នៅមុននេះបន្តិច គេស្ទើរតែបំភ្លេចគ្រូបង្រៀនចោល
អត្ថបទ៖ តន វិបុល
ប្រទេសជាតិមួយរីកចម្រើនទៅបានដោយពឹងផ្អែកទៅលើកត្តាធនធានមនុស្សជាចម្បង។ ជាទូទៅ ធនធានមនុស្សច្បាស់ជាកើតចេញពីការអប់រំដែលមានគ្រូ ជាអ្នកចាំជួយណែនាំ និងជួយបណ្តុះបណ្តាលតាមរយៈការផ្ទេរចំណេះដឹងត្រឹមត្រូវ និងច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយចុះ បើតាមការកត់សម្គាល់ ខណៈទិដ្ឋភាពការងារជាគ្រូបង្រៀនតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ត្រូវបានយកចិត្តទុកដាក់ខ្លាំងក្លាបំផុតនោះ ក៏មានដែរប្រទេសមួយចំនួនទៀតបែរទទួលប៉ះពាល់ ឬក៏ថយចុះនូវតម្លៃទៅវិញ។ ថយចុះ ក៏ព្រោះតែប្រជាពលរដ្ឋខ្លួនឯងមិនឱ្យតម្លៃផង និងទំនងជាត្រូវបានគេមើលរំលងពីគុណតម្លៃការងារជាគ្រូបង្រៀនផងក៏អាចថាបាន។
មុននេះបន្តិច នៅកម្ពុជាក៏មានការមើលស្រាលទៅលើការងារជាគ្រូបង្រៀនខ្លះៗដែរ។ ការងារជាគ្រូបង្រៀនត្រូវបានគេមិនសូវឱ្យតម្លៃ ទំនងដោយសារតែគេឈរលើទស្សនៈមួយថា “សិស្សរៀនពូកែមកពីពូជពង្ស បើសិស្សល្ងង់មកពីគ្រូបង្រៀនមិនកើត”។ មិនមែនត្រឹមតែប៉ុណ្ណោះ គេថែមទាំងហ៊ានមើលងាយទៅលើការងារជាគ្រូបង្រៀនដោយមិនសំចៃមាត់ថា “គ្រូបង្រៀនសម័យនេះ កុំថាឡើយចិញ្ចឹមគ្រួសារ សូម្បីតែខ្លួនឯងចិញ្ចឹមខ្លួនរស់ផង”។ ការណ៍នេះ គឺជាសក្ខីភាពមួយដែលគេស្ទើរតែមិនអាចប្រកែកបានចំពោះការងារជាគ្រូបង្រៀនក្នុងដំណាក់កាលថ្មីៗកន្លងមកនេះ ដែលខុសពីគ្រូសម័យជំនាន់ដើម។ បន្ទាប់ពីគុណតម្លៃរបស់គ្រូបង្រៀនទទួលរងការប៉ះពាល់ដោយសារតែជីវភាពខ្សត់ខ្សោយរបស់ពួកគាត់ មុខរបរជាគ្រូបង្រៀនដែលធ្លាប់តែជាជម្រើសទី១ និងជាទីកោតស្ញប់ស្ញែងរបស់មនុស្សទូទៅ ក៏បានក្លាយជាជម្រើសបន្ទាប់បន្សំ ឬជាជម្រើសចុងក្រោយបំផុតសម្រាប់អ្នកសិក្សា។ ក្នុងចំណោមសិស្សពូកែ ឬសិស្សដែលមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ខ្ពស់ ពួកគេច្បាស់ណាស់មុខតែជ្រើសរើសមុខវិជ្ជាផ្សេងក្រៅពីធ្វើគ្រូ។ ស្ថានភាពនេះអាចឱ្យគេស្រមៃឃើញបានយ៉ាងងាយអំពីគុណភាពនៃវិស័យអប់រំនៅកម្ពុជា។
ដ្បិតថា គ្រូបង្រៀនស្ទើរតែរអិលខ្លួនធ្លាក់ជ្រោះបន្តិចក៏ពិតមែន ក៏មិនមែនមានន័យថា គ្រូត្រូវបានគេទុកចោល ឬក៏មិនបានយកចិត្តទុកដាក់ទាំងស្រុងនោះដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំជាសេនាធិការបានខិតខំយកចិត្តទុកដាក់គិតគូចំពោះជីវភាពគ្រូបង្រៀន ដោយបានផ្ដល់តម្លៃ និងបានដំឡើងប្រាក់ខែជាដើម។ ទោះដំណាក់កាលនេះ គ្រូធ្លាក់តម្លៃដោយសារតែជីវភាពបន្តិចក៏ពិតមែន តែបើគេពិចារណាឱ្យមែនទែនទៅ តម្លៃនិងគុណបំណាច់របស់គ្រូនៅតែដិតដាមជាប់ក្នុងផ្នត់គំនិតរបស់ខ្មែរពីជំនាន់មួយទៅជំនាន់មួយ ព្រោះសិស្សនៅតែត្រូវការគ្រូ ឬអាចនិយាយតាមន័យងាយយល់ថា គ្រូគឺជាគម្រូ ជាអ្នកមានគុណ ជាឪពុកម្តាយទី២ និងជាមនុស្សគួរគោរពពីអ្នកផងទាំងពួង។ គុណសម្បត្តិដ៏លើសលប់របស់គ្រូនៅតែមានតម្លៃជានិច្ចចំពោះសិស្សគ្រប់រូប។ ជាក់ស្តែង ក្នុងសង្គមខ្មែរ ជាទូទៅគេបានហៅមនុស្សដែលជាអ្នកចេះដឹងថា “លោកគ្រូ ឬ អ្នកគ្រូ” បើទោះបីជាអ្នកនោះមិនប្រកបរបរជាគ្រូបង្រៀនក៏ដោយ។ ពាក្យថា “លោកគ្រូ ឬ អ្នកគ្រូ” គឺជាតំណាងនៃការគោរព និងផ្តល់តម្លៃដល់មនុស្សក្នុងសង្គម។ ដូច្នេះ ពាក្យថាគ្រូមួយម៉ាត់នេះ គឺមានតម្លៃវិសេសវិសាលណាស់៕
No comments:
Post a Comment