បង្រៀនដោយសាស្ត្រារ្យ វង់ សុធារ៉ា
១. តើ«សិលាចារឹក», «លោហធាតុចារឹក», «សត្រា», និង«ក្រាំង» គឺជាអ្វី?
ក- សិលាចារឹក : អក្សរឬអត្ថបទដែលបុព្វការីជនបានចារទុកនៅលើថ្ម។
ខ- លោហធាតុចារឹក : អក្សរឬអត្ថបទដែលគេចារនៅលើបន្ទះលោហធាតុ។
គ- សត្រា/សាស្ត្រា : អក្សរឬអត្ថបទដែលគេចារលើសន្លឹករិក្ដមានដូចជាស្លឹកទ្រាំនិងស្លឹកត្នោតជាដើម។
ឃ- ក្រាំង : គឺជាអត្ថបទដែលគេចារលើក្រដាសផ្នត់។
២. តើហេតុដូចម្តេចទើបក្នុងចំណោមសំណេរទាំងអស់ខាងលើ មានតែសិលាចារឹក ទើបសំខាន់ជាងគេសម្រាប់ការសិក្សារបស់យើង?
ដោយសារក្នុងចំណោមឯកសារទាំងប៉ុន្មាននៅខាងលើនេះ មានតែសិលាចារឹកប៉ុណ្ណោះដែលអាចរក្សាអក្សរឬអត្ថបទទុកបានយូរអង្វែងជាងគេ។ ឯកសារផ្សេងទៀតក្រៅពីនេះ រក្សាទុកមិនសូវបានយូរអង្វែង ហើយតែងតែតម្រូវឱ្យគេចម្លងសាជាថ្មី។ ការណ៍ចម្លងឡើងវិញរវាងពី៥០ឆ្នាំទៅ៨០ឆ្នាំម្ដង ទោះចង់ឬមិនចង់វាតែងតែនាំឱ្យមានកំហុស ឬភ្លេចភ្លាំងដោយចេតនាឬអចេតនា ជួនកាលទៀតអាចប្រាស់ចាកអត្ថន័យដើម ឬខុសតួលេខផងក៏ថាបាន។
៣. តើសិលាចារឹកសាស្ត្រនៃប្រទេសកម្ពុជា មានសារៈសំខាន់ដូចម្តេចខ្លះ?
បើនិយាយពីសារៈសំខាន់វិញមានច្រើនសន្ធឹកណាស់ ព្រោះអក្សរឬអត្ថបទនៅលើសិលាចារឹកនីមួយៗសុទ្ធតែបានផ្ទុកទៅដោយព័ត៌មានគ្រប់បែបយ៉ាងណា។ អត្ថបទនៅលើសិលាចារឹកខ្លះបែបប្រវត្តិកថា ឧទ្ទិសកថា ពណ៌នាកថា បញ្ជីសារពើភ័ណ្ឌ បែបបទការងាររាជការ នរនាម និងស្ថាននាមជាអាទិ៍។ ក្រៅពីនេះមានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត វប្បធម៌ ព្រមទាំងសង្គមរស់នៅក្នុងសម័យបុរាណ និងផ្ដល់នៅចំណេះដឹងអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ សាសនា ជាតិពន្ធុសាស្ត្រ បុរាណសាស្ត្រជាច្រើនផងដែរ។ បើគ្មានព័ត៌មានដែលផ្ដល់ដោយសិលាចារឹកទេ ច្បាស់ណាស់ប្រវត្តិសាស្ត្រពិតជាក់ស្ដែងរបស់ជាតិខ្មែរពិតជាស្ថិតក្នុងភាពស្រពេចស្រពិលមិនខាន។ ជាងនេះទៅទៀត ប្រសិនបើគ្មានសិលាចារឹកទាំងនោះទេ ក៏គ្មាននរណាអាចអះអាងឱ្យជឿបានដែរថា កេរ្តិ៍ដំណែលប្រាសាទដ៏ស្គឹមស្គៃល្បីល្បាញទាំងឡាយ ដែលជាបេតិកភ័ណ្ឌមនុស្សជាតិដ៏មានតម្លៃនៅលើទឹកដីខ្មែរសព្វថ្ងៃនេះ ជាស្នាដៃនៃបុព្វបុរសខ្មែរបន្សល់ទុកឱ្យនោះឡើយ។
៤. តើការសិក្សាផ្នែកនេះ មានប្រវត្តិដូចម្តេចដែរ?
បណ្ដាអ្នកប្រាជ្ញដែលបានសិក្សាសិលាចារឹកខ្មែរ ភាគច្រើនជាជនជាតិបារាំង។ បើតាមទស្សនៈរបស់លោកស្រីបណ្ឌិត ពៅ សាវរស បានចាត់ទុកការចាប់ផ្ដើមសិក្សាសិលាចារឹករបស់ប្រទេសកម្ពុជា ជាចំណុចចាប់ផ្ដើមនៃនរវិទ្យា ហើយការសិក្សានេះបានរីកធំធាត់ក្លាយ ជាការសិក្សាបែបវិទ្យាសាស្ត្រនិងមានលក្ខណៈឯករាជ្យនៅរវាងសតវត្សទី២០ ដោយមិនពឹងផ្អែកលើមូលដ្ឋានទស្សន វប្បធម៌ឥណ្ឌា ឬសៀមឡើយ ពោលគឺនៅពេលដែលគេចាប់ផ្ដើមសិក្សាភាសាខ្មែរតាមលក្ខណៈវិទ្យាសាស្ត្រទំនើប។ នៅក្នុងនោះមានបុគ្គលដែលបានបញ្ចេញស្នាដៃនិងយកចិត្តទុកដាក់លើលការងារនេះ ព្រមទាំងបានត្រួសត្រាយផ្លូវសិក្សាសិលាចារឹកប្រទេសកម្ពុជាមានច្រើនសន្ធឹកណាស់ដែរ ដូចជាដែរ ដូចជាលោក ហិនឌ្រិក កែន (Heindrck KERN) ជនជាតិហូឡង់ ជាបុគ្គលទីមួយដែលមានបានចាប់អារម្មណ៍ចំពោះផ្ទាំងផ្ដិតចម្លងសិលាចារឹកសំស្ត្រឹតរបស់កម្ពុជា និងបានសិក្សាប្រកប្រែចុះផ្សាយដំបូងគេ នៅលើទំព័រទស្សនាវដ្ដីមួយ។ បន្ទាប់មកមានលោក អូហ្គូស បាថ៌ អ្នកប្រាជ្ញសំស្ត្រឹត ជាជនជាតិបារាំង និងដៃគូរបស់គាត់ គឺលោក អាបែល ប៊ែរហ្គែញ ជនជាតិបារាំង។ ក្រោយមកទៀតមានលោក អេជែន អៃម៉ូនីញ៉េ ជនជាតិបារាំង លោក ល្វី ហ្វីណូត៍ ជនជាតិបារាំង លោក ហ្សក សឺដេស ជនជាតិបារាំង លោក ព្យែរ ឌុយប៉ុង ជនជាតិបារាំង និងលោកស្រី ពៅ សាវរស ជនជាតិខ្មែរ។ ក្រៅពីនេះនៅមានបុគ្គលជាច្រើនទៀត ជាជនជាតិខ្មែរនិងបរទេសដែលបានចាប់អារម្មណ៍និងសិក្សាសិលាចារឹកប្រទេសកម្ពុជា។
៥. តើស្ថាប័នណាខ្លះដែលបានផ្សព្វផ្សាយការសិក្សាសិលាចារឹកសាស្ត្រ ចូរបង្ហាញពីស្ថាប័នសំខាន់បំផុតមកមុន?
មានដូចជា៖
- វិទ្យាស្ថានជាតិនៃប្រទេសបារាំង ឆ្នាំ១៨៨៥
- បណ្ឌិតសភាសិលាចារឹកនិងអក្សរសាស្ត្រវិចិត្រ នៅប្រទេសបារាំង ពីឆ្នាំ១៩២៦-១៩២៧
- សាលាឬវិជ្ជាស្ថានបារាំងចុងបូព៌ា នៅហាណូយ-ប៉ារីស
- នៅកល់គុត្តា ប្រទេសឥណ្ឌា
- មជ្ឈមណ្ឌលស្រាវជ្រាវឯកសារនិងការស្រាវជ្រាវអំពីអារ្យធម៌ខ្មែរ នៅប៉ារីស ប្រទេសបារាំង
- នៅសាកលវិទ្យាល័យហាវ៉ៃ
- ពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ប្រទេសកម្ពុជា
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសថៃ
ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
ការវិវត្តសំណេរនិងអក្ខរាវិរុទ្ធខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment