សិស្សតូចៗត្រៀមខ្លួនអបអរថ្ងៃបុណ្យណូអែល

សិស្សតូចៗត្រៀមខ្លួនអបអរថ្ងៃបុណ្យណូអែល

អត្ថបទ៖ តន វិបុល


ខណៈដែលថ្ងៃបុណ្យណូអែល ឬបុណ្យគ្រីស្មាស (Christmas) បានរំកិលជិតមកដល់ហើយនោះ មានមនុស្សជាច្រើនបានត្រៀមខ្លួនអបអរសាទរនឹងពិធីបុណ្យនេះ។ នៅក្នុងនោះសិស្សានុសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានត្រៀមខ្លួនអបអរសាទរនឹងកម្មវិធីបុណ្យណូអែលនេះផងដែរ ដោយពួកគេម្នាក់ៗបានរៀនហាត់សមក្បាច់រាំ និងបង្ហាញម៉ូតជាដើម។

កុមារដែលបានចូលរួមហាត់សមលេងយ៉ាងសប្បាយកាលពីព្រឹកមិញនោះ ម្នាក់ៗសុទ្ធតែមានភាពក្លាហាននិងទំនុកចិត្តលើខ្លួនឯង។ ក្នុងចំណោមកូនសិស្សតូចៗកំពុងហាត់សមលេងយ៉ាងសប្បាយនោះកុមារា ទៀ ប៊ុនអៀវ ជាសិស្សថ្នាក់ទី២ “ខ” រូបគេដឹងថាពិធីបុណ្យណូអែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ប៉ុន្តែសាលារៀនប្អូនតម្រូវឲ្យសិស្សទាំងអស់ចូលរួមអបអរសាទរពិធីបុណ្យនោះនៅថ្ងៃទី២៣ ធ្នូ វិញ។ គេនិយាយថា ដោយសារតែថ្ងៃ២៥ប៉ះចំថ្ងៃអាទិត្យដែលជាថ្ងៃពួកគេត្រូវឈប់សម្រាក ជាហេតុធ្វើឲ្យសិស្សទាំងអស់មិនអាចចូលរួមអបអរសាទរពិធីបុណ្យណូអែលនៅសាលារៀនជុំគ្នាបានឡើយ។

ស្រដៀងគ្នានោះដែរ កុមារីថ្នាក់ទី១ “គ” និងក្រុមប្អូនប្រមាណ៥ផ្សេងទៀត ដែលកំពុងត្រៀមខ្លួនឡើងបង្ហាញម៉ូតលើឆាក នោះគឺកុមារី ជា នីហ្សា។ ប្អូនស្រីនិយាយទាំងសប្បាយរីករាយក្នុងចិត្តថា “បុណ្យណូអែលឆ្នាំនេះ ម៉ាក់ប៉ានឹងផ្តល់អំណោយដល់ខ្ញុំ”។ ទោះជាបែបនេះក្តី នេះគឺជាលើកដំបូងហើយក្នុងជីវិតប្អូន ដែលថ្ងៃបុណ្យណូអែល ម្ដាយឪពុកគេបានផ្តល់អំណោយដល់គេ។ កុមារីរូបនេះបន្តថា នេះពុំមែនមានន័យថា ពីមុនម្តាយឪពុកគេមិនស្រឡាញ់រូបគេនោះទេ ប៉ុន្តែដោយសារកាលនោះប្អូនស្រីនៅតូចពេក ទើបម៉ាក់ប៉ាគេមិនបានទិញអ្វីឲ្យគេនៅថ្ងៃបុណ្យណូអែល។

កុមារទាំងឡាយមិនត្រឹមតែត្រូវការការអប់រំសីលធម៌ សុជីវធម៌ និងបំណិនជីវិតពីសំណាក់អាណាព្យាបាល និងលោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែគេក៏ត្រូវការការយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនគេផងដែរ។ ម្យ៉ាងសារជាតិជាក្មេង គឺត្រូវការសប្បាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិគេដោយពុំបានខ្វាយខ្វល់ពីអ្វីនោះទេ។ ពិសេស ស្ថិតក្នុងឱកាសពិធីបុណ្យណូអែលជិតឈានចូលមកដល់ផងនោះ ក្មេងៗរឹតតែចង់លេងពីអ្វីដែលនាំពួកគេឲ្យសប្បាយ។ និយាយដោយរួសរាយកុមារា ប៊ុនអៀវ បានថ្លែងថា ពេលបុណ្យណូអែលម្តងៗរូបគេចូលចិត្តចែករបស់លេងដល់មិត្តភក្តិគេ។

សូមជម្រាបជូនថា បុណ្យណូអែល (Noël) ជាថ្ងៃព្រះយេស៊ូគ្រិស្ដប្រសូត្រ ដែលគេតែងតែរំលឹកឡើងជារៀងរាល់ឆ្នាំ។ បុណ្យនេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី២៤ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែធ្នូ។ នៅយប់ថ្ងៃទី២៤ រំលងអាធ្រាត្រនោះ គេសង្កេតឃើញមានបុរសចំណាស់មា្នក់ស្លៀកពាក់ពណ៌ក្រហម មានពុកមាត់ពុកចង្កាស្កូវស្រមូម ហើយដុះក្បាលពោះបន្តិចផងនោះ នោះគឺលោកតាណូអែលកំពុងស្ពាយបង្វេចស្ករគ្រាប់ និងអំណោយផ្សេងៗដើរចែកដល់កុមារតូចៗ។ ទង្វើបែបនេះបានបង្ហាញថា លោកតាណូអែលជាមនុស្សចិត្តល្អ ដែលមនុស្សគ្រប់រូបគួរយកតម្រាប់តាម៕


No comments:

Post a Comment