ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
ទម្លាប់មនុស្សបរាជ័យ
ជាតិខ្មែរច្រើនតែមានគំនិត
ក្រោយពីជីវិតឆ្លងដល់ត្រើយ
ដឹងតែដុតស្ពានកម្ទេចហើយ
ដ្បិតខ្លួនបានស្បើយល្ហើយកាយា។
អ្នកខ្លះទៀតឆ្លៀតស៊ីជូតមាត់
ជួនជូតបានស្ទាត់ស្អាតចិន្តា
ក្រោយចាកចេញទៅនៅមុសា
ប្រឹងពោលវាចាថាឥតខ្មាស។
ខ្លះប្រឹងបង្ខូចកេរ្តិ៍អាស្រូវ
ប្រៀបបានសត្រូវនឹងគ្នាច្បាស់
អុជអាលឆ្កឹះឆ្គៀលកន្លែងចាស់
មិនអាចផ្សាផ្សះពាក្យគុំកួន។
នេះហើយតំណតជាទម្លាប់
ខ្មែរប្រកាន់ខ្ជាប់នៅក្នុងខ្លួន
ជួនខ្លះគ្មានអ្វីធំកំភួន
ព្យាយាមអង្រួនផ្ទុះឆេះកាល។
ទង្វើបែបនេះមិនប្រពៃ
គួរចេះលកលៃជួយឈឺឆ្អាល
គួរចេះជួយគ្នាទោះធ្ងន់ស្រាល
ជីវិតត្រកាលរីកសាយសុះ។
មុសាមួយម៉ាត់របស់យើង
ជួនក្លាយជាភ្លើងឆេះជាងអុស
រឿងគេនោះត្រូវបែរជាខុស
ដោយពាក្យបំផុសបង្ខូចគេ។
អ្នកស៊ីជូតមាត់ភ្លាត់ដុតស្ពាន
ថ្ងៃក្រោយពុំមានអ្វីឆ្លងទេ
បិទផ្លូវខ្លួនឯងជំទែងជេ
ទុក្ខកើនលើសទ្វេគេលែងរាប់។
ពាក្យផ្ដែផ្ដាំចាំជាទំនុក
ខ្ញុំបានកត់ទុកប្រកាន់ខ្ជាប់
ឧកញ៉ាម៉េងលីលោករៀបរាប់
មានន័យល្អគាប់ជាប់ចិត្តកាយ៕
គតិឧកញ៉ា គួច ម៉េងលី
ដោយ តន វិបុល