មិនទៀងទាត់

 

កម្សត់អ្វីម្ល៉េះ ថ្ងៃក្ដៅស្ទើរឆេះ សឹងប្រេះបែកក្បាល
ម្ដេចក៏ផ្ដាសាយ នាំកាយហេលហាល ខ្ញុំឈឺខុសកាល
ខុសគេខុសឯង។​
 
ថ្ងៃក្ដៅខ្លាំងជាក់ សូរិយាប្រែភ័ក្ត្រ​ ត្រជាក់សូរ្យសែង
សមខ្ញុំសុនត្រុន កើតគ្រុនចំបែង តាមមេឃភ្លៀងផ្សែង
ប្រែអាកាសធាតុ​។​
 
កាយមិនទៀងទាត់ មិនអាចឃាំងឃាត់ ប្រាសព្រាត់សាច់ញាតិ
កើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិ សូមតែចាកឃ្លាត
ដោយកេរ្ដិ៍ឈ្មោះល្អ​​។
 
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ 
នៅរាជបណ្ឌិត្យសភាកម្ពុជា
 

 

រឿងនិទានពីកិន្នរ

កាលពីព្រេងនាយនៅភ្នំហិមពាន្តមានស្ដេចកិន្នរបានរស់នៅនគរជាមួយប្រពន្ធកូន។ ពួកគេរស់នៅទីនោះយ៉ាងសុខសាន្ត ប៉ុន្តែថ្ងៃមួយនគរស្ដេចកិន្នរបានវាយប្រហារដោយព្យុះព្រឹល ហើយអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេព្យាយាមបន្ស៊ាំខ្លួនរស់នៅជាមួយព្យុះព្រឹល។ ពេលពួកគេសម្របខ្លួនជាមួយព្យុះព្រឹល ក៏មានពួកកិន្នរផ្សេងទៀតលើកទ័ពធ្វើសង្គ្រាមដណ្ដើមអំណាចពីស្ដេចកិន្នរ។ ដោយមិនអាចទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់ដែលកើតឡើងផ្ទួនៗគ្នា ស្ដេចកិន្នរក៏សម្រេចនាំប្រពន្ធកូនចាកចេញពីនគរ ហើយទៅស្នាក់អាស្រ័យបណ្ដោះអាសន្នក្បែរអាណាចក្រមនុស្ស។ នៅអាណាចក្រជាមួយមនុស្ស ស្ដេចកិន្នរនិងប្រពន្ធកូនរស់នៅដោយលាក់បំពួន ដ្បិតខ្លាចមនុស្សយាយីពួកគេ។ 
 
ស្ដេចកិន្នរមានបុត្រាបុត្រីប្រាំពីរនាក់ ប៉ុន្តែពួកគេនៅមានតូចៗនៅឡើយ។ ក្នុងចំណោមពួកគេមានកូនច្បងនិងបន្ទាប់ប៉ុណ្ណោះ ដែលស្ដេចកិន្នរតែងតែនាំទៅជាមួយ ដើម្បីស្វែងរកអាហារ។ ពួកគេបានហោះហើរមកដល់កន្លែងមនុស្សម្នាប្រកបកិច្ចការងារចិញ្ចឹមជីវិតផ្សេងគ្នាយ៉ាងអ៊ូរអរ។ ស្ដេចកិន្នរនិងកូនទាំងពីរបានកាឡាខ្លួនជាមនុស្សធម្មតា ហើយបន្លំខ្លួនជាមួយហ្វូងមនុស្ស។ ពេលយូរៗទៅកូនទាំងពីររបស់ស្ដេចកិន្នរបានស្នើបិតារៀនសូត្រវិជ្ជាផ្សេងៗជាមួយនឹងកូនអ្នកស្រុកដោយពួកគេសន្យាថា មិនឱ្យមនុស្សដឹងពីសមាភាពពួកគេជាកិន្នរឡើយ។
 
តាំងពីពេលនោះមក ទាំងពីរនាក់បងប្អូនបានព្យាយាមលាក់យ៉ាងណាមិនឱ្យមនុស្សដឹងថាពួកគេជាកិន្នរឡើយ។ ថ្ងៃមួយពេលពួកគេកំពុងតែរៀនសូត្រស្រាប់តែមានហេតុដ៏អស្ចារ្យមួយកើតឡើង។ វាជាព្យុះកំណាចដ៏ធំមួយដែលបានបោះបោកមកលើទីតាំងដែលពួកគេរៀនសូត្រនោះ។ មនុស្សម្នាបានលាក់ខ្លួន។
 
ព្យុះស្ងប់មួយសន្ទុះស្រាប់តែរន្ទះបាញ់លើដីបង្កើតបានជាកូនរណ្ដៅ ប៉ុន្តែផ្លេកបន្ទោរព្រាកៗឥតដាច់ពីអាកាសតភ្ជាប់មកកូនរណ្ដៅនោះ កិន្នរប្អូនដែលមានសេចក្ដីអង់អាចនិងចង់ដឹងពីអ្វីដែលថ្មី កាលបើឃើញដូចនោះក៏ដើរចូលទៅអើតមើលរណ្ដៅ រីឯមនុស្សដែលពួកលាក់ខ្លួនពីព្យុះក្បែរនោះចេញមកមើលយ៉ាងព្រោងព្រាត។ កិន្នរជាបងឃើញហេតុមិនស្រួល ក៏ចូលទៅហាមឃាត់ប្អូន តែប្អូនមិនស្ដាប់បង្គាប់ ក៏កើតជារឿងឈ្លោះទាល់ទែងគ្នាមួយរំពេក។ ដោយអត់ទ្រាំមិនបាន កិន្នរបងបានបាក់មែកឈើធ្វើរំពាត់វាយប្អូនយ៉ាងចាស់ដៃរហូតប្រែរូបរាងជាកិន្នរ។ មនុស្សដែលកំពុងឈរចោមរោមពេលឃើញដូច្នោះ ក៏ចូលចាប់ឃាត់ខ្លួនពួកគេ តែកិន្នរច្បងដឹងខ្លួនមុន ក៏ហើររត់គេចខ្លួនចោលប្អូន។ 
 
ចំណែកស្ដេចកិន្នរជាបិតាពេលបានទទួលដំណើរនេះហើយ ក៏ហោះហើរមកជួយកូន តែពេលមកដល់មិនឃើញកូនទាំងពីរទេ ព្រោះកិន្នរប្អូនត្រូវមនុស្សចាប់យកចេញទៅបាត់ រីឯកិន្នរច្បងក៏មិនដឹងហើរទៅដល់ទីណា។ ស្ដេចកិន្នរព្យាយាមស្វះស្វែងរកដំណឹងកូនទាំងពីរយ៉ាងយូរ តែនៅតែមិនឃើញ។ ស្ដេចកិន្នរអស់កម្លាំងរហិតរហៃខ្លួនប្រាណស្លាបហើរទៅមុខលែងរួច ក៏ធ្លាក់សន្លប់លែងកម្រើកខ្លួន។
 
រឿងនេះដកស្រង់ពីសៀវភៅព្រេងនិទានរបស់តាខ្ញុំ
 

 

តុកាហ្វេពេលព្រឹក

ព្រឹកនេះអាមោឃវាទីអង្គុយផឹកកាហ្វេនៅក្បែរកន្លែងធ្វើការដូចសព្វដង។ ពេលកំពុងអង្គុយផឹកកាហ្វេ វាឮពួកបរទេសជជែកគ្នាពីខ្មែរ។ ពួកបរទេសទាំងនោះនិយាយថា ខ្មែរឆោតៗអ៊ីចឹងងាយស្រួយបោកណាស់។ អាមោឃវាទីឮហើយក្ដៅចិត្តឆេវដូចត្រូវកំពប់ទឹកក្ដៅលើរលាកស្បែក តែវាអត់ធ្មត់ដោយគ្រាន់តែចំណាំមើល។ ពួកបរទេសបន្តជជែកគ្នាឮៗដោយគ្មានក្រែងចិត្តអ្នកអង្គុយក្បែរសោះ។ ពួកគេមានអំនួតលើខ្លួនឯងថា នៅកន្លែងការងារគ្មានខ្មែរណាម្នាក់ហ៊ានតមាត់ជាមួយទេ។ ពួកគេខ្លាចពួកយើងណាស់។ ពេលឃើញពួកយើងដើរឱនក្បាលសឹងដល់ដី ហើយអ្នកខ្លះប្រឹងអួតប្រាប់ខ្មែរគ្នាឯងថា ពួកយើងសែនល្អបំផុតសម្រាប់ពួកគេ។

ដោយអត់ទ្រាំនឹងពាក្យសម្ដីប្រមាថលែងបាន អាមោឃវាទីដែលធ្លាប់ធ្វើការងារជាមួយបរទេសនិងមានបទពិសោធជូរចត់ជាមួយពួកគេស្រាប់ផង ក៏ដើរទៅជិតហើយនិយាយជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា ល្មមៗបានហើយ! អ្នកឯងក៏មិនគ្រាន់បើជាងខ្មែរប៉ុន្មានដែរ។

ពួកបរទេសទាំងនោះមើលភ្នែកធំៗមើលមកអាមោឃវាទី ហើយនិយាយថា ហេតុអ្វីបានជាអ្នកនិយាយអ៊ីចឹង? អ្នកឯងមានដឹងទេ ពួកយើងមកនេះ គឺមកដើម្បីជួយខ្មែរ។

អាមោយវាទីឆ្លើយតបវិញដោយមិនញញើតសម្ដីថា ក្រែងពួកអ្នកឯងមានស្រុកទេសដែរតើ ម្ដេចក៏មិននៅជួយស្រុកអ្នកឯងទៅ? តាមបទពិសោធខ្ញុំធ្លាប់ធ្វើការជាមួយបរទេសភាគច្រើនដែលមកនៅស្រុកខ្មែរ គឺសុទ្ធតែជាមនុស្សអស់សាច់នៅស្រុកអ្នកឯង។ ខ្ញុំនិយាយនេះមិនដឹងថាពួកអ្នកឯងអ៊ីចឹងដែរឬយ៉ាងណាទេ?

និយាយហើយពួកគេក៏ចាកចេញពីហាងកាហ្វេរាងខ្លួន។

អាមោឃវាទីមិនបដិសេធទេ ព្រោះបរទេសខ្លះល្អពិតប្រាកដមែន ប៉ុន្តែបរទេសវាជួបនៅស្រុកខ្មែរច្រើនតែជាមនុស្សអស់សាច់ពីស្រុកពួកគេមែន ហើយមកធ្វើខ្លួនអស្ចារ្យនៅស្រុកខ្មែរ។ អ្នកខ្លះមិនដឹងប្រឹងអួតតែពីបរទេស ហើយថែមទាំងឱនលំទោននិងឱ្យតម្លៃពួកគេទៀតផង៕

 


 

តុបាយអ្នកកាសែត

            តុបាយអ្នកកាសែតតពីលេខមុន

អាជីពលើវិស័យផ្សព្វផ្សាយ

តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ

ប្រធានបទ​ជាច្រើនបានលេចឡើងនៅពេលអ្នកកាសែតបួនប្រាំនាក់កំពុងទទួលទានបាយថ្ងៃត្រង់ជុំគ្នា។ ជីវិតនិងអាជីព ជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ពួកគេ។ ពួកគេមានគោលដៅនិងគំនិតផ្សេងៗគ្នា។

អាមោឃវាទី ជាអ្នកកាសែតម្នាក់ក្នុងចំណោមពួកគេបានយកបទពិសោធនិងប្រវត្តិការងាររបស់គេប្រាប់អ្នកកំពុងទំពារបាយឃ្មមៗ។ គាត់អួតថាខ្លួនគាត់ធ្វើការលើអាជីពនេះអស់រយៈពេលច្រើនឆ្នាំមកហើយ និងបានផ្លាស់ប្ដូរពីស្ថាប័នមួយទៅស្ថាប័នមួយស្ទើររាប់ភ្លេច។ គាត់ធ្លាប់ជាអ្នកសារព័ត៌មានកីឡា ជាអ្នកសារព័ត៌មានជាតិ ជាពិធីករវិទ្យុ និងជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាដើម។ ឥឡូវគាត់ជាអ្នកសារព័ត៌មានជាតិរបស់ស្ថាប័នអន្តរជាតិមួយដែលមិនសូវល្បី។ មិនតែប៉ុណ្ណោះ គាត់ឆ្លៀតធ្វើការបន្ថែមពីរបីកន្លែងបន្ថែមទៀត។ គាត់ថាព្យាយាមប៉ុណ្ណឹងដែរ តែមិនល្បីដូចគេសោះ ហើយគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅទៀត។ គាត់ថាពីមួយថ្ងៃទៅមួយថ្ងៃជីវិតគ្រួសារនៅតែដដែល។ គ្មានរីកចម្រើនទៅណាសោះ។ គាត់និយាយទៀតថា បើសិនគាត់នៅបន្ដធ្វើជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្សាយឱ្យទូរទស្សន៍ ម្ល៉េះសមគាត់ល្បីហ៊ឺហាបាត់ទៅហើយ ព្រោះអីមិត្តភក្ដិគាត់កំពុងល្បីល្បាញខ្លាំង គេមានរថយន្តទំនើប មានវីឡា លុយចាយហ៊ឺហាដោយសាតែការធ្វើពិធីករ។ គាត់បន្ថែមថាធ្វើពិធិករបានប្រាក់ខែមិនសូវច្រើនក៏ពិតមែន តែមិនសូវហត់នឿយ ហើយរកក្រៅបានច្រើនទៀតផង។ គាត់បន្តថាគេចំណាយពេលយ៉ាងច្រើនតែពីរទៅបីម៉ោងប៉ុណ្ណោះសម្រាប់អត្ថាធិប្បាយប្រចាំកម្មវិធីស្នូល ចំណែកម៉ោងដែលនៅសេសសល់អាចធ្វើជាអ្នកអត្ថាធិប្បាយឱ្យកម្មវីធីនៅកន្លែងផ្សេងបាន។ បើអត្ថាធិប្បាយប៉ះចំកម្មវីធីពិសេសៗ ហើយប៉ះចំឯកឧត្តមឬឧកញ៉ាណាមួយពេញចិត្ត​ គាត់នឹងបានទទួលការឧបត្ថម្ភពីសំណាក់ឯកឧត្តមឬឧកញ៉ាមហាសេដ្ឋីនោះជាមិនខាន។ ហេងស៊យ​អាចឡើងជាឯកឧត្តមទៀត។​

អាម៉ាំងកាយេ ជាអ្នកកាសែតដែលកំពុងអង្គុយហូបបាយនៅស្ដាំដៃគាត់និយាយថា ពិតមែនហើយបង! អ្នកផ្សេងនៅក្នុងវិស័យជាមួយនឹងយើង គេឡើងតួនាទីនិងមានងារជាឯកឧត្តមសឹងអស់ហើយ។ តើបងមានគិតថា ចង់បានងារឯកឧត្តមនឹងគេដែរឬទេ?

ចង់! នរណាមិនចង់! (គាត់ឆ្លើយភ្លាមៗដោយមិនគិតយូរ)​

អាម៉ាំងកាយេនិយាយថា បងមានឧត្តមគតិខ្ពស់និងចេះគិតគូរវែងឆ្ងាយពីអនាគត។​

អាទូមូស្ដាប់ពួកគេនិយាយដំបូងគួរតែកម្សត់និងគួរតែអាណិត។​ ដល់ពេលស្ដាប់យូរៗទៅ ក៏យល់ថាពួកអាគាត់កំពុងតែត្អូញត្អែរ​ សោកស្ដាយ និងច្រណែនគេទេតើ។ អាទូមូថាបើមានឱកាសគួរតែចាប់យកងារឯកឧត្តមដែលគេហុចឱ្យនឹងទៅ។ ចំណែកអាទូមូខ្ញុំក៏ចូលចិត្តងារនឹងដែរ តែមិនចូលចិត្តឈ្មោះមន្ត្រី។ គ្រាន់តែ​ឮឈ្មោះមន្ត្រីចង់ក្អួត ព្រោះអាទូមូខ្ញុំនេះធ្លាប់ជាជនរងគ្រោះដោយសារតែមន្ត្រី។ អាទូមូខ្ញុំបង់ពន្ធជូនរដ្ឋដូចពលរដ្ឋទូទៅដែរ ដើម្បីរាជការចាត់ចែងបើកប្រាក់ខែជូនពួកគាត់ តែអាទូមូខ្ញុំបានមកវិញត្រឹមតែរងគ្រោះ។​

អ្នកកាសែតម្នាក់ទៀតដែលនៅឆ្វេងដៃអាទូមូថា បើឱកាសមកដល់គួរតែចាប់យកដែរទៅ ដើម្បីចូលរួមទម្លាប់លាប់អាក្រក់មន្ត្រីទាំងនោះ។ អាទូមូតបវិញថា មិនអាចទេ ទោះយើងមានងារជាឯកឧត្តមក៏ដោយ ដ្បិតអីយើងមានមិត្តភក្ដិយើង ជាគឺស្រាប់ហើយ។ កាលពីមិនទាន់មានងារឯកឧត្ដម ពួកគេនិយាយដូចតែយើងដែរ តែក្រោយ​ពីបានទទួលងារឯកឧត្ដម គេថាគេមានផលពិបាករបស់គេដែរ។​

តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ

អ្នកហ៊ាន និងមិនហ៊ាន

វេលាព្រះអាទិត្យឋិតនៅចំពីលើក្បាល ជាពេលអ្នកកាសែតមួយក្រុមមានគ្នាបួនទៅប្រាំនាក់ហូបបាយថ្ងៃត្រង់ជាមួយគ្នា។ ពួកគេតែងតែស្ពាយស្បោងជីវិតមកពីផ្ទះរៀងៗខ្លួន។ ស្បោងជីវិត ជារបស់មួយដែលពួកគេហៅសំដៅដល់ពង្វេចឬកញ្ចប់បាយ ដែលពួកគេវេចឬខ្ចប់សំណុំបាយមកពីផ្ទះ។ ពួកគេយកម្ហូបអាហារចេញពីស្បោងជីវិត ហើយរៀបលើតុអាហារ។ ម្ហូបប្រចាំថ្ងៃរបស់ពួកគេ ភាគច្រើនជាម្ហូបក្រៀមក្រោះ ដូចជាពងទា ត្រីអាំងន សាច់ជ្រូកចៀន និងជួនកាលក៏មានស្ងោ មានម្ជូរ មានកកូរដែរ។

ពួកគេចែករំលែកម្ហូបជាមួយគ្នាជារៀងរាល់ថ្ងៃ។ ពួកគេហូបបាយបណ្ដើរជជែកគ្នាពីនេះពីនោះបណ្ដើរ។ ​ពួកគេសម្លឹងម្ហូបបាយលើតុ ហើយនិយាយថា មើល៍ទៅម្ហូបបាយយើងលើតុដូចម្ហូបបាយវត្តគេរៀបខែភ្ជុំ។

បុរសសប្បុរខ្មៅ សក់រួញ និងមានដុសក្បាលពោះមិនសូវធំ ដែលអង្គុយនៅចុងតុអាហារ បាននិយាយថា តស់! យើងនាំគ្នាហូបឱ្យតែកូនហៅឪទៅ។ មួយជីវិតនេះដឹងតែមិនរស់ហើយ។ ពេលងា​ប់ទៅគ្មានអ្វីអាចយកទៅជាមួយបានទេ។ យ៉ាងច្រើនណាស់កូនចៅរក្សាឆ្អឹងទុកមួយកូនចាន ហើយដល់ទីបំផុត ទោះកូនចៅរក្សាយ៉ាងណា ក៏គង់តែរលាយសាបសូន្យតាមពេលវេលារបស់វាដែរ។ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ។

បុរសម្នាក់ក្នុងចំណោមពួកគេបន្លឺសំឡេងឮៗ។ គាត់ជាមនុស្សមាត់ដាច់។ គាត់ឧទាហរណ៍ចំៗហាក់គ្មានខ្លាចរអាឬប៉ះពាល់អារម្មណ៍ដល់អ្នកអង្គុយហូបបាយជាមួយគ្នាសោះ។ គាត់ថា មិនបាច់និយាយទៅឯណាឆ្ងាយ សូម្បីក្នុងចំណោមពួកយើងក៏អាចក្បត់គ្នាដែរ។ គាត់ថាគាត់មិនទុកចិត្តនរណាទេ។ ម៉ែឪ ប្រព័ន្ធ កូនគាត់ ក៏គាត់មិនទុកចិត្តដែរ។ គាត់ទុកចិត្តតែខ្លួនគាត់ប៉ុណ្ណោះ។ គាត់ថាបងប្អូនគង់នៅតែកាប់សម្លាប់គ្នាដោយសារតែរបងព្រំដីធ្លីបន្តិចបន្ដួច។ ប្រពន្ធប្ដីគង់នៅក្បត់ផិតគ្នា។ កូនគង់នៅសម្លាប់ឪពុកម្ដាយ។ មានរូបភាពឃោឃៅនិងច្រើនជាងនេះទៅទៀត។ ថ្មីៗកន្លងមកនេះ យើងបានដឹងស្រាប់ហើយ មិត្តភក្តិរាប់អានគ្នារាប់សិបឆ្នាំហ៊ានក្បត់គ្នា ព្រោះតែផលប្រយោជន៍ខ្លួន​ឯង ព្រោះតែតំណែងនិងងារឯកឧត្តម។

បុរសម្នាក់កំពុងអង្គុយហូបបាយនៅទល់នឹងមុខគាត់និយាយកាត់សម្ដីគាត់ថា បុគ្គលពីរនាក់ដែលបងនិយាយហ្នុង ជាមនុស្សពោរដោយទេពកោសល្យ។ គាត់បានសរសេរសៀវភៅ ហើយបទវិភាគរបស់គាត់ទាក់ទាញចំណាប់អារម្មណ៍ខ្ញុំជាខ្លាំង ព្រោះខ្ញុំយល់ថាបទវិភាគនយោបាយរបស់គាត់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ បុរសមាត់ដាច់តបសម្ដីវិញថា ការវិភាគរបស់ពួកគេមិនអស្ចារ្យជាងយើងប៉ុន្មានទេ។ គាត់ថាចង់ឱ្យវិភាគនយោបាយតទល់មុខគ្នាក៏បាន ហើយចាំមើលអ្នកណាវិភាគនយោបាយស៊ីជម្រៅនិងល្អជាង។ គាត់ថាការវិភាគរបស់ពួកគេមិនប៉ុន្មានទេ គ្រាន់តែពួកគេមានភាពក្លាហាននិងហ៊ានចេញមុខ ចំណែកគាត់គ្មានភាពក្លាហាន មិនហ៊ានចេញមុខ។ គាត់ថាការមិនហ៊ានចេញមុខជាចំណុចខ្សោយរបស់គាត់ ហើយវាជាចំណុចខ្លាំងពួកគេ។ អ្នកហ៊ានចេញមុខអាចទទួលផល ដូចជាបានតំណែង បានងារ បានផ្ទះ បានឡាន បានលុយ។ អ្នកប្រណាំងម៉ូតូដែលឈ្នះ ដោយសារតែគាត់ហ៊ានជាងគេទើបគាត់បានទទួលជោគជ័យ។ អ្នកប្រណាំងដែលខ្លាចគ្រោះថ្នាក់តែងតែបរាជ័យ។

អ្នកអង្គុយហូបបាយបានអឺអើជាមួយនឹងគាត់ តែបុរសសក់រួញថា អ្នកហ៊ានជាងគេក៏អាចទទួលផលអវិជ្ជមានដែរ។ ផលអវិជ្ជមានដែលបានពីការហ៊ានចេញមុខ គឺអាចដេកគុក រត់ចោលស្រុក នៅពេលដែលគេមិនពេញចិត្តហើយចង់ធ្វើស៊ី។ ម្នាក់ក្នុងចំណោមពួកគេនិយាយកាត់សម្ដីគាត់ថា អ្នកដែលហ៊ានទាល់តែហ៊ានដោយចំណេះជំនាញទើបមិនគ្រោះថ្នាក់។ ពេលឃើញគេហ៊ានបានប្រយោជន៍ ហើយយើងហ៊ានតាមគេទាំងងងឹតងងល់ ទាំងគ្មានចំណេះជំនាញជាមូលដ្ឋាន ច្បាស់ជាធ្លាក់ទឹកហើយ។ បុរសសក់រួញនិយាយតបគាត់វិញថា អ្នកប្រណាំងម៉ូតូដែលមានចំណេះជំនាញច្បាស់លាស់ជាមូលដ្ឋានយ៉ាងណា ក៏គង់តែភ្លាត់ស្នៀតបាក់ដៃបាក់ជើងដែរ ប្រសិនបើគាត់ហ៊ានខ្លាំងពេក។

អ្នកធ្វើនយោបាយត្រូវការដើមទុនធំណាស់។ អ្នកធ្វើនយោបាយនៅស្រុកយើងប្រឈមគ្រោះថ្នាក់គ្រប់ពេល។ អ្នកដែលធ្វើនយោបាយជោគជ័យ ជីវិតគេស្រស់បំព្រង បានឡាន បានផ្ទះវីឡា បានលុយ។ អាចនិយាយថា ជីវិតគេមានពន្លឺ្លភ្លឺស្វាង។ អ្នកធ្វើនយោបាយដែលបរាជ័យ ជីវិតគេនៅក្បែរតែនឹងមាត់ជ្រោះមរណៈ។ អ្នកធ្វើនយោបាយបរាជ័យត្រូវអស់ផ្ទះ អស់ដី ហើយអាចជាប់គុកទៀតផង។

 


 

ទីប្រឹក្សារដ្ឋាភិបាលស្រាយបំភ្លឺពីការរៀបចំឡើងវិញសម្រាប់ពលរដ្ឋមានសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ

 

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក រ៉ាអ៊ូល ម៉ាក ជេណា ទីប្រឹក្សារដ្ឋាភិបាល បានធ្វើសន្និសីទកាសែតនៅក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយសៀវភៅស្រាវជ្រាវរបស់លោកពាក់ព័ន្ធនឹង «ការរៀបចំឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ដែលការស្រាវជ្រាវនេះជាការឆ្លើយតបនឹងការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈរបាយការណ៍របស់ខ្លួនស្ដីពីការបណ្ដេញចេញដោយបង្ខំដែលបានចេញផ្សាយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ 

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់លើទម្រង់ផ្សេងៗនៃការបំភិតបំភ័យដោយអាជ្ញាធរ ដើម្បីដកពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ និងផ្លាស់ប្ដូរទីតាំងពួកគេទៅកាន់រុនតាឯកនិងពាក់ស្នែង។

លោក រ៉ាអ៊ូល ម៉ាក ជេណា បានថ្លែងការពារផែនការផ្លាស់ប្ដូរទីលំនៅថ្មីរបស់ប្រជាជនតំបន់ឧទ្យានអង្គរ ហើយបានច្រានរបាយការណ៍ដ៏គួរឱ្យស្អប់ខ្ពើមរបស់អង្គការលើកលែងទោសអន្តរជាតិស្ដីពីការផ្លាស់ប្ដូរលំនៅដោយបង្ខំ។ លោកថា រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​តាំង​ទីលំនៅ​សមរម្យសម្រាប់ពលរដ្ឋផ្លាស់ប្ដូរចេញពីឧទ្យានអង្គរ។

លោកបន្ថែមថា ផែនការនេះធ្វើឡើងតាមដំណាក់កាលដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមនិងបរិស្ថានលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្តល់តាំងទីលំនៅថ្មីសម្រាប់ពួកគេជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រមទាំងសម្ភារៈផ្សេងទៀតនៅក្នុងតំបន់រុនតាឯកនិងពាក់ស្នែង។

លោកនិយាយថា របាយការណ៍អង្គការលើកលែងទោសអន្តរជាតិមិនឆ្លើយតបនឹងការខិតខំ ភាពជាក់ស្ដែង និងនយោបាយរបស់រដ្ឋាភិបាលចំពោះបញ្ហានៅរមណីយដ្ឋានអង្គរដ៏រសើបនេះ។

លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលតាមដានយ៉ាងដិតដល់ចំពោះការតាំងទីលំនៅថ្មីនេះបាននិយាយថា ខ្លួនមានភាពចាំបាច់ត្រូវបង្ហាញការពិតដើម្បីការពារការខិតខំរបស់រដ្ឋាភិបាល ដែលជាប្រយោជន៍របស់ប្រជាជនកម្ពុជា។

លោកថា នៅដើមឆ្នាំ១៩៩២ រដ្ឋាភិបាលកម្ពុជាបានទទួលការព្រមានជាមួយនឹងសម្ពាធលើរមណីយដ្ឋានអង្គរ ដូចជាកត្តាទេសចរ ពលរដ្ឋរស់នៅក្នុងខេត្ត និងផលប៉ះពាល់នៃការវិនិយោគទាំងតូចទាំងធំនៅក្នុងឧទ្យានអង្គរ។

លោក​បន្ត​ថា ក្រោយ​ឆ្នាំ១៩៩៨ មនុស្ស​ជាង៣ម៉ឺន​នាក់​បាន​រស់​នៅ​ក្នុង​ភូមិ​ចំនួន១១២ក្នុង​តំបន់​អង្គរ ហើយ​បន្ទាប់​មក​បាន​កើន​ឡើង​ដល់​ជាង១០ម៉ឺន​នាក់​នៅ​ឆ្នាំ២០០៥។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទៃដី​ព្រៃឈើ​ធ្លាក់​ចុះ​ពី ៣៦០ហិកតា​ក្នុង​ឆ្នាំ១៩៦៤ មក​នៅ​ត្រឹម១៧ហិកតា​ក្នុង​ឆ្នាំ២០០៤។

លោក​បាន​បន្ត​ថា បន្ទាប់​មក​អង្គការ​យូណេស្កូ​បាន​ចាប់​ផ្តើម​បន្លឺ​សំឡេង និង​បាន​អំពាវនាវ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​ការពារ​តំបន់​បេតិកភណ្ឌនិង​ការ​អភិវឌ្ឍ។

អនុក្រឹត្យឆ្នាំ១៩៩៤ បានបែងចែកតំបន់អង្គរជា៥តំបន់ផ្សេងគ្នា ហើយនៅក្នុងនោះតំបន់មួយនិងតំបន់ពីរគ្របដណ្តប់លើផ្ទៃដីជាង៤០០ហិកតានៃតំបន់អភិរក្សអង្គរ។ ប្រជាជននៅតំបន់ទាំងពីរអាចរស់នៅទីនោះបាន ប៉ុន្តែពួកគេមិនអាចសាងសង់ផ្ទះថ្មីបន្ថែមទៀតបានទេ។

លោកបន្ថែមថា រដ្ឋាភិបាលបានកំណត់ថាអ្នកដែលចូលមករស់នៅតំបន់អង្គរមុនឆ្នាំ២០០៤ អាចបន្តរស់នៅដោយស្របច្បាប់ ប៉ុន្តែមិនអាចសាងសង់ផ្ទះបន្ថែមបានទេ ហើយសម្រាប់អ្នកដែលមករស់នៅក្រោយឆ្នាំ ២០០៤ ចាត់ទុកថាពួកគេរស់នៅខុសច្បាប់។

លោក​បន្ត​ថា សម្រាប់​គ្រួសារ​ជំនាន់​ថ្មី​អាច​រស់នៅ​លើ​ផ្ទៃដី៧០០ហិកតា ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ២០១០។

លោកបានមានប្រសាសន៍ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការពារនិងអភិវឌ្ឍន៍បានអបអរសាទរអាជ្ញាធរជាតិអប្សរាចំពោះការរុះរើសំណង់ខុសច្បាប់។

លោក​បាន​បន្ថែម​ថា​៖ «​អង្គការ​លើកលែងទោស​អន្តរជាតិ​ពឹងផ្អែក​តែ​លើ​ការ​សម្ភាស​មនុស្ស១០០នាក់​ដែល​តំណាង​ឱ្យ០,២៥ភាគរយ​នៃ​ប្រជាជន​ទាំង​អស់»

លោក​បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​បាន​ពន្យល់​ពួកគេ​ពី​អត្ថប្រយោជន៍​នៃ​ការ​ផ្លាស់​ទី​លំនៅឋានដែលអាចកាន់កាប់ដីបាន​ធៀប​នឹង​ស្ថានភាព​បច្ចុប្បន្នដែលរស់នៅដោយខុសច្បាប់។

លោក លូន ឡង ជាពលរដ្ឋម្នាក់បានស្ម័គ្រផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់រុនតាឯក បានលើកឡើងថា ខ្លួនលោក ក៏ដូចជាពលរដ្ឋដទៃទៀតដែលរស់នៅតំបន់រមណីយដ្ឋានអង្គរបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅទៅតំបន់រុនតាឯកតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោកថា លោកបានរស់នៅតំបន់រមណីយដ្ឋានអង្គរតពីដូនតារបស់គាត់ ព្រមទាំងប្រកបរបរធ្វើស្រែនៅទីនោះផងដែរ ប៉ុន្តែលោកបានស្ម័គ្រចិត្តចាកចេញពីទីតាំងចាស់ដោយបង្ខំចិត្ត។

លោកបន្ថែមថា៖ «ពួកខ្ញុំមកនៅទីនេះ គឺគ្មានអ្នកណាសប្បាយចិត្តទេ ដោយសារតែទីនេះមិនមានការងារ។ ពលរដ្ឋដែលបានមកទីនេះភាគច្រើនបានចេញទៅរកការងារធ្វើនៅក្នុងក្រុងសៀមរាបដែលស្ថិតនៅឆ្ងាយខ្លាំងពីទីតាំងដែលពួកយើងរស់នៅ»

លោកត្អូញត្អែរថា ពលរដ្ឋដែលមកនៅតំបន់រុនតាឯកមិនមានមុខរបរច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ជីវភាពទេ សូម្បីតែការងារកសិកម្មក៏មិនអាចធ្វើបានដែរ ព្រោះមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម។ ដូច្នេះអ្នកខ្លះបានបង្ខំចិត្តទៅរកការងារធ្វើនៅទីរួមខេត្តសៀមរាបដែលមានចម្ងាយឆ្ងាយពីតំបន់រុនតាឯក។

លោកបញ្ជាក់ថា ពលរដ្ឋនៅរុនតាឯកចន្លោះពី៧០ភាគរយទៅ៨០ភាគរយហើយ ដែលប្រឈមបញ្ហាជីវភាពប្រចាំថ្ងៃនិងជំពាក់បំណុលធនាគារដោយសារតែការរុះរើផ្ទះសំបែងពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់រុនតាឯក។

កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​បង្ខំ​នៅ​រមណីយដ្ឋាន​អង្គរ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ប្រាសាទអង្គរវត្តអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើគេរកឃើញថាកម្ពុជាមិនបានអនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លោកថា៖ «រដ្ឋាភិបាលបានចាត់វិធានការដើម្បីការពាររមណីយដ្ឋានអង្គរដែលជាសម្បត្តិវប្បធម៌ជាតិ ហើយអ្វីគ្រប់យ៉ាងដែលត្រូវពិចារណា»។

នៅឆ្នាំ២០២២ រដ្ឋាភិបាលបានផ្តល់ដីលំនៅឋានជាថ្នូរនឹងការរុះរើលំនៅឋានខុសច្បាប់ចេញពីតំបន់បេតិកភណ្ឌទៅនៅរុនតាឯកនិងពាក់ស្នែង។ ពលរដ្ឋ​ដែល​ចង់​ផ្លាស់​ប្តូរ​ទីតាំងទៅនៅរុនតាឯកនិងពាក់ស្នែង​បានទទួល​ដី​ទំហំ​២០​គុណ​៣០​ម៉ែត្រ​សម្រាប់​លំនៅឋានពួកគេ​។

យោងតាមរដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋជាង៩.៦០០គ្រួសារបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងដែលបានផ្តល់។ ក្នុង​នោះ​មាន​ជាង៦​ពាន់​គ្រួសារ​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​តំបន់​រុនតាឯក ហើយ​ជាង៣៦០០​គ្រួសារ​ទៀត​រស់​នៅ​តំបន់​ពាក់ស្លែងក្នុង​ស្រុក​អង្គរធំ៕