ម្ដាយសុខាបាននាំសុខាទៅផ្ញើលោក (ព្រះសង្ឃ) នៅឯវត្ត ដើម្បីរៀនសូត្រធម៌អាថ៌។ សុខា ជាកុមារកាយវិកល ដែលមានមុខអាក្រក់ស្ទើរតែមិនមែនជាមុខមនុស្សដូចគេរាល់គ្នា ហើយថែមទាំងដំឡាន់ទៀត។ សិស្សលោកឯទៀតមិនចូលចិត្តសុខាទេ ហើយតែងតែរកល្បិចធ្វើបាបសុខាជានិច្ច។
ថ្ងៃមួយមានដូនចាស់ម្នាក់យកផ្លែក្រខុបព្រៃមួយស្បោងធំទៅប្រគេនលោក។ ពេលត្រឡប់ពីសាលារៀនវិញ កូនសិស្សលោកពីរបីនាក់ឃើញផ្លែក្រខុបនៅនឹងជើងពានក៏បបួលគ្នាស៊ីអស់ ហើយទម្លាក់កំហុសទៅលើសុខា ដោយពួកគេគិតថា សុខាគ្មានលេសអាចរកខុសត្រូវឃើញ ព្រោះណាមួយសុខានិយាយជាប់ៗ ហើយដូចជាភ្លីភ្លើផង។ ដូចដឹងស្រាប់ហើយ ចៅអធិការវត្តមួយនេះកាចខ្លាំងណាស់ បើកូនសិស្សលោកណាប្រព្រឹត្តខុសនឹងទទួលទោសតាមពិន័យ។ ក្នុងការណ៍នេះ សុខាប្រាកដជាជាប់ពិន័យធ្ងន់ធ្ងរមិនខាន។
សុខាលុតជង្គង់ថ្វាយបង្គំ ហើយពិតលោកដោយសម្ដីរដិបរដុបមិនច្បាស់ ព្រមទាំងធ្វើដៃជាសញ្ញាផង។
«អត់បានហូបទេព្រះអង្គ។ សូមព្រះអង្គមានអាសូរករុណាផង បើមិនជឿករុណាខ្ញុំ សូមពរពីព្រះអង្គព្យួរទោសមួយភ្លែតសិន។»
ចៅអធិការវត្តស្ដាប់បាន ក៏យល់ព្រមតាម : «អើ! អាត្មាក៏ចង់ដឹងដែរ ថាឯងពិសោធយ៉ាងណាអាចដោះរួចខ្លួន។»
សុខារត់ទៅរកទឹកក្ដៅឧណ្ឌៗមកផឹកនៅចំពោះព្រះភក្ត្រិលោក ហើយយកម្រាមដៃលូកចូលក្នុងបំពង់កឱ្យក្អួត គេឃើញសុទ្ធតែទឹកចេញមកវិញ គឺគ្មានផ្លែក្រខូបសោះ។ បន្ទាប់មកសុខាធ្វើដៃជាសញ្ញាប្រាប់លោកឱ្យបង្គាប់អ្នកទម្លាក់កំហុសលើខ្លួនធ្វើត្រាប់តាម។ អ្នករាល់គ្នាសង្ស័យនិងគិតថា ការណ៍នេះមិនមែនជាការពិសោធដោះខ្លួនរួចទេ។ កូនសិស្សលោកប៉ុន្មាននាក់ដូចជាមិនភ័យសោះ ពួកគេផឹកទឹកក្ដៅឧណ្ឌៗ ហើយធ្វើតាមសុខា ស្រាប់តែក្អួតមកសុទ្ធតែផ្លែក្រខុបនៅស្រស់ញញឹម។ ដូច្នេះពួកគេត្រូវមានទោសទ្វេជាន់ ទី១គឺទោសលួចស៊ីផ្លែក្រខុប ទី២គឺទោសចិត្តអាក្រក់បង្វែរកំហុសដាក់អ្នកដទៃ ចំណែកឯសុខារួចផុតទុក្ខទោសក្នុងរឿងនេះ៕ (ចប់)
No comments:
Post a Comment