កញ្ញា
ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា
អត្ថបទ៖
តន វិបុល
ដោយផ្តើមចេញពីការស្រឡាញ់ភាសាបរទេស និងចង់ក្លាយជាអ្នកទំនាក់ទំនងទូតមួយរូប
គួបផ្សំនឹងទេពកោសល្យរបស់ខ្លួនផងនោះ កញ្ញា ឡេង គឹមទាង បានស្រវាស្រទេញសិក្សារៀនសូត្រភាសាបរទេសយ៉ាងហោចណាស់៧ភាសា រួមមានភាសាខ្មែរ
អង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន និងភាសាអាល្លឺម៉ង់ផងដែរ។ ហេតុតែចំណងចង់ក្លាយជាអ្នកទំនាក់ទំនងកាទូតដែលជាគោលបំណងច្បងក្នុងជីវិត
បានជំរុញទឹកចិត្តកញ្ញាឱ្យតស៊ូជម្នះរាល់ការលំបាកនានា
រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសម្តងបន្តិចៗដោយឥតដឹងខ្លួន។
ថ្វីបើអ្នកអាចនិយាយបានច្រើនភាសាពុំមែនជារឿងអស្ចារ្យសម្រាប់សាធារណៈជនទូទៅក៏ដោយចុះ
ក៏ប៉ុន្តែអ្វីដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍នោះគឺប្រវត្តិសិក្សាដ៏លំបាករបស់កញ្ញា
ឡេង គឹមទាង ឯណោះទៅវិញទេ។ មែនទែនទៅ ការសិក្សាត្រឹមតែមួយភាសាគឺវាពិបាកណាស់ទៅហើយ
ចុះទម្រាំងអ្នករៀនរហូតដល់ទៅ៧ភាសាលំបាកកម្រិតណាដែរ។ ទាក់ទិននឹងដំណើរសិក្សា
កញ្ញាចេះនិយាយច្រើនភាសារូបនេះ ថ្លែងដោយសម្តីត្អូញត្អែថា ការសិក្សាលើមុខវិជ្ជាណា
ក៏ដូចជាមុខវិជ្ជាណាដែរ គឺមិនស្រួលទេ ហើយប្រសិនបើប៉ះចំលើបុគ្គលណាដែលមានជីវភាពខ្សត់ខ្សោយ
និងគ្មានភាពតស៊ូក្នុងការស្វាធ្យាយសិក្សារៀនសូត្រផងនោះគឺស្ទើរតែមិនអាចទ្រាំបាន។
ប៉ុន្តែដោយសារតែការចង់ចេះភាសាទាំងនោះ នារីខ្មែររូបនេះ
ស្ទើរតែហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិត
ដើម្បីតែការសិក្សានេះ។ គេបានលះបង់ភាពសុខស្រួលដោយរស់នៅអណ្តែតត្រសែតឆ្ងាយពីម្តាយឪពុក
ហើយក៏ព្រោះតែការចង់ចេះភាសាទាំងនេះដែរ
ដែលធ្វើឱ្យនារីគ្មានភាពក្លាហានរូបនេះក្លាយទៅជានារីម្នាក់ដ៏ស្វាហាប់ រហ័សរហួន
និងហ្មត់ចត់ទៅលើកិច្ចការនានាផងដែរ។ ក្រៅតែពីការលះបង់ច្រើន
ក៏ទាមទារឱ្យមានការស្រឡាញ់ ការយកចិត្តទុកដាក់ និងទេពកោសល្យរួមផ្សំផងដែរ។
កញ្ញា
ឡេង គឹមទាង បន្តថា កាលខ្លួនរៀននៅសាកលវិទ្យាល័យដោយចាប់ជំនាញអក្សរសាស្រ្តអង់គ្លេសផង និងឆ្លៀតរៀនភាសាផ្សេងៗដទៃផង
ព្រមទាំងឆ្លៀតរៀនជំនាញប្រវត្តិសាស្រ្តខ្មែរថែមទៀតផងដែរ។
ការសិក្សាបែបនេះបានធ្វើឱ្យខ្លួនរវល់ជាប់ជានិច្ច កុំថាឡើយពេលវេលាកម្សាន្ត
សូម្បីតែពេលញ៉ាំបាយនិងគេងក៏សឹងតែគ្មានដែរ។ មានពេលខ្លះនោះ ក៏ឆ្លៀតទៅធ្វើការក្រៅម៉ោងសិក្សា
ដើម្បីយកថវិការមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផង
និងដើម្បីដកបទពិសោធការងារក្នុងសង្គមផង។ តាមរយៈនៃការណ៍ជម្នះនេះ បានធ្វើឱ្យនារីរូបនេះក្លាយទៅជាបុគ្គលម្នាក់ថ្នឹកក្នុងការសិក្សា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសដែលខ្លួនបានរៀននោះម្តងបន្តិចៗដោយឥតដឹងខ្លួន។
ដ្បិតកញ្ញារូបស្រស់នេះមានទេពកោសល្យក្នុងការប្រើប្រាស់ភាសាទាំងនេះក្តី
ក៏គោលដៅបឋមក្នុងជីវិតនៅពុំទាន់ជោគជ័យនៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ
នាងបានសម្រេចគោលជីវិត ដែលជាជម្រើសទី២បានយ៉ាងល្អប្រសើរដែរ។ ពោលគឺកញ្ញា ឡេង គឹមទាង
បានក្លាយទៅជានាយិការងនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង
ដែលជាគ្រឹះស្ថានមួយមានឈ្មោះបោះសំឡេងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា
ខាងបណ្តុះបណ្តាលផ្នែកភាសាបរទេសដែរ៕
