កញ្ញា ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា

កញ្ញា ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា

អត្ថបទ៖ តន វិបុល
ដោយផ្តើមចេញពីការស្រឡាញ់ភាសាបរទេស និងចង់ក្លាយជាអ្នកទំនាក់ទំនងទូតមួយរូប គួបផ្សំនឹងទេពកោសល្យរបស់ខ្លួនផងនោះ កញ្ញា ឡេង គឹមទាង បានស្រវាស្រទេញសិក្សារៀនសូត្រភាសាបរទេសយ៉ាងហោចណាស់៧ភាសា រួមមានភាសាខ្មែរ អង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន និងភាសាអាល្លឺម៉ង់ផងដែរ។ ហេតុតែចំណងចង់ក្លាយជាអ្នកទំនាក់ទំនងកាទូតដែលជាគោលបំណងច្បងក្នុងជីវិត បានជំរុញទឹកចិត្តកញ្ញាឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសម្តងបន្តិចៗដោយឥតដឹងខ្លួន។

ថ្វីបើអ្នកអាចនិយាយបានច្រើនភាសាពុំមែនជារឿងអស្ចារ្យសម្រាប់សាធារណៈជនទូទៅក៏ដោយចុះ ក៏ប៉ុន្តែអ្វីដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍នោះគឺប្រវត្តិសិក្សាដ៏លំបាករបស់កញ្ញា ឡេង គឹមទាង ឯណោះទៅវិញទេ។ មែនទែនទៅ ការសិក្សាត្រឹមតែមួយភាសាគឺវាពិបាកណាស់ទៅហើយ ចុះទម្រាំងអ្នករៀនរហូតដល់ទៅ៧ភាសាលំបាកកម្រិតណាដែរ។ ទាក់ទិននឹងដំណើរសិក្សា កញ្ញាចេះនិយាយច្រើនភាសារូបនេះ ថ្លែងដោយសម្តីត្អូញត្អែថា ការសិក្សាលើមុខវិជ្ជាណា ក៏ដូចជាមុខវិជ្ជាណាដែរ គឺមិនស្រួលទេ ហើយប្រសិនបើប៉ះចំលើបុគ្គលណាដែលមានជីវភាពខ្សត់ខ្សោយ និងគ្មានភាពតស៊ូក្នុងការស្វាធ្យាយសិក្សារៀនសូត្រផងនោះគឺស្ទើរតែមិនអាចទ្រាំបាន។ ប៉ុន្តែដោយសារតែការចង់ចេះភាសាទាំងនោះ នារីខ្មែររូបនេះ ស្ទើរតែហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិត ដើម្បីតែការសិក្សានេះ។ គេបានលះបង់ភាពសុខស្រួលដោយរស់នៅអណ្តែតត្រសែតឆ្ងាយពីម្តាយឪពុក ហើយក៏ព្រោះតែការចង់ចេះភាសាទាំងនេះដែរ ដែលធ្វើឱ្យនារីគ្មានភាពក្លាហានរូបនេះក្លាយទៅជានារីម្នាក់ដ៏ស្វាហាប់ រហ័សរហួន និងហ្មត់ចត់ទៅលើកិច្ចការនានាផងដែរ។ ក្រៅតែពីការលះបង់ច្រើន ក៏ទាមទារឱ្យមានការស្រឡាញ់ ការយកចិត្តទុកដាក់ និងទេពកោសល្យរួមផ្សំផងដែរ។  

កញ្ញា ឡេង គឹមទាង បន្តថា កាលខ្លួនរៀននៅសាកលវិទ្យាល័យដោយចាប់ជំនាញអក្សរសាស្រ្តអង់គ្លេសផង និងឆ្លៀតរៀនភាសាផ្សេងៗដទៃផង ព្រមទាំងឆ្លៀតរៀនជំនាញប្រវត្តិសាស្រ្តខ្មែរថែមទៀតផងដែរ។ ការសិក្សាបែបនេះបានធ្វើឱ្យខ្លួនរវល់ជាប់ជានិច្ច កុំថាឡើយពេលវេលាកម្សាន្ត សូម្បីតែពេលញ៉ាំបាយនិងគេងក៏សឹងតែគ្មានដែរ។ មានពេលខ្លះនោះ ក៏ឆ្លៀតទៅធ្វើការក្រៅម៉ោងសិក្សា ដើម្បីយកថវិការមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផង និងដើម្បីដកបទពិសោធការងារក្នុងសង្គមផង។ តាមរយៈនៃការណ៍ជម្នះនេះ បានធ្វើឱ្យនារីរូបនេះក្លាយទៅជាបុគ្គលម្នាក់ថ្នឹកក្នុងការសិក្សា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសដែលខ្លួនបានរៀននោះម្តងបន្តិចៗដោយឥតដឹងខ្លួន។

ដ្បិតកញ្ញារូបស្រស់នេះមានទេពកោសល្យក្នុងការប្រើប្រាស់ភាសាទាំងនេះក្តី ក៏គោលដៅបឋមក្នុងជីវិតនៅពុំទាន់ជោគជ័យនៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ នាងបានសម្រេចគោលជីវិត ដែលជាជម្រើសទី២បានយ៉ាងល្អប្រសើរដែរ។ ពោលគឺកញ្ញា ឡេង គឹមទាង បានក្លាយទៅជានាយិការងនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានមួយមានឈ្មោះបោះសំឡេងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ខាងបណ្តុះបណ្តាលផ្នែកភាសាបរទេសដែរ៕



ឯកសារស្រាវជ្រាវស្តីពី "ជំនឿដាក់កាក់ក្នុងមាត់សព"

អត្ថបទ៖ តន វិបុល


ក្រៅពីប្រពៃណី ទំនៀមទម្លាប់​ សាសនា ខ្មែរយើងក៏ នៅមានជំនឿលើអារុកអារៈ អ្នកតា​ ព្រលឹងខ្មោច ព្រាយ បិសាច អាសុរកាយ វត្ថុសក្ក័សិទ្ធ និងជំនឿផ្សេងៗទៀតយ៉ាង មុតមាំ។ ក្នុងចំណោមជំនឿទាំងនេះ ទំនៀមដាក់កាក់ក្នុង​មាត់បុគ្គល ស្លាប់ ក៏ជាជំនឿខ្មែរមួយផងដែរ ដែលដក់ជាប់នឹងផ្នត់គំនិតប្រជាជនខ្មែរមានតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន នេះ។

បើពោលពីប្រវត្តិនៃជំនឿនេះ ប្រហែលជាពុំទាន់មានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ថាកើតឡើងតាំងពីពេលណា ឬ មានប្រភពពីណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំពោះជំនឿដាក់កាក់ក្នុងមាត់ខ្មោចនេះ ក៏មានវត្តមានតាម រយៈអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ដែលប្រជាជនតំណាលតៗគ្នាថា មានប្តីប្រពន្ធនៃគ្រួសារ មួយរកស៊ីសល់មាសមួយបាទ តែ គ្មានកូនសោះ។ លុះចាស់ ទៅពួកគាត់បានផ្តែផ្តាំគ្នាថា៖ “បើអ្នកណាស្លាប់មុនត្រូវយក មាសនេះដាក់ក្នុងមាត់អ្នកនោះ”។ មិនយូរប៉ុន្មានប្តីក៏ស្លាប់ទៅ ហើយយាយជាប្រពន្ធក៏ធ្វើតាមបណ្តាំ ប្តីហើយបូជា។ ស្របនឹងនោះ ព្រះមហាក្សត្របានបញ្ជា ឲ្យរាជអាជ្ញារៃយកមាស ពីប្រជាពលរដ្ឋក្នុងមួយគ្រួសារ១បាទជាកំហិត។ យាយប្រពន្ធតាដែលស្លាប់នោះ មានការភិតភ័យ យ៉ាងខ្លាំង ហើយបានទូលស្តេចតាមដំណើររឿង។ ព្រះមហាក្សត្របានដឹង ដូច្នោះក៏លែងយកមាសពីប្រជានុរាស្រ្ត[1]

ដោយភ្ជាប់នឹងដំណើររឿងនេះ ប្រជាជនខ្មែរមានជំនឿថា មាសប្រាក់ដែលបង់ក្នុងមាត់ខ្មោចមានអនុភាពខ្លាំងទៅលើទឹក ចិត្តមនុស្ស សូម្បីតែព្រះមហាក្សត្រក៏ចុះចាញ់នូវអានុភាពកាត់នេះដែរ ម្យ៉ាងវាគឺជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះក្នុង ពេលមានអាសន្នបាន។ ដោយហេតុនេះ “ពេលមនុស្សដាច់ខ្យល់ភ្លាម លោកអាចារ្យបញ្ជាឲ្យសាច់ញាតិយកប្រាក់កាក់ និង ម្លូស្លាមួយម៉ាត់មកដាក់ក្នុងមាត់សពនោះ ដោយនិយាយថា បិទមាត់ឲ្យជិតកុំហាមាត់ប្រយ័ត្នជ្រុះកាក់ខានចាយវាយ”។ នេះ បើយោងតាម សាស្រ្តាអរិយបុគ្គលស្លឹកកាំ “B” នៅបណ្ណាល័យវត្តសារាវន្ត[2]។ ក្នុងសេចក្តីនេះ ស្តែងឲ្យឃើញថា ខ្មែរមាន ជំនឿលើការដាក់មាស ប្រាក់ក្នុងមាត់សព ដើម្បីជាការដឹងគុណចំពោះអ្នកដែលស្លាប់ ទៅហើយនោះ និងទុកឲ្យចំណាយ តាមផ្លូវដ៏វែងឆ្ងាយរបស់គាត់ ម្យ៉ាងការដាក់ប្រាក់ក្នុងមាត់សពនេះ ក៏ជាពិធីមួយក្នុងចំណោមពិធីដទៃទៀតនៃពិធិបុណ្យ សពផងដែរ។ គេធ្វើយ៉ាងនេះ ដើម្បីឲ្យ ព្រលឹងសពទៅដោយសេចក្តីស្ងប់ បើពុំនោះសោតព្រលឹងខ្មោចនឹងវិលវល់ជាមួយ នឹងកម្មលោកិយជាពុំខាន។

តាមជំនឿខ្មែរ កាក់ដែលសល់ពីបូជានោះ បានទៅលើអ្នកណា អ្នកនោះនឹងមានជោគវាសនាល្អ រកស៊ីមានបាន ត្រជាក់ ត្រជំក្នុងគ្រួសារ។ ជាពិសេស វត្ថុស័ក្តិសិទ្ធនេះជួយការពារផ្ទះ​ និងការពារខ្លួនពីសត្រូវទាំងឡាយដែលតែងមកយាយី តួយ៉ាងដូចជាធ្មប់ អាប ខ្មោច ព្រាយ បិសាច អសុរកាយជាដើម ហើយគេរមែងតែងតែអុជទៀនបួងសួងរៀងរាល់សីល។ ជាក់ស្តែងនៅកន្លែងលក់ដូរគឺអុជរាល់ថ្ងៃតែម្តង។ នេះជាជំនឿមួយបែប ដែលឋិតនៅក្នុងសង្គមគ្រួសារខ្មែរនាពេល បច្ចុប្បន្ននេះ។

សូមជម្រាបផងដែរថា តាមទស្សនអ្នកប្រាជ្ញបុរាណខ្មែរបានពន្យល់បង្ហាញថា ការដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់ គឺជាប្រស្នាឲ្យពិចារណាថា៖ “ទ្រព្យសម្បត្តិនៅនឹងខ្លួន កាលបើ ស្លាប់ទៅមិនអាចយកទៅបានទេ”[3]។ រីឯ ពិធីបុណ្យខ្មោច សតវត្ស ទី១៩ និងដើមសតវត្សទី២០ របស់លោក លី សុវរ ក៏បានបញ្ជាក់ ដូច្នេះដែរថា ទម្លាប់ដាក់កាក់ក្នុងមាត់សពនេះ គ្រាន់តែជានិមិ្មត្តរូបបញ្ជាក់ប្រាប់អ្នកនៅរស់ឲ្យបានដឹងថា ពេលមនុស្សស្លាប់ទៅមិនអាចយកអ្វីទៅតាមខ្លួនបានឡើយ សូម្បី តែមួយកាក់មួយសេន។ ដូច្នេះគួរតែប្រកបរបរវិជ្ជាជីវៈដោយសុច្ចរិត  តែគួរចៀស វាងរបរទុច្ចរិតដែលសង្គមស្អប់ខ្ពើម៕

អត្ថន័យនៃការដាក់កាក់ក្នុងមាត់សព
តាមទំនៀម ក៏ដូចជាជំនឿខ្មែរ ពេលមនុស្សដាច់ ខ្យល់ភ្លាម លោកអាចារ្យបា្រប់ឲ្យសាច់ញាតិយកប្រាក់កាក់ និងម្លូស្លាមួយម៉ាត់មកដាក់ក្នុងមាត់បុគ្គលដែលស្លាប់នោះ ដោយនិយាយថា បិទមាត់ឲ្យជិត កុំហាមាត់ប្រយ័ត្ន ជ្រុះកាក់ ខានចាយវាយ ម្យ៉ាងកុំឲ្យព្រលឹងសពនៅវិលវុលនឹងទ្រព្យ។

ប៉ុន្តែ បើយោងតាមទស្សនអ្នកប្រាជ្ញបុរាណខ្មែរបានពន្យល់បញ្ជាក់ថា  ទម្លាប់ដាក់កាក់ក្នុងមាត់សពនេះ គ្រាន់ តែជាប្រស្នាលឲ្យអ្នកនៅរស់ពិចារណាថា មនុស្សដែលស្លាប់ទៅ មិនអាចយកអ្វីទៅតាមខ្លួនបានឡើយ សូម្បី តែមួយកាក់មួយសេន។



[1] ប្រជុំរឿងព្រេងខ្មែរ, ភាគ៦
[2] លី សុវរ, ពិធីធ្វើបុណ្យខ្មោចសតវត្សទី១៩ និងដើមសតវត្សទី២០,​គ.ស.១៩៩៤,ទំព័រ១៤ដល់១៧
[3] ប្រជុំរឿងព្រេងខ្មែរ, ភាគ៦

ប្រវត្តិហ្វេសប៊ុក (Facebook)

ប្រវត្តិហ្វេសប៊ុក (Facebook)


អត្ថបទ៖ តន វិបុល

ជារៀងរាល់ថ្ងៃ មានមនុស្សរាប់លាននាក់លើពិភពលោកកំពុង តែពេញនិយមយ៉ាងខ្លាំងក្នុងការប្រើប្រាស់ហ្វេសប៊ុកនេះ។ ហ្វេសប៊ុក គឺជាគេហទំព័រមួយប្រភេទដែលមាន ឈ្មោះថា “បណ្តាញទំនាក់ទំនងសង្គម” ឬអាចហៅសាមញ្ញថា “បណ្តាញសង្គមហ្វេសប៊ុក”។ គេហទំព័រមួយនេះ មានភាពងាយ ស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មានផ្សេងៗទៅ កាន់គ្រួសារ ឬមិត្តភក្តិជាដើម ដើម្បី ឲ្យពួកគេបានដឹងរឿងរ៉ាវនានា ជុំវិញពិភពលោកយ៉ាងទូលំទូលាយ និងឆាប់រហ័សតាមរយៈប្រព័ន្ធ អ៊ីនធ័រណែតនេះ។ ម្យ៉ាងវាអាចជួយ កែអផ្សុកបានទៀតផង ជាក់ស្តែងណាស់ ដូចជាផ្ញើសារ រូបថត ឬក៏រូបភាពជាដើម។ រហូតមានអ្នកខ្លះយកវាធ្វើជាមធ្យោបាយរក ស៊ីផងក៏មាន។   តែទោះជាយ៉ាងនេះក្តី ក៏មានមតិរិះគន់ផងដែរ អំពីការប្រើបាស់ហ្វេសប៊ុកនេះ គឺអាច ផ្តល់ផលមិនល្អដល់មនុស្សផងដែរ ជាពិសេសក្មេងៗ ប្រសិនជាពួកគេប្រើក្នុងន័យអវជ្ជមាន។ មែនទែនទៅ ការប្រើប្រាស់ហ្វេសប៊ុក ល្អឬអាក្រក់ គឺអាស្រ័យលើអ្នកប្រើ ប្រាស់យល់ ឬមិនទាន់យល់ពីអត្ថប្រយោជន៍ប៉ុណ្ណោះ។

សូមជម្រាបថា ហ្វេសប៊ុកបង្កើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោក ម៉ាក ហ្សុកឃឺប៊ឺក និងមិត្តភក្តិរបស់លោកបីនាក់ ផ្សេងទៀត។ ដំណើរការកកើតហ្វេសប៊ុកនេះ ដោយឃើញសិស្ស តម្រង់ជួរយ៉ាងវែងមុខការិយាល័យសិក្សា ដើម្បីចុះឈ្មោះចូលរៀន ក្នុងបញ្ជីឈ្មោះសិស្ស ដោយភ្ជាប់មកជាមួយនឹងរូបថតត្រឹមទ្រូង ដល់ក្បាលដែលមានឈ្មោះថា សៀវភៅទំព័រមុខ[1]

ម៉ាក ជានិស្សិតឆ្នាំទី២ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យហាវឺដ ក៏មានគំនិតសរសេរកម្មវិធីទំព័រមុខ នៅក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៣។ ដោយការប្រើប្រាស់មានលក្ខណៈចង្អៀតពេក ម៉ាក បានសម្រេចចិត្តលួចថតចម្លងលេខកូដសម្ងាត់ពីសៀវភៅទំព័រមុខ របស់សាកលវិទ្យាល័យតែម្តងទៅ។ ក្នុងរយៈពេលបួនម៉ោងដំបូង គេហទំព័រមុខនេះ បានទាក់ទាញមនុស្ស៤៥០នាក់ឲ្យចូលលេង និងមានរូបថតចំនួន២២,០០០រូប។

ពេលនោះគេហទំព័រមួយនេះរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងចំណោមគេហទំព័រទាំងឡើយនៅក្នុងប្រព័ន្ធអ៊ីធ័រណែត។ ប៉ុន្តែវា ត្រូវបានផ្អាកដំណើរការទៅវិញ ដោយមានការចោទប្រកាន់អំពី ការវិវាតផ្ទៃក្នុង និងការលួចថតចម្លងសិទ្ធបញ្ញារបស់សាលា។ ចំ ពោះបញ្ហានេះ ម៉ាកប្រឈមនឹងការបណ្តេញចេញ ទោះជាយ៉ាង នេះក៏ដោយការចោទប្រកាន់នោះក៏បានបញ្ឈប់ទៅ។ នៅក្នុង ឆមាសនោះ ម៉ាកបានសម្រេចចិត្តប្រើបន្ត ដោយបង្កើតក្រុមសិក្សា មួយសម្រាប់ធ្វើការទំនាក់ទំនងក្នុងការប្រឡងបញ្ចប់ប្រវត្តិសិល្បៈ ហើយម៉ាកបានបញ្ចូលរូបភាពទាំងនោះ ប្រមាណ៥០០រូប ចូល ទៅក្នុងគេហទំព័រហ្វេសប៊ុកនោះ ដោយមានការចូលរួមផ្តល់មតិ យ៉ាងច្រើន។ ការបើកឲ្យប្រើគេហទំព័រមួយនេះ មានមនុស្សជា ច្រើន បានធ្វើការចែករំលែកនូវអ្វីដែលគេមានឲ្យអ្នកដទៃបាន ដឹង។

ក្នុងឆមាសបន្ទាប់ ម៉ាកបានសរសេរកូដគេហទំព័រមួយយ៉ាងថ្មី ស្រឡាង នៅក្នុងខែមករា ឆ្នាំ២០០៤  ហើយបានថ្លែងក្នុងកាសែត មួយអំពីផលប៉ះពាល់ និងការរំលោភបំពានទៅលើគេហទំព័រមុខ របស់សាកលវិទ្យាល័យហាវឺតនោះ។ រំលងបានមួយខែ  ម៉ាកបាន កែប្រែគេហទំព័រហ្វេសប៊ុកនេះ ឲ្យមានសភាពប្លែកគួរឲ្យចាប់ អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមកគេហទំព័រមួយនេះ មានសភាព រីកចម្រើន និងចាប់ផ្តើមពេញនិយមតាំងពីពេលនោះមក៕

សូមជម្រាបជូនថា ដំបូងគេហទំព័រហ្វេសប៊ុករបស់ម៉ាកបាន ដាក់ឲ្យប្រើប្រាស់សម្រាប់តែអ្នករៀននៅសាកលវិទ្យាល័យហាវឺត តែប៉ុណ្ណោះ ក្រោយមកបានរីកសាយទៅតាមសាកលវិទ្យាល័យ នានាក្នុងសហរដ្ឋអាមេរិក៕

ប្រភព៖ www.km.wikipedia.org

តម្លៃដើមឈូកខ្មែរ

តម្លៃដើមឈូកខ្មែរ



ដោយ តន វិបុល

ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធសឹងតែស្គាល់អំពី​ឈូកតាមរយៈផលប្រយោជន៍ផ្សេងៗរបស់វា។ ឈូក គឺជាវារីជាតិមួយប្រភេទដែលដើម រឹងមានបន្លាដុះចេញពីភក់ក្នុងស្រះ ត្រពាំង បឹងបួរ និងស្រែលិចទឹកដែលមានជម្រៅជ្រៅល្មមអាចនឹងរស់។  ថ្លែងពីប្រវត្តិរបស់វាមាន ដើមកំណើតនិងដុះពាសពេញតំបន់មជ្ឈឹមបូព៌ា អាស៊ី អូស្រ្តាលី និងប៉ាពូអាស៊ីនូវែលហ្គឺណេ។ ដោយឡែក វាក៏បានបង្ហាញខ្លួននៅក្នុង ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ ដែលបានបញ្ជាក់ប្រាប់ដោយសិលាប្រាសាទខ្មែរនានា។ ជាក់ស្តែង នៅក្នុងព្រហ្មញ្ញ សាសនាថា ផ្កាឈូកត្រូវបានដុះចេញពីផ្ចិតព្រះវិស្ណុក្លាយទៅជាបល្ល័ង្ក។ រីឯក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ថា ព្រះពុទ្ធប្រសូត្រមកភ្លាម យាងបាន៧ជំហានដោយមានផ្កាឈូកផុសចេញមកទ្រព្រះបាទា។ ក្រៅពីផ្កាឈូកដែលមានវត្តមាននៅក្នុងសាសនា និងចម្លាក់នៅតាម ជញ្ចាំងប្រាសាទទាំងនោះ ឈូកក៏មានទំនាក់ទំនងនៅក្នុងរឿងព្រេងខ្មែរគួរឲ្យកត់សម្គាល់ផងដែរ។

បើនិយាយពីផលប្រយោជន៍របស់វាវិញនោះ តាំងពីបុរាណរហូតមកទាល់នឹងបច្ចុប្បន្ននេះ ឈូកដើរតួយ៉ាងសំខាន់ក្នុងសង្គម ខ្មែរ។ សំខាន់ដោយហេតុថា សរីរាង្គឈូកទាំងអស់នោះសុទ្ធសឹងជាគុណប្រយោជន៍សម្រាប់មនុស្សទាំងឡាយ។ តួយ៉ាងពលរដ្ឋខ្មែរ មានទំនៀម និងជំនឿយ៉ាងមុតមាំថា ផ្កាឈូក គឺជាគ្រឿងសក្ការៈបូជាព្រះ ព្រោះវាជានិមិត្តិរូបតំណាងឲ្យភាពបរិសុទ្ធ ហើយវាបានចាក់ ឫសចាក់យ៉ាងជ្រៅទៅក្នុងឧត្តមគតិខ្មែរដែលមិនអាចកាត់ផ្តាច់បាន។ ផ្កាឈូកទាំងនោះទៀតសោត ត្រូវបានគេយកទៅកែច្នៃចេញទឹកអប់ ឈូក តែឈូក និងកាហ្វេឈូកផង។ ចំណែកឫស (ក្រអៅ) និងមើលរបស់វាអាចយកទៅធ្វើជាបន្លែតាមតម្រូវការ ពិសេសនោះ អាច យកទៅធ្វើជាដំណាប់ ឬកិនជាម្សៅទុកធ្វើបង្អែម និងឆុងនឹងទឹកក្តៅពិសារក៏បាន។  ចំពោះផ្លែឈូកអាចប្រើជាអាហារតាមខ្ចីតាមចាស់ ជាឧទាហរណ៍ ផ្លែខ្ចីហូបឆៅ ឬយកទៅធ្វើជាបង្អែម លុះទុំអាចធ្វើជាគ្រលីងឈូក និងដំណាប់គ្រាប់ឈូកបានទៀតផង។ លើសពីនេះ ឈូកត្រូវបានគេច្នៃជាវត្ថុអនុស្សាវរីយ៍សម្រាប់ពាក់លម្អខ្លួនផងក៏មាន។  មិនតែប៉ុណ្ណោះ អ្វីដែលនឹកស្មានមិនដល់នោះ គឺបច្ចុប្បន្ននេះ អង្គការសមធម៌មួយនៅខេត្តសៀមរាបបានផលិតក្រណាត់ចេញពីដើមឈូក (សរសៃឈូក)។ ដើមឈូកបានផ្តល់សរសៃអំបោះ ធម្មជាតិល្អជាងអំបោះ កប្បាស ហើយក្រណាត់ដែលត្បាញចេញពីសរសៃអំបោះឈូកអស់ទាំងនោះ មានតម្លៃ៣៥០ដុល្លាក្នុងមួយម៉ែត្រ គឺជាក្រណាត់ដែលថ្លៃជាងគេបំផុតលើពិភពលោក។ សម្លៀកបំពាក់ដែលកាត់ចេញពីក្រណាត់ឈូកមួយសម្រាប់ មានតម្លៃ៥,០០០ ដុល្លារ [1]។ នេះបើតាមព័ត៌ មានវីអូអេ​ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ។ ក្រៅពីនេះ ឈូកត្រូវបានគេ ដាំលម្អក្នុងស្រះតាមសួន តាមវត្តអារាម តាមសណ្ឋាគារ និងពាសពេញទឹកដីសុវណ្ណភូមិ។

សូមជម្រាបជូនដែរថា ដោយមានការរាប់អានយ៉ាងស្និទ្ធស្នាលពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈតាំងពីដើមរៀងមក ព្រម ទាំងអត្ថប្រយោជន៍របសវាផងនោះ ឈូកបានក្លាយជាដំណាំ និងការងារបន្ទាប់បន្សំក្នុងការជួយសម្រួលជីវភាពរបស់ប្រជាកសិករខ្មែរមួយ ភាគផងដែរ។ ទោះបីជាពេលនេះ យើងបានយល់បានស្គាល់ពីតម្លៃឈូកហើយក៏ដោយ អំណឹះតទៅយើងគួរគប្បីដាំដំណាំឈូក នេះឲ្យបានច្រើនប្រសើរជាជាងឲ្យវាដុះឡើងដោយឯកឯង៕


ទស្សនកិច្ចសិក្សាទៅសិស្សកាន់សារមន្ទីរគំនូរបែបស្រ៊ីឌី

ទស្សនកិច្ចសិក្សាទៅសិស្សកាន់សារមន្ទីរគំនូរបែបស្រ៊ីឌី


អត្ថបទ៖ តន វិបុល

កុមារតូចៗដែលជាសិស្សានុសិស្សថ្នាក់ភាសាអង់គ្លេសនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណ​ជាង​១០០នាក់​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​សារមន្ទីរ​គំនូរ​បែប​ស្រ៊ីឌី ​(Art 3D Museum) ស្ថិតនៅជាន់​ទី៣​ នៃ​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ​ នា​ព្រឹក​ថ្ងៃ​ទី១៣​ មករា​ នេះ​ ដែល​ដឹក​នាំ​ដោយ​លោក​គ្រូ​អ្នក​គ្រូ​ទទួល​បន្ទុក​ពួកគេ៤នាក់ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សមាន​អារម្មណ៍​ប្លែក​ក្នុង​ចិត្ត។​ មាន​អារម្មណ៍​ប្លែក​ ក៏​ព្រោះ​តែ​ពួក​គេ​មិន​ដែល​ស្គាល់​រចនា​បថ​គំនូរ​សិល្បៈ​វប្បធម៌​ទេស​ចរណ៍​បែប​ការ​អប់រំ​ និងកម្សាន្ត​របស់​កម្ពុជា​ ហើយ​ក្នុង​វិចិត្រ​សាល​នោះ​មាន​គំនូរ​ច្រើន​ជាង​១០០ផ្ទាំង​ ដែល​អាចឱ្យអ្នកទស្សនាថតកម្សាន្តបាន​យ៉ាង​សប្បាយ​រីករាយ​។​ ប៉ុន្តែអ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​នៅ​ក្នុង​សារមន្ទីរ​គំនូរ​បែប​ស្រ៊ីឌី​ដែល​បង្ហាញ​ពី​ទស្សនីយភាព​ផ្សេងៗ​នោះ​ ក៏មាន​គំនូរ​ប្រាសាទ​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​ផង​ដែរ។​
ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សានោះ គ្រូទទួលបន្ទុកម្នាក់ក្នុងចំណោមគ្រូទទួលបន្ទុក​៤នាក់ ​លោកស្រី​ អ៊ិន ​សុភាន់​ អះ​អាង​ថា ​គោល​បំណង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​សាល​ពិព័រណ៍​គំនូរ​បែប​ស្រ៊ីឌី​នេះ ​គឺដើម្បីឱ្យសិស្សបានស្គាល់រចនាបថគំនូរ​រហស្សកម្ម​ ដែល​សុទ្ធ​សឹង​ជា​គំនូរ​ដ៏​ស្រស់​ស្អាត​ពោរ​ពេញ​ទៅ​ដោយ​ភាព​រស់​រវើក​ជាច្រើន​ផ្ទាំង​ដែល​បង្ហាញ​ពី​ទស្សនីយភាព​តាម​ជញ្ជាំង​គួរ​ជាទី​ទាក់​ទាញ​អារម្មណ៍។​ ម្យ៉ាង​ដំណើរ​ទស្សន​កិច្ច​នេះ​ ក៏​មាន​ចេតនា​ចង់​ឱ្យ​សិស្ស​ផ្តិត​យ​ក​រូបភាព​ស្អាតៗ​នៃ​គំនូរ​ដ៏​សម្បូរ​បែប​ទាំង​នោះ​ផងដែរ។​
សូមជម្រាបជូនថា “តាមរយៈទស្សនកិច្ចសិក្សានេះ ពួកគេមិនត្រឹមតែទទួលបាន​ចំណេះដឹង​ថ្មីៗ​ បន្ថែម​ពី​លើ​ការ​រៀន​នៅក្នុង​សាលា​ប៉ុណ្ណោះ​ទេ​ តែ​វា​ថែម​ទាំង​ជួយ​លើក​កម្ពស់​សមត្ថភាព​ពួកគេ​ឱ្យ​មាន​ភាព​ក្លាហាន​ដោយ​ឥត​ដឹង​ខ្លួន​ទៀតផ​ង​ តាមរយៈ​ទំនាក់​ទំនង​និង​សហការ​ល្អ​ជាមួយ​នឹង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​គេ។​ ពិសេសនោះ​ អាច​ធ្វើ​ឱ្យ​ចំណង​មិត្តភាព​ពួកគេ​កាន់​តែ​ជិតស្និទ្ធថែមទៀតដែរ តាមរយៈ​ការ​ញ៉ាំ​អាហារ​ និង​ថត​រូប​ជុំគ្នា​ជាដើម”។​ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់គ្រូទទួលបន្ទុកក្នុងដំណើរទស្សនកិច្ច​សិក្សា​រូប​នេះ។
ក្នុងចំណោមកុមារាកុមារីជាច្រើននាក់ ដែលកំពុងដើរទស្សនា និងផ្តិតយករូបភាពជាមួយ​នឹង​មិត្តភក្តិ​ នៅ​ក្នុង​វិចិត្រសាល​ដែល​រំលេច​ទៅ​ដោយ​រូបភាព​គ្រប់​ប្រភេទ​នោះ​ កុមារី​ អ៊ុំ ​កែវធីតា​ ថ្លែង​ក្នុង​ឱកាស​នោះថា “ខ្ញុំមិនធ្លាប់ឃើញ គំនូរបែបស្រ៊ីឌីនេះពីមុន​មក​ទេ”។​ នេះគឺ​ជា​លើក​ទី១​ហើយ​សម្រាប់​កុមារី​រូប​នេះ ​ដែលបានស្គាល់គំនូរស្រស់ស្អាតដ៏សម្បូរបែបដែលលេចឡើងដូច​ទៅ​នឹង​ទិដ្ឋភាព​ពិត​ជាក់​ស្តែង។​ បន្ថែម​លើស​ពី​នេះ ​កុមារី​ ធីតា​ ថែម​ទាំង​ដឹង​ថា​ គំនូរ​ទាំងប៉ុន្មានដែលមានវត្តមានក្នុងសារមន្ទីរគំនូរបែបស្រ៊ីឌី​នេះ​ គឺ​ជា​ស្នាដៃ​វិចិត្រករ​មក​ពី​បទេស​ទៀត​ផង។​
សូមបញ្ជាក់ជូនថា ក្នុងដំណើរទស្សនកិច្ចសិក្សានោះ មានសិស្សតូចៗមិនតិច​នាក់​នោះ​ទេ​ ដែល​បញ្ចេញ​សកម្មភាព​សប្បាយ​រីករាយ​អម​ដោយ​សំឡេង​ពន្យល់​ និង​ជជែក​គ្នា​អំពី​រឿង​គំនូរ​ស្រ៊ីឌី​នេះ។​

សកម្មភាពអប់រំបំណិនអាននិងពិសោធន៍

សកម្មភាពអប់រំបំណិនអាននិងពិសោធន៍

អត្ថបទ៖ តន វិបុល
គ្រូទទួលបន្ទុកថ្នាក់និងគ្រូជំនួយនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ៤នាក់ បានបង្កើតសកម្មភាពអប់រំ​វិជ្ជា​ “បំណិន​អាន​និង​ពិសោធន៍”​ ដល់​កុមារ​ថ្នាក់​ក្រោម​មត្តេយ្យ​ប្រមាណ​៤០នាក់​ កាល​ពីព្រឹក​មិញ​នេះ នៅក្នុងបរិវេណនៃអគារសិក្សារបស់​ខ្លួន។​ នៅ​ក្នុង​បរិយា​កាស​រៀន​ដ៏​សែន​សប្បាយ​​រីករាយ​របស់​កុមារ​ទាំង​នោះ ​គឺបែង​ចែក​ប្រធាន​បទ​ពីរ​ផ្សេងគ្នា។ ក្នុងនោះរួមមានក្រុមពិសោធវត្ថុលើផ្ទៃទឹកបង្រៀន​ដោយ​អ្នកគ្រូ ​ពុធ ​សុគន្ធា​ និង​ក្រុម​និទាន​រឿង​បង្រៀន​ដោយ​អ្នកគ្រូ ​ង៉ែត​ ធាវី។​
សូមជម្រាបជូនថា ក្រោយពេលដែលគ្រូទទួលបន្ទុកពួកគេផ្តល់ចំណេះដឹងទាំងនេះហើយ ប្រាជ្ញាស្មារតី​ពួកគេ​នឹង​រឹង​រឹត​តែ​ចង​ចាំ​ល្អ។​ ចង​ចាំ​ល្អ​ ក៏​ព្រោះ​តែ​ពួកគេ​បាន​សង្កេត​ ស្តាប់​ និង​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​គ្រូ​ដែល​ចាំ​ជួយ​ពន្យល់​ណែនាំ ​ព្រម​ទាំង​អាច​ពិភាក្សា​ជាមួយ​នឹង​មិត្ត​ភក្តិ​នៅ​ជុំវិញ​ខ្លួន​គេ​បាន​ផង​ដែរ។​ ម្យ៉ាង​វា​ក៏​ជា​បច្ច័យ​ដ៏​ល្អ​ដែល​អាច​ជំរុញ​បុគ្គលិក​លក្ខណៈកុមារឱ្យមានភាពវៃឆ្លាតផងដែរ។ ដោយកំពុង​អង្គុយ​ស្តាប់​ ហើយ​ភ្នែក​មើល​កាយ​វិការ​ពន្យល់​​និង​និទាន​រឿង​របស់​អ្នក​គ្រូ​យ៉ាង​រស់​រវើក​នោះ ​មើល​ទៅ​ពួកគេ​ម្នាក់ៗ​ហាក់​មាន​ជំនក់​ចិត្ត​នឹង​ការ​សិក្សា​រៀន​សូត្រ​របៀប​នេះ​ណាស់។​
កុមារី តូនីន សូលីហ្សា ​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្សានុសិស្ស​ដែល​កំពុង​អង្គុយ​ស្តាប់​ការ​និទាន​រឿង​ក្រពើ​និង​ចៅ​ក្រម​៥នាក់​ជាមួយ​នឹង​មិត្តភក្តិ​យ៉ាង​ជក់​ចិត្ត​នោះ សូលីហ្សា​អាច​សង្ខេប​រឿង​បាន​យ៉ាង​ងាយ​ ខណៈដែលរូបគេបានស្តាប់ការនិទាន​រឿង​នោះ​រួច។​ កុមារី​រូប​នេះ​ថែម​ទាំង​ដឹង​ថា ​សត្វ​ក្រពើ​ ជា​តួ​អង្គ​រមិល​គុណ ​ចិត្ត​ឃោឃៅ​ទៀត​ផង។ លើសពីនេះ កុមារីសូលីហ្សាថែមទាំង​បាន​ប្រាប់​ទៅ​មិត្ត​ភក្តិ​គេ​ថា ​មាន​តែ​សត្វ​ទន្សាយ​ទេ​ដែល​ជាតួ​អង្គ​តំណាង​មនុស្ស​​ចិត្ត​​ល្អ​​ជួយ​អ្នក​ទន់​ខ្សោយ​ដោយ​ដើរ​តាម​មាគ៌ា​យុត្តិធម៌​។​
ស្របជាមួយនឹងគ្នានោះ ចាងហ្វាងរងក្រោមមត្តេយ្យ និងមត្ដេយ្យសិក្សា លោកស្រី លុក សុវណ្ណារុណ ​អះអាង​ថា​លោក​គ្រូ​អ្នក​គ្រូ​នៃ​សាលា​រៀន​ ​អន្តរទ្វី​ប​ អាមេរិកាំង​ តែង​តែ​បង្កើត​សកម្មភាព​សិក្សា​អប់រំ​ប្លែកៗ​ក្រៅ​ថ្នាក់​រៀន​ទៅ​តាម​ចំណេះ​ជំនាញ​និង​ទេពកោសល្យ​ដ៏ប៉ិន​ប្រសប់​របស់​ពួក​គាត់។​ ការណ៍​ដែល​ប​ង្កើត​សកម្មភាព​សិក្សា​អប់រំ​ប្លែកៗ​ដល់កុមារបែបនេះ គឺដើម្បីជួយសម្រួលឥរិយាបថដល់​កុមារ​ផង​ និង​បង្វែរ​ចំណាប់​អារម្មណ៍​ពួកគេ​ឱ្យ​មាន​ភាព​ស្រស់​ថ្លា​ក្នុង​ការ​សិក្សា​ផង​ដែរ៕​​

យុវជនខ្មែរមានឆន្ទៈចូលរួមអភិវឌ្ឍវិស័យអប់រំកុមារ

យុវជនខ្មែរមានឆន្ទៈចូលរួមអភិវឌ្ឍវិស័យអប់រំកុមារ

អត្ថទប៖ តន វិបុល

យុវជនស្ម័គ្រចិត្តទាំងស្រីទាំងប្រុសប្រមាណជា៨ក្រុមបានចូលរួមធ្វើកិច្ចការជួយសង្គម ដោយចាប់បើកយុទ្ធនាការលក់​សំបុត្រ​នៃ ​​“កម្ម​វិធី​ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ​លើក​ទី៧”​ របស់​មូល​និធិ ​ម៉េងលី ​ជេ. ​គួច ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​កៀរ​គរ​ថវិកាយកទៅឧបត្ថម្ភលើ​គម្រោង​ “កង់១ ​ជីវិត១​ ចូល​រួម​លើក​ស្ទួយ​ការ​អប់រំ​កុមារ”។​


ទាក់ទិនអំពីកិច្ចការជួយសង្គមនេះ លី ហេងវឌ្ឍនា យុវសិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពូង និងជាសិស្ស​វិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិកាំង​ តំណាង​ប្រធាន​ក្រុម​ខ្លួន​បាន​ថ្លែង​ថា ​បុព្វហេតុ​ដែល​ជំរុញ​ឱ្យ​ក្រុម​ខ្លួន​ជួយ​កិច្ច​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ក៏​ព្រោះ​តែ​ពួកគេ​បាន​មើល​ឃើញ​ក្មេងៗ​គ្មាន​លទ្ធភាព​ជាច្រើន​នៅ​តាម​ជនបទ​ ត្រូវ​បង្ខំ​ចិត្ត​ដើរ​ទៅ​សាលា​រៀន​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ កាត់ក្រួស ​កាត់​ភក់​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​ពួកគេ​កំពុង​រស់​នៅ​ដោយ​លំបាក​លំបិន​បំផុត។​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​កុមារ​ទាំងនោះផង​ និង​មាន​ឆន្ទៈ​ចូល​រួម​អភិវឌ្ឍ​វិស័យ​អប់រំ​កុមារ​ដែល​ជា​ទំពាំង​ដ៏​ក្មេង​ខ្ចី​របស់​ខ្មែរ​ក្នុង​សង្គម​ជាតិ​ឱ្យ​រីក​ចម្រើន​ផង​ ទោះបី​ជា​មមាញឹកជាមួយនឹងកិច្ចការរៀនសូត្រ​ និង​ការងារ​យ៉ាង​ណា​ក៏​ដោយចុះ​ ក៏​យុវជន​ទាំង​នេះ​នៅ​តែ​ឆ្លៀត​យក​ពេល​ពី​ការ​សិក្សា​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចការសង្គមដែរ។​
យុវសិស្ស​ថ្នាក់ទី១០រូបនេះបន្តថា មែនទែនទៅ កិច្ចការជួយសង្គមដោយស្ម័គ្រចិត្ត មិនត្រឹមជួយប្រទេសឱ្យរីក​ចម្រើន​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​ទទួល​បាន​បទពិសោធ​ពី​កិច្ច​ការ​ទាំង​អស់​នោះ​បាន​យ៉ាង​ល្អ​ ដែល​យុវជន​មួយ​ចំនួន​ពុំ​បាន​ចាប់​អារម្មណ៍​ថា ​បទ​ពិសោធ​ទាំង​នេះ​នឹង​ជួយ​អភិវឌ្ឍ​ជីវិត​យើង​ឱ្យ​មាន​ការ​រីក​ចម្រើន​ដោយ​ឥតដឹង​ខ្លួន​ទៀត​ផង។ បើ​ទោះ​ជា​យ៉ាង​នេះក្តី​ យុវជន​តែង​តែ​មាន​សកម្មភាព​ជាមួយ​នឹង​កិច្ច​ការ​សង្គម​រូប​នេះ​ នៅ​តែ​ទទូច​អំពាវ​នាវ​ដល់​សាធារណជន​ និង​បណ្តា​សហគ្រាស​ទាំង​ឡាយ ​មេត្តា​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លើក​ស្ទួយ​ការ​អប់រំ​កុមារ​ក្រីក្រ​កម្ពុជា ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​រៀន​សូត្រ​ ព្រោះ​ថា​កុមារ​ដែល​ទទួល​បាន​ការ​អប់រំ​ គឺ​ជា​កុមារ​ល្អ​ កុមារ​ល្អ​នឹង​ក្លាយ​ជា​យុវជន​ល្អ​ ហើយ​បើ​យុវជន​ល្អ​ នោះនឹងនាំ​ឱ្យ​សង្គម​ និង​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​មិន​ខាន។​
សូមចូលរួមទិញសំបុត្រទាំងអស់គ្នា ព្រោះថាបើលោកអ្នកទិញ៧សំបុត្រ មានន័យ​ថា​ លោក​​អ្នក​បាន​ជួយ​សម្រេច​ក្តី​សុបិន​កុមារ​កម្ពុជា​ម្នាក់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ហើយ។​
គួរជម្រាបជូនថា កម្មវិធីសម្តែងទេពកោសល្យដើម្បីជំនួយឧបត្ថម្ភ លើកទី៧ របស់មូលនិធិ ម៉េងលី ជេ. គួច នឹងរៀបចំធ្វើ​ឡើង​ នៅថ្ងៃ​ទី១២​ ខែមីនា ​ឆ្នាំ២០១៧ ​ខាង​មុខ​នេះ ​ដែល​កម្ម​វិធីនេះ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​២រសៀល​ដល់​ម៉ោង​៦ល្ងាច​ នៅសាល​សហសិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។​ កម្មវិធី​ដ៏វិសេស​នេះ ​នឹង​មាន​ការ​ចូលរួម​រៀប​ចំ ​និង​សម្តែង​ទេពកោសល្យ​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​សិស្ស​និស្សិត​គ្រប់​មជ្ឈដ្ឋាន ​ក្នុង​នោះ​រួម​មាន​ក្រុម​សម្តែង​គុន​ល្បុក្កតោ​អាជីព​ក្នុង​ភាព​យន្ត​រឿង​ការ​ពារ​ឧក្រិដ្ឋជន​ផងដែរ​ ហើយ​តាមរយៈ​ការ​ជួយ​ទិញ​សំបុត្រ​ទស្សនា​ការ​សម្តែង​ទេពកោសល្យ​របស់​អស់​លោក​អ្នក​ នឹងត្រូវ​ឧបត្ថម្ភ​ចូល​ក្នុង​គម្រោង ​“កង់១ ​ជីវិត១​ ចូល​រួម​លើក​ស្ទួយ​ការ​អប់រំ​កុមារ”​ ទាំង​អស់៕​

អាគាំង ៖ សាច់គោមិនឆ្ងាញ់ជាងសាច់ប៉ូវនោះទេ

អាគាំង ៖ សាច់គោមិនឆ្ងាញ់ជាងសាច់ប៉ូវនោះទេ


 អត្ថបទ៖ សហការី


“សាច់គោមិនមែនជាសាច់ដែលឆ្ងាញ់បំផុតសម្រាប់ជីវិតអ្នកដាច់លុយដូចខ្ញុំនេះទេ”។ នេះ​គឺជា​ប្រសាសន៍​​​​ដ៏​ថោកទាបបំផុតរបស់លោក ខ្ញុំកញ្ជះគេ ដែលបានថ្លែងប្រាប់សារព័ត៌មានអាវាសែ កាលពីពេល​ថ្មីៗនេះ​នៅក្នុងបង្គន់អាចម៍របស់លោក។

កំពុងតែសន្ទនាតាមទូរសព្ទ កំលោះអស់ហ្ស៊ីននិងតែងតែដាច់យ៉ៃជាអចិន្ត្រៃយ៍រូបនេះបានរអ៊ូរទាំថា ខណៈ​បើកប្រាក់ខែម្ដងៗ ខ្លួនពិតជាសម្បូរមិត្តភក្តិខ្លាំងណាស់ ក៏ប៉ុន្តែខណៈពេលដែលខ្លួន​ដាច់​លុយ​វិញ គ្មានឃើញអាថោកទាបណាប៉ាវស៊ីបាយព្រឹកម្ដងសោះ ហើយរាល់ពេលដែលខ្លួនគ្មានលុយ​សូម្បី​មួយ​រៀលក្នុងហៅប៉ៅនោះ គឺមានតែឆៃប៉ូវប៉ុណ្ណោះដែលអាចសង្គ្រោះជីវិត។

ថ្លែងក្នុងពេលកំពុងច្រាសបាយកក​ជាមួយឆៃប៉ូវ បុរសរូបនេះនិយាយទាំងទឹកភ្នែកថា “សាច់ប៉ូវ​​ធ្វើ​មក​ពីឆៃថាវ មិនមែនធ្វើពីសាច់គោនោះទេ ហើយវាជាសាច់ដែលឆ្ងាញ់បំផុតក្នុងជីវិតខ្ញុំ”។


គួរជម្រាបជូនថា ឈ្មោះ អាខ្ញុំគេ នេះមានន័យថា មនុស្សមានលិឍ ដែលមានចែងក្នុងតម្រាជោតិសាស្ត្រថា ជាបុរសសម្បូរស្នេហ៍ តែអភ័ព្វត្រង់ខ្វះលុយចាយ បើស្រីណាបានធ្វើជាប្តីច្បាស់ជាទឹកភ្នែកលាយ​បាយកក​ឆៃ​ប៉ូវរាល់ថ្ងៃពុំខាន៕

ឈ្វេងយល់ពីជំងឺធ្លាក់ស

ឈ្វេងយល់ពីជំងឺធ្លាក់ស


អត្ថបទ៖ តន វិបុល



ស្រ្តីសឹងទាំងអស់រមែងជួបប្រទះនឹងបញ្ហាធ្លាក់ស មិនថាស្រ្តីមានប្តី ឬស្រ្តីក្រមុំនោះឡើយ សូម្បីតែទារិកាក៏អាចធ្លាក់សដែរ ពិសេសស្រ្តីមានគភ៌តែងតែប្រឈមមុខនឹងបញ្ហាធ្លាក់ស ជាងស្រ្តីមិនទាន់មានផ្ទៃពោះ។ សម្រាប់អរិយប្រទេស គេចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាមួយនេះ ព្រោះមិនត្រឹមតែបណ្តាលឲ្យសុខភាពទ្រុឌទ្រោមប៉ុណ្ណោះទេ វាថែមទាំងវិវដ្តទៅជាជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ រហូតមានអ្នកខ្លះឈានដល់ការវះកាត់ស្បូនទៀតក៏មានដែរ។ ទោះជាយ៉ាងណា គេតែងសង្កេតឃើញស្រ្តីខ្មែរមួយចំនួនពុំសូវចាប់អារម្មណ៍និងយកចិត្តទុកដាក់អំពីជំងឺនេះប៉ុន្មានទេ ហើយក៏មិនបានយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសទៀតផង ព្រោះយល់ថាជំងឺធ្លាក់សនេះ ជាជំងឺធម្មតា។
បើតាមលោកវេជ្ជបណ្ឌិត និន សុខរង្សី ជំនាញវេជ្ជសាស្រ្តទូទៅ និងឯកទេសជំងឺកុមារ ព្រមទាំងផ្នែកសម្ភព និងរោគស្រ្តីផងនោះបានឲ្យដឹងថា ការធ្លាក់សមាននេះពីរប្រភេទ៖

ទី១ ធ្លាក់សធម្មតា ជាទឹករម្អិលចេញពីទ្វារមាស។ ទឹករម្អិលនេះបានជួយលាងសម្អាតមាត់ស្បូន ការពារទ្វារមាសមិនឲ្យរលាក និងជួយការពារមិនឲ្យមានជំងឺឆ្លងផ្សេងៗ។ ជាការពិតការធ្លាក់សធម្មតានេះ ជាដំណើរមួយប្រក្រតីល្អជាទេ។ គួរកត់សម្គាល់ថា ទឹករម្អិលចេញពីទ្វារមាសនោះមានពណ៌ថ្លា ឬស្រដៀងពណ៌ទឹកដោះគោ ហើយក្លិនរបស់វាពុំមានអ្វីប្លែកទេ។ ម្យ៉ាងវាអាចចេញមកកាន់តែច្រើន ខណៈស្រ្តីមានការរួមភេទ  ការផ្ទុះមេជីវិតញីចេញពីអូវែចូលទៅក្នុងដៃស្បូន និងខណៈបំបៅដោះកូនជាដើម។ ក្នុងចំណុចទី១នេះ ទោះគ្មានអ្វីគួរឲ្យព្រួយបារម្ភក៏ពិតមែន តែស្រី្តគ្រប់រូបគប្បីឈ្វេងយល់ឲ្យបានច្បាស់ពីបញ្ហាធ្លាក់ស។ ប្រសិនមានការប្រែប្រួលខុសប្រក្រតីត្រូវទៅពីគ្រោះជាមួយនឹងពេទ្យឯកទេសភ្លាម ព្រោះវាអាចចូលក្នុងករណីប្រភេទទី២ ពោលគឺធ្លាក់សមិនធម្មតា។

ទី២ ធ្លាក់សលក្ខណៈមានជំងឺ ជាទឹកខាប់ៗដូចខ្ទុះធ្លាក់ចេញពីទ្វារមាស មានពណ៌ មានក្លិន ហើយរមាស ក្រហាយ និងឈឺចាប់ពេលបត់ជើងតូចម្តងៗ។ មានកត្តាជាច្រើនដែលធ្វើឲ្យនារីធ្លាក់សខុសប្រក្រតី ហើយមានពេលខ្លះទៀត សូម្បីតែសាមីខ្លួនផ្ទាល់ក៏មិនបានដឹងដែរ។  បើនារីគ្រប់រូបពុំបានបែងចែក ឬក៏ឈ្វេងយល់ឲ្យបានច្បាស់លាស់ពីធ្លាក់សធម្មតា និងមិនធម្មតាទេនោះ អនាគតនឹងមានហានិភ័យខ្ពស់សម្រាប់សុខភាពចំពោះគ្រួសារទាំងមូល ព្រោះវាទាក់ទងនឹងជំងឺផ្សិត កាមរោគ ប្រមេះ និងជំងឺស្វាយជាដើម គឺវាឆ្លងពីគ្នាទៅវិញទៅមកតាមរយៈរួមភេទ និងប្រើប្រាស់របស់រួមគ្នា។ល។ នារីធ្លាក់សប្រភេទនេះកុំបណ្តែតបណ្តោយរហូតដល់ជំងឺរ៉ាំរ៉ៃ ហើយក៏កុំខ្មាសអៀសដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនោះដែរ បើពុំនោះសោតនឹងបង្កទៅជារលាកមាត់ស្បូន ហើយមិនយូរប៉ុន្មាន ក៏នឹងក្លាយទៅជាជំងឺមហារីកជាពុំខាន។ លើសពីនេះ វាប៉ះទង្គិចខ្លាំងដល់ទារកក្នុងផ្ទៃ ដូច្នេះកូនកើតមកអាចខ្វាក់ភ្នែក ឬមានជំងឺផ្សេងៗទៀតក៏មាន។ ដោយឡែកបើកើតចំពោះនារីក្រមុំ នោះអាចប្រឈមមុខនឹងគ្មានកូនក៏អាចថាបាន ហើយសុខភាពវិញ រឹតតែទ្រុឌទ្រោមទៅៗជាលំដាប់។
លោកវេជ្ជបណ្ឌិត សុខរង្សី បន្ថែមថា៖ មិនតែប៉ុណ្ណោះជំងឺធ្លាក់ស វាក៏អាចបង្កឡើងពីពួកបាក់តេរី (Vaginosis) ហើយច្រើនកើតលើស្រី្តមានផ្ទៃពោះ និងនារីមានដៃគូរួមភេទច្រើន។  ការប្រើថ្នាំផ្សះ និងថ្នាំពន្យាកំណើតច្រើន ក៏ជាហេតុធ្វើឲ្យមានជំងឺធ្លាក់សដែរ។ មួយទៀតនារីមានជំងឺទឹកនោមផ្អែម ជំងឺនៅក្នុងអាងត្រគាក ជំងឺមហារីកមាត់ស្បូន និងអំឡុងពេលស្រ្តីអស់រដូវ ក៏បណ្តាលឲ្យធ្លាក់សផងដែរ ហើយអនាម័យក្នុងការរស់នៅក៏ជាកត្តារួមផ្សំផងដែរ។
សូមជម្រាបជូនថា “ជំងឺធ្លាក់សភាគច្រើន គឺបណ្តាលមកពី  ប៉ារ៉ាស៊ីត (Trichomoniasis) ផ្សិត (Camdida albican) និងមកពីមីក្រុបប្រមេះ (Gonocoque) ដែលស្រ្តីច្រើនទទួលពីបុរសតាមរយៈការរួមភេទជាដើម”។ នេះបើតាមសៀវភៅតម្រាប្រចាំខែសម្រាប់នារី ចងក្រងនិងរៀបរៀងដោយ លី ថៃលី។
សូមបញ្ជាក់ថា បច្ចុប្បន្នជំងឺធ្លាក់សនេះពុំទាន់មានថ្នាំបង្ការឬការពារនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ស្រ្តីនៅតែអាចចៀសវាងពីជំងឺនេះបានដែរ  គឺកត្តាអនាម័យសុខភាពឲ្យបានត្រឹមត្រូវ និងស្អាតជានិច្ច។ ជាឧទារហណ៍ នារីទាំងអស់ត្រូវលាងសម្អាតទ្វារមាសឲ្យបានល្អស្អាតជាប្រចាំជាមួយសាប៊ូ  ឬជាមួយទឹកក្តៅឧណ្ហៗដោយដុសលាងថ្នមៗ។ ពិសេសត្រូវលាងសម្អាតមុនរួមភេទ ក្រោយរួមភេទ  ក្រោយបត់ជើងតូច និងក្រោយបន្ទោបង់រួច វេលានេះ នារីត្រូវចេះអំពីរបៀបលាងនិងជូតសម្អាតឲ្យបានត្រឹមត្រូវបំផុត។ ដោយលាង និងជូតសម្អាតពីមុខទៅក្រោយ ទោះបីងូតទឹកក៏ត្រូវធ្វើបែបនេះដែរ គឺដើម្បីបង្ការមេរោគដែលចេញពីគូថចូលទៅក្នុងទ្វារមាស។ប៉ុន្តែ គួរចាំថា មិនត្រូវលាងសម្អាតជាមួយនឹងសាប៊ូដែលមានសារធាតុទឹកអប់ ឬទឹកក្តៅខ្លាំងពេកនោះទេ។ សូម្បីតែប្រើស្ប៉ាយបាញ់ចូលក្នុងទ្វារមាស ឬប្រើរបស់អ្វីដែលមានពពុះច្រើន ក៏ពុំគួរប្រើដែរ។ ម្យ៉ាងទៀតពុំគួរប្រើថ្នាំផ្សះ និងថ្នាំពន្យាកំណើតច្រើនពេកដែរ ហើយ នារីក៏គប្បីស្លៀកខោណាដែលរលុងទន់ៗ ដោយចៀសវាងស្លៀករឹបពេលមករដូវ ឬធ្លាក់សធម្មតា។
សូមស្ត្រីគ្រប់រូបចងចាំថា បើសង្កេតឃើញមានធ្លាក់សខុសប្រក្រតី ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹងពេទ្យជំនាញ ដើម្បីងាយស្រួយនឹងព្យាបាលបានទាន់ពេលវេលា។
ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមជម្រាបថា សព្វថ្ងៃលោកវេជ្ជបណ្ឌិត និន សុខរង្សី កំពុងតែប្រើការងារជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស  ម៉េងលី ជេ. គួច ដែលលោកធ្លាប់មានបទពិសោធ   ការងារជាង២០ឆ្នាំ កន្លងមកហើយជាមួយនឹងបណ្តាលមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនមួយចំនួន។ រួមមានមន្ទីរពេទ្យចិន មន្ទីរពេទ្យព្រះសីហនុ និងគ្លីនិកអន្តរជាតិSOS ជាដើម។ វេជ្ជបណ្ឌិតរូបនេះ បានបញ្ចប់ថ្នាក់ត្រៀមផ្នែកវេជ្ជសាស្រ្ត នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយលោកបានទទួលសញ្ញាបត្រ វេជ្ជបណ្ឌិត វេជ្ជសាស្រ្តទូទៅ និងឯកទេសជំងឺកុមារ និងសញ្ញាបត្រផ្នែកសម្ភពនិងរោគស្រ្តី ពីវិទ្យាស្ថានវេជ្ជសាស្រ្ត ឯកទេសជំងឺទូទៅ និងកុមារ នៃប្រទេស រុស្សី៕

ចំណាប់អារម្មណ៍យុវជនចំពោះសៀវភៅទស្សនៈអាជីវកម្ម គួច ម៉េងលី

ចំណាប់អារម្មណ៍យុវជនចំពោះសៀវភៅទស្សនៈអាជីវកម្ម គួច ម៉េងលី


អត្ថបទ៖ តន វិបុល

%e1%9f%a4
សៀវភៅ “ទស្សនៈអាជីវកម្ម” ដែលសរសេរដោយជនជាតិខ្មែរដំបូង ហាក់កំពុងពេញនិយមជាខ្លាំងចំពោះសាធារណជន និងពិសេសចំពោះយុវជនខ្មែរសម័យទំនើបនេះតែម្តង។ សន្ទុះនៃការពេញនិយមអានសៀវភៅនេះ កើតចេញពីចំណង់ចំណូលចិត្តរបស់អ្នកអានផ្ទាល់។ មែនទែនទៅ សន្ទុះនៃការចាប់អារម្មណ៍អានសៀវភៅនេះ គឺកើតមានឡើងបន្ទាប់ពីធុរជនជោគជ័យ និងជាអាជីវករឆ្នើមកម្ពុជាប្រចាំឆ្នាំ២០១៥ និង ២០១៦ បានបោះពុម្ព និងសម្ពោធសៀវភៅខ្លួនដាក់លក់នៅលើទីផ្សារកម្ពុជា។ ប៉ុន្តែអ្វីដែលរឹតតែគួរឱ្យកត់សម្គាល់នោះ គឺនៅមួយរយៈពេលចុងក្រោយនេះ ឱ្យតែសិក្ខាសាលាណាមានដាក់លក់សៀវភៅទស្សនៈអាជីវកម្មនេះ គឺមានមនុស្សមិនតិចនាក់នោះទេ បានឈរប្រជៀតគ្នាទិញយកទៅអាន។
និស្សិតមកពីសាកលវិទ្យាល័យន័រតុនម្នាក់បានសរសើរ និងឱ្យតម្លៃទៅលើសៀវភៅទស្សនៈអាជីវកម្មរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលខ្លួនទើបតែនឹងទិញពីក្រុមយុវជន Daily Plus បានដាក់លក់នៅមុខបន្ទាប់សិក្ខាសាលាមួយស្តីពី “គន្លឹះក្នុងការបង្កើនគុណភាពជីវិត” ដែលរៀបចំដោយ បណ្តាញយុវជនដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) កាលពីសប្តាហ៍មុន នោះគឺ កញ្ញា តាំង វួចណៃ បានថ្លែងដោយទឹកមុខរីករាយថា ថ្វីដ្បិតតែខ្លួនមិនទាន់បានអានស៊ីជម្រៅ ប៉ុន្តែតាមរយៈមាតិកាសៀវភៅនោះ បានធ្វើឱ្យកញ្ញាចាប់អារម្មណ៍ចង់ទិញយកទៅអាន។ ទិញយកទៅអាន ក៏ព្រោះតែកញ្ញាយល់ថា អត្ថន័យនៅក្នុងសៀវភៅនេះមានទស្សនៈល្អៗទាក់ទងទៅនឹងគំនិតអប់រំខាងផ្នែកជំនួញច្រើន។ និស្សិតឆ្នាំទី៣រូបនេះបន្តដោយសម្តីលះៗថា ក្នុងចំណោមមាតិកាទាំងអស់នោះ មានមាតិកាមួយដែលខ្លួនចាប់អារម្មណ៍ចង់អានជាងគេ នោះគឺ “គន្លឹះនៃការគ្រប់គ្រងបុគ្គលិក”។ ចាប់អារម្មណ៍ក៏ព្រោះតែកញ្ញាមានបំណងចង់ធ្វើអាជីវកម្មដែរ ហើយម្យ៉ាងការគ្រប់គ្រងបុគ្គលិក ក៏ជាចំណុចសំខាន់មួយដែលអ្នកជំនួញគ្រប់រូបមិនគួរមើលរំលង។
សូមជម្រាបជូនថា តាមរយៈការវាយតម្លៃភិនភាគខាងក្រៅនៃសៀវភៅនេះ និស្សិតផ្នែកឱសថសាស្រ្តឆ្នាំទី៤ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាន ម៉េងលី យល់ថា រចនាបថក្របសៀវភៅទស្សនៈអាជីវកម្មរបស់ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានលក្ខណៈសាមញ្ញ ពោលគឺគ្មានភាពសាំញ៉ាំដូចទៅនឹងសៀវភៅដទៃៗទៀតឡើយ។ ទំនងជាលក្ខណៈសាមញ្ញនៃរចនាបថក្របសៀវភៅនេះហើយមើលទៅ បានជាទាក់ទាញចំណាប់អារម្មណ៍អ្នកអានឱ្យមកទិញស្ទើរមិនដាច់បែបនេះ។ និស្សិតឱសថសាស្រ្តឆ្នាំទី៤ ផ្នែកពិសោធរូបនេះ និយាយព្រមទាំងលើកដៃចង្អុលបង្ហាញផងថា ការណ៍រចនាក្របសៀវភៅបែបនេះមានលក្ខណៈប្រសើរមួយអន្លើហើយ ប៉ុន្តែអ្វីដែលយុវជននេះចាប់អារម្មណ៍នោះ គឺផ្តោតសំខាន់ទៅលើទឹកមុខមាំពោរពេញដោយភាពជឿជាក់របស់លោក គួច ម៉េងលី កំពុងកាន់ប៉េងប៉ោងឯណោះទៅវិញទេ។
គួររម្លឹកជូនថា ក្រោយពីបានបោះពុម្ព និងសម្ពោធដាក់លក់សៀវភៅទស្សនៈអាជីវកម្ម គួច ម៉េងលី ជាសាធារណៈកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ រហូតមកទល់នឹងពេលនេះ សៀវភៅដែលប្រសូត្រចេញពីបទពិសោធជោគជ័យរបស់សហគ្រិនខ្មែរនោះ លក់អស់ជិត២ម៉ឺនក្បាលហើយ។ មែនទែនទៅ ក្រៅតែពីសៀវភៅទស្សនៈអាជីវកម្ម ក៏នៅមានសៀវភៅរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បីចំណងជើងផ្សេងទៀតផងដែរ ដែលបានដាក់លក់នៅលើទីផ្សារកម្ពុជា៕

គួច​ ​ម៉េងលី​៖​ ​វិនិយោគ​ទៅ​លើ​យុវជន​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ដែរ​​

គួច​ ​ម៉េងលី​៖​ ​វិនិយោគ​ទៅ​លើ​យុវជន​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ដែរ​​


អត្ថបទ៖ តន វិបុល

img_0835

“បច្ចុប្បន្នភាព​ ​យើង​គួរ​តែ​បើក​ចំហ​បេះដូង​វិនិយោគ​ទៅ​លើ​យុវជន​ខ្មែរ​ ​តែ​ក៏​មិន​ត្រូវ​បោះបង់​ចាស់​ជរា​ចោល​ដែរ​ ព្រោះ​ពួក​គាត់​ជា​អ្នក​ក​វែក​ក​ឆ្នាំ​ ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឲ្យ​យើង​ដើរ​ ​ហើយ​ក៏​ជា​អ្នក​កសាង​ជាតិ​មុន​យើង​ផង​ដែរ”។​ ​នេះ​ជា​ការ​លើ​ឡើង​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួច​ ​ម៉េងលី​ ​ដែល​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ម៉េងលី​ ​ជេ.​ ​គួច​ ​អេឌ្យូខេសិន​ ដែល​បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​កន្លង​ទៅ​នេះ។​
គួរ​ជម្រាប​ជូន​ថា​ ​យុវជន​ ​ជា​សសរទ្រូងនៃប្រទេសជាតិ តែ​បើ​យុវជន​កម្ពុជា​គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ទៅ​លើ​ចំណេះ​ជំនាញ​ពួក​គេ​ផង​ ​នោះ​សហគ្រាស​ទាំងអស់​មិន​ថា​ស្ថាប័នរដ្ឋ​ ​ឬ​ឯកជន​ឡើយ​ ​គឺ​ប្រាកដ​ជា​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​ឡើយ។​ កាល​ណា​ស្ថាប័ន​ទាំង​នេះ​គ្មាន​ភាព​ចម្រុង​ចម្រើន​ ​ប្រទេស​ជាតិ​ក៏​ជួប​បញ្ហា​តាម​នោះ​ដែរ។​ ​មែន​ទែន​ទៅ​ ការ​បើក​ចំហ​ចិត្ត​ទូលាយ​ទទួល​យក​ធនធាន​យុវជន​មក​អភិវឌ្ឍ​ ​គឺ​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​លូតលាស់​ ​និង​រឹង​ដៃ​រឹង​ជើង​ក្នុង​ការ​កសាង​សង្គម​ជាតិ​ឱ្យ​រឹងរឹត​តែ​រីក​ចម្រើន។​
ទោះជាយ៉ាងនេះក្តី លោកឧកញ៉ារូបនេះបន្ត​ថា​ ​នា​ពេល​នេះ​យុវជន​កម្ពុជា​កំពុង​ត្រូវ​ការ​យើង​ តែ​អនាគត​យើង​ត្រូវ​ការ​យុវជន​ច្រើន​ជាង​យុវជន​ច្រើន​ការ​យើង។​ ​តាម​ន័យ​នេះ​ ​បើ​យើង​ចំ​ហ​ចិត្ត​ទទួល​យក​ធនធាន​យុវជន​មក​អភិវឌ្ឍ​ហើយ​ ​ក៏​មិន​ត្រូវ​បំភ្លេច​ចោល​ ឬ​មើល​រំលង​ចាស់​រាជ​ចោល​ដែរ។​ ​ព្រោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​បើ​គ្មាន​ពួក​គាត់​ជា​មនុស្ស​ចាស់​នេះ​ទេ​ ​ប្រទេស​ជាតិ​ក៏​មិន​កកើត​បាន​ប៉ុណ្ណឹង​ដែរ។​ មនុស្ស​ចាស់​ទាំងអស់​នោះ​ ​គឺ​ជា​បុគ្គល​ដែល​បាន​ហែល​កាត់​សង្គ្រាម​យ៉ាង​វេទនា​បំផុត។​ ​ក្នុង​នោះ​រួម​មាន​បញ្ញា​ជន​ ​សាស្រ្តាចារ្យ និង​ពលរដ្ឋ​គ្រប់​រូប​បាន​ទទូច​តស៊ូ​ក្នុង​ការ​កសាង​ជាតិ​ ​ទោះ​ជា​លំបាក​វេទនា​យ៉ាង​ក្តី​ ​ក៏​ពួក​គាត់​នៅ​តែ​ក្រាញ​ននៀល​ដោយ​ឥត​រួញរា​ឡើយ​ ដើម្បី​ជួយ​កសាង​សង្គម​ជាតិ​ ​ពី​មួយ​សម័យ​ទៅ​មួយ​សម័យ​យ៉ាង​ជូរ​ចត់​បំផុត។​ ​តាម​រយៈ​ការ​ឆ្លង​កាត់​នេះ​ មាន​អ្នក​ពលី​ដើម្បី​ប្រទេស​ជាតិ​ក៏​មិន​តិច​នាក់​ដែរ​ ​ហើយ​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​ព្រាត់​ប្រាស់​ប្រពន្ធ​កូន​ ​រស់​នៅ​រសាត់​អណ្តែត​ ​បាត់បង់​ទ្រនំ ​គ្មាន​អាហារ​ ​គ្មាន​ភាព​កក់ក្តៅ​ និង​គ្មាន​អ្នក​ថែ​រក្សា​រហូត​មក​ទាល់​នឹង​បច្ចុប្បន្ន​ ​ធ្វើ​ឱ្យ​ពួក​គាត់​បាក់​ទឹក​ចិត្ត​លែង​ចង់​រស់​នៅ​ក្នុង​សង្គម​នេះ​ត​ទៅ​ទៀត។​
នេះជាអ្វីដែលគួរឲ្យសោកសង្រេងបំផុតសម្រាប់ពលរដ្ឋខ្មែរ ដែលមិន​គួរ​មើល​រំលង​ពួក​គាត់​ទាល់​តែ​សោះ។​ ​ដូច្នេះ​យើង​ត្រូវ​មាន​មេត្តា​ និង​ព្យាយាម​រក​វិធី​វិនិយោគ​លើ​យុវជន​កម្ពុជា​ ​ហើយ​គាំពា​ចាស់​ជរា​ទាំងអស់គ្នា។​ ​ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​យុវជន​ខ្មែរ​ផង​ ​និង​ជួយ​ថែ​រក្សា​ចាស់ៗ​ជរា​ដែល​ជា​ដូនតា​ខ្មែរ​ឱ្យ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ជីវិត​ផង​ដែរ៕​

លោក កែវ ឡង់ឌី៖ ដើម្បីក្លាយជាអ្នកដឹកនាំល្អ គឺអាស្រ័យទៅលើធាតុរួមផ្សំ

លោក កែវ ឡង់ឌី៖ ដើម្បីក្លាយជាអ្នកដឹកនាំល្អ គឺអាស្រ័យទៅលើធាតុរួមផ្សំ


អត្ថបទ៖ តន វិបុល

1

“ដើម្បីក្លាយជាអ្នកដឹកនាំល្អ មិនត្រូវមានត្រឹមតែចំណេះ ជំនាញ និងបទពិសោធ​ច្រើន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ត្រូវ​មាន​ធាតុផ្សំ​ច្រើន​រួម​បន្ថែម​ទៀត​ផង​ដែរ។ ​ក្នុងនោះ​​រួម​មាន​ទាំង​សមត្ថភាព​ ចរិយាមារយាទ​ ចរិត​លក្ខណៈ ​សច្ចៈធម៌​ និង​ជំនាញ​ទន់​ជាដើម។​ ជំនាញ​ទ​ន់​ គឺជា​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ រួសរាយ​ រាក់ទាក់​ សម្តី​ទន់ភ្លន់​ និង​ចេះ​បទ​បែន​តាម​កាលៈទេសៈ​ ហើយ​គ្រឿង​អាស្រ័យ​ទាំង​នេះ​នឹង​រុញ​ច្រាន​អ្នក​ឱ្យ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំល្អ”។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ កែវ​ ឡង់ឌី​ ថ្លែង​ក្នុង​វេទិការ​ជជែក​ដេញ​ដោល​ពី​ភាព​ជា​អ្នក​ដឹក​នាំ ​ដែល​រៀប​ចំដោយ​មជ្ឈមណ្ឌល​រដ្ឋាលីដឌីង​ មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ និង​សមាគម​សហគ្រិន​ស្រី្ត​កម្ពុជា​ ព្រម​ទាំង​សហព័ន្ធ​ស្រ្តី​អ្នក​ជំនួញ​កម្ពុជា​ កាល​ពេល​ពី​កន្ល​ងទៅ ​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ ក្រោម​ប្រធានបទ​ “មនុស្ស​ដែល​មាន​ចំណេះ ​ជំនាញ​ និង​បទ​ពិសោធ​ច្រើន​ ទើប​អាច​ក្លាយ​ទៅជា​អ្នក​បន្ត​វេន​ល្អ”។​
សូមជម្រាបជូនថា បច្ចុប្បន្ន លោក កែវ ឡង់ឌី គឺជាអគ្គនាយកអប់រំ និងប្រធានទំនាក់ទំនងទូទៅ នៃក្រុមហ៊ុនម៉េងលី ជេ. គួច​ គ្រុប​ ហើយ​លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ និង​សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ផង​ដែរ។​
ថ្លែង​ក្នុងនាមជាវាគ្មិនខាងមតិផ្ទុយលើប្រធានបទនៃកិច្ចពិភាក្សា លោក កែវ ឡង់ឌី បន្តថា “ជោគ​ជ័យ​របស់​មនុស្ស​៨៥%​ គឺអាស្រ័យ​លើ​ជំនាញ​ទន់​ ហើ​យ១៥%​ទៀត​ គឺ​អាស្រ័យ​ទៅ​លើ​ជំនាញ​រឹង។​ បើ​ទោះជា​មាន​ជំនាញ​រឹង​និង​ជំនាញ​ទន់​ហើយ​ក្តី​ ក៏​នៅ​តែ​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ល្អ​បាន​ដែរ​ ប្រសិន​បើ​អ្នក​គ្មាន​បុគ្គលិក​លក្ខណៈ​ល្អ​ ព្រោះ​បុគ្គលិក​លក្ខណៈ​នេះ​ជា​គន្លឹះ​នាំ​ឱ្យ​គេ​គោរព​ឱ្យ​តម្លៃ​។ ផ្ទុយ​ទៅ​វិញ​ បើ​បុគ្គលិក​លក្ខណៈ​មិន​ល្អ​ នាំ​ឱ្យ​គេ​​ស្អប់​​ខ្ពើម​​ គេមិន​គោរព​កោត​ក្រែង​ ឬក៏​គ្រាន់​តែ​គោរព​ដោយសារ​តែ​តួនាទី ​ប៉ុណ្ណោះ។​​
ទោះជា​យ៉ាងណាក៏ដោយ ក៏វាគ្មិនខាងមតិផ្ទុយលើប្រធានបទនៃកិច្ចពិភាក្សារូបនេះ នៅតែ​បញ្ជាក់​ដដែល​ថា ​“ដើម្បី​ក្លាយជា​​អ្នក​​ដឹក​នាំ​​ល្អ​​ឱ្យ​​គេ​​គោរព​​ស្រឡាញ់​​ត្រូវ​មាន​ធាតុ​ផ្សំ​បី​ផ្សេង​ទៀត ដែលក្នុងនោះរួមមានអំណាចតួនាទី បើគ្មានតួនាទីប្រហែលទំនងជាគេមិនសូវគោរពអ្នកនោះទេ។ ទី២ គឺអំណាចសមត្ថភាព និងទី៣ គឺអំណាចដែលសំខាន់ជាងគេនោះ គឺអំណាចកប្បកិរិយា។ 
ជារួមមក យោងទៅលើធាតុរួមផ្សំដែលលោក កែវ ឡង់ឌី លើកឡើងទាំងប៉ុន្មានខាងលើ យើងអាច​និយាយ​បាន​ថា ​បុគ្គល​គ្រប់​រូប​គួរ​គប្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គល​ដែល​មាន​អំណាច​តួនាទី ​អំណាច​សមត្ថភាព​ និង​អំណាច​អាកប្បកិរិយា​ ព្រោះ​អំណាច​ទាំង​បី​ខាង​លើ​នេះគឺ​ជា​បច្ច័យ​ដែល​ដឹក​នាំ​បុគ្គល​គ្រប់​រូប​ឱ្យ​ក្លាយ​ជាអ្នក​ដឹកនាំ​ល្អ​ ប្រកប​ដោយ​គុណធម៌​ និង​អាច​បន្សល់​កេរ្តិ៍ឈ្មោះ​ល្អ​ប្រពៃ​សម្រាប់​មនុស្ស​ដែល​រស់​​នៅ​ជុំវិញ ​ក៏ដូច​ជា​ប្រជាជាតិ​ទាំងមូល​ជាក់​ជា​មិន​ខាន៕​

អ្នកស្រី ពៅ ផា៖ ទោះមានវិបត្តិធំប៉ុនណា ក៏ខ្ញុំមិនចុះញ៉មនឹងជីវិតដែរ

អ្នកស្រី ពៅ ផា៖ ទោះមានវិបត្តិធំប៉ុនណា ក៏ខ្ញុំមិនចុះញ៉មនឹងជីវិតដែរ


អត្ថបទ៖ តន វិបុល



ធ្លាក់ខ្លួនជាស្រ្តីមេម៉ាយដោយសាររស់នៅមិនចុះសម្រុងជាមួយនឹងស្វាមីដែលបានរៀបការប្រពន្ធថ្មី គឺជាទុក្ខមួយ​ដ៏​ធំ​ណាស់​ទៅ​ហើយ​ ហើយ​ទុក្ខ​មួយ​​ទៀត​គឺ​រក​វិធី​អប់រំ​កូន​យ៉ាង​ណា​ឱ្យ​ពួកគេ​ដើរ​តាម​គន្លង​ធម៌។ ​ចំពោះក្តី​ទុក្ខ​លំបាក​ទាំងពីរនេះរឹតតែធ្ងន់ធ្ងរថែមទៀត​ បើ​សិន​ជា​ធ្លាក់​ទៅ​លើ​គ្រួសារ​ណា​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង។​ ជាក់​ស្តែង​ដូចជា​ជីវិត​របស់​អ្នកស្រី​ ពៅ ​ផា ​បាន​បែក​បាក់​ជាមួយ​នឹង​ស្វាមី​ ហើយ​កូន​​ៗ​ក៏​រស់​នៅ​បែក​ខ្ញែក​គ្នា​ទៅ​តាម​នោះ​ដែរ។​ ដោយ​កូន​ស្រី​ម្នាក់​បានរស់នៅជាមួយអ្នកស្រីក្នុងដំណើរដុនដាបបំផុត​ និង​កូន​ប្រុស​បី​នាក់​ទៀត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រហូត​មក​ដល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ។​

ថ្វីដ្បិតតែអ្នកស្រី ពៅ ផា មានវិបត្តិផ្លូវចិត្ត និងគ្មានទ្រព្យសម្បត្តិអ្វីយកទៅចិញ្ចឹមជីវិត​ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ទទូច​តស៊ូ​ក្នុង​ជីវភាព​រស់​នៅ​ក្រ​លំ​​បាក​​ដើម្បី​ចិញ្ចឹម​កូន​ បើ​ទោះ​បី​ជា​អ្នក​ស្រី​មាន​ឈ្មោះជា​ស្រ្តី​មេម៉ាយ​ក្តី​ ក៏​មិន​ព្រម​ចុះ​ញ៉ម​ចំពោះសេចក្តីលំបាកទាំងនោះដែរ។ តែផ្ទុយមក​វិញ ​អ្នក​ស្រី​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ជីវិត​រស់​នៅ​រ​បស់​ខ្លួន​និង​កូន​ស្រី។​ ជា​ម្តាយ​ដែល​លះ​បង់​ដើម្បី​កូន​ អ្នកស្រី​ ពៅ ​ផា ​បានថ្លែង​ថា ​“បន្ទាប់​ពី​ខ្ញុំ​ចែក​ផ្លូវ​ជា​មួយ​នឹង​ស្វាមី​រួច​ហើយ​ ខ្ញុំ​​បាន​នាំ​កូន​ស្រី​ខ្ញុំ​ម្នាក់​ទៅ​រស់​នៅផ្ទះជួលមួយកន្លែងនៅ​ភ្នំពេញ​ ដោយ​ធ្វើ​ការ​ជា​កម្មការ​នី​​រោង​ចក្រ​ដើម្បី​យក​ប្រាក់​ទៅ​ចិញ្ចឹម​ជីវិត​និង​ផ្គត់​ផ្គង់​ទៅ​លើ​ការ​សិក្សា​របស់កូន”។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ ក៏ជីវភាព​រស់នៅ​របស់​កម្មការ​នី​រោងចក្រ​រូប​នេះ​កាន់​តែ​លិច​លង់​ទៅៗ ​ខណៈ​ដែល​រោងច​ក្រ​មួយ​នេះ​បាន​បិទ​ទ្វារ​ទៅវិញ។​

សូមជម្រាបជូនថា ក្រោយពីរោងចក្របិទទ្វារ គាត់បានចាប់ផ្តើមជីវិតថ្មីដោយធ្វើការ ​ជាអ្នក​បោស​សម្អាត​នៅ​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ល្បីល្បាញ​មួយ​កន្លែង​ គឺ​នៅ​សាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង។​ ដោយ​ក្នុង​ដៃ​កាន់​អំបោស​ឱន​ងើបៗ​ អម​ដោយ​កាយ​វិការ​រស់​រវើក​ទៅមុខ​ ថយ​ក្រោយ​ និង​ទៅ​ឆ្វេង​ មក​ស្តាំ ​ពៅ ​ផា ​បាន​ចូល​បម្រើ​ការងារ​ ជា​អ្នក​អនាម័យ​ជាង​៣ឆ្នាំ​មក​ហើយ។​ ស្ត្រីមេម៉ាយរូបនេះនិយាយថា​ ការងារ​ជា​អ្នក​បោស​សម្អាត​នេះ ​គឺជា​ឆ្នាំង​បាយ​ចុង​ក្រោយ​របស់​គាត់​ហើយ។​ ថ្វី​​បើ​ធ្វើ​ការ​នៅ​ទី​នេះ​មិន​សូវ​លំបាក​ និង​គ្មាន​សម្ពាធ​ផ្លូវចិត្​តក៏​ដោយ​ចុះ ​ក៏ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មក​នេះ ​គាត់​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​ដើម្បី​យក​ប្រាក់​ទៅ​ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​ជាច្រើន​ ទៅ​លើ​ការ​ហូប​ចុក ទឹកភ្លើង​ និង​ការ​ចំណាយ​ទៅ​លើ​សិក្សា​របស់​កូន​ស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ។​

ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះនិយាយបន្តទាំងអួលដើមកថា ដោយសារតែគ្មានចំណេះដឹងទើបបានជាអ្នក​ស្រី​ធ្លាក់​ខ្លួន​បែប​នេះ។​ ក៏ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​ការ​លះបង់​ខ្ពស់​ដើម្បី​កូន។​ ការណ៍​លះ​បង់​កម្លាំង​ក្លាយ​ចិត្ត​ និងននៀលតស៊ូរបស់គាត់ គឺធ្វើដើម្បី​កូន​ ហើយ​គាត់​មិន​បាន​រំពឹង​ថា ​នឹង​មាន​ការ​តប​ស្នង​មក​វិញ​ពី​កូន​នោះទេ។​ គ្រាន់តែសង្ឃឹមថា​ ថ្ងៃ​ណា​មួយ​កូន​របស់​ខ្លួន​នឹង​មាន​ការងារ​សមរម្យ​សម្រាប់​ខ្លួន​ឯង​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ទៅ។​ ប្រហែល​មក​ពី​ក្តី​រំពឹង​ទៅ​លើ​កូន​ស្រី​នៅ​ថ្ងៃ​អនាគត​នេះ​ហើយ​ បាន​ជា​ជំរុញ​ឱ្យ​ស្រ្តី​មេម៉ាយ​រូប​នេះ​​ក្លាយ​ជា​មនុស្ស​មា្នក់​មាន​ភាព​រឹង​ពឹង​ខំប្រឹង​ធ្វើ​ការងារ​ដែល​មនុស្ស​មួយ​ចំនួន​មិន​សូវ​ឱ្យ​តម្លៃ។​
គួរបញ្ជាក់ជូនថា ស្រ្តីគឺជាកម្លាំងដ៏មានសក្តានុពលបំផុតក្នុងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ជាតិ។ មែនទែនទៅ ករណី​ដូច​ជា​អ្នកស្រី​ ពៅ ​ផា ​អាច​បណ្តាល​មក​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ករណី​ទាំងនេះ​មិន​គួរ​សង្គម​ព្រងើយ​កន្តើយ​ចំពោះ​វិបត្តិ​នេះ​នោះទេ៕​