យុវជនខ្មែរមានឆន្ទៈចូលរួមអភិវឌ្ឍវិស័យអប់រំកុមារ

យុវជនខ្មែរមានឆន្ទៈចូលរួមអភិវឌ្ឍវិស័យអប់រំកុមារ

អត្ថទប៖ តន វិបុល

យុវជនស្ម័គ្រចិត្តទាំងស្រីទាំងប្រុសប្រមាណជា៨ក្រុមបានចូលរួមធ្វើកិច្ចការជួយសង្គម ដោយចាប់បើកយុទ្ធនាការលក់​សំបុត្រ​នៃ ​​“កម្ម​វិធី​ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ​លើក​ទី៧”​ របស់​មូល​និធិ ​ម៉េងលី ​ជេ. ​គួច ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​កៀរ​គរ​ថវិកាយកទៅឧបត្ថម្ភលើ​គម្រោង​ “កង់១ ​ជីវិត១​ ចូល​រួម​លើក​ស្ទួយ​ការ​អប់រំ​កុមារ”។​


ទាក់ទិនអំពីកិច្ចការជួយសង្គមនេះ លី ហេងវឌ្ឍនា យុវសិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពូង និងជាសិស្ស​វិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិកាំង​ តំណាង​ប្រធាន​ក្រុម​ខ្លួន​បាន​ថ្លែង​ថា ​បុព្វហេតុ​ដែល​ជំរុញ​ឱ្យ​ក្រុម​ខ្លួន​ជួយ​កិច្ច​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ក៏​ព្រោះ​តែ​ពួកគេ​បាន​មើល​ឃើញ​ក្មេងៗ​គ្មាន​លទ្ធភាព​ជាច្រើន​នៅ​តាម​ជនបទ​ ត្រូវ​បង្ខំ​ចិត្ត​ដើរ​ទៅ​សាលា​រៀន​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ កាត់ក្រួស ​កាត់​ភក់​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​ពួកគេ​កំពុង​រស់​នៅ​ដោយ​លំបាក​លំបិន​បំផុត។​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​កុមារ​ទាំងនោះផង​ និង​មាន​ឆន្ទៈ​ចូល​រួម​អភិវឌ្ឍ​វិស័យ​អប់រំ​កុមារ​ដែល​ជា​ទំពាំង​ដ៏​ក្មេង​ខ្ចី​របស់​ខ្មែរ​ក្នុង​សង្គម​ជាតិ​ឱ្យ​រីក​ចម្រើន​ផង​ ទោះបី​ជា​មមាញឹកជាមួយនឹងកិច្ចការរៀនសូត្រ​ និង​ការងារ​យ៉ាង​ណា​ក៏​ដោយចុះ​ ក៏​យុវជន​ទាំង​នេះ​នៅ​តែ​ឆ្លៀត​យក​ពេល​ពី​ការ​សិក្សា​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចការសង្គមដែរ។​
យុវសិស្ស​ថ្នាក់ទី១០រូបនេះបន្តថា មែនទែនទៅ កិច្ចការជួយសង្គមដោយស្ម័គ្រចិត្ត មិនត្រឹមជួយប្រទេសឱ្យរីក​ចម្រើន​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​ទទួល​បាន​បទពិសោធ​ពី​កិច្ច​ការ​ទាំង​អស់​នោះ​បាន​យ៉ាង​ល្អ​ ដែល​យុវជន​មួយ​ចំនួន​ពុំ​បាន​ចាប់​អារម្មណ៍​ថា ​បទ​ពិសោធ​ទាំង​នេះ​នឹង​ជួយ​អភិវឌ្ឍ​ជីវិត​យើង​ឱ្យ​មាន​ការ​រីក​ចម្រើន​ដោយ​ឥតដឹង​ខ្លួន​ទៀត​ផង។ បើ​ទោះ​ជា​យ៉ាង​នេះក្តី​ យុវជន​តែង​តែ​មាន​សកម្មភាព​ជាមួយ​នឹង​កិច្ច​ការ​សង្គម​រូប​នេះ​ នៅ​តែ​ទទូច​អំពាវ​នាវ​ដល់​សាធារណជន​ និង​បណ្តា​សហគ្រាស​ទាំង​ឡាយ ​មេត្តា​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លើក​ស្ទួយ​ការ​អប់រំ​កុមារ​ក្រីក្រ​កម្ពុជា ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​រៀន​សូត្រ​ ព្រោះ​ថា​កុមារ​ដែល​ទទួល​បាន​ការ​អប់រំ​ គឺ​ជា​កុមារ​ល្អ​ កុមារ​ល្អ​នឹង​ក្លាយ​ជា​យុវជន​ល្អ​ ហើយ​បើ​យុវជន​ល្អ​ នោះនឹងនាំ​ឱ្យ​សង្គម​ និង​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​មិន​ខាន។​
សូមចូលរួមទិញសំបុត្រទាំងអស់គ្នា ព្រោះថាបើលោកអ្នកទិញ៧សំបុត្រ មានន័យ​ថា​ លោក​​អ្នក​បាន​ជួយ​សម្រេច​ក្តី​សុបិន​កុមារ​កម្ពុជា​ម្នាក់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ហើយ។​
គួរជម្រាបជូនថា កម្មវិធីសម្តែងទេពកោសល្យដើម្បីជំនួយឧបត្ថម្ភ លើកទី៧ របស់មូលនិធិ ម៉េងលី ជេ. គួច នឹងរៀបចំធ្វើ​ឡើង​ នៅថ្ងៃ​ទី១២​ ខែមីនា ​ឆ្នាំ២០១៧ ​ខាង​មុខ​នេះ ​ដែល​កម្ម​វិធីនេះ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​២រសៀល​ដល់​ម៉ោង​៦ល្ងាច​ នៅសាល​សហសិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។​ កម្មវិធី​ដ៏វិសេស​នេះ ​នឹង​មាន​ការ​ចូលរួម​រៀប​ចំ ​និង​សម្តែង​ទេពកោសល្យ​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​សិស្ស​និស្សិត​គ្រប់​មជ្ឈដ្ឋាន ​ក្នុង​នោះ​រួម​មាន​ក្រុម​សម្តែង​គុន​ល្បុក្កតោ​អាជីព​ក្នុង​ភាព​យន្ត​រឿង​ការ​ពារ​ឧក្រិដ្ឋជន​ផងដែរ​ ហើយ​តាមរយៈ​ការ​ជួយ​ទិញ​សំបុត្រ​ទស្សនា​ការ​សម្តែង​ទេពកោសល្យ​របស់​អស់​លោក​អ្នក​ នឹងត្រូវ​ឧបត្ថម្ភ​ចូល​ក្នុង​គម្រោង ​“កង់១ ​ជីវិត១​ ចូល​រួម​លើក​ស្ទួយ​ការ​អប់រំ​កុមារ”​ ទាំង​អស់៕​

No comments:

Post a Comment