ពិធីឡើងអ្នកតា ជាពិធីដ៏សំខាន់មួយ ដែលខ្មែរពីសម័យបុរាណតែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃ៣កើត ខែមាឃ ដើម្បីសុំសេចក្តីសុខ សេចក្ដីចម្រើន និងការរកស៊ីមានបាន។ សម្រាប់ឆ្នាំ២០២២នេះ ក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ ដោយពលរដ្ឋក្មេងចាស់ប្រុសស្រីបានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដែលសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាពៃណី ពីបុរាណកាល ដែលបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។
ការធ្វើពិធីឡើងអ្នកតាត្រូវបានគេជឿថា នាំកូនចៅឱ្យសុខសប្បាយ ទទួលភោគផលច្រើនពីការធ្វើស្រែចម្ការ និងចៀសផុតពីជំងឺផ្សេងៗ។ នេះជាផលហេតុចម្បងមួយ ដែលនាំឱ្យអ្នកស្រុកនៅតំបន់អង្គរតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។
យោងតាមការរៀបរាប់របស់អ្នកស្រុក ការរៀបពិធីនេះ គឺមិនបាច់ណាត់គ្នាទុកឡើយ។ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ពលរដ្ឋរស់នៅជុំវិញតំបន់អង្គរត្រូវមកជួបជុំគ្នា ដោយមានទាំងដង្វាយបូជាផ្សេងៗជាច្រើន ដើម្បីយកមកប្រារព្ធពិធីនេះ។
បើតាមអាចារ្យដឹកនាំពិធីឡើងមាឃ បានឱ្យដឹងថា ការប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា គេរៀបចំក្នុងគោលបំណងរំលឹកដល់គុណអតីតព្រះមហាក្សត្រ មេទ័ព និងវីរជនគ្រប់ជំនាន់ដែលបានខិតខំកសាងប្រាង្គប្រាសាទ ជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងដើម្បីសុំសេចក្តីសប្បាយដល់កូនចៅគ្រប់ៗរូប។
ពិធីនេះកើតឡើងពីភាពសាមគ្គីរបស់អ្នកស្រុកគ្រប់គ្នាដែលស្រឡាញ់វប្បធម៌ជាតិ និងជំនឿដែលមានតាំងពីបុរាណ។ ពិធីឡើងមាឃ ឬឡើងអ្នកតា ត្រូវបានប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូត្រូមន្តចម្រើនព្រះបរិត្តនិងវេភត្តហាប្រគេនព្រះសង្ឃ។ ចំណែកពេលរសៀលមានរៀបចំជាគ្រឿងសក្តារៈដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕
No comments:
Post a Comment