លោក កែវ ឡង់ឌី៖ ដើម្បីក្លាយជាអ្នកដឹកនាំល្អ គឺអាស្រ័យទៅលើធាតុរួមផ្សំ
អត្ថបទ៖ តន វិបុល

“ដើម្បីក្លាយជាអ្នកដឹកនាំល្អ មិនត្រូវមានត្រឹមតែចំណេះ ជំនាញ និងបទពិសោធច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានធាតុផ្សំច្រើនរួមបន្ថែមទៀតផងដែរ។ ក្នុងនោះរួមមានទាំងសមត្ថភាព ចរិយាមារយាទ ចរិតលក្ខណៈ សច្ចៈធម៌ និងជំនាញទន់ជាដើម។ ជំនាញទន់ គឺជាភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទង រួសរាយ រាក់ទាក់ សម្តីទន់ភ្លន់ និងចេះបទបែនតាមកាលៈទេសៈ ហើយគ្រឿងអាស្រ័យទាំងនេះនឹងរុញច្រានអ្នកឱ្យក្លាយទៅជាអ្នកដឹកនាំល្អ”។ នេះបើតាមការអះអាងរបស់លោក កែវ ឡង់ឌី ថ្លែងក្នុងវេទិការជជែកដេញដោលពីភាពជាអ្នកដឹកនាំ ដែលរៀបចំដោយមជ្ឈមណ្ឌលរដ្ឋាលីដឌីង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនស្រី្តកម្ពុជា ព្រមទាំងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា កាលពេលពីកន្លងទៅ នៅក្នុងទីតាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមប្រធានបទ “មនុស្សដែលមានចំណេះ ជំនាញ និងបទពិសោធច្រើន ទើបអាចក្លាយទៅជាអ្នកបន្តវេនល្អ”។
សូមជម្រាបជូនថា បច្ចុប្បន្ន លោក កែវ ឡង់ឌី គឺជាអគ្គនាយកអប់រំ និងប្រធានទំនាក់ទំនងទូទៅ នៃក្រុមហ៊ុនម៉េងលី ជេ. គួច គ្រុប ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសេដ្ឋកិច្ចកម្ពុជា និងសមាគមគ្រឹះស្ថានឧត្ដមសិក្សាផងដែរ។
ថ្លែងក្នុងនាមជាវាគ្មិនខាងមតិផ្ទុយលើប្រធានបទនៃកិច្ចពិភាក្សា លោក កែវ ឡង់ឌី បន្តថា “ជោគជ័យរបស់មនុស្ស៨៥% គឺអាស្រ័យលើជំនាញទន់ ហើយ១៥%ទៀត គឺអាស្រ័យទៅលើជំនាញរឹង។ បើទោះជាមានជំនាញរឹងនិងជំនាញទន់ហើយក្តី ក៏នៅតែមិនអាចក្លាយទៅជាអ្នកដឹកនាំល្អបានដែរ ប្រសិនបើអ្នកគ្មានបុគ្គលិកលក្ខណៈល្អ ព្រោះបុគ្គលិកលក្ខណៈនេះជាគន្លឹះនាំឱ្យគេគោរពឱ្យតម្លៃ។ ផ្ទុយទៅវិញ បើបុគ្គលិកលក្ខណៈមិនល្អ នាំឱ្យគេស្អប់ខ្ពើម គេមិនគោរពកោតក្រែង ឬក៏គ្រាន់តែគោរពដោយសារតែតួនាទី ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏វាគ្មិនខាងមតិផ្ទុយលើប្រធានបទនៃកិច្ចពិភាក្សារូបនេះ នៅតែបញ្ជាក់ដដែលថា “ដើម្បីក្លាយជាអ្នកដឹកនាំល្អឱ្យគេគោរពស្រឡាញ់ត្រូវមានធាតុផ្សំបីផ្សេងទៀត ដែលក្នុងនោះរួមមានអំណាចតួនាទី បើគ្មានតួនាទីប្រហែលទំនងជាគេមិនសូវគោរពអ្នកនោះទេ។ ទី២ គឺអំណាចសមត្ថភាព និងទី៣ គឺអំណាចដែលសំខាន់ជាងគេនោះ គឺអំណាចកប្បកិរិយា។
ជារួមមក យោងទៅលើធាតុរួមផ្សំដែលលោក កែវ ឡង់ឌី លើកឡើងទាំងប៉ុន្មានខាងលើ យើងអាចនិយាយបានថា បុគ្គលគ្រប់រូបគួរគប្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលដែលមានអំណាចតួនាទី អំណាចសមត្ថភាព និងអំណាចអាកប្បកិរិយា ព្រោះអំណាចទាំងបីខាងលើនេះគឺជាបច្ច័យដែលដឹកនាំបុគ្គលគ្រប់រូបឱ្យក្លាយជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និងអាចបន្សល់កេរ្តិ៍ឈ្មោះល្អប្រពៃសម្រាប់មនុស្សដែលរស់នៅជុំវិញ ក៏ដូចជាប្រជាជាតិទាំងមូលជាក់ជាមិនខាន៕
No comments:
Post a Comment