ឈ្វេងយល់ពីជំងឺធ្លាក់ស
អត្ថបទ៖ តន វិបុល
ស្រ្តីសឹងទាំងអស់រមែងជួបប្រទះនឹងបញ្ហាធ្លាក់ស មិនថាស្រ្តីមានប្តី ឬស្រ្តីក្រមុំនោះឡើយ សូម្បីតែទារិកាក៏អាចធ្លាក់សដែរ ពិសេសស្រ្តីមានគភ៌តែងតែប្រឈមមុខនឹងបញ្ហាធ្លាក់ស ជាងស្រ្តីមិនទាន់មានផ្ទៃពោះ។ សម្រាប់អរិយប្រទេស គេចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាមួយនេះ ព្រោះមិនត្រឹមតែបណ្តាលឲ្យសុខភាពទ្រុឌទ្រោមប៉ុណ្ណោះទេ វាថែមទាំងវិវដ្តទៅជាជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ រហូតមានអ្នកខ្លះឈានដល់ការវះកាត់ស្បូនទៀតក៏មានដែរ។ ទោះជាយ៉ាងណា គេតែងសង្កេតឃើញស្រ្តីខ្មែរមួយចំនួនពុំសូវចាប់អារម្មណ៍និងយកចិត្តទុកដាក់អំពីជំងឺនេះប៉ុន្មានទេ ហើយក៏មិនបានយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសទៀតផង ព្រោះយល់ថាជំងឺធ្លាក់សនេះ ជាជំងឺធម្មតា។
បើតាមលោកវេជ្ជបណ្ឌិត និន សុខរង្សី ជំនាញវេជ្ជសាស្រ្តទូទៅ និងឯកទេសជំងឺកុមារ ព្រមទាំងផ្នែកសម្ភព និងរោគស្រ្តីផងនោះបានឲ្យដឹងថា ការធ្លាក់សមាននេះពីរប្រភេទ៖
ទី១ ធ្លាក់សធម្មតា ជាទឹករម្អិលចេញពីទ្វារមាស។ ទឹករម្អិលនេះបានជួយលាងសម្អាតមាត់ស្បូន ការពារទ្វារមាសមិនឲ្យរលាក និងជួយការពារមិនឲ្យមានជំងឺឆ្លងផ្សេងៗ។ ជាការពិតការធ្លាក់សធម្មតានេះ ជាដំណើរមួយប្រក្រតីល្អជាទេ។ គួរកត់សម្គាល់ថា ទឹករម្អិលចេញពីទ្វារមាសនោះមានពណ៌ថ្លា ឬស្រដៀងពណ៌ទឹកដោះគោ ហើយក្លិនរបស់វាពុំមានអ្វីប្លែកទេ។ ម្យ៉ាងវាអាចចេញមកកាន់តែច្រើន ខណៈស្រ្តីមានការរួមភេទ ការផ្ទុះមេជីវិតញីចេញពីអូវែចូលទៅក្នុងដៃស្បូន និងខណៈបំបៅដោះកូនជាដើម។ ក្នុងចំណុចទី១នេះ ទោះគ្មានអ្វីគួរឲ្យព្រួយបារម្ភក៏ពិតមែន តែស្រី្តគ្រប់រូបគប្បីឈ្វេងយល់ឲ្យបានច្បាស់ពីបញ្ហាធ្លាក់ស។ ប្រសិនមានការប្រែប្រួលខុសប្រក្រតីត្រូវទៅពីគ្រោះជាមួយនឹងពេទ្យឯកទេសភ្លាម ព្រោះវាអាចចូលក្នុងករណីប្រភេទទី២ ពោលគឺធ្លាក់សមិនធម្មតា។
ទី២ ធ្លាក់សលក្ខណៈមានជំងឺ ជាទឹកខាប់ៗដូចខ្ទុះធ្លាក់ចេញពីទ្វារមាស មានពណ៌ មានក្លិន ហើយរមាស ក្រហាយ និងឈឺចាប់ពេលបត់ជើងតូចម្តងៗ។ មានកត្តាជាច្រើនដែលធ្វើឲ្យនារីធ្លាក់សខុសប្រក្រតី ហើយមានពេលខ្លះទៀត សូម្បីតែសាមីខ្លួនផ្ទាល់ក៏មិនបានដឹងដែរ។ បើនារីគ្រប់រូបពុំបានបែងចែក ឬក៏ឈ្វេងយល់ឲ្យបានច្បាស់លាស់ពីធ្លាក់សធម្មតា និងមិនធម្មតាទេនោះ អនាគតនឹងមានហានិភ័យខ្ពស់សម្រាប់សុខភាពចំពោះគ្រួសារទាំងមូល ព្រោះវាទាក់ទងនឹងជំងឺផ្សិត កាមរោគ ប្រមេះ និងជំងឺស្វាយជាដើម គឺវាឆ្លងពីគ្នាទៅវិញទៅមកតាមរយៈរួមភេទ និងប្រើប្រាស់របស់រួមគ្នា។ល។ នារីធ្លាក់សប្រភេទនេះកុំបណ្តែតបណ្តោយរហូតដល់ជំងឺរ៉ាំរ៉ៃ ហើយក៏កុំខ្មាសអៀសដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនោះដែរ បើពុំនោះសោតនឹងបង្កទៅជារលាកមាត់ស្បូន ហើយមិនយូរប៉ុន្មាន ក៏នឹងក្លាយទៅជាជំងឺមហារីកជាពុំខាន។ លើសពីនេះ វាប៉ះទង្គិចខ្លាំងដល់ទារកក្នុងផ្ទៃ ដូច្នេះកូនកើតមកអាចខ្វាក់ភ្នែក ឬមានជំងឺផ្សេងៗទៀតក៏មាន។ ដោយឡែកបើកើតចំពោះនារីក្រមុំ នោះអាចប្រឈមមុខនឹងគ្មានកូនក៏អាចថាបាន ហើយសុខភាពវិញ រឹតតែទ្រុឌទ្រោមទៅៗជាលំដាប់។
លោកវេជ្ជបណ្ឌិត សុខរង្សី បន្ថែមថា៖ មិនតែប៉ុណ្ណោះជំងឺធ្លាក់ស វាក៏អាចបង្កឡើងពីពួកបាក់តេរី (Vaginosis) ហើយច្រើនកើតលើស្រី្តមានផ្ទៃពោះ និងនារីមានដៃគូរួមភេទច្រើន។ ការប្រើថ្នាំផ្សះ និងថ្នាំពន្យាកំណើតច្រើន ក៏ជាហេតុធ្វើឲ្យមានជំងឺធ្លាក់សដែរ។ មួយទៀតនារីមានជំងឺទឹកនោមផ្អែម ជំងឺនៅក្នុងអាងត្រគាក ជំងឺមហារីកមាត់ស្បូន និងអំឡុងពេលស្រ្តីអស់រដូវ ក៏បណ្តាលឲ្យធ្លាក់សផងដែរ ហើយអនាម័យក្នុងការរស់នៅក៏ជាកត្តារួមផ្សំផងដែរ។
សូមជម្រាបជូនថា “ជំងឺធ្លាក់សភាគច្រើន គឺបណ្តាលមកពី ប៉ារ៉ាស៊ីត (Trichomoniasis) ផ្សិត (Camdida albican) និងមកពីមីក្រុបប្រមេះ (Gonocoque) ដែលស្រ្តីច្រើនទទួលពីបុរសតាមរយៈការរួមភេទជាដើម”។ នេះបើតាមសៀវភៅតម្រាប្រចាំខែសម្រាប់នារី ចងក្រងនិងរៀបរៀងដោយ លី ថៃលី។
សូមបញ្ជាក់ថា បច្ចុប្បន្នជំងឺធ្លាក់សនេះពុំទាន់មានថ្នាំបង្ការឬការពារនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ស្រ្តីនៅតែអាចចៀសវាងពីជំងឺនេះបានដែរ គឺកត្តាអនាម័យសុខភាពឲ្យបានត្រឹមត្រូវ និងស្អាតជានិច្ច។ ជាឧទារហណ៍ នារីទាំងអស់ត្រូវលាងសម្អាតទ្វារមាសឲ្យបានល្អស្អាតជាប្រចាំជាមួយសាប៊ូ ឬជាមួយទឹកក្តៅឧណ្ហៗដោយដុសលាងថ្នមៗ។ ពិសេសត្រូវលាងសម្អាតមុនរួមភេទ ក្រោយរួមភេទ ក្រោយបត់ជើងតូច និងក្រោយបន្ទោបង់រួច វេលានេះ នារីត្រូវចេះអំពីរបៀបលាងនិងជូតសម្អាតឲ្យបានត្រឹមត្រូវបំផុត។ ដោយលាង និងជូតសម្អាតពីមុខទៅក្រោយ ទោះបីងូតទឹកក៏ត្រូវធ្វើបែបនេះដែរ គឺដើម្បីបង្ការមេរោគដែលចេញពីគូថចូលទៅក្នុងទ្វារមាស។ប៉ុន្តែ គួរចាំថា មិនត្រូវលាងសម្អាតជាមួយនឹងសាប៊ូដែលមានសារធាតុទឹកអប់ ឬទឹកក្តៅខ្លាំងពេកនោះទេ។ សូម្បីតែប្រើស្ប៉ាយបាញ់ចូលក្នុងទ្វារមាស ឬប្រើរបស់អ្វីដែលមានពពុះច្រើន ក៏ពុំគួរប្រើដែរ។ ម្យ៉ាងទៀតពុំគួរប្រើថ្នាំផ្សះ និងថ្នាំពន្យាកំណើតច្រើនពេកដែរ ហើយ នារីក៏គប្បីស្លៀកខោណាដែលរលុងទន់ៗ ដោយចៀសវាងស្លៀករឹបពេលមករដូវ ឬធ្លាក់សធម្មតា។
សូមស្ត្រីគ្រប់រូបចងចាំថា បើសង្កេតឃើញមានធ្លាក់សខុសប្រក្រតី ត្រូវប្រញាប់ទៅពិគ្រោះជាមួយនឹងពេទ្យជំនាញ ដើម្បីងាយស្រួយនឹងព្យាបាលបានទាន់ពេលវេលា។
ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមជម្រាបថា សព្វថ្ងៃលោកវេជ្ជបណ្ឌិត និន សុខរង្សី កំពុងតែប្រើការងារជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដែលលោកធ្លាប់មានបទពិសោធ ការងារជាង២០ឆ្នាំ កន្លងមកហើយជាមួយនឹងបណ្តាលមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនមួយចំនួន។ រួមមានមន្ទីរពេទ្យចិន មន្ទីរពេទ្យព្រះសីហនុ និងគ្លីនិកអន្តរជាតិSOS ជាដើម។ វេជ្ជបណ្ឌិតរូបនេះ បានបញ្ចប់ថ្នាក់ត្រៀមផ្នែកវេជ្ជសាស្រ្ត នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយលោកបានទទួលសញ្ញាបត្រ វេជ្ជបណ្ឌិត វេជ្ជសាស្រ្តទូទៅ និងឯកទេសជំងឺកុមារ និងសញ្ញាបត្រផ្នែកសម្ភពនិងរោគស្រ្តី ពីវិទ្យាស្ថានវេជ្ជសាស្រ្ត ឯកទេសជំងឺទូទៅ និងកុមារ នៃប្រទេស រុស្សី៕



No comments:
Post a Comment