តម្លៃដើមឈូកខ្មែរ

តម្លៃដើមឈូកខ្មែរ



ដោយ តន វិបុល

ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធសឹងតែស្គាល់អំពី​ឈូកតាមរយៈផលប្រយោជន៍ផ្សេងៗរបស់វា។ ឈូក គឺជាវារីជាតិមួយប្រភេទដែលដើម រឹងមានបន្លាដុះចេញពីភក់ក្នុងស្រះ ត្រពាំង បឹងបួរ និងស្រែលិចទឹកដែលមានជម្រៅជ្រៅល្មមអាចនឹងរស់។  ថ្លែងពីប្រវត្តិរបស់វាមាន ដើមកំណើតនិងដុះពាសពេញតំបន់មជ្ឈឹមបូព៌ា អាស៊ី អូស្រ្តាលី និងប៉ាពូអាស៊ីនូវែលហ្គឺណេ។ ដោយឡែក វាក៏បានបង្ហាញខ្លួននៅក្នុង ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ ដែលបានបញ្ជាក់ប្រាប់ដោយសិលាប្រាសាទខ្មែរនានា។ ជាក់ស្តែង នៅក្នុងព្រហ្មញ្ញ សាសនាថា ផ្កាឈូកត្រូវបានដុះចេញពីផ្ចិតព្រះវិស្ណុក្លាយទៅជាបល្ល័ង្ក។ រីឯក្នុងព្រះពុទ្ធសាសនាបានបញ្ជាក់ថា ព្រះពុទ្ធប្រសូត្រមកភ្លាម យាងបាន៧ជំហានដោយមានផ្កាឈូកផុសចេញមកទ្រព្រះបាទា។ ក្រៅពីផ្កាឈូកដែលមានវត្តមាននៅក្នុងសាសនា និងចម្លាក់នៅតាម ជញ្ចាំងប្រាសាទទាំងនោះ ឈូកក៏មានទំនាក់ទំនងនៅក្នុងរឿងព្រេងខ្មែរគួរឲ្យកត់សម្គាល់ផងដែរ។

បើនិយាយពីផលប្រយោជន៍របស់វាវិញនោះ តាំងពីបុរាណរហូតមកទាល់នឹងបច្ចុប្បន្ននេះ ឈូកដើរតួយ៉ាងសំខាន់ក្នុងសង្គម ខ្មែរ។ សំខាន់ដោយហេតុថា សរីរាង្គឈូកទាំងអស់នោះសុទ្ធសឹងជាគុណប្រយោជន៍សម្រាប់មនុស្សទាំងឡាយ។ តួយ៉ាងពលរដ្ឋខ្មែរ មានទំនៀម និងជំនឿយ៉ាងមុតមាំថា ផ្កាឈូក គឺជាគ្រឿងសក្ការៈបូជាព្រះ ព្រោះវាជានិមិត្តិរូបតំណាងឲ្យភាពបរិសុទ្ធ ហើយវាបានចាក់ ឫសចាក់យ៉ាងជ្រៅទៅក្នុងឧត្តមគតិខ្មែរដែលមិនអាចកាត់ផ្តាច់បាន។ ផ្កាឈូកទាំងនោះទៀតសោត ត្រូវបានគេយកទៅកែច្នៃចេញទឹកអប់ ឈូក តែឈូក និងកាហ្វេឈូកផង។ ចំណែកឫស (ក្រអៅ) និងមើលរបស់វាអាចយកទៅធ្វើជាបន្លែតាមតម្រូវការ ពិសេសនោះ អាច យកទៅធ្វើជាដំណាប់ ឬកិនជាម្សៅទុកធ្វើបង្អែម និងឆុងនឹងទឹកក្តៅពិសារក៏បាន។  ចំពោះផ្លែឈូកអាចប្រើជាអាហារតាមខ្ចីតាមចាស់ ជាឧទាហរណ៍ ផ្លែខ្ចីហូបឆៅ ឬយកទៅធ្វើជាបង្អែម លុះទុំអាចធ្វើជាគ្រលីងឈូក និងដំណាប់គ្រាប់ឈូកបានទៀតផង។ លើសពីនេះ ឈូកត្រូវបានគេច្នៃជាវត្ថុអនុស្សាវរីយ៍សម្រាប់ពាក់លម្អខ្លួនផងក៏មាន។  មិនតែប៉ុណ្ណោះ អ្វីដែលនឹកស្មានមិនដល់នោះ គឺបច្ចុប្បន្ននេះ អង្គការសមធម៌មួយនៅខេត្តសៀមរាបបានផលិតក្រណាត់ចេញពីដើមឈូក (សរសៃឈូក)។ ដើមឈូកបានផ្តល់សរសៃអំបោះ ធម្មជាតិល្អជាងអំបោះ កប្បាស ហើយក្រណាត់ដែលត្បាញចេញពីសរសៃអំបោះឈូកអស់ទាំងនោះ មានតម្លៃ៣៥០ដុល្លាក្នុងមួយម៉ែត្រ គឺជាក្រណាត់ដែលថ្លៃជាងគេបំផុតលើពិភពលោក។ សម្លៀកបំពាក់ដែលកាត់ចេញពីក្រណាត់ឈូកមួយសម្រាប់ មានតម្លៃ៥,០០០ ដុល្លារ [1]។ នេះបើតាមព័ត៌ មានវីអូអេ​ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ។ ក្រៅពីនេះ ឈូកត្រូវបានគេ ដាំលម្អក្នុងស្រះតាមសួន តាមវត្តអារាម តាមសណ្ឋាគារ និងពាសពេញទឹកដីសុវណ្ណភូមិ។

សូមជម្រាបជូនដែរថា ដោយមានការរាប់អានយ៉ាងស្និទ្ធស្នាលពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈតាំងពីដើមរៀងមក ព្រម ទាំងអត្ថប្រយោជន៍របសវាផងនោះ ឈូកបានក្លាយជាដំណាំ និងការងារបន្ទាប់បន្សំក្នុងការជួយសម្រួលជីវភាពរបស់ប្រជាកសិករខ្មែរមួយ ភាគផងដែរ។ ទោះបីជាពេលនេះ យើងបានយល់បានស្គាល់ពីតម្លៃឈូកហើយក៏ដោយ អំណឹះតទៅយើងគួរគប្បីដាំដំណាំឈូក នេះឲ្យបានច្រើនប្រសើរជាជាងឲ្យវាដុះឡើងដោយឯកឯង៕


No comments:

Post a Comment