អាជ្ញាធរជាតិអប្សរារៀបចំពិព័រណ៍ឧស្សាហកម្មសេរ៉ាមិចក្នុងសម័យអង្គររយៈពេលប្រាំមួយខែ

អាជ្ញាធរជាតិអប្សរាបានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររយៈពេល៦ខែ ចាប់ពីខែមិថុនារហូតដល់ចុងខែធ្នូ ដែលពិព័រណ៍នេះមានគោលបំណងបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរនិងទំនាក់ទំនងជាមួយចិនលើវិស័យនេះដល់សាធារណជន។

អាជ្ញាធរជាតិអប្សរានិងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុងកាលពីថ្ងៃសុក្រ បានសហការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី "អង្គរនិងចិន៖ ក្បឿងនិងជំនួញតាមផ្លូវសមុទ្រ" រយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប។

ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះ ជាកិច្ចសហប្រតិបត្តិការលើកទី២ហើយ រវាងអាជ្ញាធរជាតិអប្សរានិងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង បន្ទាប់ពីដំណើរការជោគជ័យលើការតាំងពិព័រណ៍លើកទី១នៅក្រុងហុងកុងកាលឆ្នាំ២០១៧។ 

ពិធីបើកពិព័រណ៍ជាផ្លូវការមានចូលរួមពីលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី Sharon Wong តំណាងដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរជាតិអប្សរា។

ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះមានគោលបំណងបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេសបង្ហាញនូវទស្សនៈថ្មីអំពីកេរដំណែលអង្គរក្រោមការឈ្វេងយល់ការច្នៃប្រតិដ្ឋនិងទំនាក់ទំនងវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។ 

ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះ ក៏មានបំណងចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នាដល់សាធារជននិងផ្ដល់នូវទស្សនៈថ្មីពីកេរដំណែលអង្គរនិងទំនាក់ទំនងវប្បធម៌ជាមួយប្រទេសចិន។ 

ការរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នេះចាប់ផ្តើមពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនានិងសិក្សាឈ្វេងយល់អំពីពិព័រណ៍នេះ ក៏ដូចជាទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ 

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិព័រណ៍មិនអចិន្រ្តៃយ៍នេះជាលទ្ធផលសិក្សាស្រាវជ្រាវរបស់ដេប៉ាតឺម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុងក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាដែលផ្ដោតលើឧស្សាហកម្មផលិតក្បឿងជំនួញតាមផ្លូវសមុទ្រក្នុងសម័យអង្គរ។ 

លោកថា ក្បឿងជាកុលាលភាជន៍មួយប្រភេទដែលផលិតក្នុងសម័យអង្គរមានលក្ខណៈស្រដៀងនឹងក្បឿងរបស់ចិនដែរ។ លោកជឿតាមលទ្ធផលស្រាវជ្រាវដែលបង្ហាញពីឧស្សាហកម្មផលិតក្បឿងក្នុងសម័យអង្គរមានទំនាក់ទំនងគ្នារវាងអរិយធម៌ខ្មែរនិងចិន។ 

លោកបាននិយាយថា៖ «ពិព័រណ៍មិនអចិន្រ្តៃយ៍ គឺជាការដាក់តាំងបង្ហាញនូវលទ្ធផលស្រាវជ្រាវជាមួយនឹងសមុច្ច័យ ដែលជាភស្ដុតាងយើងកំណាយរកឃើញក្នុងឡដុតកុលាលភាជន៍បុរាណនៅសម័យអង្គរ ស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប»។

លោកបន្ថែមថា៖ «ការកំណាយកន្លងមកបានរកឃើញឡដុតកុលាលភាជន៍ជាច្រើនកន្លែង ប៉ុន្តែការរកឃើញកន្លែងផលិតក្បឿងក្នុងសម័យអង្គរមិនមានច្រើនកន្លែងទេ ហើយការរកឃើញនេះបង្ហាញពីការផ្សារភ្ជាប់គ្នារវាងខ្មែរនិងចិន»។

លោកបញ្ជាក់ថា ពិព័រណ៍មិនអចិន្រ្តៃយ៍នេះបានដាក់តាំងបង្ហាញទាំងឯកសារជាសៀវភៅ ជារូបភាព និងជាវីដេអូ ដែលមានការពន្យល់ជាភាសាខ្មែរ អង់គ្លេស និងចិន ហើយអ្នកចូលរួមទស្សនានឹងបានទទួលបណ្ណអនុស្សាវរីយ៍ពីពិព័រណ៍មិនអចិន្រ្តៃយ៍នេះ។

ភស្ដុតាងបង្ហាញថា មានសំណង់ធ្វើពីឈើប្រក់ក្បឿង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទកសាងពីថ្មភក់នៅក្នុងអាណាចក្រអង្គរ។ ដូចនេះ ការសិក្សានេះមានបំណងឈ្វេងយល់ពីស្មូននៅសម័យអង្គរ (សតវត្សរ៍ទី៩ដល់ទី១៥) ដែលមានភាពប៉ិនប្រសប់និងច្នៃប្រតិដ្ឋខ្ពស់ក្នុងការផលិតកុលាលភាជន៍តាមបច្ចេកទេសចិន៕

 


 



Ragged clothe

 Ragged clothe is the only published work of poetry by poet Torn Vibol. This 148-page book, in addition to embedding globalist ideas and perspectives that allow the reader to think appropriately base on their own room after reading each poem. It also contains a glimpse of what is happening in modern society for the reader to see those stories through the poet’s view. Whether it is more or less relevant to the society, it is a vision of the poet, highlighting the overall view and the unique diversity to the reader, think, find the cause and effect that is presented and embedded in it. It is also a part that can contribute to transforming problems and improve in the workplace, family, and national institutions as a whole.

Again, all that is mentioned in the Ragged Clothes is that the poet hopes and fully believes that it really benefits the reader, especially helping the reader to develop a positive mindset after understanding and discovering the story. The poems that the poet has embedded and displayed in the book, although it is only required to be on the literary pages.

 


 

 

 

ខោអាវចាស់

"ខោអាវចាស់" ជាកម្រងកំណាព្យដំបូងរបស់កវីនិពន្ធ តន វិបុល បោះពុម្ភផ្សាយជាភាសាខ្មែរ បន្ទាប់ពីស្នាដៃរឿងខ្លីមួយចំនួនរបស់លោកត្រូវបានបោះពុម្ភផ្សាយក្នុងសៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ។ ស្នាដៃនេះនឹងអនុញ្ញាតឱ្យអ្នកអានចូលរួមគិតពិចារណាអំពីហេតុនិងផល និងស្វែងរកដំណោះស្រាយ​តាមវិធីសាស្ត្ររៀងៗខ្លួន ឬផ្លាស់ប្ដូរអាកប្បកិរិយា ដើម្បីផ្ដល់សេចក្ដីចម្រុងចម្រើនជូនចំពោះមនុស្សជាតិ រុក្ខជាតិនិងសត្វ ដែលនៅជុំវិញខ្លួន។ សៀវភៅកម្រាស់១៤៨ទំព័រនេះ ក្រៅពីបង្កប់គំនិតនិងទស្សនៈតាមបែបសកលនិយម ដែលអនុញ្ញាតឱ្យអ្នកអានគិតពិចារណាតាមការគួរហើយនោះ ក៏មានឈ្លេចនូវរឿងរ៉ាវដែលកើតមានឡើងក្នុងសង្គមបច្ចុប្បន្ន ជួយឱ្យអ្នកអានឃើញជាក់ស្ដែងនូវរឿងរ៉ាងទាំងនោះ តាមរយៈភាសាកាព្យរបស់កវីនិពន្ធ។ ទោះស្នាដៃនេះមានខ្លឹមសារតិច ឬច្រើនយ៉ាងណាចំពោះសង្គមជាតិ វាជាចក្ខុវិស័យមួយរបស់កវីនិពន្ធដែលបានព្យាយាមលើកយកទិដ្ឋភាពរួម និងគំនិតចម្រុះដោយឡែក ទៅកាន់អ្នកអានគិតពិចារណាតាមសមត្ថភាពខ្លួន ។

តាមរយៈខ្លឹមសារក្នុងស្នាដៃនេះ កវីនិពន្ធសង្ឃឹមនិងជឿជាក់ទាំង​ស្រុងថា ពិតជាបានផ្ដល់អត្ថប្រយោជន៍ដល់អ្នកអាន ជាពិសេសជួយអ្នកអានឱ្យរីកដុះដាលនូវផ្នត់គំនិតវិជ្ជមាន បន្ទាប់​ពីយល់​និងរកឃើញរឿងរ៉ាវនានាដែលកវីនិពន្ធបានបង្កប់និងបង្ហាញនៅក្នុងស្នាដៃ បើទោះ​បី​អ្វីដែលទាមទារនោះត្រឹមជា ខោអាវចាស់ ក្នុងទំព័រអក្សរសិល្ប៍ក៏ដោយចុះ។

 


 

ទិវាជាតិអ្នកនិពន្ធជំរុញការបង្កើតស្នាដៃតែងនិពន្ធថ្មីៗ

ការប្រារព្ធទិវាជាតិអ្នកនិពន្ធកាលពីថ្ងៃសៅរ៍បានជំរុញការបង្កើតស្នាដៃតែងនិពន្ធថ្មីៗ ដើម្បីជាគុណប្រយោជន៍ដល់វិស័យអប់រំ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។

ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បានប្រារព្ធទិវាជាតិអ្នកនិពន្ធជាលើកដំបូងនៅភ្នំពេញក្នុងគោលបំណងបង្កើនគុណតម្លៃនិងជំរុញការលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកអប់រំ ការលើកកម្ពស់សុខដុមវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។

ទិវាដ៏មានអត្ថន័យនេះរៀបចំដោយសមាគមអ្នកនិពន្ធខ្មែរសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកនិពន្ធខ្មែរនិងបរទេសជាច្រើន ហើយក៏មានការចូលរួមអបអរសាទរពីសមាគមអ្នកនិពន្ធចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។

លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអានសារលិខិតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិអ្នកនិពន្ធនោះថា រដ្ឋាភិបាលបានកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអ្នកនិពន្ធ។ វាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរំលឹកដល់គុណបំណាច់របស់បណ្ដាកវីនិពន្ធគ្រប់ជំនាន់ដែលបានរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។

លោកថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំមានបំណងជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា ក៏ដូចជាលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ដើម្បីប្រមូលផ្ដុំសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការប្រកបដោយសុច្ឆន្ទៈនិងមនសិការវប្បធម៌សន្តិភាព។

លោកបន្ថែមថា រដ្ឋាភិបាលបានផ្ដោតចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធបន្តពង្រឹងការចូលរួមតាក់តែង និងការបង្កើតស្នាដៃថ្មីៗសម្រាប់ជាគុណប្រយោជន៍ដល់វិស័យអប់រំ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមជ្ឈដ្ឋានទូទៅ។

លោកបានមានប្រសាសន៍ថា៖ «មកទល់នឹងបច្ចុប្បន្ន រដ្ឋាភិបាលនៅតែបន្តអាទិភាពភាវូបនីយកម្មលើថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ការគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ»។

លោកបន្ថែមថា៖ «គោលដៅរបស់យើង គឺការបង្កើតបរិមាណស្នាដៃតែងនិពន្ធ លើកកម្ពស់គុណភាពអមដោយការពង្រឹងក្រមសីលធម៌និងអត្ថន័យនៃអត្ថបទតែងនិពន្ធ ដើម្បីការពារតម្លៃដើមអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិដោយតម្កល់ប្រយោជន៍ជាតិជាធំ»។

ជាមួយនឹងគ្នានោះ លោកបានជំរុញក្រសួងស្ថាប័នបន្តពង្រឹងកម្មសិទ្ធិបញ្ញានិងសិទ្ធិប្រហាក់ប្រហែលដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធក្រោមរូបភាពការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់និងអន្តរជាតិលើវិស័យកម្មសិទ្ធិបញ្ហា។

លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរបានថ្លែងក្នុងពិធីនោះដែរថា ថ្ងៃនេះជាថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមចំពោះអ្នកនិពន្ធនិងកវីនិពន្ធគ្រប់រូបដែលបានរួមគ្នាប្រារព្ធពិធីអបអរសាទរទិវាជាតិអ្នកនិពន្ធជាលើកដំបូងក្នុងប្រទេសកម្ពុជា។

លោកបាននិយាយដោយមោទនៈថា ទិវានេះជាសមិទ្ធផលដ៏ត្រចះត្រចង់និងជាប្រវត្តិសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់សមាគមអ្នកនិពន្ធខ្មែរ ក៏ដូចជាកវីនិពន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយឆន្ទៈមនសិការក្នុងបុព្វរួមចំណែកលើកស្ទួយវិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ជាតិខ្មែរ និងបោះជំហានទៅមុខប្រកបដោយកិត្យានុភាពរបស់ជាតិ។

លោកបានថ្លែងថា៖ «ខ្ញុំសូមចូលរួមសម្ដែងនូវមោទនភាពយ៉ាងក្រៃលែងជាមួយអ្នកនិពន្ធគ្រប់រូបចំពោះរដ្ឋាភិបាល [...] ដែលបានសម្រេចជ្រើសរើសយកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអ្នកនិពន្ធក្នុងគោលបំណងបង្កើនគុណតម្លៃនិងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ»។

លោកបន្ថែមថា៖ «ទិវាជាតិអ្នកនិពន្ធពិតជាបានឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏ធំធេងដែលសង្គមនិងប្រជាជនកម្ពុជាបានផ្ដល់តម្លៃជូនចំពោះកវីអ្នកនិពន្ធខ្មែរ ហើយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏រំភើបរីករាយមួយទៀតចំពោះពិភពអក្សរសាស្ត្រនិងអក្សរសីល្ប៍ខ្មែរ រួមទាំងអ្នកនិពន្ធខ្មែរទាំងអស់គ្នាផងដែរ»។

លោកជឿជាក់ថា ការបង្កើតទិវាជាតិអ្នកនិពន្ធក៏ជួយជំរុញការអភិវឌ្ឍអក្សរសិល្ប៍ ការពង្រីកប្រជាប្រិយភាពការបណ្ដុះបណ្ដាល និងការពង្រឹងក្រុមអ្នកមានទេពកោសល្យផ្នែកអក្សរសាស្ត្រ ពោលគឺជួយពួកគេកាន់តែមានការយល់ដឹងពីគ្នាទៅវិញទៅមករវាងភាសា សិល្បៈ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រជាដើម។ ទន្ទឹមនឹងនេះ ទិវាជាតិអ្នកនិពន្ធក៏ជួយជំរុញការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការផ្នែកអក្សរសិល្ប៍រវាងប្រទេសកម្ពុជាជាមួយប្រទេសនានានៅលើពិភពលោក ដែលនាំឱ្យអក្សរសិល្ប៍ខ្មែរកាន់តែមានភាពច្នៃប្រឌិតនិងបន្តរីកចម្រើនជានិច្ច។

លោកបន្ថែមថា៖ «វាជាឱកាសមួយជួយជំរុញការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរនៅក្នុងសង្គម និងការស្វែងរកអ្នកមានទេពកោសល្យអក្សរសិល្ប៍ខ្មែរថ្មីៗ ដើម្បីធ្វើឱ្យវិស័យអក្សរសិល្ប៍ខ្មែរមានអ្នកបន្តវេនប្រកបដោយភាពខ្លាំងក្លា»។

នៅក្នុងកម្មវិធីប្រារព្ធទិវាជាតិអ្នកនិពន្ធនោះ ក៏មានការប្រគល់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ "ព្រះនាងឥន្ទ្រទេវី" ប្រចាំឆ្នាំ២០២៤ ដល់ម្ចាស់ជ័យលាភី១០រូបដែលឈ្នះការប្រកួតប្រជែងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លីនិងកំណាព្យរឿងផងដែរ។

ជ័យលាភីផ្នែកប្រលោមលោកខ្នាតខ្លីមានប្រាំរូបពីលេខ១ដល់លេខ៥ រួមមានរឿង "ដើមពុទ្រាឧត្តមា" និពន្ធដោយលោកស្រី គង់ ច័ន្ទវ៉ាន់ណេង មកពីរាជធានីភ្នំពេញជាប់ជ័យលាភីលេខ១។ រឿង "លម្អងអក្ខរា" និពន្ធដោយកញ្ញា កប វណ្ណហួច មកពីរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២។ រឿង "ម្ចាស់ត្បូងបេះដូងទិនរត្ន" និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ មកពីរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ៣។ រឿង "ក្លាក់ខ្លឹមអម្អិល" និពន្ធដោយលោក វង្ស សុភាជ មកពីខេត្តព្រៃវែងជាប់លេខ៤ និងរឿង "ខ្យលនិស្ស័យ" និពន្ធដោយលោក ផន ផានឿន មកពីរាជធានីភ្នំពេញជាប់ជ័យលាភីលេខ៥។

ចំណែកជ័យលាភីផ្នែកកំណាព្យរឿងមានប្រាំរូបដែរ គឺពីលេខ១ដល់លេខ៥ រួមមានកំណាព្យរឿង "ដីកេរម៉ែ" និពន្ធដោយលោក ស៊ឹម គឹមសាត មកពីខេត្តត្បូងឃ្មុំជាប់ជ័យលាភីលេខ១។ កំណាព្យរឿង "វីរភាពឥន្ទភាណី" និពន្ធដោយលោក សុវណ្ណ សេរីវឌ្ឍ មកពីរាជធានីភ្នំពេញជាប់លេខ២។ កំណាព្យរឿង "ចំណងដៃស្នេហ៍" និពន្ធដោយលោកស្រី មិន សុធី មកពីខេត្តសៀមរាបជាប់លេខ៣។ កំណាព្យរឿង "ស្ពានមង្គល" និពន្ធដោយលោក មឿន សំណាង មកពីខេត្តឧត្ដរមានជ័យជាប់លេខ៤ និងកំណាព្យរឿង "កុលស្ត្រី" និពន្ធដោយកញ្ញា កាន ស្រីនីត មកពីខេត្តព្រៃវែងជាប់ជ័យលាភីលេខ៥៕


រាប់ពីឆ្វេង គឺអ្នកនិពន្ធសំរែ អ្នកនិពន្ធនិងអ្នកកាសែតតនវិបុល និងអ្នកនិពន្ធអឿស៊ីណា


មិនទៀងទាត់

 

កម្សត់អ្វីម្ល៉េះ ថ្ងៃក្ដៅស្ទើរឆេះ សឹងប្រេះបែកក្បាល
ម្ដេចក៏ផ្ដាសាយ នាំកាយហេលហាល ខ្ញុំឈឺខុសកាល
ខុសគេខុសឯង។​
 
ថ្ងៃក្ដៅខ្លាំងជាក់ សូរិយាប្រែភ័ក្ត្រ​ ត្រជាក់សូរ្យសែង
សមខ្ញុំសុនត្រុន កើតគ្រុនចំបែង តាមមេឃភ្លៀងផ្សែង
ប្រែអាកាសធាតុ​។​
 
កាយមិនទៀងទាត់ មិនអាចឃាំងឃាត់ ប្រាសព្រាត់សាច់ញាតិ
កើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិ សូមតែចាកឃ្លាត
ដោយកេរ្ដិ៍ឈ្មោះល្អ​​។
 
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ 
នៅរាជបណ្ឌិត្យសភាកម្ពុជា
 

 

រឿងនិទានពីកិន្នរ

កាលពីព្រេងនាយនៅភ្នំហិមពាន្តមានស្ដេចកិន្នរបានរស់នៅនគរជាមួយប្រពន្ធកូន។ ពួកគេរស់នៅទីនោះយ៉ាងសុខសាន្ត ប៉ុន្តែថ្ងៃមួយនគរស្ដេចកិន្នរបានវាយប្រហារដោយព្យុះព្រឹល ហើយអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ពួកគេព្យាយាមបន្ស៊ាំខ្លួនរស់នៅជាមួយព្យុះព្រឹល។ ពេលពួកគេសម្របខ្លួនជាមួយព្យុះព្រឹល ក៏មានពួកកិន្នរផ្សេងទៀតលើកទ័ពធ្វើសង្គ្រាមដណ្ដើមអំណាចពីស្ដេចកិន្នរ។ ដោយមិនអាចទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់ដែលកើតឡើងផ្ទួនៗគ្នា ស្ដេចកិន្នរក៏សម្រេចនាំប្រពន្ធកូនចាកចេញពីនគរ ហើយទៅស្នាក់អាស្រ័យបណ្ដោះអាសន្នក្បែរអាណាចក្រមនុស្ស។ នៅអាណាចក្រជាមួយមនុស្ស ស្ដេចកិន្នរនិងប្រពន្ធកូនរស់នៅដោយលាក់បំពួន ដ្បិតខ្លាចមនុស្សយាយីពួកគេ។ 
 
ស្ដេចកិន្នរមានបុត្រាបុត្រីប្រាំពីរនាក់ ប៉ុន្តែពួកគេនៅមានតូចៗនៅឡើយ។ ក្នុងចំណោមពួកគេមានកូនច្បងនិងបន្ទាប់ប៉ុណ្ណោះ ដែលស្ដេចកិន្នរតែងតែនាំទៅជាមួយ ដើម្បីស្វែងរកអាហារ។ ពួកគេបានហោះហើរមកដល់កន្លែងមនុស្សម្នាប្រកបកិច្ចការងារចិញ្ចឹមជីវិតផ្សេងគ្នាយ៉ាងអ៊ូរអរ។ ស្ដេចកិន្នរនិងកូនទាំងពីរបានកាឡាខ្លួនជាមនុស្សធម្មតា ហើយបន្លំខ្លួនជាមួយហ្វូងមនុស្ស។ ពេលយូរៗទៅកូនទាំងពីររបស់ស្ដេចកិន្នរបានស្នើបិតារៀនសូត្រវិជ្ជាផ្សេងៗជាមួយនឹងកូនអ្នកស្រុកដោយពួកគេសន្យាថា មិនឱ្យមនុស្សដឹងពីសមាភាពពួកគេជាកិន្នរឡើយ។
 
តាំងពីពេលនោះមក ទាំងពីរនាក់បងប្អូនបានព្យាយាមលាក់យ៉ាងណាមិនឱ្យមនុស្សដឹងថាពួកគេជាកិន្នរឡើយ។ ថ្ងៃមួយពេលពួកគេកំពុងតែរៀនសូត្រស្រាប់តែមានហេតុដ៏អស្ចារ្យមួយកើតឡើង។ វាជាព្យុះកំណាចដ៏ធំមួយដែលបានបោះបោកមកលើទីតាំងដែលពួកគេរៀនសូត្រនោះ។ មនុស្សម្នាបានលាក់ខ្លួន។
 
ព្យុះស្ងប់មួយសន្ទុះស្រាប់តែរន្ទះបាញ់លើដីបង្កើតបានជាកូនរណ្ដៅ ប៉ុន្តែផ្លេកបន្ទោរព្រាកៗឥតដាច់ពីអាកាសតភ្ជាប់មកកូនរណ្ដៅនោះ កិន្នរប្អូនដែលមានសេចក្ដីអង់អាចនិងចង់ដឹងពីអ្វីដែលថ្មី កាលបើឃើញដូចនោះក៏ដើរចូលទៅអើតមើលរណ្ដៅ រីឯមនុស្សដែលពួកលាក់ខ្លួនពីព្យុះក្បែរនោះចេញមកមើលយ៉ាងព្រោងព្រាត។ កិន្នរជាបងឃើញហេតុមិនស្រួល ក៏ចូលទៅហាមឃាត់ប្អូន តែប្អូនមិនស្ដាប់បង្គាប់ ក៏កើតជារឿងឈ្លោះទាល់ទែងគ្នាមួយរំពេក។ ដោយអត់ទ្រាំមិនបាន កិន្នរបងបានបាក់មែកឈើធ្វើរំពាត់វាយប្អូនយ៉ាងចាស់ដៃរហូតប្រែរូបរាងជាកិន្នរ។ មនុស្សដែលកំពុងឈរចោមរោមពេលឃើញដូច្នោះ ក៏ចូលចាប់ឃាត់ខ្លួនពួកគេ តែកិន្នរច្បងដឹងខ្លួនមុន ក៏ហើររត់គេចខ្លួនចោលប្អូន។ 
 
ចំណែកស្ដេចកិន្នរជាបិតាពេលបានទទួលដំណើរនេះហើយ ក៏ហោះហើរមកជួយកូន តែពេលមកដល់មិនឃើញកូនទាំងពីរទេ ព្រោះកិន្នរប្អូនត្រូវមនុស្សចាប់យកចេញទៅបាត់ រីឯកិន្នរច្បងក៏មិនដឹងហើរទៅដល់ទីណា។ ស្ដេចកិន្នរព្យាយាមស្វះស្វែងរកដំណឹងកូនទាំងពីរយ៉ាងយូរ តែនៅតែមិនឃើញ។ ស្ដេចកិន្នរអស់កម្លាំងរហិតរហៃខ្លួនប្រាណស្លាបហើរទៅមុខលែងរួច ក៏ធ្លាក់សន្លប់លែងកម្រើកខ្លួន។
 
រឿងនេះដកស្រង់ពីសៀវភៅព្រេងនិទានរបស់តាខ្ញុំ
 

 

តុកាហ្វេពេលព្រឹក

ព្រឹកនេះអាមោឃវាទីអង្គុយផឹកកាហ្វេនៅក្បែរកន្លែងធ្វើការដូចសព្វដង។ ពេលកំពុងអង្គុយផឹកកាហ្វេ វាឮពួកបរទេសជជែកគ្នាពីខ្មែរ។ ពួកបរទេសទាំងនោះនិយាយថា ខ្មែរឆោតៗអ៊ីចឹងងាយស្រួយបោកណាស់។ អាមោឃវាទីឮហើយក្ដៅចិត្តឆេវដូចត្រូវកំពប់ទឹកក្ដៅលើរលាកស្បែក តែវាអត់ធ្មត់ដោយគ្រាន់តែចំណាំមើល។ ពួកបរទេសបន្តជជែកគ្នាឮៗដោយគ្មានក្រែងចិត្តអ្នកអង្គុយក្បែរសោះ។ ពួកគេមានអំនួតលើខ្លួនឯងថា នៅកន្លែងការងារគ្មានខ្មែរណាម្នាក់ហ៊ានតមាត់ជាមួយទេ។ ពួកគេខ្លាចពួកយើងណាស់។ ពេលឃើញពួកយើងដើរឱនក្បាលសឹងដល់ដី ហើយអ្នកខ្លះប្រឹងអួតប្រាប់ខ្មែរគ្នាឯងថា ពួកយើងសែនល្អបំផុតសម្រាប់ពួកគេ។

ដោយអត់ទ្រាំនឹងពាក្យសម្ដីប្រមាថលែងបាន អាមោឃវាទីដែលធ្លាប់ធ្វើការងារជាមួយបរទេសនិងមានបទពិសោធជូរចត់ជាមួយពួកគេស្រាប់ផង ក៏ដើរទៅជិតហើយនិយាយជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា ល្មមៗបានហើយ! អ្នកឯងក៏មិនគ្រាន់បើជាងខ្មែរប៉ុន្មានដែរ។

ពួកបរទេសទាំងនោះមើលភ្នែកធំៗមើលមកអាមោឃវាទី ហើយនិយាយថា ហេតុអ្វីបានជាអ្នកនិយាយអ៊ីចឹង? អ្នកឯងមានដឹងទេ ពួកយើងមកនេះ គឺមកដើម្បីជួយខ្មែរ។

អាមោយវាទីឆ្លើយតបវិញដោយមិនញញើតសម្ដីថា ក្រែងពួកអ្នកឯងមានស្រុកទេសដែរតើ ម្ដេចក៏មិននៅជួយស្រុកអ្នកឯងទៅ? តាមបទពិសោធខ្ញុំធ្លាប់ធ្វើការជាមួយបរទេសភាគច្រើនដែលមកនៅស្រុកខ្មែរ គឺសុទ្ធតែជាមនុស្សអស់សាច់នៅស្រុកអ្នកឯង។ ខ្ញុំនិយាយនេះមិនដឹងថាពួកអ្នកឯងអ៊ីចឹងដែរឬយ៉ាងណាទេ?

និយាយហើយពួកគេក៏ចាកចេញពីហាងកាហ្វេរាងខ្លួន។

អាមោឃវាទីមិនបដិសេធទេ ព្រោះបរទេសខ្លះល្អពិតប្រាកដមែន ប៉ុន្តែបរទេសវាជួបនៅស្រុកខ្មែរច្រើនតែជាមនុស្សអស់សាច់ពីស្រុកពួកគេមែន ហើយមកធ្វើខ្លួនអស្ចារ្យនៅស្រុកខ្មែរ។ អ្នកខ្លះមិនដឹងប្រឹងអួតតែពីបរទេស ហើយថែមទាំងឱនលំទោននិងឱ្យតម្លៃពួកគេទៀតផង៕

 


 

តុបាយអ្នកកាសែត

            តុបាយអ្នកកាសែតតពីលេខមុន

អាជីពលើវិស័យផ្សព្វផ្សាយ

តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ

ប្រធានបទ​ជាច្រើនបានលេចឡើងនៅពេលអ្នកកាសែតបួនប្រាំនាក់កំពុងទទួលទានបាយថ្ងៃត្រង់ជុំគ្នា។ ជីវិតនិងអាជីព ជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ពួកគេ។ ពួកគេមានគោលដៅនិងគំនិតផ្សេងៗគ្នា។

អាមោឃវាទី ជាអ្នកកាសែតម្នាក់ក្នុងចំណោមពួកគេបានយកបទពិសោធនិងប្រវត្តិការងាររបស់គេប្រាប់អ្នកកំពុងទំពារបាយឃ្មមៗ។ គាត់អួតថាខ្លួនគាត់ធ្វើការលើអាជីពនេះអស់រយៈពេលច្រើនឆ្នាំមកហើយ និងបានផ្លាស់ប្ដូរពីស្ថាប័នមួយទៅស្ថាប័នមួយស្ទើររាប់ភ្លេច។ គាត់ធ្លាប់ជាអ្នកសារព័ត៌មានកីឡា ជាអ្នកសារព័ត៌មានជាតិ ជាពិធីករវិទ្យុ និងជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាដើម។ ឥឡូវគាត់ជាអ្នកសារព័ត៌មានជាតិរបស់ស្ថាប័នអន្តរជាតិមួយដែលមិនសូវល្បី។ មិនតែប៉ុណ្ណោះ គាត់ឆ្លៀតធ្វើការបន្ថែមពីរបីកន្លែងបន្ថែមទៀត។ គាត់ថាព្យាយាមប៉ុណ្ណឹងដែរ តែមិនល្បីដូចគេសោះ ហើយគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅទៀត។ គាត់ថាពីមួយថ្ងៃទៅមួយថ្ងៃជីវិតគ្រួសារនៅតែដដែល។ គ្មានរីកចម្រើនទៅណាសោះ។ គាត់និយាយទៀតថា បើសិនគាត់នៅបន្ដធ្វើជាពិធីករអត្ថាធិប្បាយកម្មវីធីផ្សាយផ្សាយឱ្យទូរទស្សន៍ ម្ល៉េះសមគាត់ល្បីហ៊ឺហាបាត់ទៅហើយ ព្រោះអីមិត្តភក្ដិគាត់កំពុងល្បីល្បាញខ្លាំង គេមានរថយន្តទំនើប មានវីឡា លុយចាយហ៊ឺហាដោយសាតែការធ្វើពិធីករ។ គាត់បន្ថែមថាធ្វើពិធិករបានប្រាក់ខែមិនសូវច្រើនក៏ពិតមែន តែមិនសូវហត់នឿយ ហើយរកក្រៅបានច្រើនទៀតផង។ គាត់បន្តថាគេចំណាយពេលយ៉ាងច្រើនតែពីរទៅបីម៉ោងប៉ុណ្ណោះសម្រាប់អត្ថាធិប្បាយប្រចាំកម្មវិធីស្នូល ចំណែកម៉ោងដែលនៅសេសសល់អាចធ្វើជាអ្នកអត្ថាធិប្បាយឱ្យកម្មវីធីនៅកន្លែងផ្សេងបាន។ បើអត្ថាធិប្បាយប៉ះចំកម្មវីធីពិសេសៗ ហើយប៉ះចំឯកឧត្តមឬឧកញ៉ាណាមួយពេញចិត្ត​ គាត់នឹងបានទទួលការឧបត្ថម្ភពីសំណាក់ឯកឧត្តមឬឧកញ៉ាមហាសេដ្ឋីនោះជាមិនខាន។ ហេងស៊យ​អាចឡើងជាឯកឧត្តមទៀត។​

អាម៉ាំងកាយេ ជាអ្នកកាសែតដែលកំពុងអង្គុយហូបបាយនៅស្ដាំដៃគាត់និយាយថា ពិតមែនហើយបង! អ្នកផ្សេងនៅក្នុងវិស័យជាមួយនឹងយើង គេឡើងតួនាទីនិងមានងារជាឯកឧត្តមសឹងអស់ហើយ។ តើបងមានគិតថា ចង់បានងារឯកឧត្តមនឹងគេដែរឬទេ?

ចង់! នរណាមិនចង់! (គាត់ឆ្លើយភ្លាមៗដោយមិនគិតយូរ)​

អាម៉ាំងកាយេនិយាយថា បងមានឧត្តមគតិខ្ពស់និងចេះគិតគូរវែងឆ្ងាយពីអនាគត។​

អាទូមូស្ដាប់ពួកគេនិយាយដំបូងគួរតែកម្សត់និងគួរតែអាណិត។​ ដល់ពេលស្ដាប់យូរៗទៅ ក៏យល់ថាពួកអាគាត់កំពុងតែត្អូញត្អែរ​ សោកស្ដាយ និងច្រណែនគេទេតើ។ អាទូមូថាបើមានឱកាសគួរតែចាប់យកងារឯកឧត្តមដែលគេហុចឱ្យនឹងទៅ។ ចំណែកអាទូមូខ្ញុំក៏ចូលចិត្តងារនឹងដែរ តែមិនចូលចិត្តឈ្មោះមន្ត្រី។ គ្រាន់តែ​ឮឈ្មោះមន្ត្រីចង់ក្អួត ព្រោះអាទូមូខ្ញុំនេះធ្លាប់ជាជនរងគ្រោះដោយសារតែមន្ត្រី។ អាទូមូខ្ញុំបង់ពន្ធជូនរដ្ឋដូចពលរដ្ឋទូទៅដែរ ដើម្បីរាជការចាត់ចែងបើកប្រាក់ខែជូនពួកគាត់ តែអាទូមូខ្ញុំបានមកវិញត្រឹមតែរងគ្រោះ។​

អ្នកកាសែតម្នាក់ទៀតដែលនៅឆ្វេងដៃអាទូមូថា បើឱកាសមកដល់គួរតែចាប់យកដែរទៅ ដើម្បីចូលរួមទម្លាប់លាប់អាក្រក់មន្ត្រីទាំងនោះ។ អាទូមូតបវិញថា មិនអាចទេ ទោះយើងមានងារជាឯកឧត្តមក៏ដោយ ដ្បិតអីយើងមានមិត្តភក្ដិយើង ជាគឺស្រាប់ហើយ។ កាលពីមិនទាន់មានងារឯកឧត្ដម ពួកគេនិយាយដូចតែយើងដែរ តែក្រោយ​ពីបានទទួលងារឯកឧត្ដម គេថាគេមានផលពិបាករបស់គេដែរ។​

តុបាយអ្នកកាសែតសូមឧទ្ទិសអត្ថបទដ៏តូចនេះស្ថិតនៅត្រឹមតែអក្សរសិល្ប៍បានហើយ

អ្នកហ៊ាន និងមិនហ៊ាន

វេលាព្រះអាទិត្យឋិតនៅចំពីលើក្បាល ជាពេលអ្នកកាសែតមួយក្រុមមានគ្នាបួនទៅប្រាំនាក់ហូបបាយថ្ងៃត្រង់ជាមួយគ្នា។ ពួកគេតែងតែស្ពាយស្បោងជីវិតមកពីផ្ទះរៀងៗខ្លួន។ ស្បោងជីវិត ជារបស់មួយដែលពួកគេហៅសំដៅដល់ពង្វេចឬកញ្ចប់បាយ ដែលពួកគេវេចឬខ្ចប់សំណុំបាយមកពីផ្ទះ។ ពួកគេយកម្ហូបអាហារចេញពីស្បោងជីវិត ហើយរៀបលើតុអាហារ។ ម្ហូបប្រចាំថ្ងៃរបស់ពួកគេ ភាគច្រើនជាម្ហូបក្រៀមក្រោះ ដូចជាពងទា ត្រីអាំងន សាច់ជ្រូកចៀន និងជួនកាលក៏មានស្ងោ មានម្ជូរ មានកកូរដែរ។

ពួកគេចែករំលែកម្ហូបជាមួយគ្នាជារៀងរាល់ថ្ងៃ។ ពួកគេហូបបាយបណ្ដើរជជែកគ្នាពីនេះពីនោះបណ្ដើរ។ ​ពួកគេសម្លឹងម្ហូបបាយលើតុ ហើយនិយាយថា មើល៍ទៅម្ហូបបាយយើងលើតុដូចម្ហូបបាយវត្តគេរៀបខែភ្ជុំ។

បុរសសប្បុរខ្មៅ សក់រួញ និងមានដុសក្បាលពោះមិនសូវធំ ដែលអង្គុយនៅចុងតុអាហារ បាននិយាយថា តស់! យើងនាំគ្នាហូបឱ្យតែកូនហៅឪទៅ។ មួយជីវិតនេះដឹងតែមិនរស់ហើយ។ ពេលងា​ប់ទៅគ្មានអ្វីអាចយកទៅជាមួយបានទេ។ យ៉ាងច្រើនណាស់កូនចៅរក្សាឆ្អឹងទុកមួយកូនចាន ហើយដល់ទីបំផុត ទោះកូនចៅរក្សាយ៉ាងណា ក៏គង់តែរលាយសាបសូន្យតាមពេលវេលារបស់វាដែរ។ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ។

បុរសម្នាក់ក្នុងចំណោមពួកគេបន្លឺសំឡេងឮៗ។ គាត់ជាមនុស្សមាត់ដាច់។ គាត់ឧទាហរណ៍ចំៗហាក់គ្មានខ្លាចរអាឬប៉ះពាល់អារម្មណ៍ដល់អ្នកអង្គុយហូបបាយជាមួយគ្នាសោះ។ គាត់ថា មិនបាច់និយាយទៅឯណាឆ្ងាយ សូម្បីក្នុងចំណោមពួកយើងក៏អាចក្បត់គ្នាដែរ។ គាត់ថាគាត់មិនទុកចិត្តនរណាទេ។ ម៉ែឪ ប្រព័ន្ធ កូនគាត់ ក៏គាត់មិនទុកចិត្តដែរ។ គាត់ទុកចិត្តតែខ្លួនគាត់ប៉ុណ្ណោះ។ គាត់ថាបងប្អូនគង់នៅតែកាប់សម្លាប់គ្នាដោយសារតែរបងព្រំដីធ្លីបន្តិចបន្ដួច។ ប្រពន្ធប្ដីគង់នៅក្បត់ផិតគ្នា។ កូនគង់នៅសម្លាប់ឪពុកម្ដាយ។ មានរូបភាពឃោឃៅនិងច្រើនជាងនេះទៅទៀត។ ថ្មីៗកន្លងមកនេះ យើងបានដឹងស្រាប់ហើយ មិត្តភក្តិរាប់អានគ្នារាប់សិបឆ្នាំហ៊ានក្បត់គ្នា ព្រោះតែផលប្រយោជន៍ខ្លួន​ឯង ព្រោះតែតំណែងនិងងារឯកឧត្តម។

បុរសម្នាក់កំពុងអង្គុយហូបបាយនៅទល់នឹងមុខគាត់និយាយកាត់សម្ដីគាត់ថា បុគ្គលពីរនាក់ដែលបងនិយាយហ្នុង ជាមនុស្សពោរដោយទេពកោសល្យ។ គាត់បានសរសេរសៀវភៅ ហើយបទវិភាគរបស់គាត់ទាក់ទាញចំណាប់អារម្មណ៍ខ្ញុំជាខ្លាំង ព្រោះខ្ញុំយល់ថាបទវិភាគនយោបាយរបស់គាត់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ បុរសមាត់ដាច់តបសម្ដីវិញថា ការវិភាគរបស់ពួកគេមិនអស្ចារ្យជាងយើងប៉ុន្មានទេ។ គាត់ថាចង់ឱ្យវិភាគនយោបាយតទល់មុខគ្នាក៏បាន ហើយចាំមើលអ្នកណាវិភាគនយោបាយស៊ីជម្រៅនិងល្អជាង។ គាត់ថាការវិភាគរបស់ពួកគេមិនប៉ុន្មានទេ គ្រាន់តែពួកគេមានភាពក្លាហាននិងហ៊ានចេញមុខ ចំណែកគាត់គ្មានភាពក្លាហាន មិនហ៊ានចេញមុខ។ គាត់ថាការមិនហ៊ានចេញមុខជាចំណុចខ្សោយរបស់គាត់ ហើយវាជាចំណុចខ្លាំងពួកគេ។ អ្នកហ៊ានចេញមុខអាចទទួលផល ដូចជាបានតំណែង បានងារ បានផ្ទះ បានឡាន បានលុយ។ អ្នកប្រណាំងម៉ូតូដែលឈ្នះ ដោយសារតែគាត់ហ៊ានជាងគេទើបគាត់បានទទួលជោគជ័យ។ អ្នកប្រណាំងដែលខ្លាចគ្រោះថ្នាក់តែងតែបរាជ័យ។

អ្នកអង្គុយហូបបាយបានអឺអើជាមួយនឹងគាត់ តែបុរសសក់រួញថា អ្នកហ៊ានជាងគេក៏អាចទទួលផលអវិជ្ជមានដែរ។ ផលអវិជ្ជមានដែលបានពីការហ៊ានចេញមុខ គឺអាចដេកគុក រត់ចោលស្រុក នៅពេលដែលគេមិនពេញចិត្តហើយចង់ធ្វើស៊ី។ ម្នាក់ក្នុងចំណោមពួកគេនិយាយកាត់សម្ដីគាត់ថា អ្នកដែលហ៊ានទាល់តែហ៊ានដោយចំណេះជំនាញទើបមិនគ្រោះថ្នាក់។ ពេលឃើញគេហ៊ានបានប្រយោជន៍ ហើយយើងហ៊ានតាមគេទាំងងងឹតងងល់ ទាំងគ្មានចំណេះជំនាញជាមូលដ្ឋាន ច្បាស់ជាធ្លាក់ទឹកហើយ។ បុរសសក់រួញនិយាយតបគាត់វិញថា អ្នកប្រណាំងម៉ូតូដែលមានចំណេះជំនាញច្បាស់លាស់ជាមូលដ្ឋានយ៉ាងណា ក៏គង់តែភ្លាត់ស្នៀតបាក់ដៃបាក់ជើងដែរ ប្រសិនបើគាត់ហ៊ានខ្លាំងពេក។

អ្នកធ្វើនយោបាយត្រូវការដើមទុនធំណាស់។ អ្នកធ្វើនយោបាយនៅស្រុកយើងប្រឈមគ្រោះថ្នាក់គ្រប់ពេល។ អ្នកដែលធ្វើនយោបាយជោគជ័យ ជីវិតគេស្រស់បំព្រង បានឡាន បានផ្ទះវីឡា បានលុយ។ អាចនិយាយថា ជីវិតគេមានពន្លឺ្លភ្លឺស្វាង។ អ្នកធ្វើនយោបាយដែលបរាជ័យ ជីវិតគេនៅក្បែរតែនឹងមាត់ជ្រោះមរណៈ។ អ្នកធ្វើនយោបាយបរាជ័យត្រូវអស់ផ្ទះ អស់ដី ហើយអាចជាប់គុកទៀតផង។

 


 

ទីប្រឹក្សារដ្ឋាភិបាលស្រាយបំភ្លឺពីការរៀបចំឡើងវិញសម្រាប់ពលរដ្ឋមានសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ

 

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក រ៉ាអ៊ូល ម៉ាក ជេណា ទីប្រឹក្សារដ្ឋាភិបាល បានធ្វើសន្និសីទកាសែតនៅក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយសៀវភៅស្រាវជ្រាវរបស់លោកពាក់ព័ន្ធនឹង «ការរៀបចំឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ដែលការស្រាវជ្រាវនេះជាការឆ្លើយតបនឹងការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជាតាមរយៈរបាយការណ៍របស់ខ្លួនស្ដីពីការបណ្ដេញចេញដោយបង្ខំដែលបានចេញផ្សាយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ 

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់លើទម្រង់ផ្សេងៗនៃការបំភិតបំភ័យដោយអាជ្ញាធរ ដើម្បីដកពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ និងផ្លាស់ប្ដូរទីតាំងពួកគេទៅកាន់រុនតាឯកនិងពាក់ស្នែង។

លោក រ៉ាអ៊ូល ម៉ាក ជេណា បានថ្លែងការពារផែនការផ្លាស់ប្ដូរទីលំនៅថ្មីរបស់ប្រជាជនតំបន់ឧទ្យានអង្គរ ហើយបានច្រានរបាយការណ៍ដ៏គួរឱ្យស្អប់ខ្ពើមរបស់អង្គការលើកលែងទោសអន្តរជាតិស្ដីពីការផ្លាស់ប្ដូរលំនៅដោយបង្ខំ។ លោកថា រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​តាំង​ទីលំនៅ​សមរម្យសម្រាប់ពលរដ្ឋផ្លាស់ប្ដូរចេញពីឧទ្យានអង្គរ។

លោកបន្ថែមថា ផែនការនេះធ្វើឡើងតាមដំណាក់កាលដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គមនិងបរិស្ថានលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្តល់តាំងទីលំនៅថ្មីសម្រាប់ពួកគេជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រមទាំងសម្ភារៈផ្សេងទៀតនៅក្នុងតំបន់រុនតាឯកនិងពាក់ស្នែង។

លោកនិយាយថា របាយការណ៍អង្គការលើកលែងទោសអន្តរជាតិមិនឆ្លើយតបនឹងការខិតខំ ភាពជាក់ស្ដែង និងនយោបាយរបស់រដ្ឋាភិបាលចំពោះបញ្ហានៅរមណីយដ្ឋានអង្គរដ៏រសើបនេះ។

លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលតាមដានយ៉ាងដិតដល់ចំពោះការតាំងទីលំនៅថ្មីនេះបាននិយាយថា ខ្លួនមានភាពចាំបាច់ត្រូវបង្ហាញការពិតដើម្បីការពារការខិតខំរបស់រដ្ឋាភិបាល ដែលជាប្រយោជន៍របស់ប្រជាជនកម្ពុជា។

លោកថា នៅដើមឆ្នាំ១៩៩២ រដ្ឋាភិបាលកម្ពុជាបានទទួលការព្រមានជាមួយនឹងសម្ពាធលើរមណីយដ្ឋានអង្គរ ដូចជាកត្តាទេសចរ ពលរដ្ឋរស់នៅក្នុងខេត្ត និងផលប៉ះពាល់នៃការវិនិយោគទាំងតូចទាំងធំនៅក្នុងឧទ្យានអង្គរ។

លោក​បន្ត​ថា ក្រោយ​ឆ្នាំ១៩៩៨ មនុស្ស​ជាង៣ម៉ឺន​នាក់​បាន​រស់​នៅ​ក្នុង​ភូមិ​ចំនួន១១២ក្នុង​តំបន់​អង្គរ ហើយ​បន្ទាប់​មក​បាន​កើន​ឡើង​ដល់​ជាង១០ម៉ឺន​នាក់​នៅ​ឆ្នាំ២០០៥។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទៃដី​ព្រៃឈើ​ធ្លាក់​ចុះ​ពី ៣៦០ហិកតា​ក្នុង​ឆ្នាំ១៩៦៤ មក​នៅ​ត្រឹម១៧ហិកតា​ក្នុង​ឆ្នាំ២០០៤។

លោក​បាន​បន្ត​ថា បន្ទាប់​មក​អង្គការ​យូណេស្កូ​បាន​ចាប់​ផ្តើម​បន្លឺ​សំឡេង និង​បាន​អំពាវនាវ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​ការពារ​តំបន់​បេតិកភណ្ឌនិង​ការ​អភិវឌ្ឍ។

អនុក្រឹត្យឆ្នាំ១៩៩៤ បានបែងចែកតំបន់អង្គរជា៥តំបន់ផ្សេងគ្នា ហើយនៅក្នុងនោះតំបន់មួយនិងតំបន់ពីរគ្របដណ្តប់លើផ្ទៃដីជាង៤០០ហិកតានៃតំបន់អភិរក្សអង្គរ។ ប្រជាជននៅតំបន់ទាំងពីរអាចរស់នៅទីនោះបាន ប៉ុន្តែពួកគេមិនអាចសាងសង់ផ្ទះថ្មីបន្ថែមទៀតបានទេ។

លោកបន្ថែមថា រដ្ឋាភិបាលបានកំណត់ថាអ្នកដែលចូលមករស់នៅតំបន់អង្គរមុនឆ្នាំ២០០៤ អាចបន្តរស់នៅដោយស្របច្បាប់ ប៉ុន្តែមិនអាចសាងសង់ផ្ទះបន្ថែមបានទេ ហើយសម្រាប់អ្នកដែលមករស់នៅក្រោយឆ្នាំ ២០០៤ ចាត់ទុកថាពួកគេរស់នៅខុសច្បាប់។

លោក​បន្ត​ថា សម្រាប់​គ្រួសារ​ជំនាន់​ថ្មី​អាច​រស់នៅ​លើ​ផ្ទៃដី៧០០ហិកតា ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ២០១០។

លោកបានមានប្រសាសន៍ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការពារនិងអភិវឌ្ឍន៍បានអបអរសាទរអាជ្ញាធរជាតិអប្សរាចំពោះការរុះរើសំណង់ខុសច្បាប់។

លោក​បាន​បន្ថែម​ថា​៖ «​អង្គការ​លើកលែងទោស​អន្តរជាតិ​ពឹងផ្អែក​តែ​លើ​ការ​សម្ភាស​មនុស្ស១០០នាក់​ដែល​តំណាង​ឱ្យ០,២៥ភាគរយ​នៃ​ប្រជាជន​ទាំង​អស់»

លោក​បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​បាន​ពន្យល់​ពួកគេ​ពី​អត្ថប្រយោជន៍​នៃ​ការ​ផ្លាស់​ទី​លំនៅឋានដែលអាចកាន់កាប់ដីបាន​ធៀប​នឹង​ស្ថានភាព​បច្ចុប្បន្នដែលរស់នៅដោយខុសច្បាប់។

លោក លូន ឡង ជាពលរដ្ឋម្នាក់បានស្ម័គ្រផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់រុនតាឯក បានលើកឡើងថា ខ្លួនលោក ក៏ដូចជាពលរដ្ឋដទៃទៀតដែលរស់នៅតំបន់រមណីយដ្ឋានអង្គរបានស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅទៅតំបន់រុនតាឯកតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោកថា លោកបានរស់នៅតំបន់រមណីយដ្ឋានអង្គរតពីដូនតារបស់គាត់ ព្រមទាំងប្រកបរបរធ្វើស្រែនៅទីនោះផងដែរ ប៉ុន្តែលោកបានស្ម័គ្រចិត្តចាកចេញពីទីតាំងចាស់ដោយបង្ខំចិត្ត។

លោកបន្ថែមថា៖ «ពួកខ្ញុំមកនៅទីនេះ គឺគ្មានអ្នកណាសប្បាយចិត្តទេ ដោយសារតែទីនេះមិនមានការងារ។ ពលរដ្ឋដែលបានមកទីនេះភាគច្រើនបានចេញទៅរកការងារធ្វើនៅក្នុងក្រុងសៀមរាបដែលស្ថិតនៅឆ្ងាយខ្លាំងពីទីតាំងដែលពួកយើងរស់នៅ»

លោកត្អូញត្អែរថា ពលរដ្ឋដែលមកនៅតំបន់រុនតាឯកមិនមានមុខរបរច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ជីវភាពទេ សូម្បីតែការងារកសិកម្មក៏មិនអាចធ្វើបានដែរ ព្រោះមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម។ ដូច្នេះអ្នកខ្លះបានបង្ខំចិត្តទៅរកការងារធ្វើនៅទីរួមខេត្តសៀមរាបដែលមានចម្ងាយឆ្ងាយពីតំបន់រុនតាឯក។

លោកបញ្ជាក់ថា ពលរដ្ឋនៅរុនតាឯកចន្លោះពី៧០ភាគរយទៅ៨០ភាគរយហើយ ដែលប្រឈមបញ្ហាជីវភាពប្រចាំថ្ងៃនិងជំពាក់បំណុលធនាគារដោយសារតែការរុះរើផ្ទះសំបែងពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់រុនតាឯក។

កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​បង្ខំ​នៅ​រមណីយដ្ឋាន​អង្គរ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ប្រាសាទអង្គរវត្តអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើគេរកឃើញថាកម្ពុជាមិនបានអនុវត្តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លោកថា៖ «រដ្ឋាភិបាលបានចាត់វិធានការដើម្បីការពាររមណីយដ្ឋានអង្គរដែលជាសម្បត្តិវប្បធម៌ជាតិ ហើយអ្វីគ្រប់យ៉ាងដែលត្រូវពិចារណា»។

នៅឆ្នាំ២០២២ រដ្ឋាភិបាលបានផ្តល់ដីលំនៅឋានជាថ្នូរនឹងការរុះរើលំនៅឋានខុសច្បាប់ចេញពីតំបន់បេតិកភណ្ឌទៅនៅរុនតាឯកនិងពាក់ស្នែង។ ពលរដ្ឋ​ដែល​ចង់​ផ្លាស់​ប្តូរ​ទីតាំងទៅនៅរុនតាឯកនិងពាក់ស្នែង​បានទទួល​ដី​ទំហំ​២០​គុណ​៣០​ម៉ែត្រ​សម្រាប់​លំនៅឋានពួកគេ​។

យោងតាមរដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋជាង៩.៦០០គ្រួសារបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងដែលបានផ្តល់។ ក្នុង​នោះ​មាន​ជាង៦​ពាន់​គ្រួសារ​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​តំបន់​រុនតាឯក ហើយ​ជាង៣៦០០​គ្រួសារ​ទៀត​រស់​នៅ​តំបន់​ពាក់ស្លែងក្នុង​ស្រុក​អង្គរធំ៕


 

បញ្ហាកសិកម្មប្រពៃណី

 ខ្ញុំកំពុងស្ថិតក្នុងសន្និសីទសាធារណៈរៀបចំដោយអង្គការសង្គមស៊ីវិល ខ្ញុំសម្គាល់ឃើញអ្នកចូលរួមសុទ្ធតែមកពីសមាគមកម្មករ សហគមន៍កសិករ និងក្រុមដែលគេចាត់ទុកថាមិនសូវមានសំឡេងនៅក្នុងសង្គម ពួកគេមកទីនេះ ដើម្បីស្ដាប់អ្នកជំនាញធ្វើការស្និទ្ធនឹងកម្មកររោងចក្រកាត់ដេរ អ្នកជំនាញធ្វើការស្និទ្ធនឹងកសិករ ព្រមទាំងការបញ្ចេញសំឡេងពីតំណាងសហគមន៍នៅមូលដ្ឋាន ពួកគេម្នាក់ៗអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រោះបញ្ហាដែលអ្នកជំនាញនីមួយៗថ្លែងលើវេទិកា ជាវិបត្តិរ៉ាំរ៉ៃក្នុងជីវិតរបស់ពួកគេ

បុរសចំណាស់ម្នាក់មានសក់ច្រើនជាងសក់ខ្មៅ គាត់ជាអ្នកស្រែមកពីខេត្តកំពង់ស្ពឺ ហើយត្រូវគេអញ្ជើញលើវេទិកាដើម្បីចែករំលែកអំពីបទពិសោធនិងបញ្ហាប្រឈមរបស់អ្នកស្រែដែលធ្វើកសិកម្មលក្ខណៈប្រពៃណី មុននឹងថ្លែងពីបញ្ហាខ្លួនគាត់ គាត់បានលើកឡើងពីប្រព័ន្ធស្បៀង ប្រព័ន្ធស្បៀង ជាការកំណត់សិទ្ធិអំណាច ការគ្រប់គ្រងទីផ្សារ ការគ្រប់គ្រងស្បៀង វាជាកត្តាសំខាន់សម្រាប់ការកំណត់ស្បៀងក្នុងពិលោក ភាគច្រើននៃអ្នកផលិតស្បៀង ជាអ្នកធ្វើកសិកម្មខ្នាតតូច

គាត់បានលើកឡើងពីទិដ្ឋភាពជារួម ដែលខ្លះមានភាគរយ ខ្លះភាគរយ ជាអ្នកប្រកបរបរកសិកម្មអ្នកផលិតស្បៀងខ្នាតតូច អ្នកផលិតស្បៀងខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ជាអ្នកប្រកបរបរកសិកម្មចម្រុះ ដូចជាធ្វើស្រែ ធ្វើចម្ការ ចិញ្ចឹមសត្វ នេសាទទាំងជនជាតិភាគច្រើននិងជនជាតិភាគតិច ប៉ុន្តែបច្ចុប្បន្នការផលិតស្បៀង ការគ្រប់គ្រងទីផ្សារប្រភពស្បៀងខ្លះ គឺស្ថិតក្រោមការត្រួតត្រាដោយក្រុមសាជីវកម្មនិងមូលធននិយម ពួកគេជាគ្រួសារគ្រប់គ្រងប្រព័ន្ធស្បៀងស្ទើរទាំងស្រុង គឺមានស្បៀងផលិតប្រពៃណីនិងស្បៀងផលិតទំនើប ចំណែកប្រព័ន្ធបច្ចេកវិទ្យាវិញ វារត់លឿនហួសពីការស្មាន គេរុញតែការនាំចេញ នាំចេញ នាំចេញឱ្យបានច្រើន គេពុំបានគិតដល់ការប្រើប្រាស់គីមីទេ គាត់និយាយថា ទាំងនេះជាបទពិសោធការងារគាត់ជាច្រើនឆ្នាំមកនេះ

បន្ទាប់មកគាត់លើករបាយការណ៍របស់ក្រសួងកសិកម្មមកបង្ហាញដើម្បីជាអំណះអំណាងបន្ថែម របាយការណ៍នោះនិយាយពីលទ្ធផលនៃការដាំដុះដំណាំស្រូវបានរហូតដល់លានហិកតា ហើយទទួលផលសរុប.លានតោនក្នុងឆ្នាំ តម្លៃស្រូវធម្មតាចន្លោះពីរៀលទៅរៀលក្នុងមួយគីឡូក្រាម ដោយឡែកស្រូវតម្រូវការស្រូវក្រអូបសម្រាប់អ្នកមានបរិភោគ គឺក្នុងមួយគីឡូក្រាមតម្លៃជាងរៀល

ងាកចេញពីទិន្នផលស្រូវ ហើយង្វែអារម្មណ៍អ្នកស្ដាប់មកពិនិត្យលើការនាំចូលគ្រឿងផ្គត់ផ្គង់កសិកម្ម ដែលមានក្រុមហ៊ុន ជាអ្នកនាំចូលជីគីមីនិងថ្នាំកសិកម្មមកក្នុងប្រទេស ទាំងកសិករខ្នាតតូចរហូតដល់កសិករដែលកំពុងអនុវត្តកសិកម្មបែបទើបសុទ្ធតែទិញម្ភារៈផ្គត់ផ្ដង់ទាំងនេះ ដើម្បីយកទៅប្រើប្រាស់សម្រាប់ស្រូវរបស់ពួកយើង ចំណែកបរិមាណនាំចូលជីគីមីវិញមានរហូតដល់ទៅ .លានតោន ការប្រើប្រាស់បរិមាណជីគីមីច្រើនដល់ម្ល៉ឹង តើវាបង្កផលប៉ះដល់គុណភាពដីទេ? តើវាបង្កផលប៉ះពាល់ដល់បរិស្ថានទេ?

គាត់ត្រឡប់មកពិនិត្យលើបញ្ហាប្រឈមរបស់អ្នកស្រែមួយផ្នែកទៀត វាជាចំណុចដែលគាត់ចង់បង្ហាញប្រាប់អ្នកស្ដាប់ គឺពួកគាត់ជួបប្រឈមខ្លាំងលើបញ្ហាដី គាត់និយាយថា អ្នកស្រែយើងជាទូទៅមានដីស្រែតូច កសិករខ្នាតតូចភាគច្រើនមានដីធ្វើស្រែមិនលើសពីបីហិកតាទេ ដីស្រែតូចហើយ សឹករិរិលទៀត វាខូចដោយសារកត្ដាអស់ព្រៃឈើ ដោយសារការប្រើប្រាស់ជីគីមី ដោយសារការធ្វើស្រែច្រើនដងលើដីស្រែតែមួយ ចំណែកកសិករមួយចំនួនទៀតរងផលប៉ះពាល់ខ្លាំងលើទំនាស់ដីធ្លីរ៉ាំរ៉ៃរាប់សិបឆ្នាំនៅតែដោះស្រាយមិនដាច់ស្រេច គ្រួសារមួយចំនួនជាប់ទោសទណ្ឌដោយសារតែដីធ្លីខ្លួនឯង រូបភាពនេះ គេហៅថា កម្មលើកម្មរបស់អ្នកស្រែដែលត្រូវការដីធ្វើស្រូវចិញ្ចឹមជីវិត

គាត់និយាយកាន់តែយូរ សំឡេងគាត់ឮខ្លាំង គាត់និយាយថា មានមួយផ្នែកទៀតចាញ់កល់ ចាញ់បោកពួកអ្នកប្រាជ្ញមួយចំនួន ពួកយើងមានដីធ្លីបន្តិចបន្តួចត្រូវគេបោកយកអស់ទៀត ពួកយើងធ្លាក់ចូលអន្ទាក់បំណុលគេ គាត់សង្កត់សម្ដីថា ធ្វើស្រែមិនកើតហើយបែរមកចាញ់បោកគេទៀត នៅទីបំផុតត្រូវបង្ខំលក់ដីស្រែបន្តិចបន្តួចនោះសងបំណុលគេ ពួកអ្នកបោកទាំងនោះសុទ្ធតែឧកញ៉ា ពួកឧកញ៉ាបោកអ្នកស្រែយើងយកដីអស់មិនតិចទេ

អ្នកអង្គុយស្ដាប់គាត់នៅឯក្រោមវេទិការបាបន្ទរឡើង

- 
ឧកញ៉ាហ្នឹងអីក៏ថោកទាបម្ល៉េះ!

- 
ពិតជាគួរឱ្យឈឺចាប់ណាស់បងប្អូន (គាត់ឆ្លើយតប)


ទំនងចង់បន្ធូរភាពតានតឹងក្នុងចិត្ត គាត់បង្វែរចំណាប់អារម្មណ៍មកលើបញ្ហាប្រព័ន្ធធារាសាស្ត្រ ទឹកក៏ជាបញ្ហាសម្រាប់អ្នកធ្វើស្រែដែរ ប្រព័ន្ធធារាស្ត្រសម្រាប់ស្រោចស្រាស្រូវក្នុងតំបន់ខ្លះអាចប្រើប្រាស់ជាសាធារណៈ ប៉ុន្តែនៅទីតាំងខ្លះទៀតមិនអាចប្រើប្រាស់វាជាសាធារណៈបានឡើយ ពោលគឺត្រូវបង់ជាប្រាក់ដោះដូរជាស្រូវ ប៉ុន្តែត្រូវបូមបញ្ចូលស្រែដោយខ្លួនឯង អ្នកធ្វើស្រែនៅតំបន់ខ្លះទៀត គឺអាស្រ័យដោយទឹកភ្លៀងដោយសារតែតំបន់នោះគ្មានប្រព័ន្ធធារាសាស្ត្រ គេហៅថា ធ្វើស្រែប្រវាស់មេឃ ជួនមេឃរាំងភ្លៀងមួយរយៈធំដល់ពេលវាភ្លៀងធ្លាក់មកលិចកើតជាជំនន់ ទម្រាំទឹកស្រកអស់ទៅវិញ រដូវធ្វើស្រែវស្សាក៏សឹងនឹងផុតទៅជាមួយដែរ នេះហើយជាការលំបាករបស់អ្នកស្រែដូចជាពួកយើង ជារឿយៗរដ្ឋាភិបាលជួយសង្គ្រោះស្រូវដែលខូចខាតទាំងនោះ តែមិនដែលឃើញរដ្ឋាភិបាលឧបត្ថម្ភធនឡើយ