស្ទើរតែរអិលខ្លួនធ្លាក់ជ្រោះបន្តិចក៏ពិតមែន ក៏មិនមែនមានន័យថា គ្រូត្រូវបាន​គេ​ទុក​ចោល ​ឬក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​នោះ​ដែរ។​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​អប់រំ​ជា​សេនាធិការ​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​គិត​គូចំ​ពោះ​ជីវភាព​គ្រូ​បង្រៀន​ ដោយ​បាន​ផ្ដល់​តម្លៃ​ និង​បាន​ដំឡើង​ប្រាក់​ខែ​ជាដើម។​ ទោះ​ដំណាក់​កាល​នេះ ​គ្រូធ្លាក់​តម្លៃ​ដោយសារ​តែ​ជីវភាព​បន្តិច​ក៏​ពិត​មែន​ តែបើ​គេ​ពិចារណា​ឱ្យ​មែន​ទែន​ទៅ ​តម្លៃ​និង​គុណ​បំណាច់​របស់​គ្រូ​នៅ​តែ​ដិត​ដាម​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ​ព្រោះ​សិស្ស​នៅ​តែ​ត្រូវ​ការ​គ្រូ ​ឬអាច​និយាយ​តាម​ន័យ​ងាយ​យល់​ថា ​គ្រូ​គឺជា​គម្រូ ​ជាអ្នក​មាន​គុណ ​ជា​ឪពុក​ម្តាយ​ទី២ ​និង​ជា​មនុស្ស​គួរ​គោរពពី​អ្នក​ផង​ទាំង​ពួង។​ គុណសម្បត្តិ​ដ៏លើស​លប់​របស់​គ្រូ​នៅ​តែ​មាន​តម្លៃ​ជានិច្ច​ចំពោះ​សិស្ស​គ្រប់​រូប​។​ ជាក់​ស្តែង ​ក្នុង​សង្គម​ខ្មែរ ​ជាទូទៅ​គេ​បាន​ហៅ​មនុស្ស​ដែល​ជា​អ្នក​ចេះដឹង​ថា “លោកគ្រូ​ ឬ ​អ្នកគ្រូ” ​បើទោះបី​ជា​អ្នក​នោះ​មិន​ប្រកប​របរ​ជា​គ្រូ​បង្រៀន​ក៏​ដោយ។ ​ពាក្យ​ថា ​“លោកគ្រូ ឬ អ្នកគ្រូ” គឺ​ជា​តំណាង​នៃ​ការ​គោរព​ និង​ផ្តល់​តម្លៃ​ដល់​មនុស្ស​ក្នុង​សង្គម។​ ដូច្នេះ ពាក្យ​ថាគ្រូ​មួយ​ម៉ាត់​នេះ ​គឺ​មាន​តម្លៃ​វិសេស​វិសាល​ណាស់៕

គ្រូបង្រៀនគួរជាមនុស្សបែបណា?

គ្រូបង្រៀនគួរជាមនុស្សបែបណា?



អត្ថបទ៖ តន វិបុល

ខណៈ​ដែល​សីលធម៌​គ្រូ​បង្រៀន​សម័យ​ទំនើប​នៅ​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មាន​គ្រូ​បង្រៀន​មួយ​ចំនួន​តូច​ពុំ​ទាន់​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ឱ្យ​សក្ដិ​សម​ជា​គ្រូ​បង្រៀន​គេ​សោះ​។​ ទោះ​ដឹង​ហើយ​ថា​ ​បច្ចុប្បន្ន ប្រាក់​ខែ​គ្រូ​បង្រៀន​​ឡើង​ខ្ពស់​យ៉ាង​ណា​ក្តី​ ក៏​មិន​អាច​កែ​ប្រែ​សីលធម៌​គ្រូ​បង្រៀន​មួយ​ចំនួន​បាន​​នោះ​ឡើយ ព្រោះ​ថា​ប្រាក់​ខែ​ច្រើន​មិន​អាច​ទិញ​សីលធម៌​គ្រូ​បង្រៀន​បាន​នោះ​ដែរ​។

ទាក់​ទិន​នឹង​បញ្ហា​នេះ ​លោក​ស្រី​ ឌូ​ ម៉ារីណែត​ គ្រូ​បង្រៀន​កម្រិត​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ នៃ​សាលា​រៀន​ អន្តរ​ទ្វីប​ ​អាមេរិកាំង​ និង​ជា​សាស្រ្តា​ចារ្យ​បណ្តុះ​បណ្តាល​គរុ​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​សង្កេត​ឃើញ​ថា​ អំពើ​នៃ​ការ​ប្រព្រឹត្ត​កំហុស​ឆ្គង​របស់​គ្រូ​បង្រៀន​សម័យ​ទំនើប​នេះ​ មាន​មិន​ច្រើន​ដូច​កាល​ពី​១០​ឆ្នាំ​មុន​នោះ​ទេ​។​ ដោយ​សារ​តែ​ ជា​សាស្រ្តាចារ្យ​​បណ្តុះ​បណ្តាល​គរុ​សិស្ស​ស្រាប់​ លោក​ស្រី​ ឌូ​ ម៉ារីណែត​ បាន​បញ្ជាក់​ថា​ គ្រូ​បង្រៀន​ល្អ​ ជា​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ​ជា​អ្នក​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ ហើយ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្ស​គោរព​តាម​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន ​នោះ​អាច​ទុក​ថា​ ជា​គ្រូ​បង្រៀន​ល្អ​បាន​ហើយ​។​​
គួរ​ជម្រាប​ជូន​ថា ​ពាក្យ​ថា​ “គ្រូ” ​មួយ​ម៉ាត់​ គឺ​ជា​អ្នក​មាន​ចិត្ត​ធ្ងន់​,​ អ្នក​គួរ​គេ​គោរព​ និង​ជា​អ្នក​បង្ហាត់​បង្រៀន​ចំណេះវិជ្ជា​សិល្ប​សាស្រ្ត​ផ្សេងៗ​​​ដល់​សិស្ស​ ហើយ​គ្រូ​បង្រៀន​គេ​​ហ៊ាន​ចាត់​ទុក​ជា​ព្រលឹង​និង​ជា​វិស្វករ​របស់​ជាតិ​ទៀត​ផង​។​ គ្រូ​ង្រៀន​មាន​ភារ​កិច្ច​ធំ​បំផុត​ក្នុង​ការ​បណ្តុះ​ធន​ធាន​មនុស្ស​ តាម​រយៈ​ការ​ផ្ទេរ​ចំណេះដឹង​ត្រឹម​ត្រូវ​ ​និង​ច្បាស់​លាស់​ទៅ​ដល់​សិស្ស​។​
បើ​តាម​លោក​ ​សោម​ ចាន់​ណា​ ចាង​ហ្វាង​រង​មធ្យម​សិក្សា​ទិតិយ​ភូមិ​ សាខា​ទួល​គោក​ បាន​លើក​ឡើង​ថា​ គ្រូ​បង្រៀន​ល្អ​ គឺ​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​ចិត្ត​សាស្រ្ត​ ផ្នែក​គរុ​កោសល្យ​ និង​ជំនាញ​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​បំផុត​។​ ចាង​ហ្វាង​រង​មធ្យម​សិក្សា​ទុតិយ​ភូមិ​រូប​នេះ​ ​បាន​លើក​យក​បុគ្គល​ជា​គ្រូ​បង្រៀន​នៃ​សាលា​រៀន​ ​អន្តរ​ទ្វីប​ ​អាមេរិកាំង​ មក​ធ្វើ​ជា​ឧទាហរណ៍​ ដោយ​លោក​បាន​អះអាង​ថា​ ​គ្រូ​បង្រៀន​នៃ​សាលា​រៀន​ អន្តរ​ទ្វីប​ អាមេរិកាំង​ សុទ្ធ​តែ​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ដែល​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ផ្នែក​ចិត្ត​សាស្រ្ត​ ព្រម​ទាំង​​ផ្នែក​គរុ​កោសល្​យ និង​ជំនាញ​យ៉ាង​ច្បាស់​លាស់​។​
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ​គ្រូ​បង្រៀន​ល្អ​មិន​គួរ​ដាក់​ទារណ្ឌកម្ម​និង​ប្រើ​អំពើ​ហិង្សា​គ្រប់​រូប​ភាព​ណា​មួយ​ ចំពោះ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​កូន​សិស្ស​ ដែល​​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​សិក្សា​នោះ​ឡើយ​ ​តែ​គ្រូ​បង្រៀន​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នូវ​មនសិការ​វិជ្ជា​ជីវៈ​ ព្រម​ទាំង​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ ​និង​គិត​ដល់​ប្រណិតធាន​នៃ​ពាក្យ​សម្តី​របស់​ខ្លួន​ចំពោះ​អ្នក​សិក្សា​ ក៏​ដូច​ជា​សាធារណជន​ជា​និច្ច​។ បន្ថែម​លើស​ពី​នេះ​ គ្រូ​បង្រៀន​មិន​ត្រូវ​រៃ​អង្គាស​ប្រាក់​កាស​ ឬ​មួយ​រក​ប្រាក់​ក្រៅ​ផ្លូវ​ការ​ណា​មួយ​ ឬ​ក៏​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ថ្នាក់​សាលា​នោះ​ឡើយ​។​ នេះ​បើ​តាម​អ្នក​ជំនាញ​ខាង​ផ្នែក​អប់រំ​គរុ​កោសល្យ​៕​

គួរចាប់ផ្តើមអាជីវកម្មបែបណាទើបមានឥទ្ធិពលលើទីផ្សារ?

គួរចាប់ផ្តើមអាជីវកម្មបែបណាទើបមានឥទ្ធិពលលើទីផ្សារ?


អត្ថបទ៖ តន វិបុល

ក្នុងនាមជាអ្នកគ្រប់គ្រងអាជីវកម្មឆ្នើមមួយរូបរបស់កម្ពុជា ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនម៉េងលី ជេ. គួច គ្រុប ធ្លាប់មានប្រសាសន៍ថា ការបង្កើតក្រុមហ៊ុនគឺជារឿងមួយលំបាក ​ឯការ​រក្សា​ស្ថិរភាព​ក្រុមហ៊ុន​ឱ្យមាន​ចីរភាព​ជា​រឿង​មួយ​កាន់​តែ​លំបាក​ទៅ​ទៀត។​ អ្នកប្រកប​អាជីវកម្ម​ដែល​អាច​ឈរ​ជើង​បាន​យូរអង្វែង​ និង​បន្ត​ការ​រីក​ចម្រើន​ធំ​ធាត់​ទៅ​មុខ​បាន​នោះ ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ​ហើយ​វា​កាន់​តែ​ពិបាក​សម្រាប់​សហគ្រិន​ទើប​តែ​ប្រលូក​ក្នុង​វិស័យ​ជំនួញ​ដែល​ពុំសូវ​មាន​ចំណេះដឹង​ និង​ពិសោធ​ជាដើម ​តែ​ក៏ពុំអាចសន្និដ្ឋានថា ពួកគេមិនអាចធ្វើអាជីវកម្មបាននោះដែរ​។ ធុរជន​ឆ្នើម​រូប​នេះ​បន្ត​ផ្តល់​អនុសាសន៍​ថា ​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​មាន​ឥទ្ធិពល​លើ​ទីផ្សារ​ ឈរ​ជើង​បាន​យូរ ​និង​បន្ត​ការ​រីក​ចម្រើន​ គួរសិក្សាទៅលើកត្តា​សំខាន់ៗ​យ៉ាង​ហោច​ណាស់​៧​ចំណុច​ដែរ។​
ការចាប់​ផ្តើមអាជីវកម្មនីមួយៗមិនមែនកើតឡើងដោយចៃដន្យនោះទេ ភាគ​ច្រើន​ការ​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​ចាប់​ផ្តើម​ជាមួយ​នឹង​ផែន​ការ​ច្បាស់​លាស់ ​ទើប​ទទួល​បាន​លទ្ធិ​ផល​ជោគជ័យ​។ ​ដើម្បី​ឱ្យ​អាជីវកម្ម​មួយ​ជោគ​ជ័យ​ទៅបាន​ អ្នក​ត្រូវ​តែ​មាន​គម្រោង​ច្បាស់​លាស់​ និងលម្អិតបំផុត​ ព្រោះ​ថា​ការ​ធ្វើ​អាជីវកម្ម​ គឺ​ត្រូវ​តែ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​បំផុត​ទៅ​លើ​តាំង​ធ្វើ​អាជីវ​កម្ម​ល្អ​ ជំនាញ ​(ជំនាញរឹង១៥% ជំនាញទន់៨៥%) ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​និង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ត្រឹមត្រូវ​ ទំនាក់​ទំនង​សាធារណៈ​(អតិថិជនគោលដៅ) តម្រូវ​ការ​ ដៃ​គូ​ប្រកួត​ប្រជែង ​និង​ស្ថិរភាព​នយោបាយ​ជាដើម។​ អ្នក​ចាប់​ផ្តើម​អាជីវកម្ម​គួរ​សម្លឹង​មើល​អាជីវកម្ម​ណា​ដែល​ថ្មី​ហើយ​ប្លែក​ តែ​មិន​គួរ​សម្លឹង​មើល​ប្រភេទ​អាជីវកម្ម​ដែល​គេ​កំពុង​ជោគ​ជ័យ​ភ្លូកទឹក​ភ្លូកដី​រួច​ហើយ​នោះទេ។​
អ្វី​ដែលអ្នកប្រកបអាជីវកម្មត្រូវធ្វើដំបូងដោយមិនអាចនៅស្ងៀមមួយកន្លែងបាននោះ គឺត្រូវសិក្សាទីតាំងនិង​តម្រូការ​ទីផ្សារ​។​ និយាយ​ពី​សេវាកម្ម​ដែល​យើង​ផ្គត់​ផ្គង់​មាន​តម្រូវ​ការ​ប៉ុនណា? ប្រសិនជាសិក្សាទៅឃើញថា ទីផ្សារកំពុងតែមានតម្រូវការ​ខ្ពស់​ នោះជា​ឱកាស​ដែល​អ្នក​គួរ​តែ​បើក​ព្រម​ទាំង​អាច​ពង្រីក​ការ​ផ្គត់​ផ្គង់​បាន​បន្ថែម​ទៀត។ ​ទន្ទឹម​នឹង​នោះ ​អ្នក​ក៏​មិន​គួរ​ភ្លេច​ដោយ​មើល​រំលង​ពី​ការ​រក្សា​គុណភាព​នោះដែ​រ ​ព្រោះ​ថាការ​រក្សា​គុណភាព ជា​កត្តា​ចាំបាច់​បំផុត​ដែលអ្នកត្រូវតែយកចិត្តទុកដាក់ធ្វើឱ្យបានល្អ។​ ការ​ធ្វើយ៉ាង​នេះគឺ​ដើម្បី​ពង្រឹង​ក្រុមហ៊ុន​ឱ្យ​រឹតតែ​រឹង​មាំ។ ចំណែក​​ទីតាំង​ក៏ជា​កត្តាសំខាន់​ខ្លាំង​មួយ​ដែរ​ ម្ចាស់អាជីវកម្ម​ត្រូវ​សិក្សា​ពីតំបន់​ដែល​ខ្លួន​ផ្តល់​សេវាកម្ម​នោះ​អាច​មាន​កំណើន​តម្រូវ​ការ​របស់​អតិថិជន​ច្រើន​ទេ។ ​ការ​​សិក្សា​រក​ទីតាំង​ថ្មី​ដើម្បី​ពង្រីក​វិសាល​ភាព​អាជីវកម្ម​របស់​ខ្លួន​ ទៅតាមទីផ្សារដែលកំពុងតែខ្វះខាតគឺជារឿង​ល្អ។​ ក៏ប៉ុន្តែ ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​ដឹង​​ដែរ​​ថា​ តើ​ការ​សិក្សា​ទីតាំង​នោះ​ផ្តោត​សំខាន់​ទៅ​លើ​បរិមាណ​ឬ​មួយ​គុណភាព?​ ប្រសិន​បើ​ជា​បរិមាណ​គួរ​តែ​ជ្រើស​រើស​ទីតាំង​ណា​ដែល​មិន​សូវ​មាន​ថាម​ពល​ចំណាយ ​តែ​ស្រូប​អត្ថប្រយោជន៍​បាន​ច្រើន។​
ចំណុច​សំខាន់​មួយ​ទៀត ​គឺ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​។ ​មុន​នឹង​ធ្វើ​អាជីវ​កម្ម​ តើ​ហិរញ្ញ​វត្ថុ​មាន​គ្រប់​គ្រាន់​ហើយ​ឬនៅ​ ​សម្រាប់​ការ​ទប់​ទល់​ទៅ​នឹង​ហានិភ័យ​​និង​​ការពង្រីក​វិសាល​ភាព​អាជីវកម្ម​របស់​ខ្លួន?​ ប្រសិនបើ​មិនទាន់មានគ្រប់គ្រាន់ទេ ម្ចាស់អាជីវកម្មត្រូវមានសិល្បៈទំនាក់ទំនង​ល្អ ​ដើម្បី​កៀរ​គរ​ហិរញ្ញវត្ថុ​បន្ថែម​ក្នុង​ការ​ពង្រីក​សក្តានុពល​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែរីក​ធំធាត់​ឡើង។ ​
ទន្ទឹមនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្សក៏ជារឿងមិនអាចខ្វះបានដែរ ព្រោះអាជីវកម្មអាចដួល​រលំ​ឬជោ​គជ័យ​ គឺអាស្រ័យ​លើ​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​នេះ​ហើយ។ ​ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​ឱ្យ​តម្លៃ​លើ​បុគ្គលិក​ខ្លាំង ​សហគ្រិន​ទាំង​នោះពុំ​ដែល​ចាត់​ទុក​បុគ្គលិក​ជា​ខ្ញុំ​បម្រើ​នោះ​ឡើយ។​ អ្នក​ផ្តល់​តម្លៃដល់​បុគ្គលិក​ត្រឹម​ជា​ខ្ញុំ​បម្រើ​មិន​ខ្វល់​ មិន​គិត​គូរ​ពីប្រាក់​បៀ​វត្ស​សមរម្យ​ ឬក៏​ដេញ​ចេញ​ពេល​ណា​ក៏​បាន ​នោះ​អាជីវកម្ម​របស់​អ្នក​នឹង​មិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ឡើយ។​ ផ្ទុយ​​ទៅវិញ ​បើ​អ្នក​ចាត់​ទុក​បុគ្គលិក​ជា​ក​វែក​កឆ្នាំង​ ជាអ្នក​ជំនួញ ​និង​ផ្តល់​ចំណេះដឹង​ការ​ងារ​ដល់​ពួកគេ ​នោះ​ពួកគេ​នឹង​ខិត​ខំ​ធ្វើ​កា​រ​អស់​ពីស​មត្ថភាព​ដែល​ខ្លួន​មាន​យ៉ាង​ប្រាកដ។​ លើស​ពី​នេះ​ទៅ​ទៀត ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ជ្រើស​រើស​បុគ្គលិក​ណា​ដែល​មាន​ចំណេះដឹង​ មាន​ជំនាញ ​និង​មាន​ក្រម​សីលធម៌​ខ្ពស់ ​ដោយចៀស​វាង​ការ​ជ្រើស​រើស​បុគ្គលិក​តាម​រយៈបក្ស​ពួក​និយម។​ ការ​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ជូន​ដល់​បុគ្គលិក ក៏ជាកត្តាសំខាន់ផងដែរ។ ការផ្តល់​អត្ថប្រយោជន៍​បន្ថែម​គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដែល​ពួកគេ​ខិត​ខំ​ប្រឹង​ប្រែង​ ក្រុមហ៊ុនក៏លូតលាស់ទៅតាមនោះដែរ។
ក្រៅពីចំណុចខាងលើនេះ លោក គួច ម៉េងលី ក៏បានសង្កត់ធ្ងន់ទៅលើការជម្នះបញ្ហាដោយមានដំណោះស្រាយ​ល្អ។​ ការ​ចាប់​ផ្តើម​អាជីវ​កម្មដំបូង​ ម្ចាស់​អាជីវ​កម្ម​ជោគជ័យ​តែង​តែ​ជួប​បញ្ហា​ប្រឈម​ស្ទើរ​មួយ​រយ​ជំពូក​ ប៉ុន្តែ​សហគ្រិន​ទាំង​នោះមិន​បាន​រត់​គេច​ពីបញ្ហា​ ឬក៏​មិន​ដោះស្រាយ​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ ​ពួកគេ​បែរ​ជា​ជម្នះ​បញ្ហាដោយស្វែងរកវិធីដោះស្រាយបញ្ហារហូត​ជោគ​ជ័យ​ ហើយ​បញ្ហា​ដែល​ដោះស្រាយ​ជា​ប្រចាំ​នោះ ​វា​នឹង​វិវត្តខ្លួន​ទៅ​ជា​ទម្លាប់​ ឬក៏​ជា​សិល្បៈ​ដោះស្រាយ​បញ្ហា​របស់​សហគ្រិន​ជោគ​ជ័យ​ទាំង​នោះ។ ​សូម​មើល​បញ្ហា​ឱ្យ​ឃើញ​ជា​បញ្ហា ​បើ​សិន​លោក​អ្នក​មិន​មើល​ឃើញ​បញ្ហា​ជា​បញ្ហាទេ នោះអ្នកនឹងមានបញ្ហាជាមិនខាន។
ចំណុចចុងក្រោយ បន្ទាប់ពីអាជីវកម្មដំណើរការទៅមុខដោយរលូន​ហើយ ​គឺជាពេល​វេលាពិសេស​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត​គូ​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​ប្រកួត​ប្រជែង​ធំៗ។​ ដោយ​ចង​ផលិតកម្ម ​មិនថាផលិតកម្មនោះជាសេវាកម្មឬផលិតផលនោះទេ ​គឺត្រូវ​ចង​ជា​ប្រព័ន្ធ​ដើម្បី​ការពារ​ហានិភ័យ​ដោយ​ជួយ​ជ្រោម​ជ្រែង​គ្នា​ក្នុង​ការ​រក្សា​លំនឹង និងបញ្ចេញឥទ្ធិពលទៅលើទីផ្សារ។ តែទោះជាយ៉ាងណាក៏​ដោយ ​បើចង់​ក្លាយ​ជា​សហគ្រិន ដែល​លះប​ង់ធ្វើ​ទាំង​គ្មាន​ជំនាញ​និង​គ្មាន​ភាព​ច្បាស់​លាស់ ​នោះមិន​អាច​ដើរ​ដល់​គោល​ដៅ​បាន​ឡើយ។​ ដូច្នេះ​ដើម្បី​ហែល​ឆ្លង​ដល់​ត្រើយ​ និង​ក្លាយជាសហគ្រិន​មួយ​រូប​នោះ អ្នកចាំបាច់ត្រូវតែខិតខំរៀនសូត្រឱ្យបានច្បាស់លាស់ ​ហើយចាប់​ជំនាញ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ធ្វើ​ការងារ​ដើម្បី​ឆក់​យក​បទពិសោធ​ឱ្យ​បាន​ឆ្អិន​ឆ្អៅ​សិន ​សឹម​ឈោង​ចាប់​ក្ដី​សុបិន​ជា​សហគ្រិន​ នោះ​នឹង​បាន​ជោគជ័យ៕​