ម៉ោងជាងមួយរំលងអាធ្រាត្រ រថយន្តរត់ទៅមកក៏លែងស្អេកស្កះដូចពីក្បាលព្រលប់ទៀតដែរ។ ក្រោមពន្លឺភ្លើងពណ៌តាមដងផ្លូវបណ្ដោយមាត់ទន្លេ មានយុវជនពីរនាក់កំពុងបណ្ដើរគ្នាចេញពីហាងផឹកស៊ីមួយ ដោយសំដៅទៅចំណតរថយន្តដែលនៅមិនឆ្ងាយពីទីនោះ។ បណ្ដាយុវជនទាំងពីរ ម្នាក់ឈ្មោះឡេង ម្នាក់ឈ្មោះមែន។ ពួកគេជាកូនកសិករមកពីខេត្តសៀមរាប។ ក្រោយបញ្ចប់វិទ្យាល័យ ពួកគេបានបន្តសិក្សានៅភ្នំពេញជាមួយគ្នា។ រៀនបានពីរឆ្នាំ ដោយសារតែជីវភាពគ្រួសារមិនអំណោយផល ពួកគេទាំងពីរសម្រេចចិត្តទៅធ្វើការជាអ្នករត់តុនៅហាងផឹកស៊ីទីនោះ។ ពួកគេដើរបណ្ដើរ រាប់លុយដែលបានពីការធីបបណ្ដើរ។
-នេះនែ៎! យប់នេះជាង៣០ដុល្លារបានដោយធូរ។
-មែនហើយ ខ្ញុំក៏អ៊ីចឹងដែរ!
មែននិយាយដោយទឹកមុខរីករាយ ព្រោះគេក៏បានលុយធីបច្រើនដែរ។ ដោយត្រេចអរនឹងការរាប់លុយពេក មិនប្រយ័ត្នក៏ជំពប់ជើងប៉ះទូរសព្ទធ្លាក់ពីដៃឡេង ហើយត្រូវឡេងគំហកដាក់ឥតសំចៃមាត់។
-យី! ដើរមិនមើលជើងឆ្កែទេអាចម្កួត។
-សុំទោស ខ្ញុំគ្មានចេតនាទេ (មែនសុំការអភ័យទោសពីឡេង តែឡេងនៅតែខឹងក្រោធចំពោះមែន)
-ស្អីគេ! សុំទោស! អាយហ្វូនស៊ែរីថ្មីនេះខ្ញុំទើបតែនឹងទិញផង ឯងដឹងថាវាថ្លៃប៉ុនណាទេ? ខ្ញុំភ្លេចថាឯងប្រើអ៊ិនចុចពិលកញ្ចាស់ និងជិះម៉ូតូអាគុបកញ្ចាស់កាន់ស្នឹមហ្នឹងរាប់សិនឆ្នាំហើយ។ មនុស្សដូចឯងគ្មានថ្ងៃស្គាល់របស់ទំនើប កាលីប ប្រេនៗនឹងគេទេ។
-ត្រូវហើយ! ដោយសារតែខ្ញុំព្យាយាមសន្សំប្រាក់ដើម្បីទិញសៀវភៅរៀន ព្រោះខ្ញុំកំពុងព្យាយាមវិនិយោគលើការអប់រំរបស់ខ្ញុំ ទើបខ្ញុំមិនហ៊ានខ្ជះខ្ជាយផ្ដេសផ្ដាស។
-ថាម៉េច! វិនិយោគការអប់រំ! ធ្វើដូចឯងត្រឹមត្រូវណាស់ អាត្រឹមត្រូវ។ មើលការស្លៀកពាក់របស់ឯងចុះ គឺដូចជនអនាថាខ្លាំងណាស់។ ឯងមានឃើញខ្លួនខ្ញុំទេ ឯងគួររៀនតាមខ្ញុំ ទាំងសម្លៀកបំពាក់ ទាំងស្បែកជើង គឺសុទ្ធតែជារបស់ប្រេនៗទាន់សម័យ ហើយទូរសព្ទអាយហ្វូននេះតម្លៃកប់ស៊ែរី ឯម៉ូតូធំរបស់ខ្ញុំនេះវិញមិនបាច់និយាយទេ វារឹតតែពិសេសសម្រាប់ខ្ញុំទៅទៀត។ យកល្អយប់នេះមិនបាច់ទៅផ្ទះទេ ឯងគួរទៅក្លិបជាមួយខ្ញុំដើម្បីចូលសង្គមស៊ីវីល័យក្រែងបានភ្លឺភ្លែកម្ដង។
ឡេងព្យាយាមអូសទាញមែនចូលសង្គមដែលខ្លួនគេគិតថាស៊ីវីល័យ តែត្រូវមែនបដិសេធថា ខ្លួនគេនៅមានកិច្ចការសាលាជាច្រើនដែលធ្វើ ហើយនៅថ្ងៃស្អែកត្រូវទៅរៀនពីព្រលឹមទៀត ម្ល៉ោះហើយមែនមិនបានចូលរួមជាមួយឡេងទេ។ ដ្បិតថាអ្នកទាំងពីរមកពីខេត្តរួមគ្នា ប៉ុន្តែចរិតលក្ខណៈរបស់ពួកគេផ្ទុយគ្នាស្រឡះ។ ឡេង ជាមនុស្សកាលីប ឡូយឆាយនឹងសម្ភារនិយម ជាមនុស្សចូលចិត្តដើរលេងសប្បាយ។ លុយដែលរកបានពីការងារ គេយកទៅចំណាយលើរបស់ទំនើបប្រេនៗ។ ពេលខ្លះ គេលះបង់ស្ទើរគ្រប់បែបយ៉ាងដើម្បីដើរឱ្យទាន់សង្គមទំនើប ឬការរស់នៅតាមបែបស៊ីវិល័យរបស់គេ។ ចំណែកមែនវិញ ជាមនុស្សម្នាក់ពូកែអត់ធ្មត់ ចេះអត់ឱន ចេះគោរពអ្នកដទៃ ជាពិសេសគេស្រឡាញ់ការរៀនសូត្រ គឺមិនដែលត្អូញត្អែរឡើយ ទោះបីជាឡេងនិយាយបន្ដុះបង្អាប់ល្ងីល្ងឺនឹងការសិក្សាយ៉ាងណាក៏មិនអ៊ឹះដែរ។ មនុស្សព្យាយាមរៀនសូត្រដែលឡេងតែងបន្ដុះបង្អាប់ថាល្ងីល្ងឺ គឺបានចំណាយពេលរៀនរាល់ថ្ងៃ មិនថានៅសាលាឬនៅផ្ទះទេ គឺគេព្យាយាមមិនពន្លែងដៃឡើយ។ ខ្លួនគេបានប្រើលុយដើម្បីបង្កើតលុយ មិនយូរប៉ុន្មានសមត្ថភាពគេមានការផ្លាស់ប្ដូរទៅរកភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់មករូបគេបានផ្លាស់ប្ដូរការងារទៅធ្វើនៅកន្លែងថ្មី ខណៈជីវិតឡេងនអ្វីប្លែកទាល់តែសោះ ក្រៅតែពីការចំណាយលុយលើការផឹកស៊ីនិងការដើរលេងសប្បាយរាល់ថ្ងៃ សូម្បីតែការរៀនសូត្រ ក៏គេមិនខ្វល់ដែរ។ ពេលខ្លះ ឡេងផឹកស៊ីសប្បាយទាល់តែអស់លុយពីខ្លួនរហូតឈានដល់ការបញ្ចាំរបស់របរបទៀតផង។
ពេលវេលាពិតជាលឿនណាស់ នៅពេលដែលឡេងធ្លាក់ខ្លួន ហើយដើរឈ្ងោករាប់លុយធីបស្រាប់តែស៊ីប្លេររថយន្តបន្លឺធ្វើឱ្យគេភ្ញាក់ក្រញាងឡើង។ ពេលទ្វាររថយន្តរបើកឡើង។
-អីយ៉ា! ស្មានតែពីណាគេ! ខ្ញុំស្ទើរតែចាំឯងមិនបានទៅហើយ។ (ឡេងភ្ញាក់ផ្អើលនៅពេលបានជួបមែន)
-ត្រូវហើយ! ពួកយើងខានជួបគ្នាយូរហើយ។
-មើល៍ទៅឯងឥឡូវស្លៀកពាក់ហំហ៊ានណាស់ហ្ន៎! មួយរយៈនេះទៅណាបានជាមិនដែលឃើញឯងសោះអ៊ីចឹង ហើយពេលនេះមានឡានជិះទៀត? (ឡេងសួរ)
ដោយមិនចង់លាក់បាំង មែនបាននិយាយប្រាប់ឡេងដោយត្រង់៖
-រាល់យប់នៅពេលដែលឯងទៅក្លិបផឹកស៊ីសប្បាយ គឺជាពេលដែលខ្ញុំកំពុងតែព្យាយាមសិក្សារៀនយ៉ាងពិបាក។ ខ្ញុំចំណេញច្រើនក្នុងការសិក្សារៀងរាល់យប់ ខ្ញុំមានអារម្មណ៍ថាឯកា ហើយអារម្មណ៍មួយយល់ថាសោកស្ដាយដែលមិនបានចូលកម្មវិធីផឹកស៊ីជាមួយឯង ប៉ុន្តែខ្ញុំមិនអាចយកលុយដែលខ្ញុំរកបានទាំងលំបាកទៅសប្បាយឥតប្រយោជន៍ទេ។ ដូច្នេះខ្ញុំខិតខំរៀនពីរបៀបគ្រប់គ្រងលុយនិងវិជ្ជាប្រើលុយបង្កើតលុយ។ នៅពេលដែលឯងចំណាយលុយ ខ្ញុំក៏ចំណាយដែរ។ យើងចំណាយលុយដូចគ្នា អ្វីដែលខុសគ្នា គឺឯងវិនិយោគលើភាពទំនើបនិយម ចំណែកខ្ញុំវិនិយោគលើការអប់រំ។ នេះជាមូលហេតុដែលខ្ញុំនៅតែប្រើអ៊ិនចុចពិល និងជិះម៉ូតូអាគុបកញ្ចាស់ទាំងវេទនា ហើយអ្វីដែលខ្ញុំរៀនពីវានោះ គឺការឈឺចាប់ ខណៈពេលដែលឯងប្រើប្រាស់របស់របរសុទ្ធប្រេនៗដែលមានតម្លៃខ្ពស់បំផុត។ យល់ឬនៅ? រឿង គឺបែបហ្នឹងឯង។
និយាយចប់ ឡេងមើលមុខមែនដោយសេចក្ដីអៀនខ្មាស ព្រោះកន្លងមករូបគេតែងតែបន្ដុះបង្អាប់ និងមើលស្រាលការព្យាយាមរៀនរបស់មែន។ ឡេងតបវិញទាំងអៀនខ្មាស។
-ពិតណាស់ ស្ទើរគ្រប់ពេលដែលខ្ញុំយល់ថាឯងគិតខុស តាមពិត គឺខ្ញុំទៅវិញទេដែលត្រូវដើរតាមគន្លងរបស់ឯង មិនមែនឯងដើរតាមគន្លងរបស់ខ្ញុំទេ។ អឺ... និយាយចឹង ឯងមកទីនេះធ្វើអី ឬមួយឯងត្រឡប់មកធ្វើការនៅទីនេះវិញ?
-អត់ទេ! គឺខ្ញុំមកយកថ្លៃឈ្មួលអគារ។ ពេលនេះខ្ញុំ គឺជាម្ចាស់អគារមួយនេះហើយ។ ពិតជាសំណាងណាស់ដែលបានជួបឯងនៅទីនេះ។ (មែននិយាយហើយ ក៏ដើរចេញទៅ)
សម្ដីនេះធ្វើឱ្យឡេងរឹតតែមានអារម្មណ៍អៀនខ្មាសទ្វេឡើង។ គេត្រឡប់ទៅគិតពិចារណាឡើងវិញនូវឃ្លាដែលមែននិយាយថា «បើឯងមានឆន្ទៈធ្វើការច្រើនឆ្នាំដូចអ្នកដទៃដើម្បីតែភាពឡូយឆាយ ដោយមិនគិតគូរពីភាពមានបានទេ ប្រហែលជាថ្ងៃនោះឯងអាចរស់នៅក្នុងស្ថានភាពដដែល ឬរឹតតែលំបាកជាងមុនទៅទៀត នៅពេលឯងទ្រុឌទ្រោមកម្លាំងកាយ៕
ដោយ តន វិបុល
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០
នៅបន្ទប់ជួល សង្កាត់ទឹកថ្លា
No comments:
Post a Comment