លក្ខណៈជាតិតាមរយៈស្នារដៃអក្សរសិល្ប៍
សេចក្តីផ្តើម
នៅក្នុងអក្សរសិល្ប៍ខ្មែរទាំងអស់សុទ្ធតែស្តែងឡើងនូវលក្ខណៈជាតិមិនថាអក្សរសិល្ប៍នោះទេ ហើយអក្សរសិល្ប៍ដែលមានលក្ខណៈជាតិគឺអក្សរសិល្ប៍ទាំងឡាយណាដែលទ្រទ្រងវប្បធម៌ សង្គមធម៌ របស់ជាតិទាំងមូល។ អក្សរសិល្ប៍ប្រភេទនេះមានតម្លៃពិសេសរបស់ជាតិមួយដែលមានលក្ខណៈខុសស្រឡះពីជាតិដទៃតាំងពីទំនៀមទម្លាប់ប្រពៃណី វប្បធម៌ សង្គម ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ បាតុភូតធម្មជាតិ ភាសា សាសនា ជំនឿ អាកាប្បកិរិយាជាដើម។ លក្ខណៈជាតិដែលស្តែងឡើងតាមរយៈនៃស្នារដៃអក្សរសិល្ប៍ គឺជាការរួមផ្តុំគ្រប់លក្ខណៈ ដោយឡែកទាំងឡាយណាដែលតំណាងឲ្យភាពរួមនៃនិម្មិតកម្មជាតិ ហើយនិងមានការបែងចែកដាច់ស្រឡះអំពីនិម្មិតកម្មអន្តរជាតិ។ អាស្រ័យហេតុដូចនេះក្រុមយើងខ្ញុំសូមលើកយករឿងនៅក្នុងស្នារដៃអក្សរសិល្ប៍ចំនួនបីមកសិក្សាឲ្យស៊ីជម្រៅអំពីលក្ខណៈជាតិ។ រឿងអក្សរសិល្ប៍ទាំងបីដែលខ្ញុំលើកយកមកសិក្សានោះគឺ រឿងផ្កាស្រពោន រឿងកុលាបបៃលិន និងរឿងសូផាត។
និយមន័យ
មុននិងសិក្សាឲ្យឃើញពីលក្ខណៈជាតិយើងសូមពន្យល់អំពីនិយមន័យមួយចំនួន
លក្ខណៈជាតិ > លក្ខណៈ + ជាតិ
លក្ខណៈ (ន.) (បា.) (សំ.) ជាគ្រឿងសម្គាល់ គ្រឿងចំណាំ
ជាតិ (ន.) (បា.) (សំ.) ជាកំណើត មនុស្សដែលមានសញ្ញាតិផ្សេងគ្នា។
ដូច្នេះលក្ខណៈជាតិ មានន័យថា គឺជាគ្រឿសម្រាប់សម្គាល់ប្រទេស មាតុភូមិ ។
តាមសាស្រ្តាចារ្យ ពៅ សាមី បានឲ្យនិយមន័យថា
ជាតិ គឺជាការរួមផ្តុំមនុស្សជាច្រើន ប្រកបដោយតុល្យភាពកើតឡើងនៅក្នុងប្រវត្តិសាស្រ្តដោយផ្អែកទៅលើមូលដ្ឋានរួមផ្តុំខាងភាសានិយាយ ខាងទឹកដី ខាងជីវភាព សេដ្ឋកិច្ច និងទម្រង់ចិត្តសាស្រ្តដែលសម្តែងចេញនៅក្នុងមនុស្សរួមគ្នាស្តីពីវប្បធម៌។
លក្ខណៈជាតិមានភាពងាយសម្គាល់បំផុតតាមពណ៌សម្បុរ “រូបជាតិនីមួយៗ” ដែលបានស្តែងចេញតាមរយៈភាសា ធម្មជាតិ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ជីវភាពរស់នៅ ...។ ពេលណាអ្នកអានស្នារដៃអក្សរសិល្ប៍ រឺស្នារដៃនិម្មិតកម្មជាតិណាមួយយើងរមែងដឹងថាហាក់បីដូចជាកំពុងរស់នៅក្នុងជីវភាពរបស់ជាតិគេនោះ ជាមួយលក្ខណៈពិសេសនៃពិភពដោយឡែកមួយ។
ឧទាហរណ៍ ទេសភាពធម្មជាតិ រុក្ខជាតិ ផ្កាផ្លែឈើ ម្រឹគីម្រឹគា បក្សីបក្សា មច្ឆា អាកាសធាតុ ទំនៀមទម្លាប់ប្រពៃណី ដីស្រែចម្ការ ... ដែលរៀបរាប់ពណ៌នាដោយកវីខ្មែរទាំងឡាយ តាមរយៈរឿង ផ្កាស្រពោន កុលាបប៉ៃលិន និងរឿងសូផាតសុទ្ធសឹងតែឆ្លុះបញ្ចាំងឲ្យឃើញច្បាស់លាស់អំពីលក្ខណៈជាតិដែលមានពិសេសនៅលើទឹកដីកម្ពុជា។
- លក្ខណៈជាតិស្តែងឡើងតាមរយៈរឿងផ្កាស្រពោន
- បង្ហាញតាមរយៈវប្បធម៌
ក. ការរៀបរាប់អំពីទេសភាពធម្មជាតិ
នៅក្នុងរឿងផ្កាស្រពោនត្រង់ភាគ១ ទំព័រ១ អ្នកនិពន្ធបានពណ៌នាអំពីទេសភាពធម្មជាតិដូចតទៅ៖
រទះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ....
បន្តិចក្រោយមកយាន្តនោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយបើសិនជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់ជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។
វាលស្រែ ! វាលស្រែ ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ សន្លឹម។
នៅក្នុងវាលស្រែសុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់លំហើយបកបោកបណ្តាលឲ្យកើតជារលកមកយោលដើមស្រូវខ្ចីពណ៌ប៉ៃតងស្រស់។
នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំត្រង់នេះបន្តិច ត្រង់នោះបន្តិច....
ពេលរសៀល! វេលាដែលព្រះសូរិយាកំពុងដុតចំហុយអស់ទាំងរុក្ខជាតិរៃកន្តឹងយំទម្លាក់សំលេងពីចុងស្រឡៅ ឬចុងឈើរទាលដែលខ្ពស់ត្រដែតក្នុងអាកាស...។(ភាគ៩ ទំព័រ៦៣)
ខែចែត្រ និងពិសាខ តាមផ្លូវពីក្រុងសៀមរាបទៅអង្គរ ការរំដួលបញ្ចេញ រំភើយពិដោរក្រអូបឈ្ងុយ។ បើជួនជាមានវិយោបក់បន្តិចៗផងដែលអ្នកដើរយកអាកាសពេលល្ងាចតាមថ្នល់នេះ នឹងមានចិត្តរសាប់រសាយអណ្តែតអណ្តូង។...(ភាគ៩ ទំព័រ៦៣)
ខ. ការរៀបរាប់អំពីសត្វ និងរុក្ខជាតិ
នៅក្នុងភាគ១ ដដែល អ្នកនិពន្ធក៏បានរៀបរាប់អំពីសត្វ និងរុក្ខជាតិផងដែរ ដូចនៅត្រង់ទំព័រទី២ បានរៀបរាប់ថា៖
នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានក្រសារ ឬចង្កៀលខ្យងដើរគូៗវា។ ឆ្ងាយពីនេះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិ៍វារីជាតិ...
ឱវាលស្រែនេះ ! ជួរដងអូរនេះ ! ឱ ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ....
នៅត្រើយខាងកើត ចង្រិតយំមួយៗ ហើយយូរៗម្តងមានរម៉ករត់រោទ៍ឆ្លងស្ពានដែក.... (ភាគ២ ទំព័រទី៨)
ឱសម្លេងអើយ ដែលរសាត់មកតាមវាយោជាមួយនិងពិដោរ ក្រអូបត្រជាក់ នៃផ្កាម្លិះ និងកុលាប.... (ភាគ២ ទំព័រទី៨)
នៅក្រៅផ្ទះ ខ្យល់បក់ហ៊ូៗបោកធាងដូងលើដើមជម្ពូ។ មាត់មាន់ក៏រងាវម្តងៗ ល្វើយៗ ឯសម្រែកខ្លែងស្រាកក៏បញ្ចេញឡើង ធ្វើឲ្យព្រឺខ្លួន... (ភាគ២ ទំព័រទី១៥)
ក្រោមដើមស្វាយមួយដើមដ៏មានមែកសាខានៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ា ដែលមានផ្ការីកស្គុះស្គាយលាយឡំ.....ផ្ទះនេះមានសភាពស្ងាត់ត្រងំ ឥតមាន់ខ្តត ទា ឬជ្រូកស្រែកដូចផ្ទះជិតខាងឡើយ(ភាគ៣ ទំព័រទី១៨)
គ្រលីងគ្រលោងមួយគូរ ដែលទុំលើមែករុក្ខាយំឆ្លើយឆ្លងគ្នា ហើយជូនកាល មានកំប្រុកលោតពីលើធាងដូងមួយ លឺសូក្រាកៗ...(ភាគ៤ ជំពូក២៦)
គ. ភូមិសាស្ត្រ
ដំណើររឿងដែលអ្នកនិពន្ធបានលើកឡើង មានទំនាក់ទំនងទៅ នឹងស្ពាន ភូមិសាស្រ្តនៃប្រទេសខ្មែរដូចជាភ្នំពេញ ផ្សារវិល ស្រុក សង្កែ ភ្នំសំពៅ ខេត្តបាត់ដំបង សៀមរាប ជាដើម។
សៀមរាបជាក្រុងតូចស្អាតញញឹមលម្អរផ្លូវថ្នល់....(ភាគទី៩ទំ ពរ័៦០)
ផុតពីដំំណាក់អូរដំបងហើយ... ឆ្លងស្ពានដែក... ឈប់បន្តិចនៅជិតវត្តកណ្តឹង... រទះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ....(ភាគ១ ទំព័រទី៤)
ថ្នល់ពីក្រុងបាត់ដំបងទៅកំពុងព្រះជាផ្លូវអាណានិគមន១ ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ.... (ភាគ១ ទំព័រទី៥) (ភាគ១ ទំព័រទី៤)
ឪពុកយើងគាត់បានផ្ទុកស្រូវនឹងទូកប៉ុនចាយមួយចំនុះមួយម៉ឺនថាំង ដើម្បីនឹងនាំចុះទៅក្រុងព្រៃនគរតាមផ្លូវទន្លេសាប.... (ភាគ១ ទំព័រទី៥)
ឃ. វត្ថុ
យាយផៃគាត់ក៏ជញ្ជូនប្រអប់ស្លា និងផ្តិល.... (ភាគ២ ទំព័រទី១១)
នាងក៏យកក្អមមួយចុះទៅដងទឹកអណ្តូងដាក់ពាង យកពូថៅពុះឧស រួចហើយបង្កាត់ភ្លើងស្លដណ្តាំទុកជូនគ្រួសារនាង...(ភាគទី៣ ទំព័រ២០)
លោកលើកគម្ពីរនោះដាក់លើតោក ឈើរ ១ លាបថ្នាំខ្មៅលំអរដោយភ្ញីដាំខ្យង ហើយលោកលូកយកទៀនក្រមួនឃ្មុំ ១ ដែលយាយនួនបានយកមកប្រគេន មកអុជបិទនឹងក្របតោក។(ភាគ៥ ទំព័រ៣៧)។
ង. ជំនឿ
តាមអត្តន័យក្នុងរឿងបានបញ្ជាក់ថាយាយនួនក៏រួសរាន់រៀបខ្លួនហើយកាន់ម្លូ បារីមួយសុងដាក់លើជើងពាន និងទៀនមួយគូរដើរតម្រង់ទៅកុដិលោកគ្រូអានវត្តពោធិ៍ក្នុងដែលមានព្រះនាងល្បីខាងហោរាសាស្រ្តនិងមន្តអាគម៏ស្តោះព្រួស...(ភាគ៥ ទំព័រ៣៦)
ឪព្រះភិក្ខុអើយ! ទំនាយក្បួនតម្រានិងពាក្យអធិប្បាយតាមគម្ពីរបស់លោកដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនានៃព្រះមរម្យគ្រូនោះ ។...(ភាគ៥ ទំព័រ៣៨)
ឱចែកុំរកពេទ្យ ! ពេទ្យគេមិនពូកែដូចគ្រូខ្មែរទេ។ ខ្ញុំស្គាល់លោកសង្ឃមួយអង្គដែលតែង ចង្រោមភាវនា នៅក្នុងគុហារភ្នំសំពៅ។ លោកចេះមន្តវិជ្ជាពូកែណាស់។ លោកធ្វើទឹកមន្តឲ្យភ្ងូត បើបានងូតទឹកមន្តនិងជាស្រឡះ...(ភាគ១០ ទំព័រ៦៩)
ខ្ញុំនឹកពិភ្នកថាមិនទាស់ខុស នឹងខ្មោចបីសាចណាក៏មិនដឹង បានស្រោចទឹកម្តងហើយនៅមិនឃើញគ្រាន់សោះ...(ភាគទី១០ ទំព័រ៧៣)
ឱអ្នកមេបារូបណាមួយហើយ ដែលមានសេចក្តីក្តៅក្រហាយខឹងសំបា ហើយចូលមកធ្វើរូបអ្នកនេះនាងនេះឲ្យឈឺនោះសូមមេត្តាប្រាប់ឈ្មោះមកដើម្បីឲ្យនាងប្អូនគេរៀបសែនព្រេនជូន...(ភាគទី១០ ទំព័រ៧៣)
នារី ក៏ទាញយកទៀនមួយ ធូបបីសរសៃរពីសំណុំ ហើយក៏លើកសិលា ទៅកាន់សំណាក់ព្រះពុទ្ធរូបអង្គនោះ។ លំដាប់ក្រោយមកដែលបានអុជគ្រឿងសក្ការបូជា រួចនាងក៏តាំងសូត្រនមស្ការយ៉ាងផ្ចិតផ្ចង់(ភាគ៩ ទំព័រទី៦៤)។
ច. សាសនា
យាយនួនមានអាយុ៥០ឆ្នាំប្លាយហើយសក់ស្កូវមួយៗហើយកោខ្លីដោយគាត់កាន់ឧបោសថមិនដែលខានឡើយ.... (ភាគ២ ទំព័រទី៩)
ខ្ញុំព្រះករុណាបានកាន់សិលប្រាំខ្ជាប់មិនរសាយ បានធ្វើបុណ្យបំពេញទានតាមកម្លាំទ្រព្យនៃយុវជន ហើយបានស្គាល់ព្រះធម៌ទាំងពួងផង(ភាគទី៩ ទំព័រទី៦៤)
ជ.ទំនៀមទម្លាប់ប្រពៃណី
នៅក្នុងរឿងនេះដែលអ្នកនិពន្ធក៏បានបង្ហាញឲ្យឃើញពីទំនៀមទម្លាប់ប្រពៃណី “នំមិនធំជាងនាឡិ”គឺកូនស្រីស្ថិតនៅក្រោមការរៀបចំរបស់ឪពុកម្តាយ គ្មានសិទ្ធសម្រេចក្នុងការជ្រើសរើសគូស្រករឡើយ។ ដូចក្នុងរឿងបានលើកឡើងស្រាប់ត្រង់ និយាយនួន បានព្រមព្រៀងលើកនាងវិធាវីឲ្យទៅណៃស៊តដោយគ្មានការសាកសួរយោបល់ពីកូនស្រីរបស់ខ្លួន ថានាងព្រមព្រៀងរៀបការជាមួយណៃស៊តដែររឺទេ? (ភាគ៥ ទំព័រទី៣៧ ៣៨ )
វត្ថុទាំងអស់នោះជាចំនូនយកមកភ្ជាប់ពាក្យដណ្តឹងខ្ញុំ។ តាមតែម៉ែផៃគាត់បានប្រាប់ខ្ញុំនោះ ម៉ែខ្ញុំនិងខាងប្រុសបានដាច់ស្រាច ថាផ្សំផ្គុំខ្ញុំទៅឲ្យណៃ ស៊ត នៅខែខាងមុខនេះហើយ (ភាគ៧ ទំព័រទី៥០)
- បង្ហាញតាមរយៈសង្គមធម៌
- ក. សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋភាគច្រើនរំពឹងទៅលើកទិន្នផលកសិកម្ម ដែលបានមកពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព។ យើងក៏សង្កេតឃើញសេដ្ឋកិច្ចប្រជាជនមួយចំនួនទទួលបានមកពីទិន្នផល ពីជំនួញផងដែរ ដើម្បីចិញ្ចឹមជីវិត។
នៅត្រង់ឪពុកម្តាយប៊ុន ធឿន ដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់ យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងចងការប្រាក់គេខ្លះផង(ភាគ១ ទំព័រ៦)។
ពីឆ្នាំមុនៗនេះចិកប៊ុន ថន គាត់ជួញស្រូវចេះតែខាតទ្រព្យសម្បត្តិគាត់ចេះតែរបេះទៅៗ។ នៅក្នុងរដូវស្សានេះគាត់បានខ្ចីប្រាក់ប្រាំងបាំង ១០.០០០រៀល ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកទៅព្រៃនរគតាមទន្លេសាប(ភាគ២ ទំព័រ១២)។
ខ. កសិកម្ម
កសិកម្មនៅពេលនោះមានការធ្វើស្រែចម្ការនៅរដូវវស្សាមានស្រូវសាប និងពង្រោះ។ ឯការងារកសិកម្មវិញមិនទាន់មានលក្ខណៈជឿនលឿន គឺការកាប់គាស់រានដីដោយភ្ជួររាស់ដោយប្រើកម្លាំង ដែលលក្ខណៈជាកសិកម្មប្រពៃណី។
ម៉ែ, ម៉ែស្ទូងបានប៉ុន្មានហើយ? អឺ កូនបានស្រែពីរហើយ។ ប៊ុន ធឿនចេះស្ទូងរហ័សណាស់.....ច្រើនស្អប់ខ្ពើមស្រែចម្ការ។ ... មានតែខំធ្វើស្រែទៅ ។ ម្យ៉ាងទៀតខ្ញុំចូលចិត្តនៅស្រុកស្រែ និងធ្វើការក្នុងស្រែណាស់កាលខ្ញុំនៅកុល្លែហ្ស៍ ឯនោះថ្ងៃអាទិត្យឡើង ខ្ញុំតែងចេញពីក្រុងភ្នំពេញទៅមើលគេធ្វើស្រែចម្ការដំណាំ(ភាគ៣ ទំព័រ២១)
តាមដងផ្លូវចេញពីវត្តដូចជាអ្នកព្រោះស្រូវរោយគ្រប់ ធញ្ញជាតិទៅក្នុងស្រូវ(ភាគ៥ ទំព័រ៣៨)
គ. គមនាគមន៍
សាច់រឿងក៏បានបង្ហាញផងដែរពីគមនាគមន៍ ដែលមានលក្ខណៈបន្តិចដែរ ដោយឃើញមានទាំងផ្លូវទឹកនិងផ្លូវគោក ម្យ៉ាងទៀតក៏មានផ្លូវដែកផងដែរ។ ចំពោះគមនាគមន៍តាមផ្លូវគោកសង្កេតឃើញមានផ្លូវថ្នល់ភ្ជាប់ពីភ្នំពេញទៅខេត្តនានា ដូចជាទៅខេត្តបាដំបង ខេត្តសៀមរាប ជាដើម។ ចំពោះផ្លូវទឹកមានតិចតួចដូចជាទូកសំពៅ ឆ្លងធ្វើដំណើរតាមទឹក។
ផុតពីដំនាក់អូរដំបងហើយ... ឆ្លងស្ពានដែក... ឈប់បន្តិចនៅជិតវត្តកណ្តឹង... រទះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ....(ភាគ១ ទំព័រទី៤)
ថ្នល់ពីក្រុងបាត់ដំបងទៅកំពុងព្រះជាផ្លូវអាណានិគមន៍១ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ.... (ភាគ១ ទំព័រទី៥) (ភាគ១ ទំព័រទី៤)
ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកទៅព្រៃនរគតាមទន្លេសាប(ភាគ២ ទំព័រ១២)។
- លក្ខណៈជាតិស្តែងឡើងតាមរយៈរឿងសូផាត
- បង្ហាញតាមរយៈវប្បធម៌
ក. រៀបរាប់ពីទេសភាពធម្មជាតិ
អ្នកនិពន្ធបានរៀបរាប់ពីទេសភាពវាលស្រែ ដែលមានពណ៌ខៀវស្រងាត់មានបក្សាបក្សីស្រែកយំ ដើមត្នោតដុះជាជួរៗ ដើមឬស្សី។ នាងម៉ានយ៉ានដើរតែម្នាក់ឯងតម្រង់ទៅវាលស្រែ។ នាងសប្បាយនឹងអាកាសទូលាយ ស្រែនិងគុម្ពស្រូវខៀវស្រងាត់ និងសត្វយំទំនៅគុម្ពឬស្សី ដើមត្នោតដុះត្រង់ភ្លឹងសម្លឹងទៅលើមេឃ ត្រូវជំនោរខ្យល់មកម្តងៗសូរស្លឹកចាស់ៗរណ្តំគ្នាប្រាវៗ ខ្លះជ្រុះធ្លាក់ដល់ដី ឯស្លឹកខ្ចីក៏មានជ្រុះខ្លះដែរ...(ជំពូក៨ ទំព័រ៥២)។
ខ. ភូមិសាស្រ្ត
ដំណើររឿងដែលអ្នកនិពន្ធបានលើកឡើង មានទំនាក់ទំនងទៅ នឹងស្ពាន ភូមិសាស្រ្តនៃប្រទេសខ្មែរដូចជាភ្នំពេញ ច្បារអំពៅ សេរីសោភ័ណ កំពត់ស្វាយរៀង វត្តឧណ្ណាលោមជាដើម។
គ. ជំនឿ
តាមអត្ថន័យរឿងបញ្ជាក់ថា មានការជឿលើព្រលឹងមនុស្សដែលស្លាប់ទៅថាមកតាមលងបន្លាចអ្នកដែលរស់នៅ។ ជាក់ស្តែងក្នុងរឿងសុផាត ដែលអ្នកនិពន្ធលើកឡើងត្រង់ឃ្លា លោកអធិបតីសេនាមកគ្រាហ៍កូន បង្គាប់ឲ្យអ្នកស្រុកយកអង្ករមួយក្តាប់មកជូនលោក ទើបលោកបាចហើយមានប្រសាសន៏ខ្លាំងៗ "សុផាត !បើឯងចែកស្ថានទៅហើយកុំបញ្ញាក់ប្អូនអី យកអង្ករនេះទៅ ទៅឲ្យឆ្ងាយពីរយើងទៅ បើឃ្លានណាស់សឹមយើងសែនឲ្យស៊ី។
ក្រោយមកលោកអធិបតី និងគ្រួសារលោក នាំគ្នាយកខ្មោចធ្វើបុណ្យដុតដារកាន់ទុក្ខសព្វខ្លួន....(ជំពូក៧ ទំព័រ៤៦)។
ដោយនាងស្មានថាខ្មោច សុផាត លង ក្បាលនាងឡើងព្រឺ នាងខ្ចប់មុខមិនហ៊ានមើលខ្មោចលង ហើយដួលគ្រប់លើដី...(ជំព័រ៨ ទំព័រ៥៤)
ឃ. សាសនា
សង្គមខ្មែរមានជំនឿយ៉ាងមុតមាំលើសាសនាព្រះពុទ្ធ ដោយគោរពព្រះសង្ឈ ហើយវត្តអារាមមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដោយសាសនាផ្សារភ្ជាប់ជាមួយការអប់រំការរៀនធម៌ រៀនអក្សរ លេខ រៀនអប់រំចរិយាសម្បត្តិឲ្យក្លាយជាមនុស្សល្អ។
ត្រង់ឃ្លា....សុផាតបានអាយុ៨ឆ្នាំ។អ្នកស្រុកយកទៅប្រគេនលោកក្នុងវត្ត។ភិក្ខុទាំងប៉ុន្មានសឹងស្រុះស្រួលគ្រប់អង្គជួយចិញ្ចឹមនិងបង្រៀនសុផាត....(ជំពូក២ ទំព័រ១៨)។
ង. ប្រពៃណីទំនៀមទំលាប់
រឿងសុផាតបានបង្ហាញពីប្រពៃណីនៃការស្ដីដណ្ដឹង ការរៀបអាពាហ៏ពិពាហ៏ ។ ត្រង់ឃ្លា...សំណាង បានចូលស្ដីដណ្ដឹង នាងម៉ានយ៉ាន.....។
ឪពុកម្តាយខ្ញុំឲ្យទៅអ្នក ប៉ុន្តែយើងមិនទាន់រៀបអាពាហ៍ពិពាហ៍និងគ្នាទេ យើងនៅស្រុកខ្មែរតោងតែកាន់ទំនៀមទម្លាប់....(ជំពូក៨ ទំព័រ៥៣)
នៅថ្ងៃ១១ រោច ក្នុងខែកក្តិក នៅគេហដ្ឋានលោកអធិបតីសេនារោងពិធីធ្វើហើយស្រាច់។ គេហែកូនកម្លោះមកចូលរោងពីព្រលឹម ពេលល្ងាចរៀបសូត្រមន្តលៀងភ្លៀវ...(ជំពូក៩ ទំព័រ៥៥)
- បង្ហាញតាមរយៈសង្គមធម៌
ក. សេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋភាគច្រើនរំពឹងទៅលើកទិន្នផលកសិកម្ម ដែលបានមកពីការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព។ យើងក៏សង្កេតឃើញសេដ្ឋកិច្ចប្រជាជនមួយចំនួនទទួលបានមកពីទិន្ឋផលនេសាទ ដើម្បីចញ្ចឹមជីវិត។
ខ. កសិកម្ម
កសិកម្មនៅពេលនោះមានការធ្វើស្រែចម្ការនៅរដូវវស្សាមានស្រូវសាប និងពង្រោះ។ ឯការងារកសិកម្មវិញមិនទាន់មានលក្ខណៈជឿនលឿន គឺការកាប់គាស់រានដីដោយភ្ជួររាស់ដោយប្រើកម្លាំង ដែលលក្ខណៈជាកសិកម្មប្រពៃណី។
គ. គមនាគមន៍
សាច់រឿងក៏បានបង្ហាញផងដែរពីគមនាគមន៍ ដែលមានលក្ខណៈបន្តិចដែរ ដោយឃើញមានទាំងផ្លូវទឹកនិងផ្លូវគោក។ ចំពោះគមនាគមន៍តាមផ្លូវគោកសង្កេតឃើញមានផ្លូវថ្នល់ភ្ជាប់ពីភ្នំពេញទៅខេត្តនានា ដូចជាទៅខេត្តស្វាយរៀង ខេត្តកំពតជាដើម។ ចំពោះផ្លូវទឹកមានតិចតួចដូចជាទូកសំពៅ ឆ្លងធ្វើដំណើរតាមទឹក។
- លក្ខណៈជាតិតាមរយៈរឿងកុលាបបៃលិន
- បង្ហាញតាមរយៈវប្បធម៌
ក. ការរៀបរាប់ពីទេសភាពធម្មជាតិ
អ្នកនិពន្ធបានលើកយកនូវទិដ្ឋភាពផ្សេងៗ មករៀបរាប់បង្ហាញអំពីទេសភាពធម្មជាតិដូចអ្នក និពន្ធបានរៀបរាប់នៅក្នុងភាគ២ការធ្វើដំណើរទៅបប៉ៃលិនរបស់ចៅចិត្រ “ចៅចិត្រក្រលេកមើលទេសភាពតាមសងខាងផ្លូវសឹងដេរដាស ទៅដោយស្រែចម្ការ ច្បារដំណាំនិងភូមិស្រុកដោយអន្លើៗ ដោយឃ្លាតឆ្ងាយដាច់ៗពីគ្នា លុះជិតទៅដល់បប៉ៃលិនក៏ឃើញតែព្រៃព្រឹក្សា លតាវលិ៍្ល និងភ្នំតូចធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សី សត្វចតុបាទ ក៏មានកុះករ ច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះ”។
ខ. សាសនា
ទស្សនៈកម្មផល ៖ អត្ថាហិអត្តនោនាថោ ជាតិ ជរា ព្យាធិ មរណៈ(កើត ចាស់ ឈឺ ស្លាប់) ជាមរតករបស់សត្វលោក ឥតមានសត្វណាមួយគេចវេសជៀសវាងឲ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធក៏គង់ព្រះចូលបរិព្វានមិនខាន។
គ. ទំនៀមទម្លាប់ប្រពៃណី
ការចាត់ចែងធ្វើបុណ្យបូជាសពរបស់តាចឺម។
ឃ. ភូមិសាស្រ្ត
បង្ហាញពី ផ្សារវិល ស្រុក សង្កែ ភ្នំសំពៅ ខេត្តបាត់ដំបង ប៉ៃលិន....។
- គោលបំណង
រកឲ្យឃើងលក្ខណៈជាតិនៅក្នុងរឿងទាំងបី
- បញ្ហាចោទ
លក្ខណៈជាតិ ជាចំនុចដ៏សំខាន់ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ទើបអ្នកនិពន្ធលើកយកមកបង្ហាញតាមរយៈអក្សរសិល្ប៍ ដើម្បីផ្សព្វផ្សាយដល់មិត្តអ្នកអានទាំងឡាយ។ ហើយលក្ខណៈជាតិគឺវាចាំបាច់ណាស់ដែលប្រជាជនត្រូវថែរក្សានិងអភិរក្ស។ បើសិនប្រជាជនមិនដឹងពីលក្ខណៈរបស់ខ្លួនទេ នោះវានិងធ្វើបរទេសមាក់កងាយ និងឆ្លៀតឱកាសបញ្រ្ជៀបវប្បធម៌របស់ពួកគេ មកលើជាតិសាស្រ្ត យើង។
អក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងនូវលក្ខណៈជាតិ គឺត្រូវលើកយកបញ្ហា ដែលកើតមានក្នុងសង្គមមកចោទ និងដោះស្រាយ។ ដូចនេះរឿងផ្កាស្រពោន រឿងសូផាត រឿងកុលាបប៉ៃលិន ជាដើម ដែលបានឆ្លុះឲ្យឃើញលក្ខណៈជាតិ ដោយសាររឿងនេះបានលើកឡើងនូវបញ្ហាមួយចំនួន ដែលបង្ហាញពីទស្សនៈ ឬផ្នត់គំនិត វប្បធម៌ អាកប្បកិរិយា ដំណើរវិវត្តទៅនៃសង្គមរបស់មនុស្ស។ អាស្រ័យហេតុដូច្នេះហើយ ទើបយើងខ្ញុំចង់សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ ហើយបានចោទសំនួរមួយចំនួនដូចជា៖
- តើយើងមានដំណោះស្រាយជាក់ល័ក្ខ ឬទេលើកបញ្ហានេះ?
- តើអ្នកណាខ្លះត្រូវចូលរួមដោះស្រាយលើបញ្ហាដ៏ស្មុកស្មាញនេះ?
- តើការស្រាវជ្រាវរបស់យើងទៅលើប្រធានបទនេះ មានភាពជោគជ័យដែលឬទេ?
- តើអ្វីជាឧបសគ្គក្នុងការស្រាវជ្រាវរបស់យើង?
- តើក្រុមគោលដៅរបស់យើងពេញចិត្តចូលរួម ជាមួយក្នុងការងារនេះជាមួយយើងដែរឬទេ?
- សន្និដ្ឋាន
តាមការសិក្សាស្រាវជ្រាវពីលក្ខណៈជាតិដែលស្តែងឡើងតាមរយៈស្នារដៃអក្សរសិល្ប៍ រឿងផ្កាស្រពោន រឿងងសុផាត និងរឿងកុលាបប៉ៃលិន បានបង្ហាញឲ្យយើងឃើញស្គាល់តាមរយៈរូបភាព ព្រលឹងជាតិ ស្មារតីជាតិ ដែលអ្នកនិពន្ធបានប្រមូលផ្តុំនូវចំនុចទាំងឡាយ ដែលធ្លាប់កើតមានពីមុន នៅក្នុងបាតុភូត នៅក្នុងវប្បធម៌ សង្គមធម៌ ធម្មជាតិ ភូមិសាស្រ្ត ទំនៀមទម្លាប់ប្រពៃណី ជំនឿ ទស្សនៈសាសនា សកម្មភាព ជីវិត ដែលមាននៅក្នុងផ្នត់គំនិតប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ននេះ ដែលស្តែងឡើងតាមរយៈតួអង្គដែលអ្នកនិពន្ធបានលើកឡើង។
ហេតុដូចនេះយើងអានសន្និដ្ឋានបានថា ស្នារដៃអក្សរសិល្ប៍ខ្មែរទាំងអស់សុទ្ធសឹងស្តែងឡើងនូវលក្ខណៈជាតិ ដែលធ្វើឲ្យអ្នកអាន អ្នកសិក្សា ទាំងអស់ ស្គាល់យ៉ាងច្បាស់ពីលក្ខណៈជាតិរបស់ខ្មែរយើង ពីព្រោះលក្ខណៈជាតិមានសារៈសំខាន់សម្រាប់ជាតិនីមួយៗ។ ជាពិសេសអាចធ្វើឲ្យកុលបុត្រ កុលធីតាខ្មែរ ជួយថែរក្សា នូវកេរ្តិ៍មរតកជាតិ ប៉ុន្តែយើងត្រូវអភិវឌ្ឍបន្ថែមដោយទទួលយកគំនិតច្នៃប្រឌិត គំនិតសកម្មជឿនលឿន របស់ពិភពលោក ដើម្បីឲ្យវប្បធម៌សំបូរបែប ដោយប្រកាន់ខ្ជាប់នូវគំនិត មិនទំនោរទៅរកទស្សនៈបរទេសនិយម។