សកម្មភាពអប់រំបំណិនអាននិងពិសោធន៍

សកម្មភាពអប់រំបំណិនអាននិងពិសោធន៍

អត្ថបទ៖ តន វិបុល
គ្រូទទួលបន្ទុកថ្នាក់និងគ្រូជំនួយនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ៤នាក់ បានបង្កើតសកម្មភាពអប់រំ​វិជ្ជា​ “បំណិន​អាន​និង​ពិសោធន៍”​ ដល់​កុមារ​ថ្នាក់​ក្រោម​មត្តេយ្យ​ប្រមាណ​៤០នាក់​ កាល​ពីព្រឹក​មិញ​នេះ នៅក្នុងបរិវេណនៃអគារសិក្សារបស់​ខ្លួន។​ នៅ​ក្នុង​បរិយា​កាស​រៀន​ដ៏​សែន​សប្បាយ​​រីករាយ​របស់​កុមារ​ទាំង​នោះ ​គឺបែង​ចែក​ប្រធាន​បទ​ពីរ​ផ្សេងគ្នា។ ក្នុងនោះរួមមានក្រុមពិសោធវត្ថុលើផ្ទៃទឹកបង្រៀន​ដោយ​អ្នកគ្រូ ​ពុធ ​សុគន្ធា​ និង​ក្រុម​និទាន​រឿង​បង្រៀន​ដោយ​អ្នកគ្រូ ​ង៉ែត​ ធាវី។​
សូមជម្រាបជូនថា ក្រោយពេលដែលគ្រូទទួលបន្ទុកពួកគេផ្តល់ចំណេះដឹងទាំងនេះហើយ ប្រាជ្ញាស្មារតី​ពួកគេ​នឹង​រឹង​រឹត​តែ​ចង​ចាំ​ល្អ។​ ចង​ចាំ​ល្អ​ ក៏​ព្រោះ​តែ​ពួកគេ​បាន​សង្កេត​ ស្តាប់​ និង​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​គ្រូ​ដែល​ចាំ​ជួយ​ពន្យល់​ណែនាំ ​ព្រម​ទាំង​អាច​ពិភាក្សា​ជាមួយ​នឹង​មិត្ត​ភក្តិ​នៅ​ជុំវិញ​ខ្លួន​គេ​បាន​ផង​ដែរ។​ ម្យ៉ាង​វា​ក៏​ជា​បច្ច័យ​ដ៏​ល្អ​ដែល​អាច​ជំរុញ​បុគ្គលិក​លក្ខណៈកុមារឱ្យមានភាពវៃឆ្លាតផងដែរ។ ដោយកំពុង​អង្គុយ​ស្តាប់​ ហើយ​ភ្នែក​មើល​កាយ​វិការ​ពន្យល់​​និង​និទាន​រឿង​របស់​អ្នក​គ្រូ​យ៉ាង​រស់​រវើក​នោះ ​មើល​ទៅ​ពួកគេ​ម្នាក់ៗ​ហាក់​មាន​ជំនក់​ចិត្ត​នឹង​ការ​សិក្សា​រៀន​សូត្រ​របៀប​នេះ​ណាស់។​
កុមារី តូនីន សូលីហ្សា ​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្សានុសិស្ស​ដែល​កំពុង​អង្គុយ​ស្តាប់​ការ​និទាន​រឿង​ក្រពើ​និង​ចៅ​ក្រម​៥នាក់​ជាមួយ​នឹង​មិត្តភក្តិ​យ៉ាង​ជក់​ចិត្ត​នោះ សូលីហ្សា​អាច​សង្ខេប​រឿង​បាន​យ៉ាង​ងាយ​ ខណៈដែលរូបគេបានស្តាប់ការនិទាន​រឿង​នោះ​រួច។​ កុមារី​រូប​នេះ​ថែម​ទាំង​ដឹង​ថា ​សត្វ​ក្រពើ​ ជា​តួ​អង្គ​រមិល​គុណ ​ចិត្ត​ឃោឃៅ​ទៀត​ផង។ លើសពីនេះ កុមារីសូលីហ្សាថែមទាំង​បាន​ប្រាប់​ទៅ​មិត្ត​ភក្តិ​គេ​ថា ​មាន​តែ​សត្វ​ទន្សាយ​ទេ​ដែល​ជាតួ​អង្គ​តំណាង​មនុស្ស​​ចិត្ត​​ល្អ​​ជួយ​អ្នក​ទន់​ខ្សោយ​ដោយ​ដើរ​តាម​មាគ៌ា​យុត្តិធម៌​។​
ស្របជាមួយនឹងគ្នានោះ ចាងហ្វាងរងក្រោមមត្តេយ្យ និងមត្ដេយ្យសិក្សា លោកស្រី លុក សុវណ្ណារុណ ​អះអាង​ថា​លោក​គ្រូ​អ្នក​គ្រូ​នៃ​សាលា​រៀន​ ​អន្តរទ្វី​ប​ អាមេរិកាំង​ តែង​តែ​បង្កើត​សកម្មភាព​សិក្សា​អប់រំ​ប្លែកៗ​ក្រៅ​ថ្នាក់​រៀន​ទៅ​តាម​ចំណេះ​ជំនាញ​និង​ទេពកោសល្យ​ដ៏ប៉ិន​ប្រសប់​របស់​ពួក​គាត់។​ ការណ៍​ដែល​ប​ង្កើត​សកម្មភាព​សិក្សា​អប់រំ​ប្លែកៗ​ដល់កុមារបែបនេះ គឺដើម្បីជួយសម្រួលឥរិយាបថដល់​កុមារ​ផង​ និង​បង្វែរ​ចំណាប់​អារម្មណ៍​ពួកគេ​ឱ្យ​មាន​ភាព​ស្រស់​ថ្លា​ក្នុង​ការ​សិក្សា​ផង​ដែរ៕​​

No comments:

Post a Comment