តុបាយអ្នកកាសែតតពីលេខមុន
អាជីពលើវិស័យផ្សព្វផ្សាយ
តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ
ប្រធានបទជាច្រើនបានលេចឡើងនៅពេលអ្នកកាសែតបួនប្រាំនាក់កំពុងទទួលទានបាយថ្ងៃត្រង់ជុំគ្នា។ ជីវិតនិងអាជីព ជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ពួកគេ។ ពួកគេមានគោលដៅនិងគំនិតផ្សេងៗគ្នា។
អាមោឃវាទី ជាអ្នកកាសែតម្នាក់ក្នុងចំណោមពួកគេបានយកបទពិសោធនិងប្រវត្តិការងាររបស់គេប្រាប់អ្នកកំពុងទំពារបាយឃ្មមៗ។ គាត់អួតថាខ្លួនគាត់ធ្វើការលើអាជីពនេះអស់រយៈពេលច្រើនឆ្នាំមកហើយ និងបានផ្លាស់ប្ដូរពីស្ថាប័នមួយទៅស្ថាប័នមួយស្ទើររាប់ភ្លេច។ គាត់ធ្លាប់ជាអ្នកសារព័ត៌មានកីឡា ជាអ្នកសារព័ត៌មានជាតិ ជាពិធីករវិទ្យុ និងជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាដើម។ ឥឡូវគាត់ជាអ្នកសារព័ត៌មានជាតិរបស់ស្ថាប័នអន្តរជាតិមួយដែលមិនសូវល្បី។ មិនតែប៉ុណ្ណោះ គាត់ឆ្លៀតធ្វើការបន្ថែមពីរបីកន្លែងបន្ថែមទៀត។ គាត់ថាព្យាយាមប៉ុណ្ណឹងដែរ តែមិនល្បីដូចគេសោះ ហើយគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅទៀត។ គាត់ថាពីមួយថ្ងៃទៅមួយថ្ងៃជីវិតគ្រួសារនៅតែដដែល។ គ្មានរីកចម្រើនទៅណាសោះ។ គាត់និយាយទៀតថា បើសិនគាត់នៅបន្ដធ្វើជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្សាយឱ្យទូរទស្សន៍ ម្ល៉េះសមគាត់ល្បីហ៊ឺហាបាត់ទៅហើយ ព្រោះអីមិត្តភក្ដិគាត់កំពុងល្បីល្បាញខ្លាំង គេមានរថយន្តទំនើប មានវីឡា លុយចាយហ៊ឺហាដោយសាតែការធ្វើពិធីករ។ គាត់បន្ថែមថាធ្វើពិធិករបានប្រាក់ខែមិនសូវច្រើនក៏ពិតមែន តែមិនសូវហត់នឿយ ហើយរកក្រៅបានច្រើនទៀតផង។ គាត់បន្តថាគេចំណាយពេលយ៉ាងច្រើនតែពីរទៅបីម៉ោងប៉ុណ្ណោះសម្រាប់អត្ថាធិប្បាយប្រចាំកម្មវិធីស្នូល ចំណែកម៉ោងដែលនៅសេសសល់អាចធ្វើជាអ្នកអត្ថាធិប្បាយឱ្យកម្មវីធីនៅកន្លែងផ្សេងបាន។ បើអត្ថាធិប្បាយប៉ះចំកម្មវីធីពិសេសៗ ហើយប៉ះចំឯកឧត្តមឬឧកញ៉ាណាមួយពេញចិត្ត គាត់នឹងបានទទួលការឧបត្ថម្ភពីសំណាក់ឯកឧត្តមឬឧកញ៉ាមហាសេដ្ឋីនោះជាមិនខាន។ ហេងស៊យអាចឡើងជាឯកឧត្តមទៀត។
អាម៉ាំងកាយេ ជាអ្នកកាសែតដែលកំពុងអង្គុយហូបបាយនៅស្ដាំដៃគាត់និយាយថា ពិតមែនហើយបង! អ្នកផ្សេងនៅក្នុងវិស័យជាមួយនឹងយើង គេឡើងតួនាទីនិងមានងារជាឯកឧត្តមសឹងអស់ហើយ។ តើបងមានគិតថា ចង់បានងារឯកឧត្តមនឹងគេដែរឬទេ?
ចង់! នរណាមិនចង់! (គាត់ឆ្លើយភ្លាមៗដោយមិនគិតយូរ)
អាម៉ាំងកាយេនិយាយថា បងមានឧត្តមគតិខ្ពស់និងចេះគិតគូរវែងឆ្ងាយពីអនាគត។
អាទូមូស្ដាប់ពួកគេនិយាយដំបូងគួរតែកម្សត់និងគួរតែអាណិត។ ដល់ពេលស្ដាប់យូរៗទៅ ក៏យល់ថាពួកអាគាត់កំពុងតែត្អូញត្អែរ សោកស្ដាយ និងច្រណែនគេទេតើ។ អាទូមូថាបើមានឱកាសគួរតែចាប់យកងារឯកឧត្តមដែលគេហុចឱ្យនឹងទៅ។ ចំណែកអាទូមូខ្ញុំក៏ចូលចិត្តងារនឹងដែរ តែមិនចូលចិត្តឈ្មោះមន្ត្រី។ គ្រាន់តែឮឈ្មោះមន្ត្រីចង់ក្អួត ព្រោះអាទូមូខ្ញុំនេះធ្លាប់ជាជនរងគ្រោះដោយសារតែមន្ត្រី។ អាទូមូខ្ញុំបង់ពន្ធជូនរដ្ឋដូចពលរដ្ឋទូទៅដែរ ដើម្បីរាជការចាត់ចែងបើកប្រាក់ខែជូនពួកគាត់ តែអាទូមូខ្ញុំបានមកវិញត្រឹមតែរងគ្រោះ។
អ្នកកាសែតម្នាក់ទៀតដែលនៅឆ្វេងដៃអាទូមូថា បើឱកាសមកដល់គួរតែចាប់យកដែរទៅ ដើម្បីចូលរួមទម្លាប់លាប់អាក្រក់មន្ត្រីទាំងនោះ។ អាទូមូតបវិញថា មិនអាចទេ ទោះយើងមានងារជាឯកឧត្តមក៏ដោយ ដ្បិតអីយើងមានមិត្តភក្ដិយើង ជាគឺស្រាប់ហើយ។ កាលពីមិនទាន់មានងារឯកឧត្ដម ពួកគេនិយាយដូចតែយើងដែរ តែក្រោយពីបានទទួលងារឯកឧត្ដម គេថាគេមានផលពិបាករបស់គេដែរ។
តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ
អ្នកហ៊ាន និងមិនហ៊ាន
វេលាព្រះអាទិត្យឋិតនៅចំពីលើក្បាល ជាពេលអ្នកកាសែតមួយក្រុមមានគ្នាបួនទៅប្រាំនាក់ហូបបាយថ្ងៃត្រង់ជាមួយគ្នា។ ពួកគេតែងតែស្ពាយស្បោងជីវិតមកពីផ្ទះរៀងៗខ្លួន។ ស្បោងជីវិត ជារបស់មួយដែលពួកគេហៅសំដៅដល់ពង្វេចឬកញ្ចប់បាយ ដែលពួកគេវេចឬខ្ចប់សំណុំបាយមកពីផ្ទះ។ ពួកគេយកម្ហូបអាហារចេញពីស្បោងជីវិត ហើយរៀបលើតុអាហារ។ ម្ហូបប្រចាំថ្ងៃរបស់ពួកគេ ភាគច្រើនជាម្ហូបក្រៀមក្រោះ ដូចជាពងទា ត្រីអាំងន សាច់ជ្រូកចៀន និងជួនកាលក៏មានស្ងោ មានម្ជូរ មានកកូរដែរ។
ពួកគេចែករំលែកម្ហូបជាមួយគ្នាជារៀងរាល់ថ្ងៃ។ ពួកគេហូបបាយបណ្ដើរជជែកគ្នាពីនេះពីនោះបណ្ដើរ។ ពួកគេសម្លឹងម្ហូបបាយលើតុ ហើយនិយាយថា មើល៍ទៅម្ហូបបាយយើងលើតុដូចម្ហូបបាយវត្តគេរៀបខែភ្ជុំ។
បុរសសប្បុរខ្មៅ សក់រួញ និងមានដុសក្បាលពោះមិនសូវធំ ដែលអង្គុយនៅចុងតុអាហារ បាននិយាយថា តស់! យើងនាំគ្នាហូបឱ្យតែកូនហៅឪទៅ។ មួយជីវិតនេះដឹងតែមិនរស់ហើយ។ ពេលងាប់ទៅគ្មានអ្វីអាចយកទៅជាមួយបានទេ។ យ៉ាងច្រើនណាស់កូនចៅរក្សាឆ្អឹងទុកមួយកូនចាន ហើយដល់ទីបំផុត ទោះកូនចៅរក្សាយ៉ាងណា ក៏គង់តែរលាយសាបសូន្យតាមពេលវេលារបស់វាដែរ។ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ។
បុរសម្នាក់ក្នុងចំណោមពួកគេបន្លឺសំឡេងឮៗ។ គាត់ជាមនុស្សមាត់ដាច់។ គាត់ឧទាហរណ៍ចំៗហាក់គ្មានខ្លាចរអាឬប៉ះពាល់អារម្មណ៍ដល់អ្នកអង្គុយហូបបាយជាមួយគ្នាសោះ។ គាត់ថា មិនបាច់និយាយទៅឯណាឆ្ងាយ សូម្បីក្នុងចំណោមពួកយើងក៏អាចក្បត់គ្នាដែរ។ គាត់ថាគាត់មិនទុកចិត្តនរណាទេ។ ម៉ែឪ ប្រព័ន្ធ កូនគាត់ ក៏គាត់មិនទុកចិត្តដែរ។ គាត់ទុកចិត្តតែខ្លួនគាត់ប៉ុណ្ណោះ។ គាត់ថាបងប្អូនគង់នៅតែកាប់សម្លាប់គ្នាដោយសារតែរបងព្រំដីធ្លីបន្តិចបន្ដួច។ ប្រពន្ធប្ដីគង់នៅក្បត់ផិតគ្នា។ កូនគង់នៅសម្លាប់ឪពុកម្ដាយ។ មានរូបភាពឃោឃៅនិងច្រើនជាងនេះទៅទៀត។ ថ្មីៗកន្លងមកនេះ យើងបានដឹងស្រាប់ហើយ មិត្តភក្តិរាប់អានគ្នារាប់សិបឆ្នាំហ៊ានក្បត់គ្នា ព្រោះតែផលប្រយោជន៍ខ្លួនឯង ព្រោះតែតំណែងនិងងារឯកឧត្តម។
បុរសម្នាក់កំពុងអង្គុយហូបបាយនៅទល់នឹងមុខគាត់និយាយកាត់សម្ដីគាត់ថា បុគ្គលពីរនាក់ដែលបងនិយាយហ្នុង ជាមនុស្សពោរដោយទេពកោសល្យ។ គាត់បានសរសេរសៀវភៅ ហើយបទវិភាគរបស់គាត់ទាក់ទាញចំណាប់អារម្មណ៍ខ្ញុំជាខ្លាំង ព្រោះខ្ញុំយល់ថាបទវិភាគនយោបាយរបស់គាត់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ បុរសមាត់ដាច់តបសម្ដីវិញថា ការវិភាគរបស់ពួកគេមិនអស្ចារ្យជាងយើងប៉ុន្មានទេ។ គាត់ថាចង់ឱ្យវិភាគនយោបាយតទល់មុខគ្នាក៏បាន ហើយចាំមើលអ្នកណាវិភាគនយោបាយស៊ីជម្រៅនិងល្អជាង។ គាត់ថាការវិភាគរបស់ពួកគេមិនប៉ុន្មានទេ គ្រាន់តែពួកគេមានភាពក្លាហាននិងហ៊ានចេញមុខ ចំណែកគាត់គ្មានភាពក្លាហាន មិនហ៊ានចេញមុខ។ គាត់ថាការមិនហ៊ានចេញមុខជាចំណុចខ្សោយរបស់គាត់ ហើយវាជាចំណុចខ្លាំងពួកគេ។ អ្នកហ៊ានចេញមុខអាចទទួលផល ដូចជាបានតំណែង បានងារ បានផ្ទះ បានឡាន បានលុយ។ អ្នកប្រណាំងម៉ូតូដែលឈ្នះ ដោយសារតែគាត់ហ៊ានជាងគេទើបគាត់បានទទួលជោគជ័យ។ អ្នកប្រណាំងដែលខ្លាចគ្រោះថ្នាក់តែងតែបរាជ័យ។
អ្នកអង្គុយហូបបាយបានអឺអើជាមួយនឹងគាត់ តែបុរសសក់រួញថា អ្នកហ៊ានជាងគេក៏អាចទទួលផលអវិជ្ជមានដែរ។ ផលអវិជ្ជមានដែលបានពីការហ៊ានចេញមុខ គឺអាចដេកគុក រត់ចោលស្រុក នៅពេលដែលគេមិនពេញចិត្តហើយចង់ធ្វើស៊ី។ ម្នាក់ក្នុងចំណោមពួកគេនិយាយកាត់សម្ដីគាត់ថា អ្នកដែលហ៊ានទាល់តែហ៊ានដោយចំណេះជំនាញទើបមិនគ្រោះថ្នាក់។ ពេលឃើញគេហ៊ានបានប្រយោជន៍ ហើយយើងហ៊ានតាមគេទាំងងងឹតងងល់ ទាំងគ្មានចំណេះជំនាញជាមូលដ្ឋាន ច្បាស់ជាធ្លាក់ទឹកហើយ។ បុរសសក់រួញនិយាយតបគាត់វិញថា អ្នកប្រណាំងម៉ូតូដែលមានចំណេះជំនាញច្បាស់លាស់ជាមូលដ្ឋានយ៉ាងណា ក៏គង់តែភ្លាត់ស្នៀតបាក់ដៃបាក់ជើងដែរ ប្រសិនបើគាត់ហ៊ានខ្លាំងពេក។
អ្នកធ្វើនយោបាយត្រូវការដើមទុនធំណាស់។ អ្នកធ្វើនយោបាយនៅស្រុកយើងប្រឈមគ្រោះថ្នាក់គ្រប់ពេល។ អ្នកដែលធ្វើនយោបាយជោគជ័យ ជីវិតគេស្រស់បំព្រង បានឡាន បានផ្ទះវីឡា បានលុយ។ អាចនិយាយថា ជីវិតគេមានពន្លឺ្លភ្លឺស្វាង។ អ្នកធ្វើនយោបាយដែលបរាជ័យ ជីវិតគេនៅក្បែរតែនឹងមាត់ជ្រោះមរណៈ។ អ្នកធ្វើនយោបាយបរាជ័យត្រូវអស់ផ្ទះ អស់ដី ហើយអាចជាប់គុកទៀតផង។

No comments:
Post a Comment