អត្ថបទ៖ តន វិបុល
បណ្តាញកសិករឆ្នើមរបស់អង្គការសេដាកនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតេកែវ លោក រស់ ម៉ៅ បានចែករំលែកបទពិសោធធ្វើមេជីទឹកប្រើប្រាស់លើដំណាំស្លឹកនិងដាំណាំស្រូវដល់សិស្ស AIS ប្រមាណជាង៣រយនាក់ ក្នុងឱកាសដែលពួកគេចុះទៅសិក្សាឈ្វេងយល់ពីពីបច្ចេកទេសចិញ្ចឹមសត្វ និងរបៀបដាំ ព្រមទាំងបច្ចេកទេសថែទាំនៅកសិដ្ឋានចិញ្ចឹមសត្វ និងចម្ការបន្លែរបស់លោក កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅថ្មីៗនេះ។

ក្រោយនាំសិស្សដើរមើលប្រភេទដំណាំបន្លែចម្រុះដុះចេញពីដីក្នុងឡាំងស្នោ ដបទឹកក្រូច និងស្បោងចាស់ៗប្រមាណជាង៣០ប្រភេទ ដែលដាក់ដាំតម្រៀបជួរព័ទ្ធជុំវិញស្រះទឹកតូចៗជាច្រើន ស្ថិតនៅក្នុងបរិវេណគេហដ្ឋានរបស់លោក កសិករឆ្នើមរូបនេះបានចែករំលែកពីវិធីធ្វើមេជីទឹកងាយៗដល់សិស្សានុសិស្សថា ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីក្នុងវិស័យកសិកម្មយើងគួរតែនាំគ្នារៀនពីវិធីផ្សំមេជីធម្មជាតិ ដើម្បីប្រើប្រាស់លើដំណាំផ្សេងៗ។
ថ្វីដ្បិតតែ វិធីផលិតមេជីធម្មជាតិមានច្រើនប្រភេទ តែលោកពូម៉ៅបានយកវិធីធ្វើមេជីទឹកមួយមុខមកបង្ហាញដល់សិស្ស។ មេជីទឹក គឺជាជីកំប៉ុសទឹកដែលគេយកស្លឹកឈើមកផ្សំជាជីសម្រាប់បំប៉នដំណាំបន្លែយកស្លឹកនិងបំប៉នផ្លែស្រូវ ដែលផលិតឡើងដោយស្លឹកទន្ទ្រានខេត្ត ស្ករត្នោត និងទឹកធម្មតាប៉ុណ្ណោះ។ ពេលផលិតគួរត្រៀមពាង ខាប់ ធុង ដែលមានចំណុះ៥០លីត្រឡើងទៅ។
វិធីធ្វើមេជីទឹកបំប៉នដំណាំស្លឹក និងបំប៉នផ្លែស្រូវ គេប្រើស្លឹកទន្ទ្រានខេត្តខ្ចីៗចំនួន៥គីឡូក្រាម គឺបូតយកតែស្លឹក យកទៅចិញ្ច្រាំឱ្យហ្មត់ ហើយហាលថ្ងៃឱ្យស្រពាប់ទុកមួយអន្លើសិន។ បន្ទាប់មកចាំយកស្ករត្នោតខ្មៅចង់ខូចៗ យកទៅលាយជាមួយនឹងទឹកធម្មតា២លីត្រ ហើយកូរឱ្យសព្វចូលគ្នា។ មួយសន្ទុះក្រោយមកត្រូវយកស្លឹកទន្ទ្រានខេត្តដែលចិញ្ច្រាំរួចនោះទៅលាយជាមួយទឹកស្ករត្នោតឱ្យសព្វដែរ។ ពេលលាយជាល្បាយសព្វហើយយកទឹកល្បាយនោះចាក់ក្នុងខាប់ ពាង ឬធុង ដែលបានដាក់ត្រៀម និងមានគម្របត្រឹមត្រូវ ដើម្បីត្រាំទឹកល្បាយនោះហើយត្រូវយកទៅទុកក្រោមម្លប់ ដោយរក្សាកម្ដៅទឹកល្បាយក្នុងខាប់ ពាង ឬធុងនោះក្នុងសីតុណ្ហភាពចន្លោះពី២៥ទៅ ៣០អង្សាសេ។
កសិករឆ្នើមរូបនេះ បន្តថា បន្ទាប់ពីគ្របទុកនិងរក្សាល្បាយក្រោមម្លប់ក្នុងសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣០អង្សាសេ ត្រូវទុករយៈពេលចំនួនមួយសប្តាហ៍ល្បាយនោះនឹងកាច់ចូលគ្នា។ នៅពេលកាច់គ្នា វានឹងឡើងកម្ដៅខ្លាំងក្នុងពាង។ ដើម្បីបន្ថយកម្ដៅនៃល្បាយកំពុងកាច់នោះត្រូវតែបើកគម្របពាង ហើយកូរទឹកល្បាយនោះឱ្យបានក្នុងមួយសប្តាហ៍បីថ្ងៃ ដើម្បីឱ្យកម្ដៅភាយទៅលើបរិយាកាស។ ក្រោយល្បាយនោះបានត្រាំផ្អាប់ទុករយៈពេលមួយសប្តាហ៍ហើយ វានឹងប្រែធាតុ ឬគេនិយមហៅថា វាកាច់ទៅជាមេទឹកជីបំប៉នហើយ។ ពេលផ្សំបានជាមេជីទឹកហើយនោះ គឺមិនទាន់អាចយកទៅប្រើប្រាស់ភ្លាមៗបាននៅឡើយទេ គេត្រូវបំប្លែងវាទៅជាកំប៉ុសទឹកសិន បើចង់យកទៅប្រើស្រោចបន្លែ ឬដំណាំស្រូវ គេគ្រាន់តែថែមស្ករត្នោត១គីឡូក្រាម និងទឹកច្រើនលីត្រជាងមុន សម្រាប់មកលាយជាមួយមេជីទឹកដែលផលិតរួចនោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រើគេត្រូវប្រើមេទឹកជីកំប៉ុស១លីត្រលាយនឹងទឹកធម្មតា១០លីត្រទៅស្រោចលើដំណាំស្លឹកដូចជាស្ពៃ សាលាដ ខាត់ណា ខ្ទឹម ត្រកួនជាដើម។ ចំណែកការប្រើប្រាស់លើដំណាំស្រូវត្រូវលាយទឹកជីជាមួយនឹងទឹកធម្មតាដូចគ្នាដែរ៕

No comments:
Post a Comment