ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
តើអ្នកមានដឹងទេថា អ្វីទៅជាទំនៀមឡើងអ្នកតានៅតំបន់អង្គរ?
ពិធីឡើងអ្នកតា ជាពិធីដ៏សំខាន់មួយ ដែលខ្មែរពីសម័យបុរាណតែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃ៣កើត ខែមាឃ ដើម្បីសុំសេចក្តីសុខ សេចក្ដីចម្រើន និងការរកស៊ីមានបាន។ សម្រាប់ឆ្នាំ២០២២នេះ ក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ ដោយពលរដ្ឋក្មេងចាស់ប្រុសស្រីបានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដែលសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាពៃណី ពីបុរាណកាល ដែលបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។
ការធ្វើពិធីឡើងអ្នកតាត្រូវបានគេជឿថា នាំកូនចៅឱ្យសុខសប្បាយ ទទួលភោគផលច្រើនពីការធ្វើស្រែចម្ការ និងចៀសផុតពីជំងឺផ្សេងៗ។ នេះជាផលហេតុចម្បងមួយ ដែលនាំឱ្យអ្នកស្រុកនៅតំបន់អង្គរតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។
យោងតាមការរៀបរាប់របស់អ្នកស្រុក ការរៀបពិធីនេះ គឺមិនបាច់ណាត់គ្នាទុកឡើយ។ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ពលរដ្ឋរស់នៅជុំវិញតំបន់អង្គរត្រូវមកជួបជុំគ្នា ដោយមានទាំងដង្វាយបូជាផ្សេងៗជាច្រើន ដើម្បីយកមកប្រារព្ធពិធីនេះ។
បើតាមអាចារ្យដឹកនាំពិធីឡើងមាឃ បានឱ្យដឹងថា ការប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា គេរៀបចំក្នុងគោលបំណងរំលឹកដល់គុណអតីតព្រះមហាក្សត្រ មេទ័ព និងវីរជនគ្រប់ជំនាន់ដែលបានខិតខំកសាងប្រាង្គប្រាសាទ ជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងដើម្បីសុំសេចក្តីសប្បាយដល់កូនចៅគ្រប់ៗរូប។
ពិធីនេះកើតឡើងពីភាពសាមគ្គីរបស់អ្នកស្រុកគ្រប់គ្នាដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។ ពិធីឡើងមាឃ ឬឡើងអ្នកតា ត្រូវបានប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូត្រូមន្តចម្រើនព្រះបរិត្តនិងវេភត្តហាប្រគេនព្រះសង្ឃ។ ចំណែកពេលរសៀលមានរៀបចំជាគ្រឿងសក្តារៈដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕
ប្រដៅខ្លួនឯង
លោកប្រុសមុខហំ
រាល់យប់នោះខំ
ពឺតស្ទើរដាច់ផ្ងារ
ដល់ពេលព្រឹកឡើង
ចេញទៅធ្វើការ
ក្រពះកាយា
ទល់ខ្យល់មុខស្ញេញ។
បញ្ញវ័ន្តជើងថ្មី
គិតតែស្រាស្រី
លេងសើចចូលចេញ
កៀកស្ដាំកើយឆ្វេង
វង្វេងដំណេញ
កើនផលចំណេញ
តែមោហចិត្ត។
ស្ដីថាខ្លួនឯង
ដែលឥតកោតក្រែង
ខ្មាសព្រហ្មលិខិត
ឥឡូវមានឈ្មោះ
កិត្តិយសផាយផិត
គេលែងអាណិត
ភ័យភិតឯកឯង។
ដោយសារការងារ
ធ្វើការបានប្រាក់ ធ្វើការបានស័ក្តិ ធ្វើការបានយស
ធ្វើការបានទ្រព្យ គាប់នាមខ្ពង់ខ្ពស់ ចម្រើនកេរ្តិ៍ឈ្មោះ
ដោយសារការងារ។
ធ្វើការបានប្រាក់ បានចាយទុកដាក់ នៅតែវេទនា
ធ្វើការយូរទៅ គ្មាននៅមួយរៀល ធ្លាក់ខ្លួនឈឺជា
ដោយសារធ្វើការ។
ថ្ងៃឆ្លងឆ្នាំសាកល
អំណោយនិព្វាន
ប្រយ័ត្ន! អូមីក្រុងឆ្លងចូលសហគមន៍ហើយ
បារាំងកែប្រែវិស័យអប់រំកម្ពុជាពីបែបប្រពៃណីដែលរៀននៅតាមវត្តមកបែបទំនើប?
សម័យអាណានិគនិយមបារាំង ជារបត់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា។ គេអាចនិយាយបានថា វាជាពេលវេលាដែលកម្ពុជាបានបើកទ្វារទទួលយកផ្នត់គំនិតបែបបស្ចិមប្រទេស ដែលផ្ទុយពីផ្នត់គំនិតតាមបែបប្រពៃណីរបស់ខ្លួន បន្ទាប់ពីបារាំងឈានជើងជាន់ដីខ្មែរនៅសតវត្សទី១៨។ អ្នកជំនាញប្រវត្តិសាស្ត្រមើលឃើញថា រឿងនេះផ្ដើមចេញពីកម្ពុជាទទួលរងការឈ្លានដោយឥតឈប់ឈរពីសំណាក់ប្រទេសជិតខាង គឺអណ្ណាម និងសៀម។
តាមសៀវភៅប្រវត្តិសាស្ត្រនិពន្ធដោយ ត្រឹង ងារ នៅឆ្នាំ១៩៧៣ បានឱ្យដឹងថា ការឈ្លានពានពីសំណាក់អណ្ណាម និងសៀម គឺបន្តរហូតមកដល់ចុងរាជ្ជការរបស់ព្រះបាទអង្គឌួង។ ពេលនោះប្រទេសទាំងពីរនេះ បានលូកចូលយ៉ាងជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្នុងលេបត្របាក់ទឹកដី ឬកេងប្រវ័ញ្ចជញ្ជក់ផលប្រយោជន៍ពីកម្ពុជា។ នៅពេលដែលកម្ពុជាគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីកម្ចាត់សត្រូវទាំងពីរនេះ ព្រះអង្គបានសម្រេចទៅពឹងអំណាចបារាំងមកពីអឺរ៉ុបជាខ្នងបង្អែក ស្របពេលដែលនិន្នាការអឺរ៉ុបមកដាក់អាណានិគមនៅតំបន់អាស៊ី។ ប៉ុន្តែមិនទាន់សម្រេចផង ព្រះអង្គបានសោយទិវង្គត។ ទោះបែបនេះក្ដី ព្រះបាទនរោត្តម ដែលជាបុត្រាច្បងរបស់អង្គឌួង ជាអ្នកទទួលរាជកិច្ចនេះបន្ត។ ជាលទ្ធផល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦៣ ព្រះអង្គបានឡាយព្រះហស្តលេខាលើសន្ធិសញ្ញាមួយ គឺបើកឱ្យបារាំងមកតាំងអាណាព្យាបាលលើកម្ពុជា ក្រោមមាតាព្រមព្រៀងជាច្រើន ដែលផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
នៅក្នុងសន្ធិសញ្ញានោះ គឺបារាំងនឹងផ្ដល់ការការពារដល់ព្រះរាជាខ្មែរ ដោយបារាំងនឹងតែងតាំងរេស៊ីដង់ជនជាតិបារាំងម្នាក់ដែលមានឋានៈជាមន្ត្រីជាន់ខ្ពស់នៅអមព្រះមហាក្សត្រខ្មែរ។ លើសពីនេះ រាជរដ្ឋាភិបាលខ្មែរត្រូវសន្យាការពារអ្នកផ្សព្វផ្សាយសាសនាកាតុលិក អ្នកប្រាជ្ញា និងជនជាតិបារាំង ព្រមទាំងផ្ដល់សេរីភាពពេញលេញដល់កប៉ាល់បារាំងក្នុងការធ្វើជំនួញលើដែនដីខ្មែរ ដោយមិនបាច់បង់ពន្ធគយ លើកលែងតែពន្ធលើការនាំចេញអាភៀន។ ជាមួយនឹងគ្នានេះ បារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាស្ថិតក្នុងសន្តិភាព និងការលុកលុយទាំងឡាយពីប្រទេសជិតខាង។ នៅមានមាត្រាមួយចំនួនទៀតមិនត្រូវបានលើកយកមកបង្ហាញ។
ការនាំបារាំងមកតាំងអាណាព្យាបាលលើកម្ពុជា ទោះតិចឬច្រើន គឺបានផ្ដល់ផលអវិជ្ជមាន និងវិជ្ជមានដល់ប្រជាជាតិដោយចៀសមិនរួច។ ប៉ុន្តែនៅទីនេះ យើងសូមលើកយកវិស័យអប់រំ ដែលជាចំណុចតូចមួយមកបង្ហាញជាទូទៅ។ ដូចយើងដឹងស្រាប់ហើយ តាមរយៈប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារអក្សរសិល្ប៍មួយចំនួនបានបង្ហាញថា នៅមុនបារាំងដាក់អាណាគមមកលើកម្ពុជា វិស័យអប់រំ គឺធ្វើតាមលក្ខណៈប្រពៃណីនៅឡើយ ដោយកូនប្រុសត្រូវទៅបួសរៀននៅវត្តអារាម រីឯកូនស្រីរៀនបានតិចតួចតាមរយៈពិធីចូលម្លប់។ ប៉ុន្តែនៅក្នុងសម័យបារាំងគេចាប់ផ្ដើមបង្កើតសាលារៀនបែបទំនើបនៅតាមតំបន់ទីប្រជុំជន ដោយបញ្ចូលប្រព័ន្ធអប់រំបស្ចិមប្រទេសទៅក្នុងកម្មវិធីសិក្សា ព្រមទាំងបន្ថែមភាសាបារាំងជាភាសាបរទេស។
គេដឹងទៀតថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩១២ មានព្រះរាជបញ្ញតិមួយបានកំណត់ឱ្យឪពុកម្ដាយត្រូវតែបញ្ជូនកូនប្រុសស្រីទៅសាលារៀន បើពុំដូច្នោះទេនឹងត្រូវទទួលរងទារណ្ឌកម្មធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ដោយប្រវត្តិសាស្ត្រខ្មែររបស់លោក ត្រឹង ងារ។
ជាមួយនឹងគ្នានេះ បើតាមកម្មវិធីសិក្សាប្រវត្តិសាស្ត្ររបស់បណ្ឌិត ឃឹន សុខ បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩០៨មក គេបានកែប្រែសាលាវត្តឱ្យបង្រៀនតាមបែបទំនើប ឬសាលាវត្តបែបថ្មី ដែលអនុវត្តកម្មវិធីសិក្សាផ្លូវការរបស់រដ្ឋ និងបង្រៀនដោយគ្រូភាគច្រើន ជាព្រះសង្ឃ។ យ៉ាងណា បើតាមលោក វ៉ាន់ វី អ្នកសិក្សាភាសាវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការសិក្សាអប់រំនៅសម័យដែលបារាំងគ្រប់គ្រងមិនសូវមានការរីកចម្រើនប៉ុន្មានទេ ប៉ុន្ដែនៅពេលនោះ គេឃើញថា បារាំងបានយកប្រព័ន្ធអប់រំថ្មីមកបំពាក់បន្ថែមលើការសិក្សាអប់រំបែបប្រពៃណីរបស់ខ្មែរ។
តាមការសិក្សាស្រាវជ្រាវរបស់លោក បានបង្ហាញថា ចាប់ពីឆ្នាំ១៨៨៤មក រាជការបារាំងមិនត្រឹមតែបានកែទម្រង់លើរចនាសម្ព័ន្ធគ្រប់គ្រងប្រទេសប៉ុណ្ណោះទេ សូម្បីតែវិស័យសិក្សាអប់រំក៏ចាប់ផ្តើមមានការប្រែប្រួលបន្តិចម្តងៗដែរ។ ជាពិសេសគឺចាប់ពីទសវត្សឆ្នាំ១៩០០ ការកែទម្រង់នេះបានលេចចេញជារូបរាងច្បាស់លាស់ជាងមុន។ ការសិក្សាចំណេះដឹងទូទៅបានទទួលអាទិភាពជាពិសេស។
បើតាមលោក វ៉ាន់ វី ការសិក្សាទំនើបចាប់កើតឡើង នៅពេលដែលគេបង្កើតសាលាបឋមសិក្សាបារាំងនៅតាមឃុំនិងកែប្រែសាលាវត្តឱ្យមានបង្រៀនតាមបែបទំនើប។ ក្នុងពេលនោះ អាណានិគមបារាំងក៏បានជួយផ្ជុងផ្តើមផ្តល់ថវិកាឱ្យរដ្ឋាភិបាលខ្មែរក្នុងការស្ថាបនាសាលារៀនសម្រាប់កុលបុត្រកុលធីតាខ្មែរសិក្សា។ សាលារៀនដែលគេស្ថាបនានោះមាន២ផ្នែក គឺមួយជាសាលារៀនក្រៅវត្តហៅថា «សាលារាជការ» ហើយសាលានេះសម្រាប់តែកូននាម៉ឺន និងកូនអ្នកមាននៅតាមទីក្រុងទើបអាចូលរៀនបាន។ ឯកូនអ្នកក្រវិញអាចចូលរៀនបាននៅសាលាវត្ត។ ទោះបែបនេះក្ដី ការសិក្សាបួសរៀនតាមផ្នែកផ្លូវធម៌នៅតែបន្តដដែល តែបារាំងឆ្លៀតយកវត្តអារាមសម្រាប់បណ្តុះបណ្តាលតាមបែបទំនើប។
របៀបរៀនរបស់ខ្មែរនៅសម័យបារាំងត្រូវបានគេរកឃើញមានការវិវត្តពីបែបប្រពៃណីទៅជាសាលាវត្តបែបថ្មី និងក្រោយមកវិវត្តពីសាលាវត្តបែបថ្មីទៅជាសាលាទំនើប មានដូចជាសាលាបឋមសិក្សាបារាំងខ្មែរ សាលាមធ្យមសិក្សា និងកម្រិតឧត្តមសិក្សា។ ការអប់រំបែបថ្មីនេះបានផ្ដល់ឱកាសឱ្យក្មេងស្រីបានចូលរៀនពេញលេញដូចក្មេងប្រុសដែរ ពោលគឺខុសពីមុនៗ ដែលក្មេងស្រីមិនត្រូវបានអនុញ្ញាតឡើយ ក្រៅពីការរៀនសូត្រតាមរយៈពិធីចូលម្លប់តាមប្រពៃណីខ្មែរ៕
ការចងចាំអ្នកកាសែតជប៉ុនត្រូវសម្លាប់ដោយខ្មែរក្រហមនៅលើទឹកដីអង្គរ
ក្រោយចាកចេញពីប្រទេសវៀតណាម អ្នកកាសែតជនជាតិជប៉ុនម្នាក់ រួមទាំងមិត្តភក្តិរួមអាជីពជាមួយគ្នាប្រមាណ១០នាក់ បានមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ អ្នកកាសែតជនជាតិជប៉ុនម្នាក់នេះមានឈ្មោះថា ថៃសូ អាយជីណូ (Taizo Ichinose)។ លោកមកកាន់ប្រទេសកម្ពុជាក្នុងបំណងចង់ក្លាយជាអ្នកថតរូបសង្គ្រាមដោយជោគជ័យ។ ប៉ុន្តែនៅក្នុងឆ្នាំដដែលនោះ អ្នកកាសែតជនជាតិជប៉ុនរូបនេះត្រូវបានចាប់ខ្លួន និងត្រូវបានគេសង្ស័យថាបានបាត់បង់ជីវិតដោយសារស្នាដៃរបស់ពួកទាហានខ្មែរក្រហម ខណៈដែលលោកព្យាយាមចង់ក្លាយជាអ្នកថតរូបដំបូង ដែលបានចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីផ្តិតយករូបភាពសកម្មភាពសង្គ្រាម សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោក។
ក្នុងឆ្នាំ២០០១ ផ្នូររបស់អតីតជនជាតិជប៉ុនដែលជាអ្នកថតរូបនៅសម័យសង្គ្រាមត្រូវបានកសាងដោយលោក គង់ ធួន ជាអ្នករស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីឪពុកម្តាយរបស់អ្នកកាសែតរូបនេះជិះយន្តហោះពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកសាកសពកូនរបស់ពួកគេនៅឆ្នាំ១៩៨២។ លោក គង់ ធួន និយាយថា ពួកគេបានរកឃើញលលាដ៍ក្បាល និងគំនរឆ្អឹងសាកសពមនុស្សម្នាក់នៅក្នុងដីរបស់លោកដែលបានទុកចោល។ យោងតាមការពិនិត្យបានបញ្ជាក់ថា គំនរឆ្អឹងសពនោះ ជាឆ្អឹងរបស់ថៃសូ។
មុខនឹងត្រឡប់ទៅប្រទេសជប៉ុនវិញ ឪពុកម្តាយរបស់ ថៃសូ បានស្នើទៅកាន់ព្រលានយន្តហោះ ដើម្បីសុំដាក់ឆ្អឹង ថៃសូ ទៅជាមួយដែរ ប៉ុន្តែត្រូវបានបដិសេធដោយខាងព្រលានយន្តហោះគិតថា ការនាំឆ្អឹងសពតាមយន្តហោះអាចនឹងនាំមកនូវផលអាក្រក់ដល់ការហោះហើរ។ ក៏ព្រោះតែដូច្នេះហើយបានជាឪពុកម្តាយរបស់ ថៃសូ សម្រេចធ្វើបុណ្យសពតាមប្រពៃណីខ្មែរក្នុងវត្តមួយនៅក្រុងសៀមរាប ហើយយកធាតុមួយចំនួនទៅកប់ក្រោមដើមឈើមួយក្នុងបរិវេណប្រាសាទអង្គរវត្ត។ ឪពុកម្ដាយរបស់គេដឹងថា ថៃសូ ពិតជាចង់ចូលប្រាសាទអង្គរវត្ត ទោះកូនរបស់បាត់បង់ជីវិតក៏ដោយចុះ។
លោក គង់ ធួន ជាបុរសវ័យជិត៥០ឆ្នាំម្នាក់ ដែលបានថែរក្សាផ្នូរនេះចាប់តាំងពីឆ្នាំ២០០១ រហូតមកទាល់នឹងបច្ចុប្បន្ននេះ។ អ្នកភូមិថ្នល់ទទឹងម្នាក់នេះ ក៏ជាមនុស្សម្នាក់ដែលបានចងចាំ និងអាចនិយាយរៀបរាប់ពីជីវប្រវត្តិ រួមទាំងមូលហេតុនៃការស្លាប់របស់លោក ថៃសូ ទៅកាន់អ្នកមកដល់ផ្នូរនេះបានយ៉ាងលម្អិត។ អ្នកដែលបានទៅទីនោះ ភាគច្រើន ជាជនជាតិជប៉ុន ប៉ុន្តែក៏មានជនជាតិដទៃទៀតទៅទីនោះ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចង់ដឹងច្បាស់ពីបុព្វហេតុនៃការសម្លាប់អ្នកកាសែតជនជាតិជប៉ុនរូបនេះ។ លោក គង់ ធួន តែងតែនិយាយប្រាប់អ្នកគ្រប់គ្នាដែលចង់ដឹងអំពីរឿងរ៉ាវមួយនេះ ដោយមានបង្ហាញនូវសៀវភៅឯកសារអមនឹងរូបភាពជាច្រើន ដែលថតដោយលោក ថៃសូ អ្នកកាសែតជនជាតិជប៉ុនក្នុងសម័យសង្គ្រាម។
លោកបាននិយាយថា ឆ្នាំ១៩៧៣ លោក ថៃសូ ដែលជាអ្នកកាសែតចង់ដឹងព័ត៌មាននៅក្នុងស្រុកខ្មែរ។ ពេលមកដល់ខេត្តសៀមរាប គាត់ក៏បន្តទៅទស្សនាប្រាសាទអង្គវត្ត ប៉ុន្តែការទៅទស្សនាប្រាសាទអង្គវត្តនាសម័យនោះមិនមែនស្រួលទេ ព្រោះជាសម័យសង្គ្រាមរវាងយៀកកុង លន់ នល់ និងខ្មែរក្រហម។ ទោះបែបនេះក្ដី គាត់នៅតែព្យាយាមទៅផ្ដិតរូបភាពតាមប្រាសាទនានា ដោយមានមិត្តភក្ដិគ្រូបង្រៀន ជាអ្នកនាំផ្លូវ។
លោកអះអាងតាមសៀវភៅកំណត់ហេតុរបស់លោក ថៃសូ និងការនិទានពីចាស់ៗដែលបានរៀបរាប់ថា លោក ថៃសូ បានចុះប្រមាញ់រូបភាពផ្សេងៗនៅពេលកំពុងផ្ទុះអាវុធនៅតាមភ្នំបាខែង ភ្នំក្រោម និងនៅតាមប្រាសាទអង្គវត្ត។ ដោយឃើញសកម្មភាពបែបនេះ ពួកទាហានក៏ចាប់ខ្លួនរបស់លោក ថៃសូ នៅភ្នំបាខែង តែពេលសួរនាំមិនដឹងរឿងដោយសារអ្នកកាសែតជនជាតិជប៉ុនរូបនេះពុំចេះនិយាយខ្មែរក្រៅពីភាសាអង់គ្លេស និងភាសាកំណើត ក៏ទៅរកអ្នកចេះភាសាអង់គ្លេសមកបកប្រែទើបដឹងថា លោក ថៃសូ អ្នកកាសែតជនជាតិជប៉ុន។
ខណៈនោះលោក ថៃសូ បាននិយាយថា «នៅប្រទេសខ្ញុំ ប្រសិនបើខ្ញុំចុះមកនេះ គឺខ្ញុំមកយកព័ត៌មានតែប៉ុណ្ណោះ។ ខ្ញុំមិនមែនជាអ្នកចង់បានអ្វីទេ ខ្ញុំចង់បានព័ត៌មាន ដើម្បីផ្សព្វផ្សាយ។ បើខ្ញុំបានជោគជ័យ ខ្ញុំនឹងមានការងារធ្វើ និងមានតំណែងធំ»។ នេះជាការរៀបរាប់ឡើងវិញដោយលោក គង់ ធួន ដែលបានដឹងរឿងរ៉ាវទាំងនេះច្បាស់។
តាមពិត ថៃសូ មានមិត្តរួមអាជីពមកជាមួយដែរ ប៉ុន្តែពួកគេមិនហ៊ានចុះមកកន្លែងផ្ទុះអាវុធ ដើម្បីផ្ដិតយករូបភាពដូចលោក ថៃសូ ឡើយ។ ពួកគេរងចាំទទួលព័ត៌មាននានាពី ថៃសូ ជាអ្នកផ្ដល់ឱ្យ។ ថៃសូ ជាអ្នកកាសែតដែលក្លាហានមិនខ្លាចស្លាប់ ទោះដឹងថានឹងមានអ្វីកើតឡើងចំពោះជីវិតគេក៏ដោយ។ លោក គង់ ធួន បានស្ងើចសរសើរចំពោះលោកថៃសូ ដែលមានវីរភាពក្លាហានជាងគេក្នុងចំណោមអ្នកកាសែតមកជាមួយគ្នាជាង១០នាក់។ លោកថៃសូបានចុះមកលួចថតនូវសកម្មភាពនានាតែម្នាក់ឯងដោយមិនខ្លាចញញើត ប៉ុន្តែជាអកុសលត្រូវបានទាហាននិរតីចាប់ខ្លួននៅពេលលោកកំពុងប្រមាញ់រូបភាព។ បន្ទាប់មកត្រូវគេនាំមកឃុំខ្លួននៅគុម្ពោតព្រៃមួយនៃឃុំព្រះដាក់ ពោលគឺនៅលើដីរបស់លោក គង់ ធួន ផ្ទាល់តែម្ដង។ លោក ថៃសូ បានព្យាយាមទាមទារម៉ាស៊ីថត រួមទាំងហ្វីលម៍ដែលថតបានសកម្មភាពនានាដែលជាកម្មសិទ្ធិរបស់ខ្លួនមកវិញ ជាមួយនឹងការទទួចសុំទៅប្រាសាទអង្គវត្តថែមទៀតផង ប៉ុន្តែការទាមទារនេះត្រូវបានពួកខ្មែរក្រហមបដិសេធយ៉ាងដាច់អហង្ការ។ មូលហេតុដែលពួកគេបដិសេធ ព្រោះខ្លាចបែកការណ៍រឿងផ្ទៃក្នុង ឬអាចនិយាយបានម្យ៉ាងទៀតថា ខ្លាចថៃសូរាយការណ៍ពីស្ថានភាពរបស់ពួកគេ។ បន្តិចក្រោយមក អ្នកកាសែតជនជាតិជប៉ុនរូបនេះត្រូវបានគេសង្ស័យថាត្រូវបានសម្លាប់ដោយពួកទាហានខ្មែរក្រហមនៅទីនោះ។
តាមការចង់ចាំរបស់ចាស់ៗនៅភូមិថ្នល់ទទឹងបានឱ្យដឹងថា នៅមុនពេលសម្លាប់ប៉ុន្មានថ្ងៃ លោកថៃសូបានដើរទស្សនាទិដ្ឋភាពនានានៅក្នុងភូមិថ្នល់ទទឹង ក្រោមការអនុញ្ញាតនិងឃ្លាំមើលពីទាហានខ្មែរក្រហម។ អ្នកសៀមរាបពីដើម គឺជាមនុស្សដែលមានទឹកចិត្តសប្បុរស កាលបើឃើញគេបណ្ដើរជនជាតិបរទេសមានសប្បុរសខ្ពស់ដើរកាត់ភូមិដូច្នេះ ពួកគាត់ក៏ផ្ដល់ទុំចេកនិងទឹកដូងទៅលោកថៃសូពិសា។ ក្រោយមកទៀត ពួកគាត់បានទទួលដំណឹងថា ជនជាតិបរទេសដែលដើរតាមភូមិកាលពីប៉ុន្មានថ្ងៃមុនត្រូវបានគេសម្លាប់ហើយ។
លោក គង់ ធួន បាននិយាយថា «កន្លងហួសបានមួយសប្ដាហ៍ ក្រោយឮថាថៃសូស្លាប់បាត់។ ពេលស្លាប់គេប្រាប់ទៀត។ ទីនោះពុំឱ្យនរណាចូលផ្ដេសផ្ដាសទេ បើក្រៅពីអ្នកដែលស្គាល់គ្នាជិតដិត»។ ពលរដ្ឋប៉ុន្មាននាក់ដែលស្គាល់ជិតស្និទ្ធជាមួយទាហានបានចូលទៅទីនេះ ហើយត្រូវបានគេចង្អុលប្រាប់ថា ថៃសូស្លាប់នៅទីនេះ។ នៅពេលត្រឡប់មកវិញ ពួកគេបានរាយការណ៍ប្រាប់អ្នកភូមិបន្តថា គេសម្លាប់ជនជាតិជប៉ុននោះបាត់ហើយ ព្រោះឃើញស្លាកស្នាមក្នុងអន្លង់នៅសើមៗ។
ចាប់តាំងពីពេលនោះរហូតដល់ឆ្នាំ១៩៨២ ទើបលេចវត្តមានឪពុកម្ដាយចេញមកស្រាវជ្រាវរកកូនដែលបានបាត់ខ្លួននៅក្នុងខេត្តសៀមរាប។ នៅទីបំផុតពួកគាត់បានស្រាវជ្រាវរកឃើញឆ្អឹងកូនរបស់គាត់ពិតមែន គឺបានកប់នៅក្នុងដីចម្ការរបស់អ្នកភូមិថ្នល់ទទឹងម្នាក់ឈ្មោះ គង់ ធួន នេះឯង។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ឆ្អឹងដែលបានរកឃើញនោះ ជាឆ្អឹងកូនរបស់គាត់ពិតប្រាកដមែន។
លោកថៃសូ ជាអ្នកកាសែតជនជាតិជប៉ុនម្នាក់ ដែលបានចោលឆ្អឹងនៅស្រុកខ្មែរក្នុងបេសកកម្មរបស់លោក ខណៈពេលដែលប្រទេសកម្ពុជាកំពុងមានសង្គ្រាម។ ក្នុងដំណើរត្រឡប់មកកាន់ទឹកដីកម្ពុជានាខេត្តសៀមរាប មិត្តរួមអាជីពជាមួយគ្នាបានអះអាងប្រាប់អ្នកថែរក្សាផ្នូររបស់ថៃសូថា «ខ្ញុំមកជាមួយថៃសូ! ខ្ញុំសំណាងដែលខ្ញុំបានរស់ ហើយខ្ញុំមកមើលផ្នូរថៃសូនាពេលនេះ គឺខ្ញុំនិយាយប្រាប់អ្នកថែរក្សាផ្នូរនេះឱ្យដឹង។ ខ្ញុំមកជាមួយថៃសូក្នុងនាមជាអ្នកកាសែតជនជាតិជប៉ុន ដើម្បីចង់ដឹងព័ត៌មានក្នុងប្រទេសខ្មែរនេះ តើស្រុកប្រទេសនេះវ៉ៃគ្នា របៀបបាញ់គ្នា ឬក៏ម៉េចៗយ៉ាងណាដែរ ខ្ញុំចង់យកព័ត៌មាន ដើម្បីទៅប្រទេសខ្ញុំវិញ ខ្ញុំមានថ្វីដៃបានទទួលមេដាយមាស មេដាយប្រាក់ ពាក់បំប៉នពួកគេ។ ខ្ញុំមកគ្មានចង់បានអ្វីក្រៅពីនេះទេ»។
ចុងឆ្នាំ១៩៩៩ ផលិតករភាពយន្តជប៉ុនមួយរូបបានផលិតខ្សែភាពយន្តអំពីជីវប្រវត្តិនិងជីវិតរបស់ថៃសូក្នុងភ្លើងសង្គ្រាមរវាងវៀតណាមនិងកម្ពុជា ដែលមានចំណងជើងថា «One Step on a Mine, It’s All Over»។ រឿងនេះត្រូវបានគេអះអាងថា ជារឿងមួយដែលបានផលិតឡើងដោយផ្អែកលើជីវិតពិតរបស់លោកថៃសូក្នុងអំឡុងសង្រ្គាមនៅកម្ពុជា។
ខ្សែភាពយន្ដនេះ ចាប់ផ្តើមឡើងដោយការរៀបរាប់អំពីបំណងរបស់អ្នកកាសែតជនជាតិជប៉ុនម្នាក់មានបំណងចង់ក្លាយជាអ្នកថតរូបសង្គ្រាមដំបូង ដែលទទួលជោគជ័យនៅលើទំព័រមុខរបស់កាសែត New York Times ដោយផ្តិតរូបប្រាសាទអង្គរវត្តនាពេលនោះ។ ប្រាសាទអង្គរវត្តនាពេលនោះត្រូវបានគ្រប់គ្រងដោយទាហានខ្មែរក្រហមក្នុងអំឡុងពេលសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពោលគឺក្នុងខណៈដែល ប៉ុល ពត កំពុងតស៊ូដណ្តើមអំណាចពី សេនាប្រមុខ លន់ នល់ ហើយក៏ជាពេលដែលមានគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជនកម្ពុជា រួមទាំងអ្នកកាសែតគ្រប់ជាតិសាសន៍ផងដែរ។ ប៉ុន្តែតួអង្គក្នុងខ្សែភាពយន្តនេះមានចិត្តមានះចង់បានរូបប្រាសាទអង្គរវត្តណាស់ ដែលពេលនោះគ្មាននរណាម្នាក់ហ៊ានធ្វើរឿងដូចគាត់ទេ សូម្បីតែអ្នកកាសែតផ្សេងៗទៀតដែលជាមិត្តភក្តិរបស់គាត់ក៏ដោយ។
រូបថតជាង២០ផ្ទាំង ដែលជាស្នាដៃរបស់លោកថៃសូត្រូវបានគេប្រទះឃើញព្យួរនៅលើជញ្ជាំងក្នុងភោជនីយដ្ឋានបន្ទាយស្រី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ជាភោជនីយដ្ឋានដ៏ល្បីមួយនៅក្នុងក្រុងសៀមរាប។ ម្ដាយម្ចាស់ភោជនីយដ្ឋាននេះត្រូវបានគេដឹងថា គាត់ធ្លាប់ធ្វើជាចុងភៅចម្អិនអាហារសម្រាប់លោកថៃសូ កំលុងពេលលោកស្នាក់នៅក្នុងខេត្តសៀមរាប។
ទោះបីជាលោកអតីតអ្នកកាសែតជនជាតិជប៉ុនរូបនេះបានស្លាប់ជិតហាសិបឆ្នាំទៅហើយក្តី ក៏មានអ្នកនៅតែចងចាំនិងតែងតែរំលឹកពីប្រវត្តិ រួមទាំងស្នាដៃថតរូប និងវីរភាពជាអ្នកកាសែតដ៏ក្លាហានម្នាក់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ទោះរូបកាយស្លាប់ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះមិនស្លាប់ឡើយ៕
កូនខ្ញុំចិត្តបាន
កូនខ្ញុំកាត់ដីខ្មែរដូនតា
សែសិបហិកតាសង់ភូមិឋាន
ជូនយួនរស់នៅល្អថ្កើងថ្កាន
មានផ្ទះសុខសាន្តសន្ដានយួន។
កូនខ្ញុំជំនាញមានជិតឆ្ងាយ
ចេញមកបកស្រាយដោយសំនួន
ថាកាត់ដីខ្មែរសង់ផ្ទះយួន
មិនមែនជាក្បួនក្បត់ជាតិទេ។
វាស្រែកសម្អាងយ៉ាងពីរោះ
មិនអាចរងគ្រោះដីខ្មែរកេរ
ការធ្វើនេះជួយជាតិទាំងទ្វេ
មិត្តភាពយើងគេរឹតរឹងមាំ។
ចំណែករាស្ត្រឯងថ្លែងទុក្ខភ័យ
គេដេញយកដីខំប្រឹងទ្រាំ
ទឹកភ្នែករហាមស្នាមគ្រាគ្រាំ
ពេលដែលសួរនាំវាចោទថា។
រាស្ត្ររស់នៅមិនត្រូវច្បាប់
ឮហើយស្ទើរស្លាប់ណែនឱរា
បើមិនដូច្នោះទឹកនេត្រា
ហូរក្រោមលេសថាអភិវឌ្ឍ។