ក្រោយចាកចេញពីប្រទេសវៀតណាម អ្នកកាសែតជនជាតិជប៉ុនម្នាក់ រួមទាំងមិត្តភក្តិរួមអាជីពជាមួយគ្នាប្រមាណ១០នាក់ បានមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ អ្នកកាសែតជនជាតិជប៉ុនម្នាក់នេះមានឈ្មោះថា ថៃសូ អាយជីណូ (Taizo Ichinose)។ លោកមកកាន់ប្រទេសកម្ពុជាក្នុងបំណងចង់ក្លាយជាអ្នកថតរូបសង្គ្រាមដោយជោគជ័យ។ ប៉ុន្តែនៅក្នុងឆ្នាំដដែលនោះ អ្នកកាសែតជនជាតិជប៉ុនរូបនេះត្រូវបានចាប់ខ្លួន និងត្រូវបានគេសង្ស័យថាបានបាត់បង់ជីវិតដោយសារស្នាដៃរបស់ពួកទាហានខ្មែរក្រហម ខណៈដែលលោកព្យាយាមចង់ក្លាយជាអ្នកថតរូបដំបូង ដែលបានចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីផ្តិតយករូបភាពសកម្មភាពសង្គ្រាម សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោក។
ក្នុងឆ្នាំ២០០១ ផ្នូររបស់អតីតជនជាតិជប៉ុនដែលជាអ្នកថតរូបនៅសម័យសង្គ្រាមត្រូវបានកសាងដោយលោក គង់ ធួន ជាអ្នករស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីឪពុកម្តាយរបស់អ្នកកាសែតរូបនេះជិះយន្តហោះពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកសាកសពកូនរបស់ពួកគេនៅឆ្នាំ១៩៨២។ លោក គង់ ធួន និយាយថា ពួកគេបានរកឃើញលលាដ៍ក្បាល និងគំនរឆ្អឹងសាកសពមនុស្សម្នាក់នៅក្នុងដីរបស់លោកដែលបានទុកចោល។ យោងតាមការពិនិត្យបានបញ្ជាក់ថា គំនរឆ្អឹងសពនោះ ជាឆ្អឹងរបស់ថៃសូ។
មុខនឹងត្រឡប់ទៅប្រទេសជប៉ុនវិញ ឪពុកម្តាយរបស់ ថៃសូ បានស្នើទៅកាន់ព្រលានយន្តហោះ ដើម្បីសុំដាក់ឆ្អឹង ថៃសូ ទៅជាមួយដែរ ប៉ុន្តែត្រូវបានបដិសេធដោយខាងព្រលានយន្តហោះគិតថា ការនាំឆ្អឹងសពតាមយន្តហោះអាចនឹងនាំមកនូវផលអាក្រក់ដល់ការហោះហើរ។ ក៏ព្រោះតែដូច្នេះហើយបានជាឪពុកម្តាយរបស់ ថៃសូ សម្រេចធ្វើបុណ្យសពតាមប្រពៃណីខ្មែរក្នុងវត្តមួយនៅក្រុងសៀមរាប ហើយយកធាតុមួយចំនួនទៅកប់ក្រោមដើមឈើមួយក្នុងបរិវេណប្រាសាទអង្គរវត្ត។ ឪពុកម្ដាយរបស់គេដឹងថា ថៃសូ ពិតជាចង់ចូលប្រាសាទអង្គរវត្ត ទោះកូនរបស់បាត់បង់ជីវិតក៏ដោយចុះ។
លោក គង់ ធួន ជាបុរសវ័យជិត៥០ឆ្នាំម្នាក់ ដែលបានថែរក្សាផ្នូរនេះចាប់តាំងពីឆ្នាំ២០០១ រហូតមកទាល់នឹងបច្ចុប្បន្ននេះ។ អ្នកភូមិថ្នល់ទទឹងម្នាក់នេះ ក៏ជាមនុស្សម្នាក់ដែលបានចងចាំ និងអាចនិយាយរៀបរាប់ពីជីវប្រវត្តិ រួមទាំងមូលហេតុនៃការស្លាប់របស់លោក ថៃសូ ទៅកាន់អ្នកមកដល់ផ្នូរនេះបានយ៉ាងលម្អិត។ អ្នកដែលបានទៅទីនោះ ភាគច្រើន ជាជនជាតិជប៉ុន ប៉ុន្តែក៏មានជនជាតិដទៃទៀតទៅទីនោះ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចង់ដឹងច្បាស់ពីបុព្វហេតុនៃការសម្លាប់អ្នកកាសែតជនជាតិជប៉ុនរូបនេះ។ លោក គង់ ធួន តែងតែនិយាយប្រាប់អ្នកគ្រប់គ្នាដែលចង់ដឹងអំពីរឿងរ៉ាវមួយនេះ ដោយមានបង្ហាញនូវសៀវភៅឯកសារអមនឹងរូបភាពជាច្រើន ដែលថតដោយលោក ថៃសូ អ្នកកាសែតជនជាតិជប៉ុនក្នុងសម័យសង្គ្រាម។
លោកបាននិយាយថា ឆ្នាំ១៩៧៣ លោក ថៃសូ ដែលជាអ្នកកាសែតចង់ដឹងព័ត៌មាននៅក្នុងស្រុកខ្មែរ។ ពេលមកដល់ខេត្តសៀមរាប គាត់ក៏បន្តទៅទស្សនាប្រាសាទអង្គវត្ត ប៉ុន្តែការទៅទស្សនាប្រាសាទអង្គវត្តនាសម័យនោះមិនមែនស្រួលទេ ព្រោះជាសម័យសង្គ្រាមរវាងយៀកកុង លន់ នល់ និងខ្មែរក្រហម។ ទោះបែបនេះក្ដី គាត់នៅតែព្យាយាមទៅផ្ដិតរូបភាពតាមប្រាសាទនានា ដោយមានមិត្តភក្ដិគ្រូបង្រៀន ជាអ្នកនាំផ្លូវ។
លោកអះអាងតាមសៀវភៅកំណត់ហេតុរបស់លោក ថៃសូ និងការនិទានពីចាស់ៗដែលបានរៀបរាប់ថា លោក ថៃសូ បានចុះប្រមាញ់រូបភាពផ្សេងៗនៅពេលកំពុងផ្ទុះអាវុធនៅតាមភ្នំបាខែង ភ្នំក្រោម និងនៅតាមប្រាសាទអង្គវត្ត។ ដោយឃើញសកម្មភាពបែបនេះ ពួកទាហានក៏ចាប់ខ្លួនរបស់លោក ថៃសូ នៅភ្នំបាខែង តែពេលសួរនាំមិនដឹងរឿងដោយសារអ្នកកាសែតជនជាតិជប៉ុនរូបនេះពុំចេះនិយាយខ្មែរក្រៅពីភាសាអង់គ្លេស និងភាសាកំណើត ក៏ទៅរកអ្នកចេះភាសាអង់គ្លេសមកបកប្រែទើបដឹងថា លោក ថៃសូ អ្នកកាសែតជនជាតិជប៉ុន។
ខណៈនោះលោក ថៃសូ បាននិយាយថា «នៅប្រទេសខ្ញុំ ប្រសិនបើខ្ញុំចុះមកនេះ គឺខ្ញុំមកយកព័ត៌មានតែប៉ុណ្ណោះ។ ខ្ញុំមិនមែនជាអ្នកចង់បានអ្វីទេ ខ្ញុំចង់បានព័ត៌មាន ដើម្បីផ្សព្វផ្សាយ។ បើខ្ញុំបានជោគជ័យ ខ្ញុំនឹងមានការងារធ្វើ និងមានតំណែងធំ»។ នេះជាការរៀបរាប់ឡើងវិញដោយលោក គង់ ធួន ដែលបានដឹងរឿងរ៉ាវទាំងនេះច្បាស់។
តាមពិត ថៃសូ មានមិត្តរួមអាជីពមកជាមួយដែរ ប៉ុន្តែពួកគេមិនហ៊ានចុះមកកន្លែងផ្ទុះអាវុធ ដើម្បីផ្ដិតយករូបភាពដូចលោក ថៃសូ ឡើយ។ ពួកគេរងចាំទទួលព័ត៌មាននានាពី ថៃសូ ជាអ្នកផ្ដល់ឱ្យ។ ថៃសូ ជាអ្នកកាសែតដែលក្លាហានមិនខ្លាចស្លាប់ ទោះដឹងថានឹងមានអ្វីកើតឡើងចំពោះជីវិតគេក៏ដោយ។ លោក គង់ ធួន បានស្ងើចសរសើរចំពោះលោកថៃសូ ដែលមានវីរភាពក្លាហានជាងគេក្នុងចំណោមអ្នកកាសែតមកជាមួយគ្នាជាង១០នាក់។ លោកថៃសូបានចុះមកលួចថតនូវសកម្មភាពនានាតែម្នាក់ឯងដោយមិនខ្លាចញញើត ប៉ុន្តែជាអកុសលត្រូវបានទាហាននិរតីចាប់ខ្លួននៅពេលលោកកំពុងប្រមាញ់រូបភាព។ បន្ទាប់មកត្រូវគេនាំមកឃុំខ្លួននៅគុម្ពោតព្រៃមួយនៃឃុំព្រះដាក់ ពោលគឺនៅលើដីរបស់លោក គង់ ធួន ផ្ទាល់តែម្ដង។ លោក ថៃសូ បានព្យាយាមទាមទារម៉ាស៊ីថត រួមទាំងហ្វីលម៍ដែលថតបានសកម្មភាពនានាដែលជាកម្មសិទ្ធិរបស់ខ្លួនមកវិញ ជាមួយនឹងការទទួចសុំទៅប្រាសាទអង្គវត្តថែមទៀតផង ប៉ុន្តែការទាមទារនេះត្រូវបានពួកខ្មែរក្រហមបដិសេធយ៉ាងដាច់អហង្ការ។ មូលហេតុដែលពួកគេបដិសេធ ព្រោះខ្លាចបែកការណ៍រឿងផ្ទៃក្នុង ឬអាចនិយាយបានម្យ៉ាងទៀតថា ខ្លាចថៃសូរាយការណ៍ពីស្ថានភាពរបស់ពួកគេ។ បន្តិចក្រោយមក អ្នកកាសែតជនជាតិជប៉ុនរូបនេះត្រូវបានគេសង្ស័យថាត្រូវបានសម្លាប់ដោយពួកទាហានខ្មែរក្រហមនៅទីនោះ។
តាមការចង់ចាំរបស់ចាស់ៗនៅភូមិថ្នល់ទទឹងបានឱ្យដឹងថា នៅមុនពេលសម្លាប់ប៉ុន្មានថ្ងៃ លោកថៃសូបានដើរទស្សនាទិដ្ឋភាពនានានៅក្នុងភូមិថ្នល់ទទឹង ក្រោមការអនុញ្ញាតនិងឃ្លាំមើលពីទាហានខ្មែរក្រហម។ អ្នកសៀមរាបពីដើម គឺជាមនុស្សដែលមានទឹកចិត្តសប្បុរស កាលបើឃើញគេបណ្ដើរជនជាតិបរទេសមានសប្បុរសខ្ពស់ដើរកាត់ភូមិដូច្នេះ ពួកគាត់ក៏ផ្ដល់ទុំចេកនិងទឹកដូងទៅលោកថៃសូពិសា។ ក្រោយមកទៀត ពួកគាត់បានទទួលដំណឹងថា ជនជាតិបរទេសដែលដើរតាមភូមិកាលពីប៉ុន្មានថ្ងៃមុនត្រូវបានគេសម្លាប់ហើយ។
លោក គង់ ធួន បាននិយាយថា «កន្លងហួសបានមួយសប្ដាហ៍ ក្រោយឮថាថៃសូស្លាប់បាត់។ ពេលស្លាប់គេប្រាប់ទៀត។ ទីនោះពុំឱ្យនរណាចូលផ្ដេសផ្ដាសទេ បើក្រៅពីអ្នកដែលស្គាល់គ្នាជិតដិត»។ ពលរដ្ឋប៉ុន្មាននាក់ដែលស្គាល់ជិតស្និទ្ធជាមួយទាហានបានចូលទៅទីនេះ ហើយត្រូវបានគេចង្អុលប្រាប់ថា ថៃសូស្លាប់នៅទីនេះ។ នៅពេលត្រឡប់មកវិញ ពួកគេបានរាយការណ៍ប្រាប់អ្នកភូមិបន្តថា គេសម្លាប់ជនជាតិជប៉ុននោះបាត់ហើយ ព្រោះឃើញស្លាកស្នាមក្នុងអន្លង់នៅសើមៗ។
ចាប់តាំងពីពេលនោះរហូតដល់ឆ្នាំ១៩៨២ ទើបលេចវត្តមានឪពុកម្ដាយចេញមកស្រាវជ្រាវរកកូនដែលបានបាត់ខ្លួននៅក្នុងខេត្តសៀមរាប។ នៅទីបំផុតពួកគាត់បានស្រាវជ្រាវរកឃើញឆ្អឹងកូនរបស់គាត់ពិតមែន គឺបានកប់នៅក្នុងដីចម្ការរបស់អ្នកភូមិថ្នល់ទទឹងម្នាក់ឈ្មោះ គង់ ធួន នេះឯង។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ឆ្អឹងដែលបានរកឃើញនោះ ជាឆ្អឹងកូនរបស់គាត់ពិតប្រាកដមែន។
លោកថៃសូ ជាអ្នកកាសែតជនជាតិជប៉ុនម្នាក់ ដែលបានចោលឆ្អឹងនៅស្រុកខ្មែរក្នុងបេសកកម្មរបស់លោក ខណៈពេលដែលប្រទេសកម្ពុជាកំពុងមានសង្គ្រាម។ ក្នុងដំណើរត្រឡប់មកកាន់ទឹកដីកម្ពុជានាខេត្តសៀមរាប មិត្តរួមអាជីពជាមួយគ្នាបានអះអាងប្រាប់អ្នកថែរក្សាផ្នូររបស់ថៃសូថា «ខ្ញុំមកជាមួយថៃសូ! ខ្ញុំសំណាងដែលខ្ញុំបានរស់ ហើយខ្ញុំមកមើលផ្នូរថៃសូនាពេលនេះ គឺខ្ញុំនិយាយប្រាប់អ្នកថែរក្សាផ្នូរនេះឱ្យដឹង។ ខ្ញុំមកជាមួយថៃសូក្នុងនាមជាអ្នកកាសែតជនជាតិជប៉ុន ដើម្បីចង់ដឹងព័ត៌មានក្នុងប្រទេសខ្មែរនេះ តើស្រុកប្រទេសនេះវ៉ៃគ្នា របៀបបាញ់គ្នា ឬក៏ម៉េចៗយ៉ាងណាដែរ ខ្ញុំចង់យកព័ត៌មាន ដើម្បីទៅប្រទេសខ្ញុំវិញ ខ្ញុំមានថ្វីដៃបានទទួលមេដាយមាស មេដាយប្រាក់ ពាក់បំប៉នពួកគេ។ ខ្ញុំមកគ្មានចង់បានអ្វីក្រៅពីនេះទេ»។
ចុងឆ្នាំ១៩៩៩ ផលិតករភាពយន្តជប៉ុនមួយរូបបានផលិតខ្សែភាពយន្តអំពីជីវប្រវត្តិនិងជីវិតរបស់ថៃសូក្នុងភ្លើងសង្គ្រាមរវាងវៀតណាមនិងកម្ពុជា ដែលមានចំណងជើងថា «One Step on a Mine, It’s All Over»។ រឿងនេះត្រូវបានគេអះអាងថា ជារឿងមួយដែលបានផលិតឡើងដោយផ្អែកលើជីវិតពិតរបស់លោកថៃសូក្នុងអំឡុងសង្រ្គាមនៅកម្ពុជា។
ខ្សែភាពយន្ដនេះ ចាប់ផ្តើមឡើងដោយការរៀបរាប់អំពីបំណងរបស់អ្នកកាសែតជនជាតិជប៉ុនម្នាក់មានបំណងចង់ក្លាយជាអ្នកថតរូបសង្គ្រាមដំបូង ដែលទទួលជោគជ័យនៅលើទំព័រមុខរបស់កាសែត New York Times ដោយផ្តិតរូបប្រាសាទអង្គរវត្តនាពេលនោះ។ ប្រាសាទអង្គរវត្តនាពេលនោះត្រូវបានគ្រប់គ្រងដោយទាហានខ្មែរក្រហមក្នុងអំឡុងពេលសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពោលគឺក្នុងខណៈដែល ប៉ុល ពត កំពុងតស៊ូដណ្តើមអំណាចពី សេនាប្រមុខ លន់ នល់ ហើយក៏ជាពេលដែលមានគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជនកម្ពុជា រួមទាំងអ្នកកាសែតគ្រប់ជាតិសាសន៍ផងដែរ។ ប៉ុន្តែតួអង្គក្នុងខ្សែភាពយន្តនេះមានចិត្តមានះចង់បានរូបប្រាសាទអង្គរវត្តណាស់ ដែលពេលនោះគ្មាននរណាម្នាក់ហ៊ានធ្វើរឿងដូចគាត់ទេ សូម្បីតែអ្នកកាសែតផ្សេងៗទៀតដែលជាមិត្តភក្តិរបស់គាត់ក៏ដោយ។
រូបថតជាង២០ផ្ទាំង ដែលជាស្នាដៃរបស់លោកថៃសូត្រូវបានគេប្រទះឃើញព្យួរនៅលើជញ្ជាំងក្នុងភោជនីយដ្ឋានបន្ទាយស្រី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ជាភោជនីយដ្ឋានដ៏ល្បីមួយនៅក្នុងក្រុងសៀមរាប។ ម្ដាយម្ចាស់ភោជនីយដ្ឋាននេះត្រូវបានគេដឹងថា គាត់ធ្លាប់ធ្វើជាចុងភៅចម្អិនអាហារសម្រាប់លោកថៃសូ កំលុងពេលលោកស្នាក់នៅក្នុងខេត្តសៀមរាប។
ទោះបីជាលោកអតីតអ្នកកាសែតជនជាតិជប៉ុនរូបនេះបានស្លាប់ជិតហាសិបឆ្នាំទៅហើយក្តី ក៏មានអ្នកនៅតែចងចាំនិងតែងតែរំលឹកពីប្រវត្តិ រួមទាំងស្នាដៃថតរូប និងវីរភាពជាអ្នកកាសែតដ៏ក្លាហានម្នាក់ក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ទោះរូបកាយស្លាប់ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះមិនស្លាប់ឡើយ៕
No comments:
Post a Comment