អ្នកស្រី ពៅ ផា៖ ទោះមានវិបត្តិធំប៉ុនណា ក៏ខ្ញុំមិនចុះញ៉មនឹងជីវិតដែរ

អ្នកស្រី ពៅ ផា៖ ទោះមានវិបត្តិធំប៉ុនណា ក៏ខ្ញុំមិនចុះញ៉មនឹងជីវិតដែរ


អត្ថបទ៖ តន វិបុល



ធ្លាក់ខ្លួនជាស្រ្តីមេម៉ាយដោយសាររស់នៅមិនចុះសម្រុងជាមួយនឹងស្វាមីដែលបានរៀបការប្រពន្ធថ្មី គឺជាទុក្ខមួយ​ដ៏​ធំ​ណាស់​ទៅ​ហើយ​ ហើយ​ទុក្ខ​មួយ​​ទៀត​គឺ​រក​វិធី​អប់រំ​កូន​យ៉ាង​ណា​ឱ្យ​ពួកគេ​ដើរ​តាម​គន្លង​ធម៌។ ​ចំពោះក្តី​ទុក្ខ​លំបាក​ទាំងពីរនេះរឹតតែធ្ងន់ធ្ងរថែមទៀត​ បើ​សិន​ជា​ធ្លាក់​ទៅ​លើ​គ្រួសារ​ណា​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង។​ ជាក់​ស្តែង​ដូចជា​ជីវិត​របស់​អ្នកស្រី​ ពៅ ​ផា ​បាន​បែក​បាក់​ជាមួយ​នឹង​ស្វាមី​ ហើយ​កូន​​ៗ​ក៏​រស់​នៅ​បែក​ខ្ញែក​គ្នា​ទៅ​តាម​នោះ​ដែរ។​ ដោយ​កូន​ស្រី​ម្នាក់​បានរស់នៅជាមួយអ្នកស្រីក្នុងដំណើរដុនដាបបំផុត​ និង​កូន​ប្រុស​បី​នាក់​ទៀត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រហូត​មក​ដល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ។​

ថ្វីដ្បិតតែអ្នកស្រី ពៅ ផា មានវិបត្តិផ្លូវចិត្ត និងគ្មានទ្រព្យសម្បត្តិអ្វីយកទៅចិញ្ចឹមជីវិត​ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ទទូច​តស៊ូ​ក្នុង​ជីវភាព​រស់​នៅ​ក្រ​លំ​​បាក​​ដើម្បី​ចិញ្ចឹម​កូន​ បើ​ទោះ​បី​ជា​អ្នក​ស្រី​មាន​ឈ្មោះជា​ស្រ្តី​មេម៉ាយ​ក្តី​ ក៏​មិន​ព្រម​ចុះ​ញ៉ម​ចំពោះសេចក្តីលំបាកទាំងនោះដែរ។ តែផ្ទុយមក​វិញ ​អ្នក​ស្រី​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ជីវិត​រស់​នៅ​រ​បស់​ខ្លួន​និង​កូន​ស្រី។​ ជា​ម្តាយ​ដែល​លះ​បង់​ដើម្បី​កូន​ អ្នកស្រី​ ពៅ ​ផា ​បានថ្លែង​ថា ​“បន្ទាប់​ពី​ខ្ញុំ​ចែក​ផ្លូវ​ជា​មួយ​នឹង​ស្វាមី​រួច​ហើយ​ ខ្ញុំ​​បាន​នាំ​កូន​ស្រី​ខ្ញុំ​ម្នាក់​ទៅ​រស់​នៅផ្ទះជួលមួយកន្លែងនៅ​ភ្នំពេញ​ ដោយ​ធ្វើ​ការ​ជា​កម្មការ​នី​​រោង​ចក្រ​ដើម្បី​យក​ប្រាក់​ទៅ​ចិញ្ចឹម​ជីវិត​និង​ផ្គត់​ផ្គង់​ទៅ​លើ​ការ​សិក្សា​របស់កូន”។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ ក៏ជីវភាព​រស់នៅ​របស់​កម្មការ​នី​រោងចក្រ​រូប​នេះ​កាន់​តែ​លិច​លង់​ទៅៗ ​ខណៈ​ដែល​រោងច​ក្រ​មួយ​នេះ​បាន​បិទ​ទ្វារ​ទៅវិញ។​

សូមជម្រាបជូនថា ក្រោយពីរោងចក្របិទទ្វារ គាត់បានចាប់ផ្តើមជីវិតថ្មីដោយធ្វើការ ​ជាអ្នក​បោស​សម្អាត​នៅ​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ល្បីល្បាញ​មួយ​កន្លែង​ គឺ​នៅ​សាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង។​ ដោយ​ក្នុង​ដៃ​កាន់​អំបោស​ឱន​ងើបៗ​ អម​ដោយ​កាយ​វិការ​រស់​រវើក​ទៅមុខ​ ថយ​ក្រោយ​ និង​ទៅ​ឆ្វេង​ មក​ស្តាំ ​ពៅ ​ផា ​បាន​ចូល​បម្រើ​ការងារ​ ជា​អ្នក​អនាម័យ​ជាង​៣ឆ្នាំ​មក​ហើយ។​ ស្ត្រីមេម៉ាយរូបនេះនិយាយថា​ ការងារ​ជា​អ្នក​បោស​សម្អាត​នេះ ​គឺជា​ឆ្នាំង​បាយ​ចុង​ក្រោយ​របស់​គាត់​ហើយ។​ ថ្វី​​បើ​ធ្វើ​ការ​នៅ​ទី​នេះ​មិន​សូវ​លំបាក​ និង​គ្មាន​សម្ពាធ​ផ្លូវចិត្​តក៏​ដោយ​ចុះ ​ក៏ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មក​នេះ ​គាត់​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​ដើម្បី​យក​ប្រាក់​ទៅ​ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​ជាច្រើន​ ទៅ​លើ​ការ​ហូប​ចុក ទឹកភ្លើង​ និង​ការ​ចំណាយ​ទៅ​លើ​សិក្សា​របស់​កូន​ស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ។​

ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះនិយាយបន្តទាំងអួលដើមកថា ដោយសារតែគ្មានចំណេះដឹងទើបបានជាអ្នក​ស្រី​ធ្លាក់​ខ្លួន​បែប​នេះ។​ ក៏ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​ការ​លះបង់​ខ្ពស់​ដើម្បី​កូន។​ ការណ៍​លះ​បង់​កម្លាំង​ក្លាយ​ចិត្ត​ និងននៀលតស៊ូរបស់គាត់ គឺធ្វើដើម្បី​កូន​ ហើយ​គាត់​មិន​បាន​រំពឹង​ថា ​នឹង​មាន​ការ​តប​ស្នង​មក​វិញ​ពី​កូន​នោះទេ។​ គ្រាន់តែសង្ឃឹមថា​ ថ្ងៃ​ណា​មួយ​កូន​របស់​ខ្លួន​នឹង​មាន​ការងារ​សមរម្យ​សម្រាប់​ខ្លួន​ឯង​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ទៅ។​ ប្រហែល​មក​ពី​ក្តី​រំពឹង​ទៅ​លើ​កូន​ស្រី​នៅ​ថ្ងៃ​អនាគត​នេះ​ហើយ​ បាន​ជា​ជំរុញ​ឱ្យ​ស្រ្តី​មេម៉ាយ​រូប​នេះ​​ក្លាយ​ជា​មនុស្ស​មា្នក់​មាន​ភាព​រឹង​ពឹង​ខំប្រឹង​ធ្វើ​ការងារ​ដែល​មនុស្ស​មួយ​ចំនួន​មិន​សូវ​ឱ្យ​តម្លៃ។​
គួរបញ្ជាក់ជូនថា ស្រ្តីគឺជាកម្លាំងដ៏មានសក្តានុពលបំផុតក្នុងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ជាតិ។ មែនទែនទៅ ករណី​ដូច​ជា​អ្នកស្រី​ ពៅ ​ផា ​អាច​បណ្តាល​មក​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ករណី​ទាំងនេះ​មិន​គួរ​សង្គម​ព្រងើយ​កន្តើយ​ចំពោះ​វិបត្តិ​នេះ​នោះទេ៕​

No comments:

Post a Comment