លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ចំពោះពាក្យរិះគន់ដែលមានបំណងចង់ស្ថាបនាសង្គម និងប្រទេសជាតិ ប៉ុន្ដែលោកមិនចង់ឃើញការរិះគន់ក្នុងន័យមួលបង្កាច់ ឬលាបព័ណ៌ក្នុងចេតនាទុច្ចរិតនោះទេ។
លោក ហ៊ុន ម៉ាណែត បានបញ្ចេញទស្សនៈនេះនៅក្នុងបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីមានការរិះគន់និងវាយប្រហារជារឿយៗមកលើរូបលោក ជាពិសេសនៅក្រោយពេលរូបលោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឪពុកប្រកាសថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកក្នុងអាណត្តិទី៧នេះ។
លោកបាននិយាយថា៖ «ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច»។
លោកបានបន្តថា៖ «ចំពោះរាល់ការរិះគន់ក្នុងគោលបំណងស្ថាបនាដោយចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឱ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍»។
កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេសបានវាយប្រហារថា លោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាពទេ សូម្បីតែការចូលរៀនសាលាយោធានៅសហរដ្ឋអាមេរិក ដោយសារគេមានការយោគយល់ពីឪពុករបស់គាត់។ កម្រិតសិក្សានៅទីនោះតម្រូវឱ្យគាត់ទទួលបានត្រឹមតែស័ក្កិមួយប៉ុណ្ណោះ។ ប៉ុន្តែនៅកម្ពុជា គាត់បានឡើងពីសក្តិមួយដល់ផ្កាយបួនយ៉ាងឆាប់រហ័ស គឺដោយសារតែគាត់ឡើងតាមជើងខោឪពុករបស់គាត់។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការវាយតម្លៃរបស់អ្នកប្រឆាំងពីក្រៅប្រទេសបែបនេះ លោកមិនអាចទទួលយកបានទេ ដោយសារតែពួកគេនៅឆ្ងាយ មើលមិនឃើញការពិត និងនិយាយមិនត្រឹមត្រូវការពិត។
លោកបន្តថា អ្នករិះគន់ក្នុងន័យមួលបង្កាច់ទាំងនោះ គឺមិនមានសមត្ថភាពស្មើនឹងលោក ហ៊ុន ម៉ាណែត នោះទេ ពីព្រោះអ្នកនិយាយទាំងនោះគ្រាន់តែជាសកម្មជន ដែលគេប្រើប្រាស់ឱ្យវាយប្រហារមកលើគណបក្សកាន់អំណាចប៉ុណ្ណោះ។
ម្យ៉ាងទៀតពួកគេបាននិយាយវាយប្រហារថា លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពដឹកនាំរដ្ឋាភិបាល គឺរឹតតែមិនត្រឹមត្រូវទៅទៀត ព្រោះពេលនេះលោក ហ៊ុន ម៉ាណែត មិនទាន់បានដឹកនាំរដ្ឋាភិបាលនៅឡើយទេ។ ដូច្នេះពួកគេមិនអាចដឹងពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត បានឡើយ។
លោកបាននិយាយថា៖ «ទោះដល់ពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនីតិកាលទី៧ហើយក៏ដោយ ក៏មិនទាន់អាចសន្និដ្ឋានបានថាអាចនឹងមានគុណវិបត្តិនិងគុណសម្បត្តិយ៉ាងណាបាននៅឡើយដែរ។ ទុកគេធ្វើមួយរយៈសិនទើបយើងអាចបូកសរុបលទ្ធផល និងវាយតម្លៃបាន»។
លោក សុខ ឥសាន្ត បានលើកឡើងថា ចំពោះការរិះគន់ក្នុងន័យស្ថាបនាសង្គមនិងប្រទេសជាតិដោយចេតនាសុចរិត បង្ហាញពីទង្វើជំរុញភាពរីកចម្រើន និងអំពើល្អដែលមិនប៉ះពាល់ចំពោះប្រជាពលរដ្ឋ គឺជាអ្វីដែលរដ្ឋាភិបាលចង់បាន។
លោកយល់ឃើញថា៖ «ពេលលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នេះ ក៏លោកមានឆន្ទៈមោះមុតដោយចង់ឱ្យសង្គមកម្ពុជាយើងមានលក្ខណៈល្អប្រសើរ ដំណើរការដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់ជាន់ថ្នាក់»។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា ការសំណូមពរនិងតិះទៀនបែបនេះជាការល្អត្រឹមត្រូវ ហើយវាស្របទៅតាមគោលបំណងនិងឧត្តមគតិរបស់មេដឹកនាំប្រទេសជាតិរបស់យើង»។
លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា នៅកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដែលត្រូវការពហុគំនិត ដើម្បីស្ថាបនាជាតិ។ ដូច្នេះការរិះគន់ក្នុងន័យស្ថាបនា គឺជាធាតុចូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកបានលើកឡើងថា ការរិះគន់បែបញុះញង់នាំដល់ការបង្កចលាចលក្នុងសង្គម។ ការរិះគន់បែបនេះបង្កផលវិបត្តិដល់សង្គមទៅវិញទេ។ ដូច្នេះអ្នករិះគន់ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយត្រូវគិតថាការរិះគន់របស់ខ្លួនត្រូវតែជាធាតុចូលនិងជាប្រយោជន៍ដល់សង្គម ទាំងការអភិវឌ្ឍសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍផ្សេងៗទៀត។
លោកបន្តថា៖ «ប្រសិនបើយើងរិះគន់ក្នុងបំណងបន្ទច់បង្អាក់ដើម្បីធ្វើឱ្យចលាចលសង្គម ដែលវាធ្វើឱ្យប៉ះពាល់ដល់ច្បាប់ ស្ថេរភាពសង្គម នាំឱ្យសង្គមជួបវិបត្តិ។ នេះជាបញ្ហាមួយដែលយើងមិនអាចដូរដោះជាមួយនឹងសេរីភាពបញ្ចេញមតិបានទេ»។
លោកបន្ថែមថា៖ «ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិត្រូវផ្អែកលើទិដ្ឋភាពច្បាប់និងសង្គម។ ទិដ្ឋភាពច្បាប់នៅកម្ពុជា យើងមិនអាចយកសេរីភាពនិងទិដ្ឋភាពសង្គមរបស់សហរដ្ឋអាមេរិកនិងសង្គមនៅបណ្ដាប្រទេសផ្សេងៗធ្វើមូលដ្ឋានសម្រាប់វាស់វែងឡើយ។ ដូច្នេះយើងត្រូវវាស់វែងជាមួយសង្គមននិងច្បាប់នៅកម្ពុជា។ ផ្អែកតាមទិដ្ឋភាពសង្គមនិងច្បាប់នៅកម្ពុជា គឺការប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាអាចទទួលយកបាន។ ប្រជាជនមានមតិពហុគំនិតនៅក្នុងសង្គមបាន»៕
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
លោក ហ៊ុន ម៉ាណែត ស្វាគមន៍ការរិះគន់ក្នុងបំណងស្ថាបនា តែមិនចង់ឃើញការរិះគន់ក្នុងន័យមួលបង្កាច់
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧
ដំណើរការបោះឆ្នោត
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩។ អ្នកមានសិទ្ធិបោះឆ្នោតមានចំនួន ៩ ៧១០ ៦៥៥នាក់ (ស្រី ៥ ១៦១ ៩០៩នាក់)។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង។ រដ្ឋសភាមានអាសនៈចំនួន១២៥សម្រាប់គណបក្សនយោបាយទាំង១៨ ត្រូវប្រកួតប្រជែងគ្នា។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង៧:០០ព្រឹក។ គិតត្រឹមម៉ោង៩:៥៧នាទី ប្រជាពលរដ្ឋជាង៣.២លាននាក់បានទៅបោះឆ្នោតជាតិលើកទី៧។ មកដល់១១:០០ ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតកើនដល់ជាង៥.៧លាននាក់។ មកដល់ម៉ោង១១:៤៦នាទី អ្នកទៅបោះឆ្នោតកើនដល់៦.២លាននាក់។ មកដល់ម៉ោងមួយរសៀល អ្នកដែលបានបោះឆ្នោតហើយបានកើនឡើងដល់ជាង៧.១លាននាក់។ មកដល់ម៉ោងបីរសៀលដែលជាពេលបិទបញ្ចប់ការបោះឆ្នោត គឺមានពលរដ្ឋប្រមាណជាង ៨.២លាននាក់ ឬស្មើនឹង៨៤.៥៨ភាគរយ បានបោះឆ្នោតចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង៩.៧លាននាក់។
ដំណើរការបោះឆ្នោតបានដំណើរការទៅដោយរលូន គ្មានបាតុភាព អសន្ដិសុខកើតឡើងឡើយ ប៉ុន្ដែពេលការបោះឆ្នោតកំពុងដំណើរការនេះ មានក្រុមលោក សម សង្ស៊ី ដែលនៅក្រៅប្រទេសបានញុះពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតដើម្បីបង្រួបបង្រួមជាតិ។
លោកបាននិយាយថា អត្ថន័យពិតប្រាកដនៃការបោះឆ្នោតលើកនេះ គឺឆ្លុះបញ្ចាំងការប្រកួតប្រជែងផ្តាច់ព្រ័ត្ររវាង ហ៊ុន សែន និង សម រង្ស៊ី។ រវាង ហ៊ុន សែន និង សម រង្ស៊ី តើប្រជារាស្រ្តខ្មែរជ្រើសរើសមួយណា?
-ជម្រើសទី១ បើគាំទ្រ ហ៊ុន សែន ហើយចង់រស់នៅដូចសព្វថ្ងៃទៀត សូមគូសឱ្យគណបក្សលេខ១៨ នៅចុងកន្ទុយសន្លឹកឆ្នោត។
-ជម្រើសទី២ បើគាំទ្រ សម រង្ស៊ី ហើយចង់មានការផ្លាស់ប្តូរ សូមគូសសញ្ញាខ្វែងដ៏ធំមួយលើសន្លឹកឆ្នោតទាំងមូល។
សន្លឹកឆ្នោតដែលមានសញ្ញាខ្វែងមានចំនួនច្រើនជាងសន្លឹកឆ្នោតគាំទ្រគណបក្សលេខ១៨ ពេលនោះប្រជារាស្រ្តខ្មែរ ព្រមទាំងគណបក្សប្រជាជនកម្ពុជាខ្លួនឯង និងកងកម្លាំងប្រដាប់អាវុធ ដែលគាំទ្រពីសហគមន៍អន្តរជាតិទាំងមូលនឹងបង្ខំឱ្យ ហ៊ុន សែន ចុះចេញពីតំណែង ដើម្បីរៀបចំការផ្លាស់ប្តូរនៅកម្ពុជា។
នៅក្នុងខណៈដែលប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោត ការបង្ហោះចែកចាយសន្លឹកឆ្នោតគូសខ្វែងនៅលើបណ្ដាញអ៊ីនធើណិតមានជាបណ្ដើរៗ។ នៅម៉ោង៩:៤៨នាទីព្រឹកក្នុងថ្ងៃដដែល លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថា សមត្ថកិច្ចកំពុងស្រាវជ្រាវប្រមូលភស្ដុតាងចំពោះបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចខាងលើ ដើម្បីយកមកចាត់ការតាមច្បាប់ដោយគ្មានការលើកលែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរកឃើញបុគ្គលមួយចំនួនបានគូសសន្លឹកឆ្នោតចោល គឺនៅភ្នំពេញ ចំណែកនៅស្វាយរៀងជាករណីដួសសន្លប់ និងនៅព្រៃវែងជាករណីមិនព្រមជ្រលក់ទឹកថ្នាំ។ នៅក្នុងខេត្តប៉ៃលិនមានភ្លៀងធ្លាក់តាំងពីយប់ថ្ងៃសៅរ៍ដែលបង្កជាការលំបាកមួយចំនួនដល់ពលរដ្ឋដែលមកបោះឆ្នោត ខណៈនៅតាមមណ្ឌលបោះឆ្នោតក្នុងខេត្តកំពង់ធំ សៀមរាប កំពង់ឆ្នាំង កំពត ព្រះសីហនុ កែប ដំណើរការបោះឆ្នោតទាំងមានភ្លៀងធ្លាក់ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមកបោះឆ្នោតជាធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារតាមតេឡេក្រាមទាក់ទងនឹងការបោះឆ្នោតពីម្សិលមិញថា តួលេខអ្នកបានបោះឆ្នោតថ្នាក់ជាតិក្នុងអាណត្តិថ្មីនេះអាចនឹងមានការកើនឡើងថែមបើប្រៀបធៀបនឹងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ ដែលមានប្រជាជនប្រមាណ៨០.៣២ភាគរយ ទោះពេលនោះគណបក្សភ្លើងទៀនបានលើកទឹកចិត្តប្រជាជនចូលរួមបោះឆ្នោតក៏ដោយ។
លោកបានកត់សម្គាល់ឃើញថា នេះជាអត្រាអ្នកបោះឆ្នោតកើនឡើងដែលខុសគ្នាក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុន និងឆ្នាំនេះដែលមានការមេបង្កើតគណបក្សភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោតនិងគូសខ្វែងសន្លឹកឆ្នោតចោលក៏ដោយ។
លោកនាយករដ្ឋមន្ត្រីសន្និដ្ឋានថា៖ «ចំណុចទាំងនេះបានបង្ហាញថាប្រជាពលរដ្ឋបានចូលរួមក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាពលរដ្ឋពិតជាចង់បានសេចក្ដីសុខ សេចក្ដីចម្រើនជាមួយដំបូលសន្តិភាពដែលបាននិងកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលពួកគេតែងតែបានបំផ្លាញ»។
លោកបានបន្តថា៖ «ឥឡូវនេះប្រៀបធៀបនឹងប្រជាជនដែលបានចេញទៅបោះឆ្នោតមានចំនួនច្រើនលើសលុប គឺច្រើនជាងកាលបោះឆ្នោតដែលមានគណបក្សភ្លើងទៀនចូលរួមទៀតផង»។
លោក ហ៊ុន សែន បានសង្ឃឹមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបែងចែកដាក់ពីគ្នារវាងសន្លឹកឆ្នោតដែលត្រូវបានគូសខ្វែងចោល និងសន្លឹកឆ្នោតដែលខូចធម្មតា។
លទ្ធផលក្រៅផ្លូវការបឋម
ការិយាល័យបោះឆ្នោតភាគច្រើននៅទូទាំងប្រទេសត្រូវបិទនៅម៉ោង៣រសៀល ហើយការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទដើម្បីការរាប់សន្លឹកឆ្នោត។
លទ្ធផលបោះឆ្នោតបឋមត្រូវបានលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថា លទ្ធផលដែលបានផ្សព្វផ្សាយជាបណ្ដោះអាសន្ន គឺគណបក្សប្រជាជនកម្ពុជាបាននាំមុខគណបក្សដទៃទៀត។
យោងតាមលទ្ធផលបោះឆ្នោតបឋមបន្ទាប់ពីការរាប់សន្លឹកឆ្នោត ៣១.៩៧ភាគរយនៃការរាប់សន្លឹកឆ្នោត ឬស្មើនឹង ២ ៦១៤ ២០៤សន្លឹកឆ្នោត គឺគណបក្សប្រជាជនទទួលសំឡេងគាំទ្រសរុបចំនួន ២ ០៧៦ ១១៧សំឡេង ឬស្មើនឹង៨៣.២២ភាគរយ តាមពីក្រោយដោយគណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិចក្នុងចំនួន ២០៩ ១១៦សំឡេង ឬស្មើនឹង៨.៣៨ភាគរយ។
លទ្ធផលបឋមនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១២០អាសនៈនៅក្នុងសភា ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៥អាសនៈនៅក្នុងសភា។
លោក ហ៊ុន សែន ប្រកាសលាលែងពីនាយករដ្ឋមន្ត្រី
ក្រោយលទ្ធផលឆ្នោតក្រៅផ្លូវការបណ្ដោះអាសន្នត្រូវបានចុះផ្សាយដោយកាសែតជាតិនិងអន្តរជាតិ ស្រាប់តែនៅម៉ោងពីររសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះទេ ហើយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនឹងក្លាយជានាយករដ្ឋមន្រ្តីជំនួសលោក។
លោកប្រកាសនៅក្នុងសន្និសីទកាសែតចេញពីគេហដ្ឋានរបស់លោកថា៖ «ខ្ញុំនឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីនោះទេ»។
លោកបន្តថា ចំណែកលោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹងចាកចេញពីតំណែងរបស់ពួកគេដែរ។ ក្រោយពីការលាលែងតំណែងពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នឹងកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា ជាសមាជិករដ្ឋសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ព្រមទាំងជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ។ ចំណែកលោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន នឹងក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ដូច្នេះពួកគេនៅតែមានលទ្ធភាព ដើម្បីបន្តបម្រើប្រជាពលរដ្ឋនិងជួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។
លោកបន្ថែមថា ការលាលែងពីនាយករដ្ឋមន្ត្រីរបស់លោក ជាការលះបង់មួយដ៏ធំ និងជាការលះបង់មានតម្លៃ ដើម្បីធានាសេចក្ដីសុខសាន្តរបស់ប្រជាជន។ លោកបានយកករណីដែលលោកលាលែងពីនាយករដ្ឋមន្ត្រីទៅប្រៀបធៀបនឹងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានដាក់រាជ្យឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី។
លោក ហ៊ុន សែន អះអាងថា ការប្រញាប់ប្រញាល់លាឈប់តំណែងពីនាយករដ្ឋមន្ត្រី គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ តាមផែនការដំបូង គឺលោក ហ៊ុន សែន ចង់បន្តតំណែងនាយករដ្ឋមន្ត្រីរយៈពេលពីរទៅបីឆ្នាំទៀតទើបផ្ទេរទៅកូនប្រុសច្បងរបស់លោកដែលបេក្ខជនបន្តវេនជានាយករដ្ឋមន្ត្រីរបស់បក្សប្រជាជនកម្ពុជា ដែលត្រូវសមាជិកបក្សប្រជាជនបោះឆ្នោតអនុម័តកាលពីកំលុងឆ្នាំ២០២២។ ប៉ុន្តែដោយយល់ថា ផែនការផ្ទេរតំណែងទៅមិនរួចដោយសារខុសនីតិវិធីច្បាប់ (មិនត្រឹមត្រូវតាមច្បាប់) ហើយប្រសិនបើកែតម្រូវច្បាប់ឬធ្វើវិសោធនកម្មច្បាប់ គឺត្រូវចំណាយពេលយូរ ខណៈលទ្ធផលការបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែសីហា ហើយដំណើររៀបចំរដ្ឋាភិបាលថ្មីនឹងចាប់ផ្ដើមតាមនីតិវិធីច្បាប់ជាបន្ដបន្ទាប់។
លោកបាននិយាយថា ប្រសិនជាលោកបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងមួយឬពីរឆ្នាំ នោះសភាពការណ៍នឹងអស្ថេរភាពក្នុងមួយរយៈកាល។ ដូច្នេះវាមានការចាំបាច់ណាស់ ដើម្បីបង្កើតគណរដ្ឋមន្ត្រីថ្មីមួយដែលភាគច្រើនជាមនុស្សវ័យក្មេងទទួលខុសត្រូវសម្រាប់អនាគតប្រទេសជាតិ ហើយលោក ហ៊ុន ម៉ាណែត នឹងត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយមានមន្ត្រីរដ្ឋាភិបាលចាស់នឹងនៅជួយជ្រោមជ្រែងពីខាងក្រោយ ប៉ុន្តែមិនជ្រៀតជ្រែកការងាររបស់រដ្ឋាភិបាលថ្មីទេ។
លោកបាននិយាយការពារថា លោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មី គឺមិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ ព្រោះលោកបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្ររួចហើយ ទោះពេលនេះអ្នកតំណាងរាស្ត្រទាន់ជួបប្រជុំជាមួយព្រះមហាក្សត្រនិងស្បថចូលកាន់តំណែងក៏ដោយ។ ប៉ុន្តែព្រះមហាក្សត្របានទទួលយកនូវសំណើពីប្រធានគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ហើយរង់ចាំបញ្ចេញព្រះរាជក្រឹត្យតែងតាំងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃចន្ទ ទី៧ ខែសីហា ហើយចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ នេះជាអ្វីដែលគណបក្សប្រជាជនកម្ពុជាបានរៀបចំទុកជាមុននូវការបន្តវេននយោបាយប្រកបដោយនិរន្តរភាព ដែលកន្លងមកការបន្តវេនបែបនេះមិនដែលមានក្នុងប្រវត្តិសាស្ត្រកម្ពុជាឡើយ។
ការរៀបចំយុទ្ធសាស្ត្របែបនេះរបស់ប្រធានគណបក្សប្រជាជនកម្ពុជាទទួលការគាំទ្រពីមហាជនដែលមានទំនោរនយោបាយទៅកាន់បក្សប្រជាជនកម្ពុជា ហើយក៏ទទួលការរិះគន់ពីមហាជនដែលមិនទំនោរប្រឆាំង ព្រមទាំងទទួលការដាក់គំនាបជាបណ្ដើរៗពីបណ្ដាប្រទេសដែលអះអាងខ្លួនជាប្រជាធិបតេយ្យ។ ចំណែកគណបក្សភ្លើងទៀនដែលមិនបានចូលរួមបោះឆ្នោតក្នុងអាណត្តិថ្មីនេះ មិនបានបញ្ចេញប្រតិកម្មអ្វីក្រៅពីរង់ចាំមើលការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីបើកលំហនយោបាយកម្រិតណា ប៉ុន្តែពួកគេយល់ថាការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មីទំនងជាគ្មានបញ្ហាទេ ព្រោះមានអតីតនាយករដ្ឋមន្ត្រីនៅចាំជួយជ្រោមជ្រែងពីខាងក្រោយ។ យ៉ាងណាពួកគេមានសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីដែលកើតចេញពីការបោះឆ្នោតក្នុងអាណត្តិថ្មីនេះ នឹងមានការប្រែប្រួលក្នុងការដឹកនាំប្រទេសកាន់តែល្អប្រសើរទាំងផ្នែកសេដ្ឋកិច្ច ការទូត ក៏ដូចជាផ្នែកនយោបាយ និងលើកស្ទួយប្រជាធិបតេយ្យកាន់តែប្រសើរជាងមុន។
លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសជាបេក្ខជនជានាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីការជ្រើសតាំងក្នុងបក្ស លោកបានឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិដែលមានប្រជាជនគាំទ្ររហូតដល់ជាង៨២ភាគរយ។ ទន្ទឹមនឹងព្រះមហាក្សត្រគាំទ្រចំពោះការរៀនចំរបស់គណបក្សប្រជាជនកម្ពុជាក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលគល់ព្រះមហាក្សត្រ។
លោកបន្តថា នៅសល់តែការបោះឆ្នោតពីរដ្ឋសភាក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសជាផ្លូវការនៃលទ្ធផលការបោះឆ្នោត ហើយនៅថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី ដើម្បីរៀបចំគណរដ្ឋមន្ត្រីយកទៅឆ្លងសភា។ ដូច្នេះនៅតែចំណុចនេះមួយទៀតប៉ុណ្ណោះ ដែលលោក ហ៊ុន ម៉ាណែត ចូលខ្លួនមកដឹកនាំរដ្ឋាភិបាលចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោកបានលើកឡើងថា ចំណុចចម្បងមួយ គឺលោក ហ៊ុន សែន បានធ្វើនាយករដ្ឋមន្ត្រីប្រមាជាង៣៨ឆ្នាំ ពោលគឺចាប់តាំងពីលោកធ្វើជានាយករដ្ឋមន្ត្រីរហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេកត់សម្គាល់ឃើញសមទ្ធិផលធំៗជាច្រើន ដើម្បីឱ្យប្រជាជាតិកម្ពុជាចងចាំ គឺលោក ហ៊ុន សែន ជាឥស្សរជននយោបាយដែលមិនរត់ចោលសមរភូមិនិងមិនរត់ចោលកម្ពុជា។
លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំនាវាកម្ពុជាចាប់តាំងពីការដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម និងការកសាងប្រទេសក្នុងស្ថានភាពដ៏លំបាកស្របពេលដែលពិភពលោកស្ថិតក្នុងសមរភូមិសង្គ្រាមត្រជាក់ ខណៈកម្ពុជាបានរងការខ្ទេចខ្ទាំអស់នូវរចនាសម្ព័ន្ធ។
លោកបន្ថែមថា៖ «ចំណុចដ៏សំខាន់មួយទៀតបានកសាងសន្តិភាពដំណើរឆ្ពោះទៅរកសន្តិភាពសម្រាប់កម្ពុជា គឺ ការចរចាស្វែងសន្តិភាពក្នុងឆ្នាំ១៩៨៧ រហូតសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីសនៅឆ្នាំ១៩៩១ ហើយបានបោះឆ្នោតដំបូងក្នុងឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់»។
លោកបន្ថែមទៀតថា៖ «នៅពេលបានសន្ដិភាពហើយ គឺការការពារសន្តិភាពរហូតទទួលបានសន្តិភាពពេញលេញចាប់ពីដួលរំលំទាំងស្រុងនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៩៨។ នេះជាការឯកភាពទឹកដីពេញលេញរបស់កម្ពុជា ហើយនិងបន្តអភិវឌ្ឍប្រទេសកម្ពុជា»។
ជាមួយនឹងគ្នាកម្ពុជាបានបើកទូលាយដល់អង្គការក្នុងតំបត់និងពិភពលោក ដែលកន្លងមកកម្ពុជាធ្លាប់តែជាប្រទេសទទួលជំនួយពីបរទេសក្លាយជាប្រទេសផ្ដល់ជំនួយដល់ប្រទេសដទៃវិញ។
លោកបាននិយាយថា ទោះក្នុងអាណត្តិទី៧នេះ មានរបៀបធ្វើការថ្មីក៏ដោយ ក៏បន្ទាត់នយោបាយនៅតែជារបស់គណបក្សប្រជាជនកម្ពុជាដដែល។ មានន័យថា លោក ហ៊ុន ម៉ាណែត ដឹកនាំក្នុងសម័យកាលដែលប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរួចទៅហើយ។ អាចនិយាយបានថា លោកទទួលមរតនយោបាយរឹងមាំពីអ្នកជំនាន់មុន។ ដូច្នេះមិនពិបាកដូចអ្នកជំនាន់មុនដែលចាប់ផ្ដើមពីអ្វីៗសុទ្ធតែទន់ជ្រាយ។ ប៉ុន្តែភាពរឹងមានអ្នកជំនាន់ថ្មីមិនប្រាកដថាការដឹកនាំកាន់តែអភិវឌ្ឍទេ ប្រសិនបើការដឹកនាំនោះមិនល្អ។
លោកបញ្ជាក់ថា៖ «គណរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត គឺជាថាមពលថ្មីនៃគណរដ្ឋមន្ត្រីដែលនៅលើពិភពលោកកម្រនឹងឃើញការផ្លាស់ប្ដូរគណរដ្ឋមន្ត្រី។ នេះបើតាមការគូផ្គង់គណរដ្ឋមន្ត្រីដែលជាមនុស្សជំនាន់ថ្មីទាំងអស់ ប៉ុន្តែពួកគេត្រូវការបន្ទាត់នយោបាយច្បាស់លាស់»៕

